សមិទ្ធិករខ្មែរ ប៉ាន់ រិទ្ធីជាប្រធានមេប្រយោគសម្រាប់រង្វាន់ ភ្នែកមាស នៅមហោស្រពភាពយន្តកាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កម្ពុជាមានវត្តមានជាប្រចាំនៅមហោស្រពភាពយន្តអន្តរជាតិកាន ក្នុងប្រទេសបារាំង។ បើ ទោះបីជាឆ្នាំនេះ គ្មានខ្សែភាពយន្តខ្មែរណាមួយ ត្រូវបានជ្រើសរើសឲ្យចាក់បញ្ចាំងនៅក្នុងការ ប្រកួតប្រជែងយករង្វាន់ ប៉ុន្តែ ពាក្យកម្ពុជានៅតែលឺគេនិយាយបង្ហើរនៅក្នុងចំណោមសមិទ្ធិករ អ្នកផលិតបរទេស ក្នុងមហោស្រពភាពយន្តកាន។
កាលពីឆ្នាំមុន នៅមហោស្រពភាពយន្តអន្តរជាតិ កាន សមិទ្ធិករខ្មែរលោកប៉ាន់ រិទ្ធី បានទទួលរង្វាន់Certain Regard ពីដៃរបស់ប្រធានក្រុមគណៈមេប្រយោគអន្តរជាតិ សម្រាប់ខ្សែភាពយន្ត រឿងកង្វះរូបភាព។ នៅឆ្នាំនេះ នៅក្នុងមហោស្រពភាពយន្តកានដដែល ប៉ុន្តែ សម្រាប់រង្វាន់ថ្មីស្រឡាងដែលទើបបង្កើតនៅឆ្នាំនេះ លោកប៉ាន់ រិទ្ធីបានដើរតួជាប្រធានគណៈមេប្រយោគប្រគល់រង្វាន់ឲ្យសមិទ្ធិករដទៃវិញម្តង។ នៅមហោស្រពកាន លោកប៉ាន់រិទ្ធីត្រូវបានអន្តរជាតិស្គាល់សម្រាប់ស្នាដៃផលិតភាពយន្តឯកសារតែមួយគ្មានពីរ នោះគឺ មន្ទីរស ២១ ដែលនិយាយពីដំណើរការ សម្លាប់មនុស្សនៅគុកទួលស្លែង ក្នុងជំនាន់ខ្មែរក្រហម។
ដោយមានការផ្តួចផ្តើមពីសមាគម SCAM ក្នុងប្រទេសបារាំង រង្វាន់ ភ្នែកមាស L’œil d’OR មានជាលើកទី១នៅឆ្នាំនេះនៅមហោស្រពភាពយន្តកាន និងបង្កើតឡើងសម្រាប់តែភាពយន្តឯកសារ។ រង្វាន់នេះត្រូវបានបង្កើតដាច់ដោយឡែក ពីរង្វាន់ធំៗផ្សេងទៀតរបស់មហោស្រពភាពយន្តកានដែលមានដូចជា តាល់ប័ត្រមាស la palme d’or Сertain regard Camera d’or។ នេះគេនៅមិននិយាយពីរង្វាន់Quinzaine réalisateur Semaine de la Critique cannes។
សម្រាប់ឆ្នាំដំបូងរបស់ខ្លួន កុនឯកសារចំនួន ១៤ ដែលចុះឈ្មោះសម្រាប់រង្វាន់ធំដទៃទៀត ត្រូវបានគេជ្រើសរើសផងដែរ សម្រាប់មកប្រកួតប្រជែង យករង្វាន់ភ្នែកមាស។ ខ្សែភាពយន្តឯកសារបានរកឃើញកន្លែងឈរជើងរបស់ខ្លួន នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ កាន។ នេះជាប្រសាសន៍របស់លោកប៉ាន់ រិទ្ធី មុននឹងប្រគល់លាភីភ្នែកមាសទៅ សមិទ្ធិករកូនកាន់ ឈីលី ម៉ិកស៊ិច សម្រាប់រឿង Au-delà d’Allend, mon grand père។ ក្រៅពីរង្វាន់ រូបភូគោល មាស ជ័យលាភីនឹងបានទទួលទឹកប្រាក់៥ពាន់អឺរ៉ូ។ ទឹកប្រាក់មិនច្រើន ប៉ុន្តែ ជារង្វាន់លើកទឹកចិត្តឲ្យគេផលិតកាន់តែច្រើន ខ្សែភាពយន្តឯកសារ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ