អានតួអត្ថបទ
អឺរ៉ុប-អ៊ីរ៉ាក់

សហភាពអឺរ៉ុប​បាន​យល់ព្រម​ឲ្យ​សមាជិកខ្លួន​ផ្តល់​អាវុធ​ទៅឲ្យ​ពួកគៀដ​ក្នុង​ប្រទេស​អ៊ីរ៉ាក់

លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃទី១០ សីហា ២០១៤
លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃទី១០ សីហា ២០១៤ REUTERS/Thaier al-Sudani
3 នាទី

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបទេស​នា​ថ្ងៃ​សុក្រ ទី១៥ សីហា សហភាពអឺរ៉ុប​បាន​សម្រេច​ថា ការ​ផ្តល់ ឬ​មិន​ផ្តល់​អាវុធ​ទៅ​ឲ្យ​ពួក​គៀដ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ប្រឈម​ទប់​នឹង​ពួក​ជីហាត គឺ​ជា​សិទ្ធិសម្រេច​របស់​ប្រទេស​សមាជិក​នីមួយៗ តែ​ដំបូង ត្រូវ​តែ​មាន​ភ្លើងខៀវ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ជា​មុន​សិន។ គួរ​ជម្រាប​ជូន​ថា​មក​ទល់​ពេល​នេះ មាន​ប្រទេស​អឺរ៉ុប​ខ្លះ ដូច​យ៉ាង​បារំាង ឬ​អង់គ្លេស​ចង់​ផ្តល់​អាវុធ​ទៅ​ឲ្យ​ពួក​គៀដ​ទុក​សម្រាប់​ប្រយុទ្ធ​ទល់​នឹង​ពួក​ជីហាត តែ​មាន​ប្រទេស​អឺរ៉ុប​ខ្លះ​ទៀត​មិន​ចង់ ដោយ​ចង់​ផ្តោត​លើ​តែ​ជំនួយ​មនុស្សធម៌​វិញ។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ សហភាព​អឺរ៉ុប​នឹង​មិន​រារំាង​សមាជិក​របស់​ខ្លួន​មិន​ឲ្យ​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុម​ទាហាន​គៀក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ប្រឈម​ទប់​នឹង​ពួក​ជីហាត​ទៀត​ឡើយ តែ​ត្រូវ​មាន​ការ​យល់ព្រម​ពី​រដ្ឋអំណាច​អ៊ីរ៉ាក់​ជា​មុន​សិន នេះ​ជា​ការ​សម្រេច​របស់​សហភាពអឺរ៉ុប​នា​កិច្ចប្រជុំ​ថ្នាក់​ប្រមុខ​ការទូត​នៅ​ថ្ងៃ​សុក្រ ទី១៥ សីហា។ តាម​ពិត​ទៅ គឺ​ប្រទេស​បារំាង​ទេ​ដែល​បាន​និយាយ​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេង​ទៀត​ឲ្យ​តាម​ខ្លួន ពិសេស​ប្រទេស​ដែល​មិន​ចង់​លូកដៃ​ចូល​ជួយ​អ៊ីរ៉ាក់​តាម​ផ្លូវយោធា ដូច​យ៉ាង​ប្រទេស​ហ្វំាងឡង់ អូទ្រីស និង​ប្រទេស​អ៊ីស្លង់។ ប្រទេស​អឺរ៉ុប​អព្យាក្រឹត​ទំាង ៣នេះ​អាច​នឹង​បិទ​ខ្ទប់​កិច្ចព្រមព្រៀង​របស់​សមាជិក​ទំាង ២៨ប្រទេស ប្រសិន​បើ​គេ​ចង់​ធ្វើ។ អ្វី​ដែល​ប្រទេស​ទំាង ៣ នោះ​បារម្ភ​ខ្លំាង គឺ​ខ្លាច​តែ​អាវុធ​ដែល​ផ្តល់​ទៅ​ឲ្យ​ពួក​គៀដអ៊ីរ៉ាក់​បែរ​ជា​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ពួក​ជ្រុលនិយម​ទៅ​វិញ​ទេ។

ជា​លក្ខណៈ​យោធា ការ​គំាទ្រ​របស់​អឺរ៉ុប​ពេល​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អ្វី​ធំដុំ​ទេ​នៅ​លើ​សមរភូមិ ព្រោះ​គឺ​ប្រទេស​សមាជិក​នីមួយៗ​ទេ​ដែល​ជា​អ្នក​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង។ តែ​បើ​និយាយ​ជា​លក្ខណៈ​នយោបាយ​វិញ គឺ​មាន​អត្ថន័យ​ធំធេង​ណាស់ ធំធេង​ព្រោះ​កិច្ចព្រមព្រៀង​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ពី​ការ​បោះ​ជំហាន​ថ្មី​របស់​អឺរ៉ុប​ដែល​គ្មាន​នរណា​ម្នាក់​ទន្ទឹម​រង់ចំា​នៅ​ក្នុង​ផ្នែកសន្តិសុខ​រួម។ អន្តរាគមន៍​របស់​អឺរ៉ុប​ក្នុង​ផ្នែក​យោធា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​កម្លំាង​ប្រកួតប្រជែង​គ្នា​រវាង​ពួកគៀដអ៊ីរ៉ាក់ និង​ពួកជីហាត​ដែល​មក​ដល់​ពេល​នេះ កំពុង​មាន​ប្រៀប​ខ្លំាង​លើ​ពូក​គៀដ ទំាង​កម្លំាង​មនុស្ស និង​សម្ភារៈសឹក។

ដោយឡែក ទន្ទឹម​នឹង​កិច្ចព្រមព្រៀង​របស់​អឺរ៉ុប​ដែល​បាន​អនុញ្ញាត​ឲ្យ​សមាជិក​ខ្លួន​អាច​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ពួក​គៀដអ៊ីរ៉ាក់ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​ទើប​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេចចិត្ត​មួយ​ក្នុង​បិទខ្ទប់​ប្រភពចំណូល​របស់​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ព្រម​ទំាង​រារំាង​មិន​ឲ្យ​សមាជិក​ថ្មី​នៅ​បរទេស​អាច​ទៅ​ចូល​រួម​ជាមួយ​ពួក​នេះ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ មួយ​វិញ​ទៀត សេចក្តីសម្រេចចិត្ត​ក៏​គ្រោង​ផ្តន្ទាទោស​លើ​នរណា​ដែល​បាន​ជួយ​គំាទ្រ​ពួក​ជីហាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ