អឺរ៉ុប

អឺរ៉ុប​កំពុង​ពិចារណា​អំពី​ការ​បង្កើត​ស្ថាប័ន​គ្រប់គ្រង​នយោបាយ​សារពើពន្ធ​របស់​រដ្ឋ​សមាជិក

លោក Jose Manuel Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប
លោក Jose Manuel Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប Reuters/Sebastien Pirlet

ក្នុងពេល​ដែល​វិបត្តិ​ប្រាក់​បំណុល​កំពុង​តែ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​កាន់តែ​ដុនដាប សហភាព​អឺរ៉ុប​កំពុង​តែ​ពិចារណា​រៀបចំ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ទៅលើ​នយោបាយ និង​ស្ថាប័ន​​អឺរ៉ុប ដើម្បី​ឈាន​ទៅ​បង្កើន​ការ​ធ្វើ​សមាហរ័ណកម្ម​​ផ្នែក​សារពើពន្ធ ធនាគារ និង​សង្គមកិច្ច ជាពិសេស ក្នុង​ក្របខ័ណ្ឌ​ប្រទេស​ចាយលុយ​អឺរ៉ូ ទាំង ១៧​ប្រទេស។ សំណើ​កំណែទម្រង់​នេះ​អាច​នឹង​ត្រូវ​គេ​ដាក់​ចូល​ក្នុង​របៀបវារៈ នៃ​ជំនួបកំពូល​អឺរ៉ុប នៅ​ចុងខែ​មិថុនា​ខាងមុខ​នេះ។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ ​កាសែត​អាល្លឺម៉ង់​មួយ​បាន​ចុះផ្សាយ ដោយ​ដកស្រង់​សម្តី​មន្រ្តី​ជាន់ខ្ពស់​​របស់​សហភាព​អឺរ៉ុប​​ថា ប្រមុខ​ដឹកនាំ​ស្ថាប័ន​កំពូលៗ​ទាំង៤ របស់​អឺរ៉ុប គឺ​​លោក Mario Draghi អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប លោក Herman Van Rompuy ប្រធាន​សហភាព​អឺរ៉ុប លោក José Manuel Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​លោក Jean-Claude Juncker ប្រធាន​តំបន់​ចាយលុយ​អឺរ៉ូ (Eurogroup) គឺ​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​ផែនការ​កំណែទម្រង់​ស្ថាប័ន​អឺរ៉ុប ដើម្បី​ដាក់​​​ជូន​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេស​ជាសមាជិក​ ជជែក​ពិភាក្សាគ្នា នៅ​ក្នុង​ជំនួបកំពូល ថ្ងៃ​ទី២៨ និង​ថ្ងៃ​ទី២៩ មិថុនា ខាងមុខនេះ។

មន្រ្តី​សហភាព​អឺរ៉ុប​បាន​បង្ហើប​ឲ្យ​ដឹង​ថា ផែនការ​កំណែទម្រង់​នេះ នឹង​ផ្តោត​ជា​ពិសេស ទៅលើ​ការ​ធ្វើ​សមាហរ័ណកម្ម​នៃ​នយោបាយ​សារពើពន្ធ មានន័យថា គេ​​ត្រូវ​បង្កើត​ឲ្យ​មាន​ជា​ក្រសួង​ហិរញ្ញវត្ថុ​មួយ​​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ដើម្បី​​​ចាត់ចែង​ថវិកា​ជាតិ (មុខ​ចំណាយ​សាធារណៈ និង​ចំណូល​សារពើពន្ធ) ​របស់​ប្រទេស​សមាជិក​នីមួយៗ។ កំណែទម្រង់នេះ​នឹងត្រូវ​ធ្វើ​ជា​ជំហាន​ដំបូង​ចំពោះ​តែ​​ប្រទេស​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ (១៧​ប្រទេស) ប៉ុណ្ណោះ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សហភាព​អឺរ៉ុប ទាំង ២៧​ប្រទេស​នោះទេ។

ប្រសិន​បើ​អាច​សម្រេច​បាន​មែន កំណែទម្រង់នេះ​នឹង​ជំរុញ​អឺរ៉ុប​ឲ្យ​បោះជំហាន​ទៅមុខ​មួយ​កម្រិត​ទៀត ឆ្ពោះ​ទៅ​ការ​បង្កើត​រចនាសម្ព័ន្ធ​បែប​សហព័ន្ធ ដែល​អាល្លឺម៉ង់​តែងតែ​ទាមទារ​ចង់​បាន។ កំណែទម្រង់​នេះ ធ្លាប់​ត្រូ​វបាន​​​អតីត​អគ្គេទេសាភិបាល​​ធនាគារ​កណ្តាល​អឺរ៉ុប​ស្នើ​ឡើង​ម្តង​រួច​មកហើយ កាល​ពី​ឆ្នាំ​ទៅមិញ ក៏ប៉ុន្តែ ប្រទេស​ជា​សមាជិក​ភាគច្រើន​មិន​ចង់​បោះបង់​អធិបតេយ្យ​របស់ខ្លួន​ទៅ​ឲ្យ​អឺរ៉ុប។

ក៏ប៉ុន្តែ ឆ្លងកាត់​វិបត្តិ​ដែល​កំពុង​តែ​ធ្លាក់ដុនដាប់​ខ្លាំងឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អឺរ៉ុប​បាន​ដើរ​ដល់​ផ្លូវ​បំបែក​មួយ ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជម្រើស៖ បន្ត​នៅ​ជាមួយគ្នា ដោយ​បង្កើន​ការ​ធ្វើ​សមាហរ័ណកម្ម ហើយ​លះបង់​អធិបតេយ្យ​ជាតិ​ខ្លះទៅ​ឲ្យ​ស្ថាប័ន​អឺរ៉ុប ឬមួយ​ក៏​ចែក​ផ្លូវគ្នា​ដើរ? អឺរ៉ុប​មិន​អាច​បន្ត​ចាយលុយ​រួម ហើយ​ចាត់ចែង​ថវិកាជាតិ និង​នយោបាយ​សារពើពន្ធ​​តាម​ចិត្ត​រៀងៗ​ខ្លួន ដូចជា​ពេល​បច្ចុប្បន្ន​នេះ​តទៅទៀត​បានទេ។

កាល​ពី​ចុងសប្តាហ៍​កន្លងទៅនេះ នាយក​រដ្ឋមន្រ្តី​អេស្ប៉ាញបាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​ ការ​ធ្វើ​សមាហរ័ណកម្ម​នយោបាយ​សារពើពន្ធនេះ។ ជាទូទៅ គេ​សង្កេតឃើញ​ថា បារាំង ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២ នៅ​អឺរ៉ុប ច្រើន​តែ​ជំទាស់​នឹង​កំណែទម្រង់​​ ដែល​ធ្វើ​ឲ្យ​បារាំង​បាត់បង់​អធិបតេយ្យ។ ក៏ប៉ុន្តែ ក្រោយ​ពី​​លោក François Hollande ជាប់ឆ្នោត​ជា​ប្រធានាធិបតី​​ថ្មី បារាំង​ទំនង​ជា​ត្រូវ​បន្ទន់​ជំហរ​ ដើម្បី​សម្រុះសម្រួល​ជាមួយ​អាល្លឺម៉ង់។ លោក Hollande តែងតែ​ទាមទារ​ចង់​ឲ្យ​អឺរ៉ុប​បោះ​មូលបត្រ​បំណុល​លក់​​រួមគ្នា​​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប (Eurobond) ដើម្បី​ជួយ​កាត់បន្ថយ​អត្រា​ការប្រាក់​របស់​រដ្ឋ ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល។ ក៏ប៉ុន្តែ អាល្លឺម៉ង់​តែងតែ​លើកឡើង​ថា ការ​បោះមូលបត្រ​បំណុល​រួម​មិនអាច​ធ្វើ​ទៅបាន​ទេ ដរាបណា​ប្រទេស​ជាសមាជិក​នីមួយៗនៅតែ​បន្ត​​ចាត់ចែង​នយោបាយ​សារពើពន្ធ​ដាច់ៗ​ពីគ្នា ដូចជា​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI