អឺរ៉ុប

ដំណោះស្រាយ​វិបត្តិ​បំណុល​អឺរ៉ុប៖ កាត់បន្ថយ​ការ​ចំណាយ ឬ​ជំរុញ​កំណើន​សេដ្ឋកិច្ច?

លោក Mario Draghi អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​គាំទ្រ​ឲ្យ​អឺរ៉ុប​ងាក​មក​គិតគូរ​ពី​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែរ
លោក Mario Draghi អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​គាំទ្រ​ឲ្យ​អឺរ៉ុប​ងាក​មក​គិតគូរ​ពី​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែរ Reuters/Oriol Campuzano Manobe

ប្រមុខដឹកនាំ​នៅ​អឺរ៉ុប​កំពុង​តែ​ខ្វែងគំនិត​គ្នា អំពី​ថា តើ​គេ​ត្រូវ​ចាត់វិធានការ​អ្វី ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​បច្ចុប្បន្ន? អាល្លឺម៉ង់​ទាមទារ​ឲ្យ​រដ្ឋ​ជាសមាជិក​ទាំងអស់​ផ្តោត​លើ​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ។ ចំណែក​លោក François Hollande វិញ ដែល​ជា​ប្រធានាធិបតី​បារាំង ទើប​នឹង​ជាប់ឆ្នោត​ថ្មី ទាមទារ​ឲ្យ​អឺរ៉ុប​ផ្តោត​លើ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ តើ​អឺរ៉ុប​ត្រូវ​ជ្រើសរើស​យក​ផ្លូវមួយណា?

ផ្សាយពាណិជ្ជកម្ម

ហេតុផល​របស់​​អ្នក​គាំទ្រ​​ការកាត់បន្ថយ​ការ​ចំណាយ​សាធារណៈ

ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ ក៏​អាច​មាន​ផងដែរ ការ​ដំឡើង​ពន្ធដារ ដើម្បី​ដំឡើង​លុយ​ចំណូល​រដ្ឋ។ វិធានការ​ទាំងនេះ​អាច​ជួយ​ឲ្យ​រដ្ឋ​កាត់បន្ថយ​ឧនភាព​ថវិកា​ជាតិ ពោល​គឺ ការ​ចំណាយ​ប្រចាំ​ឆ្នាំ ដែល​មាន​បរិមាណ​ហួស​ពី​ប្រាក់​ចំណូល។

អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​នាំគ្នា​ចាយលុយ​ច្រើន​ហួស​ពី​ចំណូល ដែល​បាន​មក​ពីការ​ប្រមូលពន្ធ ហើយ​ត្រូវ​ខ្ចីលុយ​គេ ដើម្បី​បង្រ្គប់​ការ​ចំណាយ។ គេ​ចេះតែ​នាំគ្នា​បន្ត​ធ្វើ​បែបនេះ​ជា​រៀងរាល់​ឆ្នាំ។ បំណុល​ចាស់​មិនទាន់​សងរួច ហើយ​ត្រូវ​ខ្ចី​បំណុល​ថ្មី​បន្ថែម​ទៀត ធ្វើ​ឲ្យ​​បំណុលត្រូវ​​កើនឡើង​កប់ពពក។ បូករួម​ជាមួយ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០០៨ ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ ហើយ​រដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ពីការប្រមូលពន្ធ ឧនភាព​ថវិកា​ជាតិ​ក៏​កាន់តែ​កើនឡើង​ថែមទៀត។ អ្នក​វិនិយោគ​ក៏​ចាប់ផ្តើម​រារែក​លែង​ហ៊ាន​ប្រថុយប្រថាន​ឲ្យ​លុយ​រដ្ឋ​ខ្ចី ឬ​ឲ្យ​ខ្ចី​ដោយ​យក​អត្រា​ការប្រាក់​ខ្ពស់។ តំបន់​ចាយលុយ​អឺរ៉ូ​ទាំងមូល​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ​ប្រាក់បំណុល។

ដូច្នេះ ដើម្បី​ងើបផុត​ពី​វិបត្តិ​ប្រាក់បំណុល ហើយ​អាច​ខ្ចីលុយ​ពី​ទីផ្សារ​ហិរញ្ញវត្ថុ ក្នុង​អត្រា​ការប្រាក់​ទាប​សមរម្យ​ឡើងវិញ ប្រទេស​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ចាំបាច់​ត្រូវ​តែ​នាំគ្នា​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ។

ហេតុផល​របស់​អ្នក​ប្រឆាំង​នឹង​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ

ការកាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​ធ្វើ​ឲ្យ​​ប្រជាជន​នាំគ្នា​បះបោរ​តវ៉ា ពីព្រោះថា វិធានការ​ទាំងនេះ​ភាគច្រើន​នាំទៅរក​ការ​កាត់បន្ថយ​សេវាកម្ម​សាធារណៈ កាត់បន្ថយ​​ប្រាក់​ខែ និង​ចំនួន​បុគ្គលិករដ្ឋ កាត់បន្ថយ​ប្រាក់​សោធននិវត្តន៍ ឬ​ដំឡើង​អាយុ​ចូលនិវត្តន៍ ។ល។

ម្យ៉ាងទៀត ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​​​នឹង​នាំទៅរក​ការ​ធ្លាក់ចុះ​នៃ​ការ​ចំណាយ​របស់​ប្រជាជន​ជាទូទៅ។ តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ធ្លាក់ចុះ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច។ ក្រុមហ៊ុន សហគ្រាស​ត្រូវ​កាត់បន្ថយ​បុគ្គលិក ឬ​បិទទ្វារ​ឈប់​រកស៊ី។ អ្នក​អត់ការងារ​ធ្វើ​ត្រូវកើនឡើង។ អ្នក​ដែល​នៅមានការងារ​ធ្វើ ហើយ​មាន​ប្រាក់​ចំណូល ក៏​នាំគ្នា​ទុកលុយ​មិនហ៊ាន​ចាយ ដោយសារ​តែ​បារម្ភ​ខ្លាច​ថ្ងៃណាមួយ​ត្រូវ​បាត់បង់​ការងារ​ធ្វើ​ដែរ។

ទាំងនេះ​បង្ក​​​ជា​ឧបសគ្គ​រារាំង​សេដ្ឋកិច្ច​មិន​ឲ្យ​មាន​កំណើន។ នៅពេល​​ផលិតផល​ក្នុងស្រុក​សរុប​ធ្លាក់ចុះ ប្រាក់​ចំណូល​របស់​រដ្ឋ ដែល​បាន​ពីការ​ប្រមូលពន្ធ​ក៏​ត្រូវ​ធ្លាក់ចុះ​ដែរ។ លើសពីនេះ​ទៅទៀត ចំនួន​អ្នកអត់ការងារ​ធ្វើ​កើនឡើងខ្លាំង ត្រូវ​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋ ដែល​ត្រូវ​បង្កើន​ការ​ចំណាយ​ផ្នែក​សង្គមកិច្ច។

លទ្ធផល​ចុងក្រោយ ឧនភាព​ថវិកា​ជាតិ​មិនអាច​កាត់បន្ថយ​បាន ហើយ​បំណុល​ក៏​នៅតែ​មិន​អាច​កាត់បន្ថយ​បានដដែល។ រីឯ​ស្ថានភាព​សេដ្ឋកិច្ច​វិញ កាន់តែ​អាក្រក់​ឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ។

តើ​មាន​ផ្លូវណា​ផ្សេង?

ដោយ​មើល​ទៅលើ​ទំហំ​នៃ​ប្រាក់​បំណុល​រដ្ឋ ដែល​មាន​ទំហំ​ច្រើន​សន្ធឹកសន្ធាប់​ នៅពេលនេះ ប្រទេស​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ចៀស​មិនរួច​ពី​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​នោះទេ។ ក៏ប៉ុន្តែ គេ​ក៏​មិន​អាច​ផ្តោត​តែ​ទៅលើ​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​នេះ​ដែរ។

អឺរ៉ុប​ក៏​ត្រូវ​គិតគូរ​ផងដែរ ក្នុង​ការ​ចាត់វិធានការ​​ជំរុញ​កំណើន​សេដ្ឋកិច្ច ពីព្រោះថា នៅពេលណា​សេដ្ឋកិច្ច​កើនឡើង ចំណូល​រដ្ឋ ដែល​បាន​ពីការ​ប្រមូលពន្ធ​ក៏​អាច​កើនឡើង​ដែរ។ ដូច្នេះ វា​អាច​ជួយ​ឲ្យ​រដ្ឋ​អាច​កាត់បន្ថយ​ឧនភាព​ថវិកា​ជាតិបាន។

និយាយ​ជារួម អឺរ៉ុប​ត្រូវ​ស្វែងរក​ចំណុច​កណ្តាល​មួយ ដោយ​មិន​ត្រូវ​​​កាត់បន្ថយ​ការ​ចំណាយ​ច្រើន​ហួសហេតុ​ពេក រហូតដល់​ធ្វើ​ឲ្យ​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​នោះទេ។ មុខ​ចំណាយ​មួយចំនួន ដែល​មាន​ប្រយោជន៍​ក្នុងការ​​​វិនិយោគ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ គេ​គួរ​តែ​រក្សាទុក។

តើ​រដ្ឋ​បាន​លុយ​មក​ពីណា​មក​ចំណាយ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច?
 
តាម​សំណើ​របស់​លោក François Hollande លុយ​ចំណាយ​ក្នុង​ការ​ធ្វើ​វិនិយោគ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច គួរ​ត្រូវ​ផ្តល់​ដោយ​អឺរ៉ុប តាមរយៈ​ធនាគារ​វិនិយោគ​​របស់​សហភាព​អឺរ៉ុប (European Investment Bank) និង​តាមរយៈ​ការ​ចុះមូលបត្រ​បំណុល​រួម (Eurobond)។

ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​ត្រូវ​តែ​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ដែរ ដើម្បី​ជួយ​ដល់​ប្រទេស​ជា​សមាជិក​ណា ដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ។

គួរ​បញ្ជាក់ថា ខុស​ពី​ធនាគារ​កណ្តាល​ជា​ទូទៅ ដូចជា នៅ​អាមេរិក អង់គ្លេស និង​ជប៉ុន ជាដើម ធនាគារ​កណ្តាល​អឺរ៉ុប​មិន​អាច​បញ្ចេញ​លុយ​មក​ឲ្យ​រដ្ឋ​ជា​សមាជិក​ខ្ចី​នោះទេ ទោះបី​ជា​រដ្ឋ​ទាំងនោះ​ជួប​បញ្ហា​មិន​អាច​ខ្ចីលុយ​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​ក៏ដោយ។ នេះ គឺ​ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​រដ្ឋាភិបាល​អាល្លឺម៉ង់។

អាល្លឺម៉ង់​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ថា ធនាគារ​កណ្តាល​អឺរ៉ុប​មាន​តួនាទី​តែមួយគត់ ទៅតាម​ការ​ចែង​របស់​សន្ធិសញ្ញា​អឺរ៉ុប (Maastrich) គឺ​​រក្សា​ស្ថិរភាព​តម្លៃ​ទំនិញ ដើម្បី​ទប់ស្កាត់​អតិផរណា។ បើទោះជា​ពេលនេះ គេ​មិនឃើញ​មាន​ចរន្ត​ណាមួយ ដែល​ទាញអតិផរណា​នៅ​អឺរ៉ុប​ឲ្យ​កើនឡើង ក៏​អាល្លឺម៉ង់​នៅតែ​មិន​សុខចិត្ត​ឲ្យ​ធនាគារ​កណ្តាល​បញ្ចេញ​លុយ​មក​ឲ្យ​រដ្ឋ​ជា​សមាជិក​ខ្ចីដែរ។

ដើម្បី​វៀង​ពី​ការ​ជំទាស់​របស់​អាល្លឺម៉ង់ និង​ពី​ការ​ហាមប្រាម​ដោយ​សន្ធិសញ្ញា​អឺរ៉ុប កន្លងទៅនេះ ធនាគារ​កណ្តាល​អឺរ៉ុបបាន​​​បញ្ចេញ​លុយ​រាប់ពាន់​លាន​អឺរ៉ូ​ទៅ​ឲ្យ​ធនាគារ​ឯកជន​ខ្ចី ក្នុង​អត្រាការប្រាក់​ទាបបំផុត (ត្រឹម ១%) ដោយ​រំពឹង​ថា ធនាគារ​ឯកជន​ទាំងនេះ​ផ្តល់​កម្ចី​បន្ត​ទៅ​ឲ្យ​រដ្ឋាភិបាល។

ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទ គឺ​នៅត្រង់ថា ធនាគារ​ឯកជន​មិន​ប្រាកដថា​នឹង​យក​លុយ​នេះ​ទៅ​ឲ្យ​រដ្ឋ​ខ្ចី​បន្ត​នោះទេ។ ពួកគេ​អាច​​​យក​នេះ​បង្វែរ​​ទៅ​រកស៊ី​អ្វីផ្សេងវិញ ដែល​អាច​ផ្តល់​ផលចំណេញ​ច្រើន​ជាង។ ម្យ៉ាង​ទៀត បើទោះជា​ពួក​គេ​ផ្តល់លុយ​នេះ​បន្ត​ទៅ​ឲ្យ​រដ្ឋ​ខ្ចី ក៏​ទាមទារ​អត្រា​ការប្រាក់​ខ្ពស់ដែរ​ ពោលគឺ​ ៣% ឬ​រហូតដល់​ជាង ៦%។ លុយ​ដែល​ចំណេញ គឺ​ចូល​ទៅក្នុង​ហៅប៉ៅ​ធនាគារ​ឯកជន ក្នុងពេល​ដែល​រដ្ឋ​ជាសមាជិក​កំពុង​ត្រដរ​ខ្យល់។ នេះ​គឺ​ដោយសារ​តែ​អាល្លឺម៉ង់​ងប់​តែ​នឹង​ការ​ទប់ស្កាត់​បញ្ហា​អតិផរណា ដែល​មាន​ត្រឹមតែ​ស្រមោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI