អ៊ីរ៉ង់-អ.ស.ប.

ក្រោយ​ភ្លើងខៀវ​របស់ AIEA សករាជថ្មី​បាន​ចាប់​ផ្តើម​សម្រាប់​អ៊ីរ៉ង់

ពីឆ្វេង​ទៅ​ស្តាំ លោក​ Zarif ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក Amano នាយក AIEA និង​លោកស្រី Federica Mogherini ប្រមុខ​ការទូត​អឺរ៉ុប
ពីឆ្វេង​ទៅ​ស្តាំ លោក​ Zarif ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក Amano នាយក AIEA និង​លោកស្រី Federica Mogherini ប្រមុខ​ការទូត​អឺរ៉ុប REUTERS/Leonhard Foeger

សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​មួយ​ទៀត​ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​ដំណាក់កាល​ប្រវត្តិសាស្រ្ត​សម្រាប់​ពិភពលោក ក៏​ដូច​ជា​ប្រទេស​អ៊ីរ៉ង់។ នេះ​ក៏​ដោយសារ​ថា​នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង​ថា AIEA បាន​ផ្តល់​ភ្លើង​ខៀវ​ដោយ​ប្រកាស​ជា​ផ្លូវការ​ថា អ៊ីរ៉ង់​បាន​គោរព​ត្រឹមត្រូវ​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥។

ផ្សាយពាណិជ្ជកម្ម

គួរ​បញ្ជាក់​ជូន​ជា​ដំបូង​ថា ការ​ផ្តល់​ភ្លើង​ខៀវ​របស់​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA នា​ថ្ងៃ​សៅរ៍ ទី១៦ មករា​គ្រាន់​តែ​ជា​ជំហាន​ទី២ នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​ភាគី​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ ប៉ុណ្ណោះ។ តែ​ជា​ជំហាន​ទី២ នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សហគមន៍​អន្តរជាតិ និង​ប្រទេស​អ៊ីរ៉ង់។ សារៈសំខាន់​ទី១ ភ្លើង​ខៀវ​របស់ AIEA បាន​អនុញ្ញាត​ឲ្យ​កិច្ចព្រមព្រៀង​ថ្ងៃទី១៤ កក្កដា ២០១៥ ចូល​ជា​ធរមាន។

ទី២ ភ្លើង​ខៀវ​របស់ AIEA បាន​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ និង​ប្រទេស​បស្ចិមលោក​មួយ​ចំនួន​ផ្តើម​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​បណ្តើរៗ​ចេញ​ពី​អ៊ីរ៉ង់។

ទី៣ ភ្លៀវខៀវ​របស់ AIEA បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​រួច​ផុត​ពី​ភាព​ឯកោ វិល​ត្រឡប់​ចូល​ក្នុង​ឆាកអន្តរជាតិ​ជា​ថ្មី និង​ទី៤ ភ្លើងខៀវ​របស់ AIEA បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ភ្ជាប់​ទំនាក់ទំនង​ការទូត ឬ​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ឡើង​វិញ។

គួរ​ជម្រាប​ជូន​ថា តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ មក អង្គការ​សហប្រជាជាតិ​បាន​ប្រគល់​តួនាទី​ឲ្យ AIEA ជា​អ្នក​តាមដាន​ត្រួតពិនិត្យ​មើល​លើ​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​អ៊ីរ៉ង់​ក្នុង​រយៈពេល ៦ខែ​កន្លង​ទៅ ពិសេស​ចង់​ដឹង​ថា តើ​អ៊ីរ៉ង់​មាន​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន ឬ​អត់។ ពិត​ជា​មាន​មែន នេះ​បើ​តាម​របាយការណ៍​ដែល AIEA បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា។

សករាជ​ថ្មី​បាន​ចាប់​ផ្តើម​ហើយ​សម្រាប់​ប្រទេស​អ៊ីរ៉ង់

គួរ​រម្លឹក​ជូន​ឡើង​វិញ​ដោយ​ត្រួសៗ​ថា តាំង​ពី​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ផ្ទុះ​ដំបូង​ក្នុង​ឆ្នាំ ២០០៦ មក ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីសម្រេចចិត្ត​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់​ចំនួន ៦ដង។ សេចក្តី​សម្រេច​ចិត្ត​នោះ​បាន​បិទខ្ទប់​លុយ​អ៊ីរ៉ង់​នៅ​បរទេស​ជាង ៩០ ០០០លាន​អឺរ៉ូ។ ដូច្នេះ​នៅ​ក្នុង​ជំហាន​ទី១ ធនាគារកណ្តាល​អ៊ីរ៉ង់​នឹង​អាច​យក​ប្រាក់​ត្រឡប់​វិញ​បាន​ជាង ២៤ ០០០លានអឺរ៉ូ។ ចំនួន​ទឹកប្រាក់​នេះ​នឹង​អាច​យក​ទៅ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​អ៊ីរ៉ង់​ដែល​កំពុង​ត្រដាបត្រដួស​ដោយ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ជិត ១០ឆ្នាំ​កន្លង​ទៅ។ ក្រៅ​ពី​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ អ៊ីរ៉ង់​ក៏​បាន​ទទួល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​បស្ចិមលោក​មួយ​ចំនួន​ដែរ ពិសេស​ពី​អាមេរិក និង​សហភាព​អឺរ៉ុប។

ជំហាន​ទី២ ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ក្នុង​នាម​ជា​ប្រទេស​ជង្រុកប្រេងឆៅ​ទី៤ ក្នុង​លោក​អាច​បង្កើន​ការ​បូមប្រេង​បន្ថែម​ចំនួន ៥០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ និង​ដែល​ក្នុង​មួយ​ឆ្នាំ​អាច​មាន​ដល់​ទៅ ២លានបារីល។ តាម​ការ​ប៉ាន់ស្មាន​ជាមួយ​នឹង​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​សព្វថ្ងៃ អ៊ីរ៉ង់​អាច​នឹង​ទទួល​ចំណូល​បាន​ពី​ការ​លក់​ប្រេង​ក្នុង​ទឹកប្រាក់ ១៣ ៧០០លានអឺរ៉ូ​ក្នុង​ឆ្នាំ ២០១៦ នេះ។

ជំហាន​ទី៣ ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ផ្តើម​សកម្មភាព​ដោះដូរ​ក្នុង​ផ្នែក​ធនាគារ​ឡើង​វិញ​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស។ ធនាគារពិភពលោក​បាន​ប្រមើលមើល​ថា ទឹកប្រាក់​វិនិយោគ​បរទេស​នៅ​អ៊ីរ៉ង់​នឹង​កើន​ពី ២៧ ០០លានអឺរ៉ូ​ទៅ ៣២ ០០លានអឺរ៉ូ​នៅ ២ឆ្នាំ​ខាង​មុខ ពោល​កើន​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ ២០១៥ កន្លង​ទៅ។

ផ្លូវ​នៅ​វែង​ឆ្ងាយ និង​លំបាក​ដែល​អ៊ីរ៉ង់​ត្រូវ​ដើរ

មាន​ឧបសគ្គ​ជា​ច្រើន​ដែល​កំពុង​រង់ចាំ​អ៊ីរ៉ង់។ ឧបសគ្គ​ចម្បង​គឺ​អាច​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥។ ចូរ​កុំ​ភ្លេច​ថា ទោះ​បី​ជា​មាន​កិច្ចព្រមព្រៀង​ក៏​ដោយ ក៏​អ្វីៗ​មិន​មែន​ចប់​ត្រឹម​នេះ​ទេ។ គេ​អាច​និយាយ​បាន​ថា អ៊ីរ៉ង់​កំពុង​ឆ្លង​កាត់​សម័យ​អន្តរកាល​មួយ ព្រោះ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នោះ អ៊ីរ៉ង់​មាន​រយៈពេល ១០ឆ្នាំ​ដើម្បី​គោរព​ឲ្យ​បាន​ត្រឹមត្រូវ មាន​ន័យ​ថា បើ​ក្នុង​រយៈពេល ១០ឆ្នាំ​ខាង​មុខ អ៊ីរ៉ង់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នោះ សហគមន៍​អន្តរជាតិ​អាច​នឹង​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ នេះ​ជា​ចំណុច​ទី១។

ចំណុច ទី២ គឺ​ទាក់ទង​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ដុនដាប​របស់​អ៊ីរ៉ង់​សព្វថ្ងៃ​ដែល​បន្សល់​ទុក​ដោយ​លោក​អតីត​ប្រធានាធិបតី​ម៉ាមូដ អាម៉ាឌីនណេយ៉ាដ​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៣។ គឺ​ទើប​នៅ​ក្នុង​សម័យ​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បច្ចុប្បន្ន​ទេ​ដែល​លោក​បាន​ព្យាយាម​ចាត់​វិធានការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​យល់ព្រម​សម្រុះសម្រួល​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​រឿង​នុយក្លេអ៊ែរ។ សព្វថ្ងៃ​នេះ អត្រា​ផ្លូវការ​នៃ​អ្នកអត់ការងារ​ធ្វើ​មាន ១២% នៃ​ប្រជាជន​សកម្ម តែ​តាម​តួលេខ​របស់​ក្រុមអ្នកសេដ្ឋកិច្ច គឺ​មាន​ដល់​ទៅ ៣០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI