អ៊ីស្រាអែលក្តៅក្រហាយអឺរ៉ុបដែលបង្ខំឲ្យបិទស្លាកលើផលិតផលដែលផលិតក្នុងដែនដីអាណានិគម
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធ ទី១១ វិច្ឆិកា គណៈកម្មការអឺរ៉ុបបានបង្ខំឲ្យមានការបិទស្លាកនៅលើផលិតផលដែលផលិតនៅក្នុងដែនដីអាណានិគមគ្រប់គ្រងដោយអ៊ីស្រាអែល។ អ៊ីស្រាអេលបានបញ្ចេញប្រតិកម្មភ្លាមៗ ដោយបានកោះហៅអ្នកតំណាងអឺរ៉ុបនៅអ៊ីស្រាអែលទៅសួរនំា។ ទន្ទឹមគ្នានេះ ប្រមុខការទូតអ៊ីស្រាអែលក៏បានចាត់វិធានការមួយចំនួនប្រឆំាងអឺរ៉ុបវិញ ពិសេសព្យួរកិច្ចសន្ទនាផ្លូវទូតរវាងអ៊ីស្រាអែល និងអឺរ៉ុប។
នៅទីបំផុត និងបន្ទាប់ពីបានលើកពេលអស់ជាច្រើនខែកន្លងមក គណៈកម្មការអឺរ៉ុបបានសម្រេចជាផ្លូវការថា គ្រប់ផលិតផលទំាងអស់ដែលផលិតនៅក្នុងដែនដីអាណានិគមគ្រប់គ្រងដោយអ៊ីស្រាអែលនឹងត្រូវបិទស្លាករបស់ទីកន្លែងផលិត ពោលត្រូវដាក់ថា « ផលិតក្នុងដែនដីអាណានិគម » គឺមិនមែនដាក់ជាលក្ខណៈទូទៅថា « ផលិតក្នុងប្រទេសអ៊ីស្រាអែល » ទេ។ គួររម្លឹកជូនថា ដែនដីអាណានិគមស្ថិតក្នុងដែនដីប៉ាឡេស្ទីន តែកំពុងគ្រប់គ្រងដោយអ៊ីស្រាអែល និងដែលមានផលិតផលសម្រេចជាច្រើន ពិសេសផលិតកសិកម្មត្រូវបានផលិតនៅទីនោះ តែអ៊ីស្រាអែលបានបិទស្លាកថា « ផលិតក្នុងប្រទេសអ៊ីស្រាអែល »។
ការសម្រេចចិត្តរបស់អឺរ៉ុបពេលនេះបានទទួលប្រតិកម្មភ្លាមៗពីអ៊ីស្រាអែល។ ទីក្រុងហ៊្សេរុយសាឡិមបានព្រមានពីការជះឥទ្ធិពលអាក្រក់នៅក្នុងទំនាក់ទំនងរវាងអ៊ីស្រាអែល និងអឺរ៉ុប។ « អឺរ៉ុបគួរតែខ្មាស់អៀនខ្លួនឯង » នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបិនយ៉ាមីន នេតាន់យ៉ាហ៊ូនាយប់ថ្ងៃពុធ ទី១១ វិច្ឆិកា។ ទន្ទឹមគ្នានេះ និងបន្ទាប់ពីបានកោះហៅអ្នកតំណាងអឺរ៉ុបនៅអ៊ីស្រាអែលទៅសួរដេញដោលមក រដ្ឋាភិបាលអ៊ីស្រាអែលក៏បានផ្សព្វផ្សាយសេចក្តីជូនដំណឹងមួយដោយបានសម្រេចព្យួរកិច្ចសន្ទនាមួយចំនួនជាមួយអឺរ៉ុប។
យ៉ាងណាក៏ដោយ អឺរ៉ុបបានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្លួនឲ្យមានការបិទស្លាកលើផលិតផលពីកន្លែងផលិតរបស់វា គឺក្នុងគោលដៅជូនព័ត៌មានដល់អតិថិជនអឺរ៉ុបឲ្យបានដឹងពីប្រភពដើមរបស់ផលិតផលនោះ ពោលគ្មានគោលដៅនយោបាយ ឬមួយក៏ការអំពាវនាវឲ្យធ្វើពហិការលើផលិតផលដែលផលិតក្នុងដែនដីអាណានិគមនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ