អ៊ីរ៉ង់-អឺរ៉ុប

អ៊ីរ៉ង់៖សេដ្ឋកិច្ច​ជា​គោលដៅ​នៃ​ទស្សនកិច្ច​មួយជុំ​ទ្វីបអឺរ៉ុប​របស់​លោក​ហាសាន រ៉ូហានី

សេដ្ឋកិច្ច​ជា​គោលដៅ​នៃ​ទស្សនកិច្ច​មួយជុំ​ទ្វីបអឺរ៉ុប​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ហាសាន រ៉ូហានី
សេដ្ឋកិច្ច​ជា​គោលដៅ​នៃ​ទស្សនកិច្ច​មួយជុំ​ទ្វីបអឺរ៉ុប​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ហាសាន រ៉ូហានី REUTERS/President.ir/Handout

ចាប់​ពី​ថ្ងៃ​ចន្ទ ទី២៥ មករា​នេះ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ចំនួន​ពីរ គឺ ២ថ្ងៃ​នៅ​ក្នុង​អ៊ីតាលី​ពី​ថ្ងៃ​ចន្ទ ទី២៥ ដល់​ថ្ងៃ​អង្គារ ទី២៦ មករា បន្ទាប់​មក​នៅ​ក្នុង​ប្រទេស​បារាំង​នា​ថ្ងៃពុធ ទី២៧ មករា​ខាង​មុខ។ ដំណើរ​ទៅ​កាន់​អឺរ៉ុប​របស់​ប្រមុខ​រដ្ឋ​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​បាន​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​បណ្តើរៗ​ចេញ​ពី​អ៊ីរ៉ង់។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សេដ្ឋកិច្ច។

ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​រឿង​ភ្ញាក់​ឡើយ​ដែល​ទស្សនកិច្ច​របស់​លោក​ប្រធានធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​នៅ​ក្នុង​ប្រទេស​អ៊ីតាលី និង​នៅ​ក្នុង​ប្រទេស​បារាំង​មាន​គោលដៅ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ មិន​ភ្ញាក់ផ្អើល​ព្រោះ​តាំង​ពី​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ចូល​ជា​ធរមាន​ជិត ១០ថ្ងៃ​មក អ៊ីរ៉ង់​បាន​ចេញ​យុទ្ធនាការ​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​បរទេស​ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ដោយសារ​គំនាប​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​អស់​ជា​ច្រើន​ឆ្នាំ។

មែនទែន​ទៅ ទស្សនកិច្ច​របស់​លោក​ហាសាន រ៉ូហានី​នៅ​អ៊ីតាលី និង​នៅ​បារាំង​ត្រូវ​បាន​គ្រោង​ទុក​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥ មក​ម្ល៉េះ តែ​ដោយ​មាន​ព្រឹត្តិការណ៍​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃទី១៣ វិច្ឆិកា ទស្សនកិច្ច​របស់​លោក​រ៉ូហានី​ក៏​បាន​លើក​ពេល​មក​ដល់​ថ្ងៃ​នេះ។ នៅ​ក្នុង​ប្រទេស​អ៊ីតាលី លោក​រ៉ូហានី​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​អ៊ីតាលី​លោក​ស៊ែរយ៉ូ ម៉ាតារ៉េឡា និង​គ្រោង​ជួប​លោក​នាយករដ្ឋមន្រ្តី​អ៊ីតាលី​ម៉ាតេអូ រ៉េនហ្ស៊ី និង​ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​នៅ​រាត្រី​នេះ។

ជម្រើស​ទៅ​កាន់​អ៊ីតាលី​មុន​គេ​របស់​លោក​រ៉ូហានី​មិនមែន​ជា​ជម្រើស​ចៃដន្យ​ឡើយ ព្រោះ​អ៊ីតាលី​ជា​ប្រទេស​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទី១ របស់​អ៊ីរ៉ង់​មុន​ពេល​ដែល​អ៊ីរ៉ង់​បាន​ទទួល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដោយសារ​តែ​រឿង​នុយក្លេអ៊ែរ។ នៅ​មុន​អ៊ីរ៉ង់​ទទួល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អ៊ីតាលី និង​អ៊ីរ៉ង់​មាន​ទឹកប្រាក់ ៧ ០០០លានអឺរ៉ូ។ សព្វថ្ងៃ​នេះ ទឹកប្រាក់​នៃ​ការ​ដោះដូរ​មាន​តែ ១ ៦០០លាន​អឺរ៉ូ​ប៉ុណ្ណោះ ក្នុង​នោះ ១ ២០០លានអឺរ៉ូ​ជា​ទឹកប្រាក់​នំា​ទំនិញ​អ៊ីតាលី​ចេញ​ទៅ​អ៊ីរ៉ង់។

នៅ​ថ្ងៃ​អង្គារ ទី២៦ មករា លោក​ប្រមុខ​រដ្ឋអ៊ីរ៉ង់​នឹង​ថ្លែង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ដែល​ចូលរួម​ដោយ​ក្រុមអ្នកជំនួញ​អ៊ីតាលី និង​អ៊ីរ៉ង់​ជា​ច្រើន​រយ​នាក់។ គឺ​ជា​ឱកាស​មួយ​ដ៏​សំខាន់ និង​ដែល​ក្រុមអ្នកវិនិយោគ​អ៊ីតាលី​រង់ចាំ​តាំង​ពី​យូរ​មក​ហើយ។ អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​រ៉ូម​ចង់​បាន​ពេល​នេះ គឺ​ព្យាយាម​យក​ត្រឡប់​វិញ​នូវ​កន្លែង​របស់​អ៊ីតាលី​ក្នុង​នាម​ជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទី១ របស់​អ៊ីរ៉ង់។

គួរ​ជម្រាប​ជូន​ថា នៅ​ពេល​អ៊ីរ៉ង់​ជាប់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ទីផ្សារ​អ៊ីរ៉ង់​បាន​ឋិត​ក្រោម​កណ្តាប់ដៃ​របស់​ប្រទេស​រុស្ស៊ី និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង ដូច​យ៉ាង​ចិន និង​តួកគី។ តែ​ចាប់​ពី​ពេល​នេះ​ទៅ ទីផ្សារ​អ៊ីរ៉ង់​បាន​ក្លាយ​ជា​សរភូមិ​នៃ​ប្រជែង​ដណ្តើម​គ្នា​ពី​គ្រប់​ប្រទេស​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI