រុស្ស៊ី-ស៊ីរី-អន្តរជាតិ

វិបត្តិស៊ីរី៖រុស្ស៊ី និង​សហគមន៍អន្តរជាតិ​បន្ត​មិន​ចុះ​សម្រុង​គ្នា​ជុំវិញ​វត្តមាន​លោក​អាសាដ

លោក​ប្រធានាធិបតី​បារំាង François Hollande (រូបឆ្វេង) និង​លោក​រដ្ឋមន្រ្តី​ការពារជាតិJean-Yves Le Drian
លោក​ប្រធានាធិបតី​បារំាង François Hollande (រូបឆ្វេង) និង​លោក​រដ្ឋមន្រ្តី​ការពារជាតិJean-Yves Le Drian REUTERS/Ian Langsdon/Pool
៣៨ នាទី

នៅ​ថ្ងៃ​ពុធ ទី១៦ កញ្ញា​​នេះ ប្រទេស​បារំាង តាម​រយៈ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ Jean-Yves Le Drian បាន​ប្រកាស​ឲ្យ​ដឹង​ថា ទ័ពអាកាស​បារំាង​នឹង​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​ជា​លើកទី១​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ដើម្បី​ប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ទន្ទឹម​គ្នា​នេះ សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល​រវាង​រុស្ស៊ី និង​សហគមន៍​អន្តរជាតិ​ពិសេស​អាមេរិក​ជុំវិញ​ការ​គំាទ្រ និង​ការ​ចូលរួម​របស់​ទ័ពរុស្ស៊ី​ជួយ​ជ្រោមជ្រែង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​សារព័ត៌មាន​រុស្ស៊ី​ចេញ​ផ្សាយ​ថ្ងៃ​នេះ លោក​អាសាដ​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​នេះ​ទេ តែ​បាន​អះអាង​ពី​ការ​គំាទ្រ​របស់​ប្រទេស​អ៊ីរ៉ង។

ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែន​ជា​លើកទី១ ទេ​ដែល​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ប្រកាស​សារភាព​ជា​សាធារណៈ​ថា លោក​ទទួល​បាន​ការ​គំាទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​តំាង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ក្នុង​ឆ្នំា ២០១១។ យោង​តាម​លោក​អាសាដ អ៊ីរ៉ង់​បាន​ផ្តល់​ការ​គំាទ្រ​ទំាង​នៅ​ក្នុង​ផ្នែក​នយោបាយ យោធា និង​សេដ្ឋកិច្ច។ នៅ​ក្នុង​ការ​គំាទ្រ​ផ្នែក​យោធា​ត្រូវ​បាន​លោក​អាសាដ​លំអិត​ថា មាន​ត្រឹម​តែ​​ជំនួយ​សម្ភារៈយោធា និង​ការ​ដោះដូរ​ក្រុម​អ្នកជំនាញ​យោធា​ប៉ុណ្ណោះ ពោល​មិន​មាន​វត្តមាន​ទាហាន​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។

លោក​អាសាដ​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​អ៊ីរ៉ង់​ចំពោះ​ស៊ីរី និង​រូបលោក គឺ​ជា​រឿង​មួយ​ធម្មតា​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ទំាង​ពីរ​ដែល​មាន​ទំនាក់ទំនង​ល្អ​តំាង​ពី ៣ទសវត្ស​កន្លង​មក និង​ថា តួនាទី​របស់​អ៊ីរ៉ង់​ចំពោះ​ស៊ីរី គឺ​ជា​តួនាទី​មួយ​មិន​អាច​ខ្វះ​បាន។ សម្រាប់​លោក​អាសាដ សម្ព័ន្ធភាព​រវាង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ដាម៉ាស់​បាន​ផ្អែក​លើ​សេចក្តី​ទុកចិត្ត​រវាង​គ្នា។ គួរ​រម្លឹក​ជូន​ថា ស៊ីរី​ជា​ប្រទេស​អារ៉ាប់​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដែល​បាន​គំាទ្រ​អ៊ីរ៉ង់​នៅ​ក្នុង​សង្រ្គាម​ប្រឆំាង​អ៊ីរ៉ាក់​ចន្លោះ​ឆ្នំា ១៩៨០ និង ១៩៨៨។

ដូច្នេះ​អ្វី​ដែល​អ៊ីរ៉ង់​បាន​ធ្វើ​ចំពោះ​ស៊ីរី​ពេល​នេះ ជា​ការ​សងគុណ ឬ​មួយ​ជា​ការ​ជួយ​គ្នា​ទៅ​វិញ ទៅ​មក​ក្នុង​គ្រាអាសន្ន។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ថា អ៊ីរ៉ង់​ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ធំ​ជាង​គេ​ក្នុង​តំបន់​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​អ្នកដឹកនំា​ស៊ីរី​ដែល​ជា​ក្រុមនិកាយ​ឈីអ៊ីត​ដូច​គ្នា​ដែរ។

លោក​ពូទីន​បាន​បញ្ជាក់​ពី​ការ​បន្ត​ជំហរ​គំាទ្រ​របប​លោក​អាសាដ

នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​សារព័ត៌មាន​រុស្ស៊ី​ដដែល​នោះ លោក​អាសាដ​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​ជុំវិញ​វត្តមាន​ទាហាន​រុស្ស៊ី​ក្នុង​ទឹកដី​ស៊ីរី​ដែល​សហគមន៍​អន្តរជាតិ ពិសេស​អាមេរិក​កំពុង​ចោទ​រុស្ស៊ី​ទេ។ ចំណែក​លោក​ប្រធានាធិបតី​ពូទីន​ផ្ទាល់​ខ្លួន​ក៏​មិន​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ដែរ តែ​បាន​ចេញ​មុខ​ឆ្លើយ​ថា រុស្ស៊ី​បាន​គំាទ្រ​ពេញទី និង​ជួយ​ការពារ​របប​ស៊ីរី​របស់​លោក​អាសាដ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឈ្លានពាន​របស់​ពួក​ភេរវជន និង​ថា មូស្គូ​បន្ត និង​នៅ​តែ​បន្ត​ផ្តល់​ការ​គំាទ្រ​ជំនួយ​បច្ចេកទេស​យោធា​ដល់​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស។

ទន្ទឹម​គ្នា​នេះ លោក​ពូទីន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​លើ​ការ​ចោទ​ប្រកាន់​របស់​សហគមន៍​អន្តរជាតិ​ដែល​ថា រុស្ស៊ី​ជា​អ្នក​ឆ្កឹះឆ្កៀល និង​ជា​អ្នក​ចិញ្ចឹម​បញ្ហា​នៅ​ស៊ីរី​សព្វថ្ងៃ ពិសេស​លំហូរ​ជនភៀសខ្លួន​នៅ​ក្នុង​ទ្វីបអឺរ៉ុប។ ការ​ថ្លែង​របស់​លោក​ពូទីន​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួបកំពូល​អង្គការ​នៃ​សន្ធិសញ្ញា​សន្តិសុខ​រួម​រៀបចំ​នៅ​ក្នុង​ទីក្រុង​ឌូស្ហាន់បេ ប្រទេស​តាហ្ស៊ីគីស្ថាន​នា​ថ្ងៃ​អង្គារ ទី១៥ កញ្ញា។ មនុស្សខ្លំាង​ក្រុង​ក្រិមឡំាង​រូប​នេះ​បាន​អះអាង​ថា បើ​មូស្គូ​បញ្ឈប់​ការ​គំាទ្រ​ចំពោះ​ក្រុង​ដាម៉ាស ម្ល៉េះ​ស្ថានការណ៍​នៅ​ស៊ីរី​នឹង​ធ្លាក់​ដុនដាប​ជាង​សព្វថ្ងៃ ហើយ​លំហូរ​ជនភៀសខ្លួន​ទៅ​កាន់​ទ្វីបអឺរ៉ុប​នឹង​មាន​ច្រើន​ជាង​នេះ។ ទន្ទឹម​គ្នា​នេះ លោក​ពូទីន​ក៏​មិន​ភ្លេច​ធ្វើ​ការ​វាយប្រហារ​សហគមន៍​អន្តរជាតិ​វិញ​ដោយ​បញ្ជាក់​ថា វិបត្តិ​ស៊ីរី និង​វិបត្តិ​ជនភៀសខ្លួន​សព្វថ្ងៃ គឺ​ជា​លទ្ធផល​នៃ​ការ​ឈឺ​ឆ្អាល​របស់​បរទេស។
 

ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ប្រែសម្រួល​ដោយ គួច គន្ធារ៉ា

« សព្វថ្ងៃ​នេះ រុស្ស៊ី​បាន​ទទួល​រងការ​ចោទ​ប្រកាន់​ថា ជា​អ្នកទទួល​ខុស​ត្រូវ​តែ​ម្នាក់​គត់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​វិបត្តិជនភៀសខ្លួន​សព្វថ្ងៃ។ ខ្ញុំ​ចង់​និយាយ​ថា ការ​ដែល​ប្រជាជន​ស៊ីរី​បាន​រត់​ចោលស្រុក គឺ​ដើម្បី​គេច​ពី​សង្រ្គាម​ដែល​បរទេស​ជា​អ្នក​បញ្ឆេះ​ឡើង។ ពិត​ណាស់ ពលរដ្ឋ​ស៊ីរី​បាន​រត់ភៀសខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ពួក​ភេរវជន តែ​បើ​គ្មាន​ការ​គំាទ្រ​ពី​រុស្ស៊ី​ទេ ស៊ីរី​នឹង​ធ្លាក់​ដុនដាប​ជាង​លីប៊ី ហើយ​ចំនួន​ជនភៀសខ្លួន​នឹង​មាន​ច្រើន​ជាង​នេះ »។

បុគ្គល​អាសាដ​នៅ​បន្ត​ជា​បញ្ហា​សម្រាប់​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី

លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​កំពុង​បន្ត​ជា​ឆ្អឹង​ទទឹង ក​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិស៊ីរី​ដែល​បាន​អូសបន្លាយ​អស់​រយៈពេល ៤ឆ្នំា។ នៅ​ខាង​សហគមន៍​អន្តរជាតិ​គឺ​ច្បាស់​ណាស់ គេ​ត្រូវ​តែ​ភាត់​លោក​អាសាដ​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី តែ​សម្រាប់​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​វិញ​បាន​យល់​ឃើញ​ថា លោក​អាសាដ​នៅ​តែ​ជា​តួអង្គនយោបាយ​មួយ​មិន​អាច​ខ្វះ​សម្រាប់​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។

ថ្មីៗ​នេះ ប្រទេស​រុស្ស៊ី​ថែម​ទំាង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​ដៃ​ជាមួយ​លោក​អាសាដ​ដើម្បី​ប្រយុទ្ធប្រឆំាង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ក្រុង​ម៉ូស្គូ​បាន​យល់​ឃើញ​ថា មាន​តែ​ការ​រួម​សហការណ៍​ជាមួយ​លោក​អាសាដ​ទើប​ទើប​គេ​អាច​យក​ឈ្នះ​លើ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

តែ​សហគមន៍​អន្តរជាតិ​បាន​បដិសេធ​ដោយ​សំអាង​ថា លោក​អាសាដ​ជា​មនុស្ស​ផ្តាច់ការ​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង។ គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ពួក​បះបោរ ទ័ព​របស់​អាសាដ​ក៏​កំពុង​ប្រឈម​មុខ​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ។ លោក​រដ្ឋមន្រ្តី​ការពារជាតិ Jean Yves Le Drian បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា រុស្ស៊ី​ជា​ប្រទេស​មួយ​សម្រាប់​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី តែ​មិន​ត្រូវ​ឆ្លង​កាត់​តាម​លោក​អាសាដ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI