អានតួអត្ថបទ
អ៊ុយក្រែន

អឺរ៉ុប​និង​អ៊ុយក្រែន​បន្ត​ដាក់សម្ពាធ​លើ​រុស្ស៊ី​មុន​ផុត​ឱសានវាទ​ “ឈប់បាញ់”

អ្នក​សង្កេត​ការណ៍អង្គការ​OSCE​ម្នាក់​​ក្នុង​ចំណោម​បួន​នាក់​ដែល​ទើប​បាន​ទទួល​សេរីភាព​នៅ​ថ្ងៃ​ទី ២៨ មិថុនា
អ្នក​សង្កេត​ការណ៍អង្គការ​OSCE​ម្នាក់​​ក្នុង​ចំណោម​បួន​នាក់​ដែល​ទើប​បាន​ទទួល​សេរីភាព​នៅ​ថ្ងៃ​ទី ២៨ មិថុនា © Reuters
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

សហភាព​អឺរ៉ុប កំពុង​រង់ចាំ​កាយវិការ​ជាក់ស្តែង​របស់​រុស្ស៊ី ក្នុង​ការ​បន្ធូរ​បន្ថយ​សម្ពាធ​តានតឹង​​ ឈាន​ដល់​ការ​ដោះស្រាយ​វិបត្តិ​ឱ្យ​អ៊ុយក្រែន។ ក្នុង​ន័យ​នេះ រុស្ស៊ី​មាន​ពេល​រហូត​ដល់​ថ្ងៃ​ស្អែក សម្រាប់​បញ្ចេញ​ស្នាដៃ បើ​ពុំនោះ​ទេអឺរ៉ុប​អាច​នឹង​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី បន្ថែម​ប្រឆាំង​នឹង​ម៉ូស្គូ។ ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ សន្និសីទ​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ រុស្ស៊ី អ៊ុយក្រែន​ និង​បារាំង​ត្រូវ​ប្រព្រឹត្ត​ នៅ​ថ្ងៃ​នេះ​ ដើម្បី​ស្រោច​ស្រង់​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ។ នៅ​ផ្ទាល់​នឹង​កន្លែង​វិញ ពួក​ឧទ្ទាម​បាន​បន្ទន់​ឥរិយាបថ​បន្តិច ដោយ​សុខ​ចិត្ត​ដោះលែង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​បួន​រូប​បន្ថែម​ទៀត។

ផ្សាយពាណិជ្ជកម្ម

អ្នក​សង្កេត​ការណ៍​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប(OSCE) ដែល​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​នៅភាគ​ខាង​កើត​អ៊ុយក្រែន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២៦ ឧសភា បាន​ទទួល​សេរីភាពវិញហើយ។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​អង្គការ​។

​ទាំង​បួន​នាក់​ (ប្រុសបី​ស្រី​ម្នាក់) ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ​ នាំ​មក​ដល់​សណ្ឋាគារ​មួយ នៅ​ទីក្រុង ដូណេត ទីដែល​មាន​តំណាង​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​​ឈរ​ជើង។ ចំណែក​ឯ​អ្នក​សង្កេត​ការណ៍​អង្គការ​បួន​រូប​ផ្សេង​ ដែល​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​តែ​មួយ ក៏​បាន​ទទួល​សេរីភាព​រួច​ហើយ​ដែរ​កាលពី​​​៤៨​ម៉ោងមុន។

​“​យើង​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​តម្រូវ​ហើយ!” នេះ​​ជា​សេចក្តី​ប្រកាស​របស់​លោក Alexandre Norodai ដែល​តាំង​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ផ្តាច់​ខ្លួន​នៅ​ដូណេត។

​សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុងគៀវ បានដាក់​​ការ​​ដោះលែង​​អ្នក​សង្កេតការណ៍​អន្តរជាតិ ជា​ថ្នូរ​នឹង​ការ​បើក​ផ្លូវ​ចរចា​សន្តិភាព និង​បាន​ប្រកាស​ជា​ឯកតោភាគីឱ្យ​មាន​ បទ​ឈប់​បាញ់ មួយ​សប្តាហ៍ មុន​នឹង​​​ពន្យារ​ពេល​បន្ថែម​រហូត​ដល់​ថ្ងៃ​ចន្ទ​ទី ៣០​មិថុនា ក្នុង​កម្មវត្ថុ​តែ​មួយ​គត់​ គឺ​ដោះស្រាយវិបត្តិ​អ៊ុយក្រែន​តាម​ផ្លូវ​ចរចា។

បទ​ឈប់​បាញ់​នៅ​មាន​ជា​ធរមាន​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា​ត្រូវ​បាន​គោរព​គ្រប់​ទិសទី​ឡើយ ក្បែរ​ក្រុង​ស្លាវីយង់ ការ​ប្រយុទ្ធ​នៅ​តែ​បន្ត​ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន​បី​នាក់​នៅ​ថ្ងៃមិញ។ ហេតុដូច្នេះ​ហើយ បាន​ជា​សហគមន៍​អន្តរជាតិ អាមេរិក​បារាំង​អឺរ៉ុប តែង​តែ​ទាមទារ​ឱ្យ​រុស្ស៊ី​ចូល​រួម​ចំណែក​ដោយ​ជាក់ស្តែង​ក្នុង​វិបត្តិ​នេះ។ តើ​រុស្ស៊ីមាន​តួនាទី​យ៉ាង​ណា​ ក្នុង​​បន្ធូរ​បន្ថយ​សម្ពាធ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន? ក្នុងពេល​កំពុងរង់​​ចាំ​កាយ​វិការ​ពិតៗ​របស់​ម៉ូស្គូ​ សហភាព​អឺរ៉ុប​បានព្រមាន​ថា​នឹង​រក​ទណ្ឌកម្ម​ថ្មី​ដាក់​ប្រឆាំង​នឹង​រុស្ស៊ីបន្ថែម​ ប្រសិន​បើ​រហូត​ដល់​ថ្ងៃ​ចន្ទ​រុស្ស៊ី​នៅ​តែ​ពុំ​ព្រម​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​​លើ​ពួក​ឧទ្ទាម។

គឺ​ដោយ​សារ​តែ​វិបត្តិ​នេះ​ឯង ដែល​សន្និសីទ​តាម​ទូរស័ព្ទ​​មួយ​ត្រូវ​បានរៀប​ចំ​ឡើង​​នៅ​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រធានាធិបតី​រុស្ស៊ី អ៊ុយក្រែន​ និង​បារាំង​ ត្រូវ​ពិគ្រោះ​គ្នា​។ អឺរ៉ុប​និង​អ៊ុយក្រែន​ ចង់​រក្សា​​​សម្ពាធ​​​លើ​រុស្ស៊ី ដើម្បី​ឱ្យ​ការ​ចរចា​សន្តិភាព​ អាចចាប់​​ដំណើរការបាន៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ