អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចរន្តនយោបាយ​ប្រជាភិថុត ញុះញ៉ង់ ​និង​បំភ័យ គឺជា​គ្រោះថ្នាក់​ធំ​បំផុត​ដែល​អាច​បំផ្លាញ​អឺរ៉ុប

សំឡេង ០៥:៤៥
បដាបែប​ប្រកាន់​ពូជសាសន៍ ​​របស់​ពួកសកម្មជនស្តាំជ្រុលនិយម នៅ​ក្រុងកូឡូញ​ប្រទេស​អាល្លឺម៉ង់
បដាបែប​ប្រកាន់​ពូជសាសន៍ ​​របស់​ពួកសកម្មជនស្តាំជ្រុលនិយម នៅ​ក្រុងកូឡូញ​ប្រទេស​អាល្លឺម៉ង់ REUTERS/Wolfgang Rattay/File Photo
ដោយ៖ ម៉ម ពិសី

ជា​រៀងរាល់​ឆ្នាំ ​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​ Amnesty International ​តែងតែ​ជា​ឱកាស ​ឲ្យ​ពិភព​លោក​បាន​ជ្រាប​ពី​ស្ថានភាព​ទូទៅ ​ស្តីពី​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ​ នៅ​ទូទាំង​ពិភពលោក។ យោង​តាម​របាយការណ៍​ថ្មី​នេះ ​ស្ថានភាព​ហិង្សា ​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ និង​ចលនា​នយោបាយ​បែប​ស្អប់​ខ្ពើម​ប្រកាន់​ពូជសាសន៍ ​ ​គឺ​មិន​ធ្លាប់​មាន​ធ្ងន់ធ្ងរ ​ដូច​ឆ្នាំ​២០១៦ ​កន្លង​ទៅ​នេះ​ទេ។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​បំផុត​នោះ​ គឺ​ប្រទេស​ធំៗ​នៅ​អឺរ៉ុប ​ដូច​បារាំង ​​អង់គ្លេស និង​ អាល្លឺម៉ង់ ​ជាដើម ​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ ​នៃ​ការ​រីក​ឡើង​ខ្លាំង ​របស់​ចរន្ត​នយោបាយ​បំបែក​បំបាក់ ​បែប​ប្រកាន់​ពូជសាសន៍​នេះ។

ផ្សាយពាណិជ្ជកម្ម

ដូណាល់ ត្រាំ គំរូ​នៃ​ចរន្ត​នយោបាយ​​ញុះញង់ បំបែក​បំបាក់​ប្រកាន់​ពូជសាសន៍

 
កាល​ពី​មួយ​ឆ្នាំ​មុន ​ គ្មាន​នរណា​នឹក​ស្មាន​ដល់​ទេ ​ថា​ ​ថ្ងៃ​នេះ​សហរដ្ឋ​អាមេរិក ​មាន​ប្រធានាធិបតី​ម្នាក់​ ដូច​លោក​ដូណាល់ ត្រាំ។ លោក​ដូណាល់ ត្រាំ ​គឺ​ជា​គំរូ​ពិសេស ​នៃ​មនុស្ស​ដែល​និយម​ចូលចិត្ត​និយាយ​បំផ្លើស ​និយាយ​បំភ័យ ​ និយាយ​ចោទ​ប្រកាន់​ទំលាក់​កំហុស​បែប​ប្រកាន់​ពូជ​សាសន៍ ​ទៅ​លើ​អ្នក​ដ៍ទៃ។ លោក ដូណាល់ ត្រាំ​ បាននិយាយ​ជា​អាទិ៍ថា​ អ្នក​ដែល​ធ្វើ​ឲ្យ​អាមេរិក​ចុះខ្សោយ ​គឺ​ពួក​អន្តោប្រវេសន៍ ​គឺ​ពួក​ជន​បរទេ ​ អ្នក​ដែល​ធ្វើ​អំពើ​ភេរវកម្ម​ ​គឺ​សុទ្ធ​តែ​ជា​ពួក​អ៊ីស្លាម ​ ជន​ភៀសខ្លួន​ មក​ដណ្តើម​ការងារ​របស់​ប្រជាជន​អាមេរិក ។ល។

គឺ​សារ​នយោបាយ​បែប​ញុះញ៉ង់​ បែប​បំបែក​បំបាក់ ​បែប​ប្រកាន់​ពូជសាសន៍​នេះ​ហើយ ​ដែល​ត្រូវ​បាន​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ Amnesty International ​ចាត់ទុក​ថា​ជា​គ្រោះថ្នាក់​ធំ​បំផុត។ ចរន្ត​នយោបាយ​បែប​នេះ ​បាន​កើនឡើង​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ។ នៅ​ទ្វីប​អឺរ៉ុប ​ចរន្ត​ចលនា​ជ្រុល​និយម ​ធ្វើ​ឲ្យ​បែកបាក់​សមូហភាព​សង្គម​នេះ ​កំពុង​តែ​រីក​ធំឡើងៗ​ គួរ​ឲ្យ​ព្រួយ​បារម្ភ។

សម្តី​ចោទ​ប្រកាន់ ​ទៅ​លើ​មនុស្ស​មួយក្រុម​ ជាតិសាសន៍​មួយក្រុម ​ថា​ជា​អ្នក​ទទួល​ខុសត្រូវ ​លើ​បញ្ហា​ណាមួយ​របស់​សង្គម ​គឺ​ប្រៀប​បាន​នឹង​ការ​ចិញ្ចឹម​បំប៉ន ​នូវ​កំហឹង ​នូវ​ការ​ស្អប់​គុំគួន​គ្នា​ទៅវិញ​ទៅមក ​គ្មានថ្ងៃ​បញ្ចប់ ​ ទាំង​ដែល​ម្នាក់​ៗ​មិនបាន​ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ ​អំពី​បុព្វហេតុ​ពិត​ប្រាកដ ​នៃ​បញ្ហា ​ដើម្បី​រក​វិធី​ដោះស្រាយ​វា។

វិបត្តិ​ជនភៀសខ្លួន និង​ភេរវកម្ម បង្វិល​ស្មារតី​មហាជន​ឲ្យ​បាត់​ហេតុផល

មិនខុស​ពី​លោក​ដូណាល់ ត្រាំ ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ​ បាន​ជ្រើសរើស​យក​នយោបាយ​បិទទ្វារ​ បែរ​ខ្នង​សំងំ​យក​រួចខ្លួន ​ មិន​ខ្វល់​ពី​ការ​លំបាក​របស់​អ្នក​ដ៏ទៃ និ​ង​ពី​សាមគ្គីភាព។ នាយករដ្ឋមន្ត្រី​ហុងគ្រី ​បាន​និយាយ​ថា ​ជន​ភៀសខ្លួន ​គឺ​ជា​ថ្នាំពុល។ ចំណែក​អ្នក​នយោបាយ​អង់គ្លេស​មួយ​ចំនួន​វិញ ​ បាន​ឃោសនា​បំភ័យ​ ឲ្យ​ប្រជាជន​បោះឆ្នោត​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ ដោយសារ​តែ​ខ្លាច​មាន​ជនភៀសខ្លួន​ចូល​មក​រស់នៅ​ច្រើន។

ស្ថិតក្នុង​បញ្ហា​ជនភៀសខ្លួន​នេះ​ដែរ ​ បារាំង​ក៏​មិន​បាន​គេច​ផុត​ពី​ការ​ស្តី​បន្ទោស​ ពី​សំណាក់​របាយការណ៍ ​របស់​Amnesty International ​ដែរ។ រដ្ឋាភិបាល​បារាំង ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​គ្រប់គ្រាន់ ​ដើម្បី​ការពារ​ជន​ភៀសខ្លួន ​ដែល​សុទ្ធសឹង​តែ​ជា​ជន​ងាយ​រងគ្រោះ ​និង​ត្រូវការ​ជំនួយ។ អាជ្ញាធរ​បារាំង ​បាន​បំបែក​ជំរុំ​ជនភៀសខ្លួន ​​នៅ​តំបន់​កាឡេ ​និង​នៅ​ក្រុង​ប៉ារីស​ ម្តងហើយ​ម្តងទៀត ​ដោយ​ពុំបាន​លើក​ឡើង​នូវ​វិធានការ​ដោះស្រាយ​ជាក់លាក់ ​និង​យូរ​អង្វែង​ទេ។

វិបត្តិ​ជនភៀសខ្លួន​ វិបត្តិ​សេដ្ឋកិច្ច ​ការ​គំរាម​កំហែង​ភេរវកម្ម ​បាន​រុញច្រាន​សតិ​ស្មារតី​ មិន​ថា​តែ​ប្រជាជន​បារាំង​ រឺ​ប្រជាជន​អាល្លឺម៉ង់ ​ឲ្យ​ឆាប់ខឹង​ ឆាប់​ច្រឡោត ​ឆាប់​វិនិច្ឆ័យ ​ដោយ​គ្មាន​ហេតុផល ​ទៅ​លើ​សហគម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និង​ជន​បរទេស​ទូទៅ។ ចរន្ត​នេះ ​ ក៏ត្រូវ​បាន​ជំរុញ​​ដោយ​អ្នក​នយោបាយ​ឆក់​ឱកាស​មួយ​ចំនួន ​ដែល​កេង​ចំណេញ ​តាម​រយៈ​សារ​នយោបាយ​ ដែល​មាន​ខ្លឹមសារ​បំភ័យ ​បំប៉ោង ​និង​ញុះញង់។

ជនភៀសខ្លួន ធ្វើ​ដំនើរ​ឆ្លងស្ទឹង​ព្រំដែន​រវាង​ប្រទេស​ក្រិក និង​ម៉ាសេដ្វាន់
ជនភៀសខ្លួន ធ្វើ​ដំនើរ​ឆ្លងស្ទឹង​ព្រំដែន​រវាង​ប្រទេស​ក្រិក និង​ម៉ាសេដ្វាន់ Reuters

លោកស្រី ​ម៉ារីន ឡឺប៉ែន ​ដូណាល់ត្រាំ​ របស់​បារាំង

នៅបាំង​តែ​២ខែ​ទៀត​ប៉ុណ្ណោះ ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ​នឹងត្រូវ​ចាប់​ផ្តើម។ កំឡុង​ពេលនេះ ​ បេក្ខជន​ម្នាក់ៗ​ ខិតខំ​ដំឡើង​សម្លេង ​ស្រែក​ឲ្យ​បាន​ឮ​ជាង​គូ​ប្រកួត​ផ្សេង​ទៀត។ ម្នាក់ៗ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ​ គ្រប់​យុទ្ធសាស្ត្រ ​ដើម្បី​អូសទាញ​អ្នក​គាំទ្រ។ លោកស្រី​ ម៉ារីន ឡឺប៉ែន ​មក​ពី​គណបក្ស​ស្តាំ​និយម​ជ្រុល ​ ត្រូវ​បាន​គេ​ស្គាល់​ថា​​ គឺ​ជា​ដូណាល់ ត្រាំ ​របស់​បារាំង​ ​ ព្រោះ​លោកស្រី​ម្នាក់​នេះ ​មាន​ទំនោរ​នយោបាយ ​បែប​រើសអើង​ប្រកាន់​ពូជ​សាសន៍ ​ បែប​បំបែក​បំបាក់​សង្គម​បារាំង​ជា​ពីរ​ជា​បី ​រវាង​ជន​ជាតិ​បារាំង​ដើម ​និង​ជនជាតិ​បរទេស​ ដែល​មិន​មាន​ដើម​កំណើត​បារាំង។

អំពើ​ភេរវកម្មផ្ទួនៗ​ បង្កឡើង​ដោយ​ជន​ជ្រុល​និយម​ជីហាត​អ៊ីស្លាម ​បាន​ធ្វើ​ឲ្យ​សង្គម​បារាំង ​ទន់​ជង្គង់​ បាត់បង់​សាមគ្គីភាព​ និង​ការ​ស្រលាញ់​រាប់រក​គ្នា។ រដ្ឋាភិបាល​បារាំង ​បាន​យក​លេស​សន្តិសុខ ​ មក​ធ្វើ​ជា​អាវុធ ​ដើម្បី​ប្រើ​ធម៌ក្តៅ ​តាម​រយៈ​ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសិក​ ហើយ​បន្ត​ពន្យា​អនុវត្តរហូត។ ​ របាយការណ៍​របស់​Amnesty International ​បាន​វិភាគ​អំពី​ការ​ប៉ះពាល់ ​ដល់​នីតិរដ្ឋ ​និង​សិទ្ធិ​ជា​មូលដ្ឋាន ​ បង្ក​ឡើង​ដោយ​ច្បាប់​អាជ្ញាសិក​នេះ។

ឆ្លៀត​ឱកាស​ដែល​ប្រជាជន​បារាំង​ភ័យ​បារម្ភ ​ពី​កត្តា​សន្តិសុខ ​ពី​រឿង​ភេរវកម្ម ​លោកស្រី​ម៉ារីន​​ ឡឺប៉ែន​ ​បាន​និយាយ​បន្ទរ​ ធ្វើ​ឲ្យ​មនុស្ស​ស្អប់​សហភាព​អឺរ៉ុប​ ស្អប់​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ហើយ​សន្យា​ថា ​នឹង​បិទ​ព្រំដែន​បារាំង​ឲ្យ​ជាប់ ​និង​ឈប់​ចាយ​លុយ​អឺរ៉ូ ​បើសិន​ជា​ខ្លួន​ជាប់ឆ្នោត។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​បំផុត​នោះ ​គឺ​លោកស្រី​ម៉ារីន ឡឺប៉ែន ​ត្រូវបាន​ការ​ស្ទាបស្ទង់​មតិ​បង្ហាញ​ថា ​មាន​ពិន្ទុល្អ ​អាច​ជាប់​ឆ្នោត ​ខ្ពស់​ជាង​បេក្ខជន​ដ៏ទៃ​ឯទៀត​ផង។

គ្មាន​នរណា​នឹក​ស្មាន​ដល់​ទេ​ ថា​ បារាំង​ប្រទេស​បិតា​មនុស្សធម៌ ​ ប្រទេស​ដែល​បាន​ធ្វើ​ការ​ប្រកាស​ទទួល​ស្គាល់​គោលការណ៍​សកល​ ស្តីពី​សិទ្ធិ​មនុស្ស ​មុន​ដំបូង​គេ​បង្អស់​ តាំងតែ​ពី​ឆ្នាំ​១៧៨៩ ​បែរ​ជា​មក​ត្រូវ​អង្គការ​Amnesty International ​ទាញ​សញ្ញា​អាសន្ន ​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​ទៅវិញ។

អាល្លឺម៉ង់ ធ្លាប់ជាគំរូល្អ តែកំពុងប្រឈមមុខនឹង​បញ្ហា

អាល្លឺម៉ង់​ ដែល​កន្លង​មក​តែងតែ​ត្រូវ​បាន​គេ​សរសើរ​ថា ​មាន​គោលន​យោបាយ​បើក​ទ្វារ​ចំហរ ​ស្វាគមន៍ ​មិន​រើស​អើង​ជន​ភៀស​ខ្លួន​នោះ ​ពេល​នេះ​ក៏​ហាក់​កំពុង​តែបិទ​ទ្វារ​បន្តិច​ម្តងៗ​ដែរ។ រដ្ឋាភិបាល​អាល្លឺម៉ង់ ​ទើប​បាន​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ថា​នឹង​រៀប​ចំ​វិធានការ​ ធ្វើ​យ៉ាងណា ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ ដែល​មិន​បំពេញ​គ្រប់​លក្ខខណ្ឌ​អាច​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​អាល្លឺម៉ង់ ​ ឲ្យ​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ ​ ឲ្យ​បាន​ឆាប់​រហ័ស​ជាទី​បំផុត។

កន្លងមក លោកស្រី​ អង់ហ្គេឡា មែរគែល ​ ត្រូវ​បាន​គេ​ផ្តល់​ក្តី​សង្ឃឹម​ថា ​លោកស្រី​នឹង​ពង្រឹង​ចលករ​អឺរ៉ុប ​ ឲ្យ​សហភាព​អឺរ៉ុប​រឹងមាំ​ឡើងវិញ។ តែ​នៅ​ខែ​កញ្ញា ​ខាងមុខ​នេះ ​ លោកស្រី​ក៏ត្រូវ​ប្រឈមមុខ​ នឹងការ​បោះឆ្នោត​ ដែរ។ ចរន្ត​នយោបាយ​ប្រជាភិថុត​ អាច​នឹង​យក​ឈ្នះ​គោល​នយោបាយ​របស់​លោកស្រី។

បារាំង ​និង​អាល្លឺម៉ង់ ​គឺ​ជា​សរសរ​ទ្រូង​របស់​សហភាព​អឺរ៉ុប។ បើ​សរស​ទ្រូង​នេះ​ត្រូវ​ដួល​រលំ ​ក្រោម​ស្នាដៃ​ប្រជាភិថុត ​របស់​អ្នក​នយោបាយ​ដែល​និយម​ការ​បំភ័យ ​បង្ក​ការ​រើសអើង​ស្អប់​ខ្ពើម​គ្នា ​ នោះ​មហា​គ្រួសារ​អឺរ៉ុប​ ​នឹង​បែក​ជា​ជម្រៀក។

ត្រូវ​តែ​មាន​សុទិដ្ឋិនិយម !

ឆ្នាំ​២០១៧​នេះ ​ នឹង​ក្លាយ​ជា​ឆ្នាំ​ដ៏​មាន​សារៈសំខាន់​បំផុត។ វា​គឺ​ជា​ឱកាស​ចុងក្រោយ ​ សម្រាប់​អ្នក​ស្នេហា​សន្តិភាព​ ភាតរភាព ​ សមធម៌​ និង​មនុស្សធម៌ ​ចេញ​មុខ​ចាប់​ដៃ​គ្នា ​ក្រោក​ឈរ​ ដើម្បី​ការពារ​មហា​គ្រួសារ​មនុស្សជាតិ​យើង។ មនុស្ស​គ្រប់រូប​ កើត​មក​ មាន​សិទ្ធិ​ស្មើគ្នា ​មាន​ល្អ​មាន​អាក្រក់​ដូចគ្នា។ គ្មាន​ជាតិ​សាសន៍​ណា​ល្អ​ជាង​ ជាតិ​សាសន៍​ណា​នោះ​ទេ។

បើទោះ​បី​ជា​ឆ្នាំ​២០១៦ ​ជា​ឆ្នាំ​មិន​ល្អ ​តែ​គ្រប់​ទីកន្លែង​ យើង​ត្រូវ​តែ​មាន​សង្ឃឹម​ តាម​រយៈ​ការ​ធ្វើ​គំរូ​ល្អ ​ ដូចជា​ប្រទេស​កាណាដា​ជាដើម។ មិន​ថា​នៅ​អាល្លឺម៉ង់ ​នៅបារាំង ​នៅ​អាមេរិក ​នៅ​អេស្ប៉ាញ ​ចលនា​មហាជន​ ប្រឆាំង​នឹង​ចរន្ត​ញុះញង់​បំបែក​បំបា​ក់នេះ ​នឹង​កាន់​តែ​ផុសផុល​ឡើង ក្នុង​ឆ្នាំ​២០១៧​នេះ​ ដើម្បី​កសាង​ពិភព​លោក​មួយ​ ​ប្រកប​ដោយ​សន្តិភាព ​និង​សមធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ