FMI ចាប់មានសុទិដ្ឋនិយមខ្លះៗ លើសេដ្ឋកិច្ចរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មូលនិធិរូបិយវត្ថុអន្តរជាតិ FMI មិនសូវទុទិដ្ឋិនិយមទេ ក្នុងរយៈពេលខ្លីខាងមុខ សម្រាប់សេដ្ឋកិច្ចរុស្ស៊ី ដែលដើរថយក្រោយ អស់ពេលយូរមិនធ្លាប់មានដូច បើគិតតាំងពី លោក ពូទីន ឡើងកាន់អំណាច ជាប្រធានាធិបតីរុស្ស៊ី ជាង១០ឆ្នាំមកហើយ ប៉ុន្តែមូលនិធិនេះ បារម្ភ ខ្លាចក្រែង កំណើនសេដ្ឋកិច្ចរុស្ស៊ី បន្តមានកម្រិតទាបយ៉ាងយូរ មកពីរុស្ស៊ីមិនធ្វើកំណែទម្រង់ សំដៅដាក់សេដ្ឋកិច្ចខ្លួន ឲ្យអាស្រ័យតិចទៅៗ នឹងចំណូលបានមក ពីការលក់ប្រេងឆៅ។
ក្នុងរបាយការណ៍ ចេញថ្ងៃព្រហស្បតិ៍ម្សិលមិញ បេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដែលប្រចាំ នៅរុស្ស៊ី ព្យាករថា ផលិតផលសរុប ក្នុងប្រទេសរុស្ស៊ី ហៅកាត់ថា PIB នឹងរួញ ខើចអស់១,៥% ក្នុងឆ្នាំ២០១៦នេះ ហើយនឹងកើនឡើង ១% ក្នុងឆ្នាំក្រោយ ឆ្នាំ២០១៧។ កាលពី ខែមេសា FMI បានព្យាករថា ទៅទល់ដំណាច់ឆ្នាំនេះ PIB រុស្ស៊ី នឹងស្រុតចុះដល់ ១,៨% ហើយកំណើន ក្នុងឆ្នាំក្រោយ គឺតែក្នុងកម្រិត ០,៨%។ ចំណែកដំណើរដើរថយក្រោយ នៃ សេដ្ឋកិច្ចរុស្ស៊ី នឹងបន្តទៅ ដោយមកពី ប្រេងឆៅស្ថិតក្នុងតម្លៃទាប នៅលើទីផ្សារពិភពលោក , ដោយមកពីចំណូលគ្រួសាររុស្ស៊ី ស្ថិតនៅខ្សោយ ដោយមកពី ការសន្សំសំចៃថវិកាជាតិ។
តាមយោបល់ FMI សេដ្ឋកិច្ចរុស្ស៊ី នឹងកើនឡើងវិញ ក្នុងឆ្នាំក្រោយ គឺ លុះណា តម្លៃប្រេងឆៅ លើទីផ្សារ មានស្ថិរភាព ហើយរុស្ស៊ីមានស្ថានភាពហិរញ្ញវត្ថុប្រសើរឡើង។ របាយការណ៍ FMI ចែងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរុស្ស៊ី គឺស្រាប់តែ មានកម្រិតទាប ជាងលើកមុនៗ ដោយសារ ចង្កោមវិធានការចាត់ឡើងដោយ អាជ្ញាធរ ក្នុងនោះមានការឆ្លងទៅកាន់ របបដូរប្រាក់តាមអត្រា បត់បែន , ការបង្កើនទុនបម្រុងនៃធនាគារជាដើម។
ស្របនឹងស្ថិតិផ្លូវការចេញផ្សាយ ដើមសប្តាហ៍នេះ សេដ្ឋកិច្ចរុស្ស៊ី ក្នុងត្រីមាសទី១ កន្លងទៅ បើគិតសម្រាប់ពេញមួយឆ្នាំនេះ គឺនឹងធ្លាក់ចុះតែ ១,២% បានន័យថា តិចជាង ការប្រមើលទុក ដោយរដ្ឋាភិបាល។
ជាការកត់សម្គាល់ ប្រទេសរុស្ស៊ីកំពុងឆ្លងកាត់ ដំណើរដើរថយក្រោយ យ៉ាងជ្រៅតែម្តង នៃ សេដ្ឋកិច្ចខ្លួន ដោយមកពីការធ្លាក់ចុះខ្លាំងនៃតម្លៃប្រេង ដែលតែងនាំចំណូលក្រាស់ក្រែល ដល់ ថវិកា និងដោយមកពីទណ្ឌកម្មបស្ចិមលោក ពាក់ព័ន្ធនឹងវិបត្តិ នៅអ៊ុយក្រែន។
FMI សង្កេតឃើញថា អតិផរណា នៅរុស្ស៊ី ក្នុងខែមីនា ក៏ដូចជាក្នុងខែមេសា តាមស្ថិតិផ្លូវការ បានស្ថិតក្នុងកម្រិត ៧,៣% គិតសម្រាប់ពេញមួយឆ្នាំ គឺយឺតចង្វាក់ទៅវិញ ដោយមកពី មិនសូវមាន ភាពសកម្មសេដ្ឋកិច្ច និងមកពីរដ្ឋាភិបាល រឹតត្បិតនយោបាយហិរញ្ញវត្ថុ។ ដូច្នេះ តាមការប្រមាណឃើញ របស់ FMI បើប្រៀបទៅនឹងឆ្នាំមុន ដែលអតិផរណា មានកម្រិត ជាទូទៅ ដល់ ១៥% គឺវាត្រូវធ្លាក់ចុះមកនៅ ម្តុំ ៦,៥% ទៅទល់ដំណាច់ឆ្នាំនេះ ហើយ ក្នុងឆ្នាំ ក្រោយ វានឹងរឹតតែធ្លាក់ចុះទៅទៀត។
កម្រិតខ្ពស់នៃអតិផរណា បានបន្សោយតែម្តង សមត្ថភាពទិញរបស់គ្រួសាររុស្ស៊ី ហេតុដែល បន្តក្តោបក្តាប់ប្រទេសរុស្ស៊ី នៅផុងខ្លួន ក្នុងវិបត្តិសេដ្ឋកិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ