ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួកគី​ប្រកាស​សង្រ្គាម​ការទូត​ជាមួយ​អឺរ៉ុប រឺ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយខែ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍ ​រដ្ឋប្រហារ​ធ្លាក់ទឹក​នៅ​តួកគី ​រដ្ឋាភិបាល​ប្រទេស​នេះ ​បាន​ចេញ​វិធានការ​ក្តៅ ​តាម​ចាប់​ខ្លួន​មនុស្ស​រាប់​ម៉ឺននាក់ ​ដោយចោទ​ថា​ជា​ក្រុម​ប្រឆាំង។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​តួកគី​ទទួល​រង​នូវ​ការ​រិះគន់ ​ពី​គ្រប់​មជ្ឈដ្ឋាន ​ជា​ពិសេស​ពី​សំណាក់​ប្រទេស​សហភាព​អឺរ៉ុប។ ពីមុន​តួកគី​បាន​ព្យាយាម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​សុំ​ចូល​ជា​សមាជិក​ តែ​ពេល​នេះ​តួកគី​ហាក់​កំពុង​តែ​តំកើង​ឫក ​រិះគន់​បក​ទៅវិញ ​លើ​ប្រទេស​អឺរ៉ុប​ដោយ​ចំៗ ​ហើយ​ថែមទាំង​បាន​គំរាម​សហភាព​អឺរ៉ុប​ទៀតផង​ ថា​នឹង​បោះបង់​ចោល​ការ​អនុវត្តន៍​កិច្ច​ព្រមព្រាង​ស្តី​ពី​ជន​ភៀស​ខ្លួន។ តើ​តួកគី ​ចង់​ប្រកាស​សង្រ្គាម​ការទូត​ជាមួយ​សហភាព​អឺរ៉ុប​ រឺ​យ៉ាង​ណា?

លោក Erdogan ក្នុងពិធី​​ផ្លុវការ​នា​​វិមានប្រធានាធិបតី​ក្រុង​អង់ការ៉ា ថ្ងៃទី​៥ សីហា ២០១៦
លោក Erdogan ក្នុងពិធី​​ផ្លុវការ​នា​​វិមានប្រធានាធិបតី​ក្រុង​អង់ការ៉ា ថ្ងៃទី​៥ សីហា ២០១៦ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

តួកគី​ ត្រូវគេ​រិះគន់​ជុំទិស៖
គេ​សង្កេត​ឃើញ​ថា ​គ្មាន​ថ្ងៃ​ណាមួយ​ ដែល​សារព័ត៌មាន​បរទេស​នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ​ មិន​សរសេរ​រិះគន់​ពី​រដ្ឋាភិបាល​តួកគី​ទេ ​ជា​ពិសេស​គឺ​នៅ​ក្រោយ​ពេល​មាន​ ការ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​ កាលពី​ថ្ងៃ​ទី​១៥​កក្កដា ​ដែល​គេ​នៅ​មិនទាន់​ដឹង​ពី​ដំណើរការ​ពិត​ប្រាកដ​នៅ​ឡើយ។ ជា​ការពិត​មែន ​អ្វីដែល​សារព័ត៌មាន​នាៗ​សរសេរ ​គឺ​សុទ្ធតែ​ជា​អ្វី​ដែល​បាន​កើតឡើង​នៅ​តួកគី ​ ហើយ​ដែល​ជា​សកម្មភាព​ ដែល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី ​មិន​អាច​ទទួល​យក​បាន​ទេ។

យ៉ាង​ហោចណាស់ ​មនុស្ស​ជិត​១សែន​នាក់ ​ ដែល​ត្រូវ​រដ្ឋាភិបាល​តួកគី​លប់​ឈ្មោះ​ចេញ​ពី​ការងារ​រដ្ឋ ​ហើយ​ប្រហែល​​ជា​ជិត​៤ពាន់​នាក់ ​ដែល​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន។ ក្នុង​រយៈពេល​១ខែ​កន្លង​មក​នេះ ​ រដ្ឋាភិបាល​តួកគី ​បាន​ចុះ​បិទ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន  ​មិនថា​កាសែត ​រឺ​វិទ្យុ។ កងទ័ព​តួកគី ​ត្រូវបាន​រុះរើ​ទាំងស្រុង​ ដោយ​រៀបចំ​ជា​ថ្មី​ជាមួយ​នឹង​មនុស្ស​ជំនិតៗ​របស់​ប្រធានាធិបតី​អ៊ែរដូហ្កាន់។ ចៅក្រម ​និង​មេធាវី ​ជា​ច្រើន​រយនាក់​ កំពុង​រង​បទ​ចោទ​ប្រកាន់​ថា​ឃុបឃិត​ជាមួយ​ក្រុម​ធ្វើ​រដ្ឋប្រហារ។ សាស្ត្រាចារ្យ ​គ្រូ​បង្រៀន ​ជា​ច្រើន​រយនាក់​ ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​របប​លោក​អ៊ែរដូហ្កាន់ ​ត្រូវ​បាន​គេ​ដក​សិទ្ធិ​លែង​ឲ្យ​បង្រៀន។ តួកគី​កំពុង​តែ​ធ្លាក់​សំយ៉ុង ​ទៅក្នុង​របប​ផ្តាច់ការ ​ ក្រោម​កណ្តាប់ដៃ​ដែក​ របស់​លោក​ប្រធានាធិបតី​អភិរក្ស​អ៊ីស្លាម ​រ៉េសិប​ តៃយីប ​អ៊ែរដូហ្កាន់។ ទាំងអស់​នេះ​គឺ​ជា​ការ​យល់ឃើញ​ របស់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​នានា។

តួកគី​គំរាម​​អឺរ៉ុបវិញ​ ថា​នឹង​បើក​បង្ហូរ​ជនភៀសខ្លួន​ឲ្យ​ចូល​អឺរ៉ុប៖
អ្វីដែល​គេ​សង្កេត​ឃើញ ​ ពី​ប្រតិកម្ម​របស់​រដ្ឋាភិបាល​តួកគី ​ ឆ្លើយតប​ទៅនឹង​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ ​ ​គឺ​វា​បាន​បង្ហាញ​ពី​គោល​ជំហរ​មួយ​កាន់តែ​ច្បាស់ ​ដែល​បញ្ជាក់​ថា ​តួកគី​មិន​ខ្វល់​ថា​ប្រទេស​នៅ​អឺរ៉ុប​យល់​យ៉ាងណា​នោះទេ។ ពីមុន​តួកគី​តែងតែ​ចិញ្ចឹម​ចិត្ត​ សង្ឃឹមថា​ថ្ងៃ​ណា​មួយ  ​តួកគី​នឹង​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​  តែ​ក្នុង​កាលៈទេសៈ​នេះ​ គេ​សង្កេត​ឃើញ​ថា ​តួកគី​ប្រហែល​ជា​ដឹង​ខ្លួន​ថា ​នោះ​គ្រាន់​តែ​ជា​ក្តី​ស្រម៉ៃ​ដែល​នៅឆ្ងាយ​ឯជើង​មេឃ ​ប៉ុណ្ណោះ។
 

លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគី
លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគី AFP/AFP/Archives

តួកគី​មិនត្រឹម​តែ​លែង​ទុកមុខ​ឲ្យ​អឺរ៉ុប​ទេ ​ ថែមទាំង​បាន​គំរាម​សហភាព​អឺរ៉ុប​ដោយ​ចំហរ​ទៀត​ផង។ ជាក់ស្តែង​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួកគី​ Mevlut Cavusoglu ​បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​កាសែត​តួកគី​ថា ​បើ​អឺរ៉ុប​មិន​ព្រម​ពន្លឿន​ការ​ចរចា​ស្តីពី​ការ​ព្យួរ​ទិដ្ឋាការ​ដល់​ប្រជាជន​ទួកគី​ទេ​  នោះ​តួកគី​នឹង​ឈប់​អនុវត្ត​កិច្ច​ព្រមព្រាង​ស្តី​ពី​ជន​ភៀសខ្លួន  ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មីនា។

ជា​ការពិត ​ លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី ​បាន​ចាក់​ចំ​ចំណុច​ខ្សោយ​របស់​សហភាព​អឺរ៉ុប។ អឺរ៉ុប​ពិត​ជា​ត្រូវការ​ជំនួយ​ពី​តួកគី ​ដើម្បី​ទប់​ជនភៀស​ខ្លួន ​ កុំឲ្យ​ជន់ជោរ​ចូល​ទៅ​អឺរ៉ុប។ ក៏​ប៉ុន្តែ​​អឺរ៉ុប​ មិនអាចធ្វើតាមតែការបញ្ជារបស់តួកគិដែរ។ ប្រទេស​សមាជិក​អឺរ៉ុប​មួយ​ចំនួន​ធំ ​ ប្រឆាំង​ដាច់ខាត​ រឿង​បើកទ្វារ​ឲ្យ​ប្រជាជន​តួកគី​ធ្វើ​ដំណើរ​ចេញ​ចូល​ដោយ​សារី ​ ដោយ​គ្មាន​ទិដ្ឋាការ ​ កុំថា​ឡើយ​ដល់​ទៅ​និយាយ​រឿង​ឲ្យ​តួកគី ​ ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប។ វា​ជា​ការ​ដែល​គួរ​ឲ្យ​យល់​ដែរ​​  ព្រោះ​ការពិត ​តួកគី ​នៅ​ដាច់​ឆ្ងាយ​ពី​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ខ្លាំង​ណាស់  ​ជា​ពិសេស​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ គោលការ​ប្រជាធិតេយ្យ ​និង​នីតិរដ្ឋ។ ប្រឈមមុខ​នឹង​ការ​គំរាម​របស់​តួកគី​នេះ  ​តើ​អឺរ៉ុប​ត្រូវ​ដោះស្រាយ​យ៉ាងណា?

នៅ​ក្នុង​បទ​សម្ភាសន៍​ក្នុង​កាសែត ​Bild​ កាលពី​ថ្ងៃ​ចន្ទ ​ទី​១៥​សីហា ​លោក ​រដ្ឋមន្រ្តី​ការបរទេស​តួកគី ​ ដែល​ហាក់ដូច​ជា​មិន​សូវ​តមមាត់ ​ បាន​ទាំង​និយាយ​ចំៗ​ថា ​សហភាព​អឺរ៉ុប​បាន​ម៉ាក់ងាយ​មក​លើ​ប្រជាជាតិ​តួកគី ​ ក្នុង​ពេល​ដែល​តួកគី​បាន​ឆ្លងកាត់​កាលៈទេសៈ​ដ៏​លំបាក ​ ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ដ៏​កំសាក​របស់​ពួក​ប្រឆាំង។ លោក​បន្ថែម​ថា  ​សហភាព​អឺរ៉ុប​ បាន​ទុក​តួកគី​ចោល​តែ​ម្នាក់ឯង​ មិន​ត្រឹម​តែ​មិន​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ដល់​រដ្ឋាភិបាល​តួកគី ​ បែរ​ជា​ចាំតែ​ស្តី​បន្ទោស​ទៅវិញ។

កោះហៅ​អគ្គរដ្ឋទូត​ស៊ុយអ៊ែដ​ និង​អូទ្រីស ​មក​ព្រមាន៖
ក្រៅតែ​បាន​គំរាម​សហភាព​អឺរ៉ុប ​ ស្តីពី​បញ្ហា​ជនភៀសខ្លួន  ​នៅ​ថ្ងៃ​ចន្ទ​ទី​ ១៥​ សីហា ​លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី ​បាន​ថែម​ទាំង​កោះហៅ​អគ្គរដ្ឋទូត​ប្រទេស​ស៊ុយអ៊ែដ ​ និង​ប្រទេស​អូទ្រីស​ទៅ​ព្រមាន​ទៀតផង។ ការ​កោះហៅ​នេះ​ បាន​ធ្វើឡើង ​ ក្រោយ​ពេល​ដែល​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអ៊ែដ  ​បាន​សរសេរ​លើ​ទំព័រ​Tweeters​ រិះគន់​តួកគី ​ស្តីពី​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​តួកគី ​ដែល​បាន​លប់​ចោល​បទ​បៀតបៀន​ផ្លូវភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ​ថា​ជា​បទ​ល្មើស។ ដូចគ្នា​ដែរ ​នៅ​ព្រលាន​យន្តហោះ ​ទីក្រុង​វីយែន  ​ប្រទេសអូទ្រីស​តាម​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​មួយ​ បាន​សរសេរ​ផ្សាយ​ថា ​នៅ​តួកគី​គឺ​គេ​អនុញ្ញាតិ​​ឲ្យ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ។ ព័ត៌មាន​នេះ​​ បាន​ធ្វើ​ឲ្យរដ្ឋមន្ត្រី​ការបរទេស​តួកគី​ឆេះដុំ  ​ហើយ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ប្រទេស​ទាំងពីរ ​ មក​សាកសួរ។

តែ​ការពិត ​តុលាការ​ធម្មនុញ្ញ​តួកគី ​ពិត​ជា​បាន​លប់​ចោល​មាត្រា​ច្បាប់​ក្នុង​ក្រម​ព្រហ្មទណ្ឌ ​ស្តីពី​បទ​ល្មើស​បៀតបៀន​ផ្លូវភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​មែន ​ កាល​ពី​ខែ​កក្កដា។ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស  ​បាន​ថ្លែង​ថ្កោល​ទោស​តួកគី​យ៉ាង​ខ្លាំង ​ជុំវិញ​បញ្ហា​នេះ។ តែ​អ្វី​ដែល​ក្រសួង​ការបរទេស​តួកគី​បកស្រាយ​ ហាក់​ដូច​ជា​មិន​ច្បាស់​លាល់ ​ ហើយ​អះអាង​ថា ​ក្រុម​អ្នក​ច្បាប់​តួកគី ​កំពុង​សើររើ​បទ​បញ្ញាតិ​នេះ ​ មិន​មែន​មាន​ន័យ​ថា​លប់ចោល​ទាំង​ស្រុង​ទេ។

រុស្ស៊ី​ ជា​មិត្តថ្មី​របស់​តួកគី ?

ប្រធានាធិបតី​រុស្ស៊ី និង​តួកគី នៅក្រុង​សាំងប៉េតេសបួរ ថ្ងៃទី​​៩​សីហា ២០១៦
ប្រធានាធិបតី​រុស្ស៊ី និង​តួកគី នៅក្រុង​សាំងប៉េតេសបួរ ថ្ងៃទី​​៩​សីហា ២០១៦ Sputnik/Kremlin/Alexei Nikolsky/Reuters

ដំណើរ​ឃ្លាតឆ្ងាយ​របស់​តួកគី ​ចេញ​ពី​សហភាព​អឺរ៉ុប​ មួយ​ផ្នែក​ទៀត​នោះ ​គឺ​ស្តែងឡើង​តាម​រយៈ​ការ​ខិត​ទៅ​ជិត​គ្នា​ រវាង​តួកគី ​និង​រុស្ស៊ី។ ថ្ងៃទី​៩​សីហា ​ថ្មីៗ​នេះ ​ លោក​ប្រធានាធិបតី​តួកគី ​ បាន​​ទៅជួប​លោក​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី​ដល់​ក្រុង​សាំងប៉េតេសបួរ។ តួកគី​ដែល​ជា​សមាជិក​មួយ​រូប​នៃ​អង្គការ​អូតង់ ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ​ ហាក់​កំពុង​ធ្វើខ្លួន ​ដូចជា​មិនមែន​សមាជិក​អង្គការ​នេះ។

អ្នក​កាសែត​បាន​ជជីក​សួរ​ លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី ​ ពី​បញ្ហា​ដែល​ថា​តើ​តួកគី​ អាច​នឹង​ដើរ​ចេញ​ពី​អង្គការ​អូតង់​ដែរ​រឺទេ? លោក​រដ្ឋមន្ត្រី​បាន​ឆ្លើយតប​ថា ​តួកគី​នៅ​តែ​ជា​សមាជិក​អូតង់ ​តែ​តួកគី​ ក៏​មាន​សិទ្ធិ​រក​ច្រកចេញ​ផ្សេង​ដែរ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ដោយ​រិះគន់​ថា​ តួកគី​ទៅរក​ជំនួយ​ពី​រុស្ស៊ី  ​ក៏​ដោយសារ​តែ​សមាជិក​អូតង់​មិន​ព្រម​ជួយ​តួកគី  ​ទាក់ទិន​ទៅ​នឹង​ការ​បំពាក់​ប្រព័ន្ធ​ការពារ​អាវុធ​ផ្លូវ​អាកាស ​ ដែល​តួកគី​ចង់​បាន។ ដូច្នេះ ​វា​ជា​សិទ្ធិ​របស់​តួកគី ​ដែល​ត្រូវ​រក​វិធី​ការពារ​ខ្លួន​ផ្សេងទៀត ​ ដោយងៀក​ទៅ​ខាងរុស្ស៊ី។

បន្ថែម​ពីភាព​រកាំរកូស​នៅ​ក្នុង​អង្គការ​អូតង់ ​ តួកគី​ បាន​តំឡើង​សរសៃ​ក​ដាក់​សហរដ្ឋ​អាមេរិក​ផងដែរ​ ទាក់ទិន​ទៅនឹង​រឿង​បញ្ជូន​លោក ​Fathullah Gülen ​ពី​សហរដ្ឋ​អាមេរិក។ ដូច្នេះ  ​មិនមែន​មានតែ​សហភាព​អឺរ៉ុប​ទេ ​ ដែល​តួកគី​ សង្រ្កឺត​ធ្មេញ​ដាក់ ​ សូម្បី​តែ​អាមេរិក ​ ដែល​ជា​សម្ព័ន្ធមិត្ត​រាប់ឆ្នាំ​របស់​ខ្លួន​ ក៏​តួកគី​លែង​ខ្លាច​ដែរ។ ទាំង​អស់នេះ ​គឺ​ជា​ឆន្ទៈ​របស់​មនុស្ស​តែ​ម្នាក់​គត់ ​ គឺ​លោក​ អ៊ែដូហ្កាន់ ​ប្រធានាធិបតី​តួកគី ​ ដែល​ហាក់​តែ​ក្លាយ​ខ្លួន​ទៅ​ជា​បិតា​អមតៈ ​ ដ៏​មាន​អំណាច​របស់​តួកគី។ តែ​យ៉ាង​ណា​ក៏ដោយ ​ គេ​មិន​ជឿថា​ រុស្ស៊ី ​ដែល​ជា​បង្អែក​ថ្មី​របស់​លោក​អ៊ែរដូហ្កាន់​នា​ពេល​នេះ  ​​គឺ​ជា​មិត្ត​ពិតប្រាកដ​របស់​តួកគី​នោះ​ទេ។ ប្រទេស​ទាំងពីរ​នេះ ​មាន​ទំនាស់​នឹង​គ្នា​ច្រើន​ណាស់ ​ជា​ពិសេស​ក្នុង​សំណុំរឿង​សង្រ្គាម​ស៊ីរី។ ប្រទេស​ទាំងពីរ​ ចាប់ដៃ​គ្នា​នៅ​ពេល​នេះ ​គឺ​មិនខុស​ពី​ពាក្យ​ចាស់​ពោល​ថា ​“ហុត​ទឹក​សម្លឹង​កាក” ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត