អានតួអត្ថបទ

ទឹកសមុទ្រ​​ឡើង​កំពស់ ជិត​២ម៉ែត្រ មួយ​ប៉ព្រិច​ភ្នែក ពន្លិច​ទីក្រុង​វ៉េនីស

ទីលានព្រះវិហារ San Marco ត្រូវលិចដោយទឹកសមុទ្រ កំពស់ខ្ពស់មិន​ធ្លាប់មាន។ ថ្ងៃទី​១៣ វិច្ឆិកា ២០១៩​
ទីលានព្រះវិហារ San Marco ត្រូវលិចដោយទឹកសមុទ្រ កំពស់ខ្ពស់មិន​ធ្លាប់មាន។ ថ្ងៃទី​១៣ វិច្ឆិកា ២០១៩​ REUTERS/Manuel Silvestri
ដោយ៖ ម៉ម ពិសី
1 នាទី

កាលពីព្រឹកថ្ងៃទី​១៣វិច្ឆិកា អ្នកទេសចរ​ ក៏ដូចជា​ប្រជាជន​ទីក្រុង​វ៉េនីស ប្រទេសអ៊ីតាលី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទឹកសមុទ្រ បានឡើងកំពស់​ប្រមាណ​ជិត២ម៉ែត្រ ធ្វើឲ្យលិចទីក្រុង​កណ្តាលសមុទ្រនេះ សឹងតែទាំងស្រុង។ យោងតាមអាជ្ញាធរអ៊ីតាលី នេះគឺជាការឡើងកំពស់ទឹកសមុទ្រ ខ្ពស់បំផុត លើកទី២ បើគិតចាប់ពីឆ្នាំ​១៩២៣មក។ ទឹកសមុទ្រជោរខ្លាំង យ៉ាងទាន់ហន់បែបនេះ ត្រូវបានមតិមួយចំនួន​ គិតថាគឺជាផលវិបាក បណ្តាលមក​​ពី​​ការ​​កើនឡើងនូវ​កំដៅ​ផែនដី។

ផ្សាយពាណិជ្ជកម្ម

ទឹកសមុទ្រឡើងជោរ កំពស់ប្រម៉ាណ ១ម៉ែត្រ៨៧ បានធ្វើឲ្យលិចទីក្រុងវ៉េនីស នៅថ្ងៃពុធ​ទី​១៣វិច្ឆិកា។ វាគឺជាការឡើងជោរខ្លាំង ដោយគ្មាននរណានឹងស្មានដល់ និងបានប្រុងប្រៀបទុកជាមុន។ តាមផ្លូវ ក៏ដូចជាទីលានសំខាន់ៗ នៅក្នុងទីក្រុង ត្រូវលិចប្រៀបដោយទឹកសមុទ្រ។ បុរសចំនាស់៧៨ឆ្នាំម្នាក់ បានស្លាប់ដោយឆក់ខ្សែភ្លើង នៅពេលព្យាយាមបញ្ឆេះម៉ាស៊ីនបូបទឹក​។

លោក អភិបាលក្រុងវ៉េនីស បានបញ្ជាក់ថា លោកនឹងស្នើទៅកាន់អាជ្ញាធរមានសមត្ថិកិច្ច ឲ្យទទួលស្គាល់ករណីនេះ ជាករណី​គ្រោះធម្មជាតិ​ ដើម្បីអនុញ្ញាត ឲ្យប្រជាជនរងគ្រោះ អាចទទួលសំណងខូចខាត ពីក្រុងហ៊ុន​ធានារ៉ាប់រង។ បើតាមការបញ្ជាក់ពីអាជ្ញាធរអ៊ីតាលី គិតចាប់ពីឆ្នាំ​១៩២៣មក នេះគឺជាលើកទី២ហើយ ដែលទឹកសមុទ្របានឡើងជោរខ្លាំងបំផុត ដោយលើកទីមួយគឺនៅថ្ងៃទី​៤ វិច្ឆិកា ១៩៦៦ ដែលទឹកបានឡើងកំពស់ចំនួន​១ម៉ែត្រ៩៤។

សូមបញ្ជាក់ថា ទីក្រុងវ៉េនីស គឺជាទីក្រុងនៅភាគខាងជើងអ៊ីតាលី ដែល​កកើតឡើងដោយដីដុះបន្តិចម្តងៗ ក្លាយជាកោះកណ្តាលឆកសមុទ្រ។ ពីមួយជំនាន់ទៅមួយជំនាន់ ចាប់តាំងសម័យយុគកណ្តាល ប្រជាជនបានរួមគ្នារៀបចំ កសាង​ជាទីក្រុងដ៏ល្អប្រណិត អណ្តែតលើទឹកសមុទ្រ ពោរពេញដោយព្រែក ប្រឡាយ​ខ្វែងខ្វាត់។ តែជានិច្ចជាកាល ទីក្រុងនេះ ត្រូវស្ថិតនៅក្រោមការគំរាមកំហែង ដោយការឡើងកំពស់ទឹកសមុទ្រ។

គួរកត់សំគាល់ថា ជារឿយៗ ពេលរដូវទឹកសមុទ្រជោរខ្លាំង ទីក្រុងវ៉េនីស តែងលេចនៅតំបន់ខ្លះដែលមានកំពស់ទាប ជាក់ស្តែង គឺនៅម្តុំព្រះវិហារ Basilique San Marco ដែលជាទីបណ្តុំទេសចរ​រាប់ពាន់​នាក់រៀងរាល់ថ្ងៃ។ តែជាញឹកញាប់ គឺគ្រាន់តែលិចបន្តិចបន្តួច តែប៉ុណ្ណោះ។ ដោយឡែក កាលពីយប់ថ្ងៃទី​១២ ឈានចូលថ្ងៃ១៣វិច្ឆិកា ទឹកសមុទ្រ​ បានលិចចូលដល់ក្នុងព្រះវិហារ Basilique San Marco កំពស់រហូតដល់មួយម៉ែត្រ ដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំង​ ចំពោះអាគារព្រះវិហារ ដែលមានចំណាស់ ​ជិត១២​សតវត្សនេះ។ អ្នកជំនាញ​បាន​អះអាងថា ជាមួយ​ការកើនឡើងកំដៅផែនដី ដែលធ្វើឲ្យទឹកសមុទ្រឡើងកំពស់ខ្លាំង ព្រឹត្តិការណ៍ទឹកសមុទ្រ​​ជោរនៅតំបន់វ៉េនីស អាចនឹងមានកំពស់កាន់តែខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ។

ដើម្បីដោះស្រាយបញ្ហានេះ កាលពីឆ្នាំ​២០០៣ រដ្ឋាភិបាលអ៊ីតាលី បានសម្រេចកសាងប្រព័ន្ធទំនប់នៅក្នុងសមុទ្រ (MOSE) ដែលប្រព័ន្ធមានតួនាទី​លើកកំពស់ទំនប់ ទប់ទឹកសមុទ្រ កុំឲ្យហូរចូល​ឆកសមុទ្រទីក្រុងវ៉េនីស ក្នុងករណីដែលទឹកជោរខ្លាំង។ ក៏ប៉ុន្តែ​រហូតមកដល់ពេលនេះ ដោយឆ្លងកាត់រឿងរ៉ាវជាច្រើន ប្រព័ន្ធទំនប់​នេះ​ នៅមិនទាន់សាងសង់រួចរាល់ អាចដំណើរការបានទេ។ លោក អភិបាលក្រុងវ៉េនីស បានរន្ធាន់ឲ្យរដ្ឋាភិបាលអ៊ីតាលី សម្រេចការសាងសង់ប្រព័ន្ធទំនប់នេះឲ្យបានឆាប់ ពុំនោះទេទីក្រុង​វ៉េនីស​ដ៏ល្អវិចិត្រនេះ នឹងត្រូវលិចលង់ក្នុងទឹក​សមុទ្រជារៀងដរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ