បារាំង-ព័ត៌មានវិទ្យា

បារាំង៖ចោរ​ព័ត៌មានវិទ្យា​រុស្ស៊ី ត្រូវ​គេ​សង្ស័យ​ថា​ប៉ុនប៉ង លួច​ទិន្ន័យ​គណបក្ស​លោក​ ម៉ាក្រុង

លោក Emmanuel Macron ថ្ងៃទី២៣ មេសា ក្រោយ​បានទទួល​ជ័យជំនះ​ជុំទី​មួយ
លោក Emmanuel Macron ថ្ងៃទី២៣ មេសា ក្រោយ​បានទទួល​ជ័យជំនះ​ជុំទី​មួយ AFP/Eric Fefeerberg

ទិន្ន័យ​ព័ត៌មាន​វិទ្យា​របស់​គេហទំព័រ​អ៊ីនធឺនែត ​របស់​គណបក្ស​លោក​ អេម៉ានុយអ៊ែល ម៉ាក្រុង ​បេក្ខជន​ប្រធានាធិបតី​បារាំង ​ អាច​ត្រូវ​បាន​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ស៊ីឈ្នួល​របស់​រុស្ស៊ី ​ប៉ុនប៉ង​ចូល​ទៅ​លុកលុយ​បំផ្លាញ​ជា​ច្រើន​ដង។ នេះ​បើ​តាម​ការ​ប្រកាស ​របស់​អ្នក​ជំនាញ​ព័ត៌មានវិទ្យា ​របស់​ក្រុមហ៊ុន​ជប៉ុន ​ ដែល​ជា​អ្នក​ត្រូត​ពិនិត្យ​តាមដាន។ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ ព្រោះ​ទិន្ន័យ​ប្រភព​របស់​ក្រុម​ជនទុច្ចរិត​មាន​ច្រើន ​ មិន​អាច​ឲ្យ​សន្និដ្ឋាន​ច្បាស់​ការ ​ទាំង​ស្រុង​ទេ។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ ដែល​ក្រុម​ចោរ​ព័ត៌មានវិទ្យា​មួយ​ក្រុម ​ បាន​ព្យាយាម​ចូល​មក​លុកលុយ ​លួច​យក​ទិន្ន័យ​ព័ត៌មានវិទ្យា ​របស់​គេហទំព័រ​អ៊ីនធើនែត ​ នៃ​គណបក្ស ​En Marche! ​របស់​លោក ​Emmanuel Macron។ បើ​យោង​តាម​របាយការណ៍ ​ចេញ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ Trend Micro ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​សន្តិសុខ​អ៊ីនធើនែត ​ របស់​គេ​ហទំព័រ ​En Marche! ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ចោរ​ព័ត៌មានវិទ្យា ​អាច​ជាក្រុម ​ឈ្មោះ ​Pawn Storm

 
ក្រុម​ Pawn Storm​ ឬ​  Fancy Bears ​ ឬ​ Tsa Team ​ គឺ​ជា​ក្រុម​តែ​មួយ ​ដែល​តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ គឺ​ក្រុម​នេះ ​​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​ ជាមួយ​នឹង​ក្រុម​ជំនាញ​ស៊ើបការ​សំងាត់​របស់​រុស្ស៊ី។ គឺក្រុម​នេះ​ហើយ ​ ដែល​គេ​សង្ស័យ​ថា ​បាន​ចូល​ទៅ​លួច​យក​ទិន្ន័យ ​របស់​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក ​កាលពី​ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ។ ក្រុមចោរ​នេះ​ ក៏​ធ្លាប់​បាន​ចូល​ទៅ​បំផ្លាញ​ទិន្ន័យ​របស់​ទូរទស្សន៍ ​Al Jazeera ​កាសែត ​NewYork Times ​ហើយ​ធ្លាប់​ទាំង​បាន​ប៉ុនប៉ង​ ចូល​ទៅ​លួច​ទិន្ន័យ ​គេហទំព័រ​គណបក្ស​លោកស្រី ​អង់ហ្គេឡា មែរគែល ​និង​គណបក្ស​លោក​ប្រធានាធិបតី​តួកគី​ទៀត​ផង។

លោក​ Loïc Guézo ​អ្នក​ជំនាញ​យុទ្ធសាស្ត្រ​ព័ត៌មានវិទ្យា​ ប្រចាំ​តំបន់​អឺរ៉ុប​ខាង​ត្បូង​ របស់​ក្រុមហ៊ុន​ Trend Micro​ បាន​និយាយ​ថា ​ក្រុម​ការងារ​លោក​ បាន​ធ្វើការ​វិភាគ​ទិន្ន័យដ៏​សន្ធឹកសន្ធាប់ ​ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​មក​ ដែល​ក្រុម​ទុច្ចរិត​នេះ​ធ្វើ​សកម្មភាព។ លោក​ពន្យល់​ថា ​ប្រតិបត្តិការ​តាម​របៀប ​Phishing ​ដែល​ក្រុម​ទុច្ចរិត​នេះ​ប្រើ ​គឺ​វា​ដូចគ្នា​ស្ទើតែ​ទាំង​ស្រុង ​ដែល​ធ្វើ​ឲ្យ​អាច​សន្និដ្ឋាន​បាន ​ថា​វា​ជា​ស្នាដៃ​របស់​ក្រុម​តែ​មួយ។

កាលពី​​ថ្ងៃ​ចន្ទ ​ទី ​២៤​មេសា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី ​បាន​ឆ្លើយ​បដិសេធ​ទៅ​កាន់​អ្នក​កាសែត​ថា​ រុស្ស៊ី ​មិន​ស្គាល់ ​ហើយក៏​មិន​បាន​បញ្ជារ​ទៅ​ក្រុម​ចោរព័ត៌មាន​វិទ្យា​ណា​ទាំងអស់។

សូមបញ្ជាក់​ថា ​លោក​Emmanuel Macron ​ទើបតែ​ទទួល​បាន​ជោគជ័យ​នាំមុខ​គេ​ ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ។  ការ​បោះឆ្នោត​ជុំ​ទីពីរ​ លោក​ នឹង​ត្រូវ​ប្រកួត​ប្រជែង ​ជាមួយ​លោកស្រី ​ម៉ារីន ឡឺប៉ែន ​មក​ពី​បក្ស​ស្តាំ​និយម​ជ្រុល។ ផ្ទុយ​ពី​លោក​ ម៉ាក្រុង ​លោក​ស្រី ​ម៉ារីន​ ឡឺប៉ែន ​ត្រូវ​បាន​គេ​ស្គាល់​ថា​ មាន​ទំនោរ​ស្អប់​សហភាព​អឺរ៉ុប ​ ហើយ​ស្និទ​នឹង​រុស្ស៊ី។ យ៉ាងណាមិញ ​លោកស្រី​ គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​ ដែល​លោក ​ពូទីន​​ បាន​ទទួល​ឲ្យ​ជួប​ នៅក្រុងម៉ូស្គូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI