បារាំង៖ជម្រើសប្រើមាត្រា៤៩-៣ ធ្វើឲ្យរដ្ឋាភិបាលបារាំងកំពុងស្ថិតនៅមាត់ជ្រោះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វិបត្តិនយោបាយបារាំង កំពុងដើរមកដល់កាលៈទេសៈមួយថ្មីទៀត ដែលតំណាងរាស្ត្រក្នុងសភា មានភាពមិនចុះសម្រុងនឹងរដ្ឋាភិបាល កាន់តែខ្លាំង។ ដើម្បីជំនះអនុម័តគម្រោងច្បាប់ការងារថ្មី ឲ្យខាងតែបាន រដ្ឋាភិបាលលោកម៉ានុយអ៊ែល វ៉ាល្ស បានសុខចិត្តប្រើមាត្រា៤៩ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញបារាំង។ ប៉ុន្តែតសម្រាប់តំណាងរាស្ត្រ ដែលប្រឆាំងនឹងគម្រោងច្បាប់នេះ ពួកគេកំពុងតែរិះរកវិធី ដើម្បីបោះឆ្នោតដាក់ពិន័យ ហើយរំលាយរដ្ឋាភិបាលចោល ដើម្បីទប់កុំឲ្យគម្រោងច្បាប់ដ៏ចំរូងចំរាសនេះចេញបាន។គ្រោះថ្នាក់កំពុងរងចាំរដ្ឋាភិបាលបារាំង។ រដ្ឋាភិបាលដែលប្រជាជនបារាំង មិនពេញចិត្តកាន់តែខ្លាំង។
នេះជាលើកទីពីរហើយដែលរដ្ឋាភិបាលបារាំងដឹកនាំដោយលោកប្រធានាធិបតីហ្វ្រង់ស័រ ហូឡង់ បានប្រើមធ្យោបាយរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៤៩ កថាខណ្ឌទី៣ ដើម្បីធ្វើការអនុម័តច្បាប់ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតរបស់តំណាងរាស្ត្រ។ យោងតាមមាត្រានេះ សេចក្តីព្រាងច្បាប់មួយអាចត្រូវអនុម័តបានជាស្ថាពរ ដោយមិនចាំបាច់មានការបោះឆ្នោតពីសភា ក្នុងករណីដែលរដ្ឋាភិបាលគ្មានសម្លេងភាគច្រើនក្នុងសភាដើម្បីអនុម័តវា។
ក៏ប៉ុន្តែគ្រោះថ្នាក់មួយរបស់រដ្ឋាភិបាល គឺបើក្នុងករណីសមាជិកសភាជំទាស់ ហើយប្រមូលគ្នាគ្រប់៥៨នាក់ ដើម្បីស្នើឲ្យសភា ធ្វើការបោះឆ្នោតដាក់ពិន័យ នោះរដ្ឋាភិបាលអាចនឹងត្រូវសភារំលាយចោលមួយរំពេច។ ក្នុងករណីនេះ សភាត្រូវការសម្លេង២៨៩សម្លេង ដើម្បីបោះឆ្នោតរំលាយរដ្ឋាភិបាលចោល។
ត្រលប់មកនិយាយពីគម្រោងច្បាប់ការងារថ្មី នេះ សួរថាហេតុអ្វីបានជាច្បាប់នេះបង្ករបញ្ហា បង្ករការតវ៉ាខ្លាំងសម្បើមយ៉ាងដូច្នេះ? ហើយហេតុអ្វីបានជារដ្ឋាភិបាលបារាំង ដឹកនាំដោយលោកប្រធានាធិបតីហូឡង់ និងលោកនាយករដ្ឋមន្ត្រីម៉ានុយអ៊ែល វ៉ាល្ស ចចេសចង់ធ្វើច្បាប់នេះយ៉ាងដូច្នេះ?
សម្រាប់ប្រជាជន សហជីពកម្មករ នយោជិតរាប់ម៉ឺននាក់ ដែលចុះតវ៉ាតាមផ្លូវ ជិត២ខែមកនេះ គម្រោងច្បាប់ការងារថ្មីនេះ គឺជាច្បាប់ដែលតាក់តែងឡើង ដើម្បីតែសម្រាលបន្ទុករបស់ថៅកែ របស់ម្ចាស់សហគ្រាសតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សិទ្ធិ និងផលប្រយោជន៍របស់កម្មករបុគ្គលិក គឺនឹងបាត់បង់មួយផ្នែកធំ។ នេះជាចំណុចស្នូល ដែលបង្ហាញពីទង្វើរបស់រដ្ឋាភិបាលបារាំង ដែលជារដ្ឋាភិបាលនៃគណបក្សសង្គមនិយម តែបែរជាធ្វើរឿងដែលផ្ទុយពីទ្រឹស្តីសង្គមនិយមទៅវិញ។
ប៉ុន្តែសម្រាប់រដ្ឋាភិបាល ច្បាប់នេះគឺជាវិធានការចុងក្រោយរបស់ខ្លួន ក្នុងការធ្វើកំណែទម្រង់ប្រទេស ដើម្បីឲ្យសេដ្ឋកិច្ច និងទីផ្សារការងារនៅបារាំង ចាប់ផ្តើមមានដង្ហើមដកឡើងវិញ។ នៅសល់តែមិនដល់មួយឆ្នាំទៀតផងទេ រដ្ឋាភិបាលលោកហូឡង់ នឹងត្រូវចប់អាណត្តិហើយ។ ដូច្នេះគ្មានរឿងអ្វីចំលែកទេ ដែលរដ្ឋាភិបាលនេះ ចចេសមានៈ ចង់អនុម័តច្បាប់នេះឲ្យខាងតែបាន។
ទាំងលោកហូឡង់ ទាំងលោក ម៉ានុយអ៊ែល វ៉ាល្ស ធ្លាប់បានបញ្ជាក់ថា ជម្រើសប្រើមាត្រា៤៩ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញគឺជាជម្រើសចុងក្រោយ តែមិនមែនជាជម្រើសដែលគេចង់បានទេ។ ឆ្លងកាត់ប៉ុន្មានម៉ោងចុងក្រោយ នៃការប្រជុំគណរដ្ឋមន្ត្រីបន្ទាន់ កាលពីរសៀលថ្ងៃ១១ ឧសភា រដ្ឋាភិបាលបារាំង ដឹងខ្លួនច្បាស់ថា ខ្លួនគ្មានជំរើសអ្វីផ្សេងទេ ក្រៅពីប្រើមាត្រាពិសេសនេះ ព្រោះសម្លេងភាគច្រើនក្នុងសភា ដែលមកពីគណបក្សឆ្វេងនិយម មិនមានអ្នកគាំទ្រច្បាប់នេះទាំងអស់ទេ។ គ្រាន់តែបានបញ្ជូនទៅដល់សភាទើបតែមួយសប្តាហ៍ប៉ុណ្ណោះ ច្បាប់នេះត្រូវបានសមាជិកសភាទាមទារឲ្យកែប្រែ រហូតដល់ទៅ៥០០០ចំណុចទៅហើយ។ ដូច្នេះវាពិតណាស់ ថាច្បាប់នេះ គ្មានថ្ងៃចេញទៅរួច មុនរដ្ឋាភិបាលចប់អាណត្តិទេ។
ការបែកបាក់គ្នា គ្មានសម្លេងភាគច្រើនក្នុងសភា ទើបជំរុញឲ្យរដ្ឋាភិបាលជ្រើសរើសយកមធ្យោបាយផ្លូវកាត់នេះ។ ក៏ប៉ុន្តែជាមួយគ្នានេះ រដ្ឋាភិបាលបារាំង ប្រហែលជាមានយុទ្ធសាស្រ្ត ដោយចង់ឆក់យកភាពបែកបាក់គ្នាក្នុងសភានេះ ដើម្បីរកផ្លូវចេញដែរ ព្រោះបើតាមការសង្ឃឹម ក្រុមតំណាងរាស្ត្របារាំង ប្រហែលមិនអាចប្រមូលគ្នាគ្រប់ចំនួន២៨៩សម្លេង ដើម្បីមកបោះឆ្នោតរំលាយរដ្ឋាភិបាលបានទេ។
សម្រាប់ក្រុមឆ្វេងនិយមដែលផ្តាច់ខ្លួនឈប់គាំទ្ររដ្ឋាភិបាល កុំថាឡើយដល់ទៅប្រមូលគ្នាមកបោះឆ្នោតដល់ទៅ២៨៩នាក់ សូម្បីតែហត្ថលេខា៥៨នាក់ដំបូងដើម្បីផ្តើមស្នើនីតិវិធី ក៏ប្រហែលជាមិនបានគ្រប់ផង។ ក្រុមឆ្វេងនិយមនេះ ប្រកែកជាដាច់ខាត មិនចូលរួមបោះឆ្នោតទៅតាមការស្នើរដាក់ពិន័យលើរដ្ឋាភិបាល ដែលខាងសមាជិកសភាពួកស្តាំនិយមបានស្នើឡើយ។ ឯពួកស្តាំ ក៏ត្រូវការតំណាងរាស្ត្រខាងឆ្វេងនិយមខ្លះដែរ ដើម្បីឲ្យបានគ្រប់២៨៩សម្លេង។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ១២នេះហើយ។
ប៉ុន្តែបើយើងសម្លឹងមើលឲ្យស៊ីជំរៅ ទោះគម្រោងច្បាប់ការងារថ្មីនេះ ត្រូវអនុម័តជាស្ថាពរ រឺក៏អត់ ទោះតំណាងរាស្ត្របានប្រមូលគ្នាគ្រប់ដើម្បីបោះឆ្នោតរំលាយរដ្ឋាភិបាលបានរឺក៏អត់ អ្វីដែលយើងប្រាកដគឺថាមានតែអ្នកចាញ់មួយគត់ ក្នុងការប្រកួតនេះ ទោះជាលទ្ធផលយ៉ាងណាក៏ដោយ។ អ្នកចាញ់នោះគឺ រដ្ឋាភិបបាលបារាំង គឺគណបក្សសង្គមនិយមទាំងមូលដែលចាញ់។ អ្នករិះគន់មិនខ្លាចនឹងនិយាយទេថា ការប្រើវិធីផ្លូវកាត់ដើម្បីអនុម័តច្បាប់មួយ ដោយមិនស្តាប់ការតវ៉ារបស់ប្រជាជន គឺជាភាពកំសាករបស់រដ្ឋាភិបាលសង្គមនិយម។
ប្រជាជនបារាំង មិនដែលមានអារម្មណ៍ស្អប់រដ្ឋាភិបាលខ្លួន ដូចពេលនេះទេ។ ឆ្នាំ២០១៧ ជាឆ្នាំបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ ដូច្នេះលទ្ធផលបោះឆ្នោត នឹងគឺកញ្ចក់ដែលបញ្ចាំងអំពីភាពបរាជ័យក្នុងពេលនេះ របស់រដ្ឋាភិបាលគណបក្សសង្គមនិយមដែលដឹកនាំដោយលោក ហូឡង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ