បារាំង

រដ្ឋ​អាជ្ញា​បារាំង​បើកការ​ស៊ើបអង្កេត​ថ្មី ករណី​បំពាន​ផ្លូវភេទ​ដោយ​ទាហាន​បារាំង នៅ​អាហ្វ្រិក​កណ្តាល

កងទាហាន​​បារាំង និង​ទាហាន​ប៊ុយរុនឌី ​នៅ​បន្ទាយ Roux  តំបន់ Bangui ប្រទេស​​អាហ្វ្រិក​កណ្តាល​
កងទាហាន​​បារាំង និង​ទាហាន​ប៊ុយរុនឌី ​នៅ​បន្ទាយ Roux តំបន់ Bangui ប្រទេស​​អាហ្វ្រិក​កណ្តាល​ AFP PHOTO / ISSOUF SANOGO

រដ្ឋអាជ្ញា​អម​តុលាការ​ក្រុង​ប៉ារីស ​បាន​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​ថ្មី​មួយ​ទៀត ​ ទៅ​លើ​ករណី​បំពារបំពាន​ផ្លូវភេទ ​ដែល​ប្រព្រឹត្តិ​ដោយ​កងទ័ព​បារាំង​ មាន​បេសកកម្ម​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល។ នេះ​ជា​ការ​ចាប់ផ្តើម​ស៊ើបអង្កេត ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ ​ បាន​ទំលាយ​ដំណឹង​ ដែល​គេ​សង្ស័យ​ពី​សកម្មភាព​រំលោភ​បំពាន​ របស់​នាយ​ទាហាន​បារាំង ​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ ចន្លោះ​ពី​ឆ្នាំ​២០១៣​ ដល់​២០១៥។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​សប្តាហ៍​មុន​នេះ ​ អង្គការ​សហប្រជាជាតិ ​បាន​ប្រកាស​ថា​គេ​បាន​ទទួល​ព័ត៌មាន​ជាច្រើន ​ ដែល​អះអាង​ថា ​កង​ទាហាន​បារាំង​ដែល​មាន​បេសកកម្ម ​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល ​បាន​ប្រព្រឹត្តិ​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​ទៅ​លើ​ស្រ្តី ​និង​កុមារ ​ជា​ថ្នូរ​នឹង​ប្រាក់​បន្តិច​បន្តួច។ ដំណឹង​នេះ​បាន​ជូន​ទៅ​ដល់​ក្រសួង​ការពារ​ជាតិ​បារាំង ​ ហើយ​ក្រសួង​បាន​បញ្ជូន​បន្ត​ ទៅកាន់​រដ្ឋអាជ្ញា​ប្រចាំ​ក្រុង​ប៉ារីស​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត។ ទោះបី​ជា​យ៉ាងណាក៏​ដោយ ​ សេចក្តី​ជូន​ដំណឹង​របស់​អង្គការ​សហ​ប្រជាជាតិ ​ មិន​បាន​បញ្ជាក់​លំអិត ​អំពី​ចំនួន​ជន​រងគ្រោះ ​អាយុ ​រឺ​ក៏​ចំនួន​នាយ​ទាហាន​បារាំង​ ដែល​ជាប់​ពាក់ព័ន្ធ ​ថា​មាន​ប៉ុន្មាន​នាក់​នោះ​ទេ។

 
លោក​ ស្តេហ្វាន ឌូចារីក​ អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ ​បាន​បញ្ជាក់​ផង​ដែរ​ថា ​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ ​បាន​ជួប​សាកសួរ​ជាមួយ​មនុស្ស​១០៨​នាក់ ​ដែល​សុទ្ធតែ​អះអាង​ខ្លួន​ថា​ជា​ជន​រងគ្រោះ​ដោយសារ​ការ​បំពាន​របស់​ទាហាន​បារាំង។ ក្នុង​ចំណោម​ក្មេងស្រី​ជន​ជាតិ​អាហ្វ្រិក​កណ្តាល​ ដែល​បាន​អះអាង​ថា​ជា​ជន​រងគ្រោះ ​ មាន​៣នាក់​បាន​និយាយ​ថា ​នៅ​រវាង​ឆ្នាំ​២០១៤ ​ពួកគេ​ត្រូវ​បាន​ទាហាន​បារាំង​ចាប់ចង​ សម្រាត​ខោអាវ ​ ហើយ​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​សត្វ​ឆ្កែ។ បន្ទាប់​មក​ទៀត​ទាហាន​បារាំង ​បាន​ឲ្យ​ប្រាក់​ទៅ​ពួក​គេ។ តែ​យ៉ាងណា​ក៏​ដោយ ​ អ្នក​នាំ​ពាក្យ​ខាង​លើ​ បាន​បញ្ជាក់​ថា​ ​គេនៅ​មិន​ទាន់​អាច​ច្បាស់​ប្រាដក​ថា ​ការ​អះអាង​របស់​ស្ត្រី​ទាំងនោះ​ គឺ​ជា​ការពិត​ទាំង​ស្រុង​ទេ។

សូម​បញ្ជាក់​ថា ​​នៅឆ្នាំ២០១៣ ​បារាំង​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា​ ប្រតិបត្តិការ​ Sangaris ​នៅ​តំបន់​ Dékoa​ ប្រទេស​អាហ្វ្រិក​កណ្តាល ​ដើម្បី​កសាង​សន្តិភាព​នៅ​តំបន់​នេះ។ នេះ​មិនមែន​ជា​ករណី​ទីមួយ​ទេ ​ដែល​កង​ទាហាន​បារាំង​ក្នុង​បេសកកម្ម​នេះ ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ ពី​បទ​បំពារ​បំពាន​ផ្លូវភេទ។ រដ្ឋអាជ្ញា​ក្រុង​ប៉ារីស ​ធ្លាប់​បាន​បើក​ការ​ស៊ើបអង្កេត​ម្តង​រួច​មក​ហើយ ​ដោយ​បាន​សួរ​ចម្លើយ​ទាហាន​បារាំង​ដែល​ជាប់​សង្ស័យ ​ចំនួន​៥នាក់ ​តែទី​បំផុត ​មិន​បាន​ធ្វើ​ការ​ដាក់​បន្ទុក​ទេ។ យ៉ាងណា​មិញ ​មិនមែន​មាន​តែ​ទាហាន​បារាំង​ទេ ​ដែល​ជាប់​ការ​សង្ស័យ​ នៅ​មាន​កង​កម្លាំង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ មក​ពី​ប្រទេស ​ប៊ុយរុនឌី​ និង​ប្រទេស​ហ្កាបុង ​ ក៏​រង​ការ​ចោទ​ប្រកាន់​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI