អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីបារាំង បើក​យុទ្ធនាការ​អូសទាញ​វិនិយោគ​ទុន ​ឲ្យមក​បារាំង

សំឡេង ០៧:១៧
លោក Emmanuel Macron នៅវាំង Versailles​ កាល​ពីខែ​​កក្កដា ​២០១៧
លោក Emmanuel Macron នៅវាំង Versailles​ កាល​ពីខែ​​កក្កដា ​២០១៧ REUTERS/Etienne Laurent
ដោយ៖ ម៉ម ពិសី
៣៧ នាទី

នៅថ្ងៃចន្ទទី ២២ មករានេះ លោកប្រធានាធិតបីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងបើកវេទិកា ទទួលជួបនាយក ​និងអ្នកតំណាងក្រុមហ៊ុនអន្តរជាតិធំៗ​ ប្រមាណជា១៤០នាក់ នៅឯព្រះបរមរាជវាំងវ័កសៃ។​ នេះគឺ យុទ្ធនាការ ដែលប្រធានាធិបតីបារាំង មានបំណង អូសទាញក្រុមហ៊ុនអន្តរជាតិធំៗ ឲ្យមកដាក់ទុនវិនិយោគ នៅប្រទេសបារាំង ដែលលោក​ អះអាងថា បារាំងពោរពេញទៅដោយសក្តានុពលភាព និងសមត្ថភាពក្នុងវិស័យបច្ចេកទេស ឧស្សាហកម្ម។ លោកប្រធានាធិបតីម៉ាក្រុង ចង់ឲ្យបារាំង វិលត្រលប់ មកកាន់តំណែង ជាមហាអំណាចសេដ្ឋកិច្ចវិញ និងជាកំលាំងចលករ សំរាប់វិស័យសេដ្ឋកិច្ច នៃសហភាពអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

« Choose France »

នេះគឺជាប្រតិបត្តិការផ្សាយពាណិជ្ជកម្ម ស្តីពីទីផ្សារ និងសក្តានុពលភាព របស់សេដ្ឋកិច្ចបារាំង ដែលក្រុមហ៊ុនអន្តរជាតិទាំងអស់ មិនអាចមើលរំលងបានទេ។ ធម្មតាទេ តែបារាំង បើកទ្វារព្រះបរមរាជវាំង វ័កសៃ​ ទទួលភ្ញៀវហើយ គឺមិនមែនជារឿងសាមញ្ញ ឬពិធីតូចតាចឡើយ។ លោកម៉ាក្រុង ចង់ផ្សារភ្ជាប់ សក្តានុពល​សេដ្ឋកិច្ច​របស់​បារាំង នាពេលបច្ចុប្បន្ននេះ ជាមួយនឹងនិ​ម្មិតរូប នៃអតីតកាលដ៏ខ្លាំងក្លារបស់បារាំង កាលពីទសវត្សមុនៗ ដែលមានព្រះបរមរាជវាំងវ័កសៃ ជាតំណាងស្រាប់។

តាមពិតរដ្ឋាភិបាលបារាំង បានឆក់ឱកាស ដែលតំណាងក្រុមហ៊ុនអន្តរជាតិទូទាំងពិភពលោក មកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងDavos ប្រទេសស្វីស ដែល​នឹង​ប្រព្រឹត្តិធ្វើទៅនៅថ្ងៃពុធ ទី២៤ មករាខាងមុខនេះ។ បារាំង បានអញ្ជើញ ឲ្យពួកគេ មកប៉ារីស មុន២ថ្ងៃ ដើម្បីជួបជាមួយប្រធានាធិបតីបារាំង។

ជំនួបនៅថ្ងៃនេះ ត្រូវបានលោកប្រធានាធិបតីបារាំង ដាក់ឈ្មោះថា « Choose France » ឬប្រែថា « ជ្រើសរើសបារាំង » ពោលគឺជ្រើសរើសបារាំង ដើម្បីបោះទុនវិនិយោគ។ អគ្គនាយក និងតំណាងក្រុមហ៊ុនដែលលោកម៉ាក្រុង អញ្ជើញមកជួបនៅថ្ងៃនេះ មានប្រមាណ​ជា​១៤០នាក់ ដែលសុទ្ធតែតំណាងឲ្យក្រុមហ៊ុនអន្តរជាតិ​ធំៗបំផុតលើលោក ក្នុងគ្រប់វិស័យទាំងអស់ មិនថាពាណិជ្ជកម្ម ឧស្សហកម្ម ធនាគារហិរញ្ញវត្ថុ ឬបច្ចេកវិទ្យាទំនើប ជាដើម។ ក្នុងចំណោមនោះមានដូចជា ក្រុមហ៊ុន Toyota Google Facebook Alibaba Siemens Coca-colas Golman Sachs និងRolls-Royce ជាដើម។

ដូចយើងដឹងហើយថា លោកអេម៉ានុយអ៊ែល ម៉ាក្រុង ធ្លាប់ធ្វើការ ជាអ្នកជំនាញហ៊ុនវិនិយោគ នៅធនាគារRothschild ដូច្នេះ គាត់មានជំនាញយ៉ាងស្ទាត់ និងដឹងយ៉ាងច្បាស់ ថាត្រូវនិយាយរបៀបណា ជាមួយនឹងក្រុមហ៊ុនធំៗ ដើម្បីអូសទាញក្រុមហ៊ុនទាំងនោះ ឲ្យព្រមបោះទុនវិនិយោគនៅបារាំង។

ក្រៅពីជួបជាមួយលោកម៉ាក្រុង រដ្ឋាភិបាលបារាំង ក៏បានរៀបចំ តំណាងក្រុមហ៊ុនទាំងអស់នេះ ឲ្យបាយថ្ងៃត្រង់ ជាមួយលោកនាយករដ្ឋមន្ត្រីបារាំង Edouard Philippe និងដោយមានវត្តមានរដ្ឋមន្ត្រីសំខាន់របស់បារាំង ជាច្រើននាក់ទៀត។ ដូច្នេះយើងឃើញថា ថ្ងៃចន្ទទី២២មករានេះ ទាំងប្រធានាធិបតី ទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបារាំង បាននាំគ្នាមូលដៃអាវ សស្រាក់សស្រាំ ដើម្បីបើកយុទ្ធនាការ​អូសទាញក្រុមហ៊ុនអន្តរជាតិធំៗទាំងអស់នេះ ឲ្យមករកស៊ីនៅបារាំង។

កែលំអរមុខមាត់បារាំង ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច សាជាថ្មី

អ្វីៗគឺវាអាស្រ័យលើគោលនយោបាយសេដ្ឋកិច្ច។ លោកម៉ាក្រុង មានគោលនយោបាយ បើកទ្វារចំហរ ស្វាគមក្រុមហ៊ុនអន្តរជាតិ ឲ្យមករកស៊ី បោះទុនវិនិយោគ។ អ្នកវិនិយោគគេដឹងថាបារាំងមានសក្តានុពលសេដ្ឋកិច្ចកំរិតណា ក៏ប៉ុន្តែគេត្រូវការការធានា ពីរដ្ឋាភិបាលបារាំង ថានឹងជួយជ្រោមជ្រែងគេកំរិតណា។ ត្រង់នេះហើយ បានជារដ្ឋាភិបាលថ្មី របស់លោកម៉ាក្រុង បានធ្វើកំណែទំរង់ជាច្រើន ដើម្បីផ្តល់សញ្ញាវិជ្ជមានឲ្យទៅអ្នកវិនិយោគ។ វិធានការថ្មីទាំងនោះ មានដូចជាការ កំណែទម្រង់ច្បាប់ការងារ ដើម្បីអនុញ្ញាតឲ្យនយោជគ អាចរើសបុគ្គលិកថ្មីបន្ថែមបានច្រើន ព្រមទាំងការកាត់បន្ថយពន្ធ លើក្រុមហ៊ុនជាដើម។ ធ្វើយ៉ាងណា គឺកុំឲ្យអ្នកវិនិយោគគេខ្លាច។

យ៉ាងណាមិញ បើយោងតាមសភាពាណិជ្ជកម្មអាមេរិក គេសង្កេតឃើញថា រូបភាពវិជ្ជមាន នៃសេដ្ឋកិច្ចរបស់បារាំង ក្នុងក្រសែភ្នែកអ្នកវិនិយោគអាមេរិក បានកើនឡើងល្អដល់ទៅ៧៥% ក្នុងឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៦ គឺមានតែ៣០%ប៉ុណ្ណោះ។ ដូចគ្នាដែរ យោងតាមស្ថិតិ កាលពីខែធ្នូកន្លងមកនេះ ប្រធានសាខាក្រុមហ៊ុនអន្តរជាតិធំៗ ប្រចាំនៅបារាំង ប្រមាណជា៧០ក្រុមហ៊ុន បានអបអរគោនយោបាយសេដ្ឋកិច្ចរបស់លោកម៉ាក្រុង។​ ក្នុងចំណោមនោះ គឺមាន៦០% ដែលគិតថាបារាំងកំពុងទាក់ទាញខ្លាំង ហើយបើប្រៀបធៀបទៅឆ្នាំ២០១៦ គឺមានតែ៤៦%ទេ។

បារាំងមានសក្តានុពលច្រើនវិស័យណាស់។ មួយវិញទៀត បារាំងសម្លឹងឃើញពីបរិបទបច្ចុប្បន្ន ជាមួយនឹងការចាកចេញរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប ក៏ដូចជាគោលនយោបាយមិនច្បាស់លាស់ របស់លោកដូណាល់ ត្រាំ។ ក្នុងបរិបទនេះ បារាំង កំពុងព្យាយាមអូសទាញ ធនាគារធំៗ ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ឲ្យមកបោះទីតាំងនៅបារីសវិញ ដើម្បីងាយស្រួលរកស៊ី ក្នុងសហភាពអឺរ៉ុប។ តាមការគ្រោងទុក អាជ្ញាធរធនាគាសហភាពអឺរ៉ុប ក៏នឹងមកតាំងទីនៅបារាំងដែរ។

លោកម៉ាក្រុង នឹងរឹតតែត្រូវគេរិះគន់ថាជា “ប្រធានាធិបតីបំរើតែពួកអ្នកមាន”

កន្លងមក លោកប្រធានាធិបតីម៉ាក្រុង ត្រូវបានបក្សនយោបាយផ្សេងទៀត ក៏ដូចជាប្រជាជនបារាំងមួយចំនួន ចោទថាជាប្រធានាធិបតីរបស់ពួកអ្នកមាន ការពារតែផលប្រយោជន៍ក្រុមហ៊ុន ការពារតែពួកអ្នកវិនិយោគ ដោយមិនខ្វល់ពីប្រជាជនក្រីក្រ កម្មករ ពលករអីជាដើម។ យុទ្ធនាការ អូសទាញអ្នកវិនិយោគនាពេលនេះ វារិតតែអាចធ្វើឲ្យលោកម៉ាក្រុង ត្រូវគេរិះគន់ក្នុងន័យនេះ បន្ថែមទៀត។

តែសួរទៅវិញថា បើគ្មានវិនិយោគ បើគ្មានក្រុមហ៊ុន តើមានបុគ្គលិក មានការងារឯណា។ តំណាងរាស្ត្រ របស់គណបក្សលោកម៉ាក្រុងម្នាក់បាននិយាយថា លោកម៉ាក្រុងធ្វើនេះ គឺដើម្បីជំរុញសេដ្ឋកិច្ចបារាំង ឲ្យមានដង្ហើម ឲ្យមានកម្លាំង។ កាលណាសេដ្ឋកិច្ចមានកម្លាំង ប្រជាជនមានការងារធ្វើ រដ្ឋមានចំណូលពន្ធ អាចកាត់បន្ថយបំណុលសាធារណៈ ហើយអាចបន្ថែមការចំណាយសាធារណៈ បានល្អ។

ហេតុតែចង់ជួយអ្នកក្រ លោកហ្វ្រង់ស័រ ហូឡង់ ធ្លាប់បានដាក់ចេញ ក្នុងអាណត្តិគាត់ ច្បាប់កាត់ពន្ធដល់ទៅ៧៥% ទៅលើអ្នកមាន ដែលមានចំណូលចាប់ពី១លានអឺរ៉ូឡើងទៅ។ គឺច្បាប់នោះហើយ ដែលបានធ្វើឲ្យក្រុមហ៊ុន និងអ្នកវិនិយោគរត់ចោលបារាំងអស់។

លោក ម៉ាក្រុង ពិតជាដឹងថាលោកមានអ្នករិះគន់កំរិតណា ទាក់ទិននឹងនយោបាយសេដ្ឋកិច្ចបើកទ្វារ ផ្តល់ប្រយោជន៍ច្រើនឲ្យក្រុមហ៊ុនទាំងនេះ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ បើរដ្ឋាភិបាលមិនបើកទ្វារអូសទាញទេ គឺគេមិនមកទេ។ ជាក់ស្តែង គ្រាន់តែស្របពេលជាមួយជំនួបនៅថ្ងៃនេះ មានគំរោងវិនិយោគ៥គំរោងធំៗ ដែលគេនឹងប្រកាស។ ក្នុងនោះមានដូចជាគំរោងរបស់ក្រុមហ៊ុនToyota ក្នុងទឹកប្រាក់ប្រមាណជា៤០០លានអឺរ៉ូ។ ក្រុមហ៊ុន Facebook ក៏ទើបតែបានប្រកាសនៅថ្ងៃនេះដែរ ថាគេនឹងអនុវត្តគំរោងបណ្តុះបណ្តាល អ្នកដែលកំពុងស្វែងរកការងារធ្វើ ប្រមាណជា៥ម៉ឺននាក់ ក្នុងវិស័យបច្ចេកវិទ្យា ដើម្បីឲ្យពួកគេ ស្វែងយល់និងរៀនដំឡើងមុខជំនួញថ្មី ជាមួយវិស័យនេះ។

កម្មវិធីជំនួបនៅថ្ងៃនេះ ជាជំនួបបិទទ្វារជិត រវាងលោកប្រធានធិបតី ជាមួយតំណាងក្រុមហ៊ុនទាំងនោះ ព្រោះគេមិនចង់ឲ្យមានអ្នកកាសែតសួរដេញដោលច្រើន។ ខាងវិមានប្រធានាធិបតីបារាំងបានអះអាងថា គេធ្វើបែបនេះ គឺដើម្បីបង្កើនភាពស្និទស្នាល និយាយត្រង់ទៅត្រង់មកដោយផ្ទាល់។

​អ្នកវិភាគខ្លះ បាននិយាយថា គេសង្ឃឹមថា លោកម៉ាក្រុង និងនិយាយពីបញ្ហាផ្សេងៗ ដូចជាបញ្ហាសង្គមកិច្ច ការទទួលខុសត្រូវរបស់វិស័យឯកជន មកលើលក្ខខណ្ឌការងាររបស់បុគ្គលិក និងទៅលើការការពារបរិស្ថានជាដើម ផងដែរ ព្រោះថាទាំងអស់នេះ គឺវាផ្សារភ្ជាប់ជាមួយនិងវិស័យសេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ