អនុប្រធានសភាបារាំង ចុះចេញពីតំណែងក្រោយបទចោទប្រកាន់ថាបំពានផ្លូវភេទលើស្ត្រី
ចុះផ្សាយនៅថ្ងៃ៖
លោក ដេនី បូប៉ាំង អនុប្រធានរដ្ឋសភាបារាំង ត្រូវបានស្ត្រីជាច្រើននាក់ ដែលក្នុងនោះ មានខ្លះជាតំណាងរាស្ត្រស្ត្រីផង នាំគ្នាចោទប្រកាន់ ពីបទបំពារបំពានផ្លូវភេទ។ រឿងអាស្រូវនេះ បានតំរូវឲ្យលោក អនុប្រធានសភារូបនេះ ចុះចេញពីតំណែង ដើម្បីត្រៀមការពារខ្លួននៅចំពោះមុខតុលាការ។ ពាក្យបណ្តឹងត្រូវបានដាក់ ហើយការស៊ើបអង្កេតក៏បានចាប់ផ្តើមផងដែរ នៅថ្ងៃអង្គារទី ១០ឧសភានេះ។ បញ្ហា ដែលកំរមាននរណាហ៊ានលើកមកនិយាយ ពេលនេះបានក្លាយជាចំណុចក្តៅ ដើម្បីរើកកាយអំពីអកប្បកិរិយាមិនគប្បី របស់អ្នកនយោបាយជាមនុស្សប្រុស ធ្វើទៅលើអ្នករួមការងារជាមនុស្សស្រី។
លោក Denis Baupin គឺជាអនុប្រធានរដ្ឋសភាបារាំង ហើយជាអតីតសមាជិកគណបក្ស Europe Ecologie le Vert តែបានចាកចេញពីគណបក្សនេះ កាលពីខែមេសាថ្មីៗនេះ បន្ទាប់ពីមានភាពមិនចុះសម្រុងនឹងគ្នា។ រឿងអាស្រូវបានផ្ទុះឡើង កាលពីល្ងាចថ្ងៃចន្ទទី៩ឧសភា ដោយមានមនុស្សស្រី៨នាក់ បានធ្វើការចោទប្រកាន់ទៅលើលោកអនុប្រធានសភារូបនេះ ពីបទគំរាមកំហែង និងបំពារបំពានផ្លូវភេទ។ ក្នុងចំណោមស្ត្រី ដែលអះអាងខ្លួនថាជាជនរងគ្រោះនោះ គឺមាន៤នាក់ ក៏ជាតំណាងរាស្ត្រ និងធ្លាប់ជាមិត្តរួមការងារនៅក្នុងគណបក្ស របស់លោកម្នាក់នេះផងដែរ។
លោកស្ត្រី Sandrine Rousseau តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស EELV បានចោទប្រកាន់ថា នៅរវាងខែតុលា ឆ្នាំ២០១១ លោកស្រីត្រូវបានលោក Denis Baupin ចាប់រុញផ្ទប់នឹងជញ្ជាំង រួចយកដៃមកស្ទាបដើមទ្រូង ហើយបំរុងនឹងចាប់ថើបលោកស្រី តែលោកស្រីបានរុញច្រានត្រលប់ទៅវិញ។ លោកស្រីបានបញ្ជាក់ថា ភ្លាមៗនោះ លោកស្រីមិនបានគិតទៅដល់ការប្តឹងប្តល់ ឲ្យកើតជាបញ្ហាក្នុងគណបក្សទេ ហើយលោកស្រីគិតថាវាអាចជារឿងសាមញ្ញដែលខ្លួនជាស្រី ត្រូវមនុស្សប្រុសមើលងាយបែបនេះ។
លោកស្រីអ្នកតំណាងរាស្ត្រ Isabelle Attard ដែលជាអតីសមាជិកគណបក្ស EELV ដែរ បានអះអាងថា នៅរវាងឆ្នាំ២០១២និង ២០១៣ លោកស្រីតែងតែទទួលបាននូវសារតាមទូរស័ព្ទ ដែលលោកDenis Baupin ផ្ញើរមកសឹងតែរៀងរាល់ថ្ងៃ ដែលសារទាំងនោះ មានខ្លឹមសារអាសអាភាស ស្រើបស្រាល និងថោកទាបជាទីបំផុត។ ដូចគ្នាដែរ លោកស្រី Elen Debost ជំនួយការចៅហ្វាយក្រុង Le Mans បានរាយការណ៍ថា នៅរវាងឆ្នាំ២០១១ លោកស្រី បានទទួលសារតាមទូរស័ព្ទជាញឹកញាប់ អស់រយៈពេល៦ខែ ពីលោកDenis Baupin ដែលរៀបរាប់អំពីចំណង់តណ្ហា និងភាពស្រើបស្រាលរបស់ខ្លួន។
សូមបញ្ជាក់ថា មូលហេតុដែលជំរុញឲ្យស្ត្រីរងគ្រោះ សម្រេចចិត្តដាក់ពាក្យប្តឹង ដោយសារពួកគេបានឃើញរូបថតមួយសន្លឹក ដែលលោក Denis Baupin បានថតជាមួយតំណាងរាស្ត្រផ្សេងទៀត ដោយយកក្រែមក្រហមលាបមាត់ ដើម្បីជាសារនយោបាយ ប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សា ធ្វើទៅលើស្ត្រី។ សារនយោបាយ ដែលផ្ទុយស្រលះពីទង្វើនិងអត្តចរិកជាក់ស្តែងរបស់លោក Denis Baupin របៀបនេះ បានធ្វើឲ្យក្រុមស្រ្តីរងគ្រោះអត់ទ្រាំលែងបាន ទើបសម្រេចទំលាយរឿងអាស្រូវ។
នៅថ្ងៃអង្គារនេះ ចៅក្រមស៊ើបអង្កេតបារាំង បានចាប់ផ្តើមបើកការស៊ើបអង្កេតជាបឋម ទៅលើបទចោទប្រកាន់ទាំងនេះ។ មេធាវីរបស់លោក Denis Baupin បានធ្វើការបរិហារថា ពាក្យបណ្តឹងទាំងនោះ គ្មានមូលដ្ឋានច្បាស់លាល់ ហើយវាជាលេសដើម្បីបំផ្លាញជីវិតនយោបាយរបស់កូនក្តីលោកច្រើនជាង។ យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលមានរឿងអាស្រូវស្តីពីអាកប្បកិរិយាមិនសមរម្យរបស់អ្នកនយោបាយបារាំង ទៅលើស្តី្រ។ ជាក់ស្តែងករណីលោក Domonique Struss-Kahn ដែលជាប់ចោទពីបទរំលោភសេពសន្ទវៈ នៅក្នុងសណ្ឋាគារ។ រឿងអាស្រូវទាំងនេះ បានរំលេចចេញនូវអត្តចរិករបស់អ្នកនយោបាយ អ្នកមានអំណាចបារាំង ដែលជាមនុស្សប្រុស ហើយដែលមានចរិកលែបខាយ មាត់ថា ដៃលូក បំពារបំពានទៅលើមនុស្សស្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ