បារាំង-ជនភៀសខ្លួន

អាជ្ញាធរ​ក្រុង​ប៉ារីស ​បំបែក​ជំរំ​ជន​ភៀសខ្លួន ​ជា​លើក​ទី​៣៥

នគរបាលបារាំង កំពុងប្រមូលផ្តុំ​ជនភៀសខ្លួន ​នៅថ្ងៃទី​ ១៨ សីហា ២០១៨
នគរបាលបារាំង កំពុងប្រមូលផ្តុំ​ជនភៀសខ្លួន ​នៅថ្ងៃទី​ ១៨ សីហា ២០១៨ AFP

នៅព្រឹក​ថ្ងៃ​សុក្រ​ទី​ ១៨​សីហា​នេះ ​ អាជ្ញាធរ​ក្រុង​ប៉ារីស ​បាន​ចុះ​ទៅ​រុះរើ​ជំរំ​អាណាធិបតេយ្យ ​របស់​ជនភៀស​ខ្លួន ​ ដែល​ស្ថិត​នៅខាង​ជើង​ជាយ​​ក្រុង​ប៉ារីស។ មាន​ជនភៀសខ្លួន​ ចំរុះ​ជាតិ​សាស្ត្រ​ ប្រមាណ​ជា​២ពាន់​នាក់ ​ ដែល​ស្នាក់​នៅ​ទីនោះ ​ ​ត្រូវ​បាន​អាជ្ញាធរ​បារាំង ​ប្រមូល​ផ្តុំ ​ ដើម្បី​យក​ទៅ​កន្លែង​ស្នាក់​បណ្តោះ​អាសន្ន។ នេះ​ជា​ប្រតិបត្តិការ​លើក​ទី​ ៣៥​ហើយ ​តែ​រៀងរាល់​លើក ​ ជន​ភៀសខ្លួន​ នៅ​តែ​ត្រលប់​មក​វិញ​ដដែល។ អង្គការ ​សមាគម​មនុស្សធម៌​នានា ​បាន​លើកឡើង ​អំពី​ចំណាត់​ការ​គ្មាន​ប្រសិទ្ធិភាព ​និង​ពុំមាន​គោល​នយោបាយ​ដោះស្រាយ​យូរ​អង្វែង ​ ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉ារីស។

ផ្សាយពាណិជ្ជកម្ម

នៅព្រឹក​ម៉ោង​ ៦​ ថ្ងៃ​សុក្រ​ទី​ ១៨​សីហា ​ក្រោម​ភ្លៀង​រលឹម​សស្រិច ​ សមត្ថកិច្ច​នគរបាល​ ប្រមាណ​៣៥០​នាក់ ​ បាន​ចុះ​ទៅ​ប្រមូល​ជនភៀស​ខ្លួន​ប្រមាណ​ជា​២០០០​នាក់​ នៅ​ជំរំ​ជន​ភៀស​ខ្លួន​ ក្នុង​សង្កាត់ ​Porte de la Chapelle ​ភាគ​ខាង​ជើង ​ជាយ​ក្រុង​ប៉ារីស។ លើក​នេះ ​ជា​លើក​​ទី​៣៥​ហើយ ​​ ក្នុង​រយៈពេល​២​ឆ្នាំ​នេះ។

កាល​ពីថ្ងៃ​ទី​៧ ​ខែ​កក្កដា ​គឺ​នៅ​ទីនេះ​ដដែល ​ ដែល​អាជ្ញាធរ​ក្រុង​ប៉ារីស​ បាន​ចុះ​មក​ប្រមូល​ជនភៀសខ្លួន​ ប្រមាណ​២៨០០​នាក់។ មួយខែ​ក្រោយ​មក​ប៉ុណ្ណោះ ​ជំរំ​ជន​ភៀស​ខ្លួន​នេះ ​ពោរពេញ​ដោយ​មនុស្ស​ដដែល។ ជន​ភៀសខ្លួន​ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ភេទ​ប្រុស ​អាយុ​ចន្លោះ​ពី​២០​ ទៅជាង​៣០​ឆ្នាំ ​ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន ​ ស៊ូដង់ ​ សូម៉ាលី ​ និង​អេរីត្រេ រស់នៅ​ក្នុង​ស្ថានភាព​ យ៉ាង​អនោចអធម្ម​បំផុត។

រថយន្ត​ក្រុង​ជាង​៣០​គ្រឿង​ បាន​បញ្ឈរ​រងចាំ​ដឹក​ពួកគេ។ បើ​តាម​ការ​ផ្តល់​ដំណឹង​ពី​សំណាក់ ​លោក​ប្រធាន​ការិយាល័យ​ជន​អន្តោប្រវេសន៍​និង​ជន​ភៀសខ្លួន​ បាន​ឲ្យ​ដឹង​ថា ​ទីតាំង​ពហុកីឡា​ ចំនួន​១៨​កន្លែង ​ត្រូវ​បាន​រៀបចំ ​ដើម្បី​ធ្វើ​ជា​ទីស្នាក់​នៅ​បណ្តោះ​អាសន្ន​ សម្រាប់​ជនភៀស​ខ្លួន​ទាំង​នោះ។

ដោយឡែក​ យោង​តាម​ឯកសារ​ផ្លូវការ​របស់​រដ្ឋបាល​តំបន់​ប៉ារីស ​ បាន​បង្ហាញ​ថា ​ប្រតិបត្តិការ​ប្រមូល​ជន​ជភៀសខ្លួន​លើក​នេះ ​ នឹង​ភ្ជាប់​ជាមួយ​នឹង​ ការ​បែងចែក​ជន​ភៀសខ្លួន​ ទៅតាម​ស្ថានភាព​ ឬ​ករណី​ម្នាក់ៗ។ ឱកាស​នេះ ​នឹង​អនុញ្ញាតិ​ ឲ្យ​អាជ្ញាធរ​ អាច​ស្រង់​ស្ថិតិ​ ច្បាស់លាស់ ​និង​ពិនិត្យ​មើល​ នូវ​ដំណើរការ​សុំ​ក្រដាសស្នាម​របស់​ពួក​គេ។ អ្នក​ដែល​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បារាំង ​និង​បញ្ជូន​ទៅ​មួយ​ផ្នែក ​ ហើយ​អ្នក​ដែល​បាន​ដាក់​ពាក្យ​សុំ​ នៅ​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​នោះ​វិញ។ ចំ​ណក​ ជន​អន្តោប្រវេសន៍ ​ដែល​ពុំស្ថិត​ក្នុង​លក្ខខណ្ឌ ​ដែល​អាច​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​បាន ​ នឹងត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ដើម​វិញ។

គួររំលឹក​ថា ​លោក​ប្រធានាធិបតី​ម៉ាក្រុង ​ធ្លាប់​បាន​ប្រកាស​ថា ​លោក​សន្យា​ថា​នៅ​ចុង​ឆ្នាំ ​២០១៧​នេះ​ នឹង​លែង​ឲ្យ​មាន​ជនភៀសខ្លួន​ ធ្វើ​ជំរំ​ស្នាក់​នៅរ​ហេតរហូត ​តាម​ផ្លូវ​ ទៀត​ហើយ ​ ហើ់យ ​ត្រូវ​តែ​រៀបចំ ​រក​កន្លែង ​ឲ្យ​ពួកគេ​ស្នាក់នៅ​ ឲ្យ​បាន​សមរម្យ។ ដោយឡែក ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ហ្សេរ៉ា កូឡុំ ​បាន​និយាយ​ថា ​ការ​បរាជ័យ​ក្នុងការ​លប់​បំបាត់​ជំរំ​អាណាធិបតេយ្យ ​ម្តង​ហើយ​ម្តង​ទៀត​នេះ ​ គឺ​ដោយសារ​តែ​មាន​ចំណុច​ខ្វះខាត​ណាមួយ ​ នៅក្នុង​ចំណាច់​ការ​របស់​អាជ្ញាធរ​ក្រុង​ប៉ារីស។

តែ​យ៉ាងណា ​អង្គការ​សមាគម​ជាច្រើន​ បាន​សំដែង​ការ​ព្រួយបារម្ភ​ ​ពី​ចំណាត់ការ​អមនុស្សធម៌ ​ដែល​អាជ្ញាធរ​ មាន​បំណង​បែងចែក​ជន​ភៀសខ្លួន​ ម្ខាង​ជា​ជនភៀសខ្លួន​នយោបាយ ​ដែល​អាច​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ ​និង​មួយ​ក្រុម​ទៀត ​ជា​ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច ​ដែល​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI