អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឈុត​មុជទឹក​ស្ត្រី​អ៊ីស្លាម Burkini ​កំពុងតែ​បង្ក​ជា​រលក​បោកបក់ ក្នុង​សង្គម​បារាំង

សំឡេង ០៦:១៤
ស្រី្តអារ៉ាប់ក្នុង​ឈុត​មុជទឹក​បែបអ៊ីស្លាម Burkini នៅ​ឆ្នេរសមុទ្រ​​ប្រទេស​បារាំង
ស្រី្តអារ៉ាប់ក្នុង​ឈុត​មុជទឹក​បែបអ៊ីស្លាម Burkini នៅ​ឆ្នេរសមុទ្រ​​ប្រទេស​បារាំង
ដោយ៖ ម៉ម ពិសី

ប្រទេស​បារាំង​មួយ​សប្តាហ៍​កន្លង​មកនេះ ​កំពុង​រំជើប​រំជួល​ប្រកែក​ប្រណាំង​គ្នា​តឹង​សរសៃ​ក ​ដោយសារ​តែ​វត្តមាន​នៃ​ឈុត​មុជទឹក​បែប​អ៊ីស្លាម ​រឺ​ដែល​ហៅ​ថា​ បៀកគីនី ​នៅតាម​ឆ្នេរ​សមុទ្រ​បារាំង។ កាល​ពី​ចុង​សប្តាហ៍​មុននេះ ​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​កោះ​Corse ​រវាង​សហគម​អ្នកកាន់​សាសនា​អ៊ីស្លាម ​និង​ប្រជាជន​បារាំង​ផ្សេង​ទៀត។ អជ្ញាធរ​ក្រុង​ចំនួន​៣​នៅ​បារាំង ​បាន​ចេញ​ប្រកាស ​ហាមឃាត់​មិន​ឲ្យ​ស្លៀក​ឈុតមុជ​ទឹក​ប្រភេទ​នេះទេ​ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ។ សម្រាប់​អ្នក​រិះគន់ ​ការ​ហាមឃាត់​នេះ ​គឺ​ជា​ការ​បំបិត​សិទ្ធិ​សេរីភាព ​តែ​សម្រាប់​មតិ​មួយ​ចំនួន​ វា​ជា​រឿង​ដែល​អាជ្ញាធរ​ត្រូវតែ​ធ្វើ​ ព្រោះ​ឈុត​មុជទឹក​បែប​អ៊ីស្លាម​នេះ ​វា​បង្ហាញ​ពី​ចរន្ត​ជ្រុល​និយម​របស់​ពួក​អ៊ីស្លាម​នៅ​បារាំង ​ហើយ​ដែល​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ឃុំឃាំង​ស្រ្តី​ក្នុង​ប្រពៃណី​អ៊ីស្លាម​ផ្តាច់ការ។

ផ្សាយពាណិជ្ជកម្ម

ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​របស់​បារាំង ​បាន​ក្លាយ​ជា​ទីលាន​នៃ​ការ​ជជែក​ដេញ​ដោល ​ប្រកែកគ្នា​រវាង​សហគម​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និង​ប្រជាជន​បារាំង​ទូទៅ។ នោះ​ក៏​ដោយសារ​តែ​វត្តមាន​នៃ​ឈុត​មុជទឹក​ម៉ូដថ្មី​របស់​ស្រ្តី​អ៊ីស្លាម​មួយ​ចំនួន។ ពីមុន​គេគ្រាន់​តែ​ធ្លាប់​ឃើញ​ស្ត្រី​អ៊ីស្លាម​ ស្លៀកពាក់​រុំខ្លួន​ជិត​ឈឹង ​ដើរ​តាម​ផ្លូវ​  តែ​ពេល​នេះ​សូម្បីតែ​ពេល​ចុះ​មុជទឹក​សមុទ្រ  ​ក៏​ស្រ្តី​អ៊ីស្លាម​ត្រូវតែ​ស្លៀក​ឈុត​ពិសេស ​ដែល​រុំជិត​ខ្លួន​ឃើញ​តែ​ប្រឡង់​មុខ​ និង​ចុង​ដៃ​តែ​ប៉ុណ្ណោះ។

ហាម​មិនឲ្យ​ស្លៀក​ឈុត​មុជទឹក​Burkini ​គឺស្មើ​នឹង​បំបិទ​សិទ្ធិ​សេរីភាព៖
ក្រោយ​កើត​អំពើ​ហិង្សា ​ឈ្មោះ​ប្រកែក​គ្នា ​ដោយសារ​តែ​ឈុត​មុជទឹក​ Burkini ​នេះ ​ចៅ​ហ្វាយ​ក្រុង​ចំនួន​៣​នៅ​បារាំង​ បាន​ចេញ​បំរាម ​ហាម​មិន​ឲ្យ​ស្លៀក​ឈុត​មុជ​ទឹក​នេះ​តែ​ម្តង។ តើ​ការ​ហាមឃាត់​នេះ​ ​វា​ជា​រឿង​ជ្រុល​ហួសហេតុ​ រឺ​យ៉ាងណា?​ តើ​មនុស្ស​ម្នាក់ៗ ​គ្មាន​សិទ្ធិ​ចុះ​មុជទឹក​សមុទ្រ ​ដោយ​ស្លៀក​សំលៀកបំពាក់​អ្វី​តាម​តែ​ចិត្តចង់ ​ មិន​បាន​ទេ​រឺ? រឺមួយ ​ក៏​ឈុត​មុជ​ទឹក​បែប​អ៊ីស្លាម​នេះ ​វា​មាន​បង្កប់​នូវ​តម្លៃ​អ្វី​មួយ ​ដែល​ធ្វើ​ឲ្យ​សង្គម​បារាំង​មិន​អាច​ទទួល​យក​បាន?

សំណួរ​នេះ ​បាន​ចោទ​សួរ​ឡើង​នៅ​តាម​វិទ្យុ ​កញ្ចក់​ទូរទស្សន៍ ​និង​សារព័ត៌​មាន​បារាំង​នានា ​ដោយ​វាគ្មិន​ម្នាក់ៗ​លើក​អំណះអំណាង​ និង​ការ​យល់​ឃើញ​រៀងៗ​ខ្លួន។

សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ ក្នុង​ទឹកដី​បារាំង ​ គឺជា​តំលៃ​មិនអាច​កាត់​ថ្លៃ​បាន ​ ដែល​សង្គម​ និង​ច្បាប់​បារាំង​តែងតែ​ខ្នះខ្នែង​ការពារ។ ការ​ហាមឃាត់​ មិនឲ្យ​មនុស្សស្រី​អ៊ីស្លាម​ចុះ​មុជ​ទឹក​សមុទ្រ  ​ដោយ​គ្រាន់​តែ​គ្នា​ស្លៀក​ឈុត​Burkini ​បែប​អ៊ីស្លាម ​រុំ​ខ្លួន​ជិត​នោះ ​វា​គឺ​ជា​រឿង​មួយ​ជ្រុល​ហួសហេតុ ​ និង​មិន​អាច​ទទួល​យក​បាន​ទេ។ ទោះ​អ្នក​នោះ​ចង់​ស្លៀក ​សារុង​ ស្លៀក​ក្រម៉ា ​ស្លៀក​ឈុត​ម៉ៃយោ​បញ្ចេញ​សាច់ ​ ​រឺក៏​ស្រាត​ននលគក​  ​ក៏​គឺ​ជា​រឿង​របស់​គេ ​ដែល​គ្មាន​នរណា​ម្នាក់​អាច​ទៅ​ហាម​បាន​ទេ។

តួនាទី​របស់​អាជ្ញាធរ​ក្នុងការ​បង្ការ​ និង​ការពារ​សណ្តាប់ធ្លាប់​សាធារណៈ៖
សម្រាប់​អ្នកកាន់​សាសនា​អ៊ីស្លាម ​ការ​ហាមឃាត់​នេះ​ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្អប់ខ្ពើម​រើសអើង​ទៅ​លើ​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ពួក​គេ​យល់​ថា ​បើ​ស្រ្តី​បារាំង ​មាន​សិទ្ធិ​ស្លៀកខោ​ស្លីប​មុជទឹក​ ស្ត្រី​អ៊ីស្លាម ​ ​ក៏​មាន​សិទ្ធិ​មុជទឹក​ក្នុង​ឈុត​ពិសេស​របស់​ខ្លួន​ដែរ។

យ៉ាងណា​ក៏ដោយ ​មតិ​មួយ​ចំនួន​ទៀត ​បាន​លើក​ឡើង​ថា ​ការ​ចេញ​បំរាម​ហាម​មិន​ឲ្យ​ស្លៀកឈុត​Burkini ​អ៊ីស្លាម ​នៅតាម​ក្រុង​ចំនួន​៣​នេះ ​ គឺ​​ជា​រឿង​ដែល​សមរម្យ​ ព្រោះវា​បាន​ឈរ​លើ​មូលហេតុ​ ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ។ ជាក់ស្តែង ​ការ​ឈ្លោះ​ប្រកែក​គ្នា ​ឈាន​ទៅ​ដល់ផ្ទុះ​អំពើ​ហិង្សា​ដុតឡាន ​វាយ​តប់​គ្នា ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្រុង​ Sisco​ កោះ​Corse​ កាល​ពី​ថ្ងៃ​អាទិត្យ ​ គឺ​ផ្តើមចេញ​ពី​ឈុត​មុជ​ទឹក​នេះ​ឯង។ អ្នក​វិភាគខ្លះ​លើកឡើង​ថា ​វា​គឺ​ជា​តួនាទី​របស់​អាជ្ញាធរ ​ក្នុង​ការ​បង្ការ​បញ្ហា ​និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់។

ឈុតមុជ​ទឹក​Burkini ​ជា​និម្មិតរូប​នៃ​ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម៖

ស្ត្រីអ៊ីស្លាមនៅក្រុងប៉ារីស​ ក្នុងឈុតBurqa រុំជិត​សល់តែ​ភ្នែក តាមការ​កំហិត​របស់​​ប្រពៃណី​​អ៊ីស្លាម​
ស្ត្រីអ៊ីស្លាមនៅក្រុងប៉ារីស​ ក្នុងឈុតBurqa រុំជិត​សល់តែ​ភ្នែក តាមការ​កំហិត​របស់​​ប្រពៃណី​​អ៊ីស្លាម​

ក៏​ប៉ុន្តែ ​សម្រាប់​អ្នក​វិភាគ ​និង​អ្នក​ធ្វើ​វិចារណកថា​តាម​សាព័ត៌មាន​នានា ​ភាគច្រើន​គេ​យល់​ថា​ វា​គឺ​ជា​ការពិត​ដែល​បារាំង​គោរព​ ស្រលាញ់ ​និង​ការពារ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​ ជា​ពិសេស​សិទ្ធិ​របស់​មនុស្ស​ស្រី ​ដែល​ជា​ភេទ​ទន់ខ្សោយ។ រឿង​ហាមឃាត់​ឈុត​មុជទឹក​បែប​អ៊ីស្លាម​នេះ  ​បើ​យើង​សម្លឹង​មួយភ្លែត ​​គឺវា​ជា​ការ​បំបិទ​សិទ្ធិសេរីភាព ​ តែ​ផ្ទុយ​ទៅវិញ ​គឺ​ឈុត​មុជ​ទឹក​ដ៏​ចំលែក​នេះ​ទេ ​ដែល​ជា​អ្នក​បំបិត​សិទ្ធិ​សេរីភាព​​របស់​ស្ត្រី​អ្នក​ស្លៀក​​ ហើយ​នេះ  ​គឺជា​អ្វី​ដែល​ប្រជាជន​បារាំង​មិន​អាច​ទទួល​យក​បាន។

សម្រាប់​អ្នក​វិភាគ​ភាគ​ច្រើន ​ឈុត​មុជទឹក​បែប​អ៊ីស្លាម  ​គឺ​បាន​បង្កប់​នូវ​មនោគមវិជ្ជា​ជ្រុល​និយម​របស់​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​បារាំង។ បារាំង​ជា​ប្រទេស​សេរី ​អនុញ្ញាតិ​ឲ្យ​ប្រជាជន​គោរព​សាសនា​ទាំង​អស់​តាម​តែ​ចិត្តខ្លួន​មែនពិត​  តែ​នៅតាម​ទី​សាធារណៈ​នានា ​គេ​មិន​ត្រូវ​បញ្ចេញ​សញ្ញាណ​នៃសាសនា​របស់​ខ្លួន​នោះ​ទេ។ ​ភាព​ជ្រះស្រលះ​ពី​សញ្ញាណ​សាសនា​ទាំងអស់ ​ គឺ​ជា​អត្តសញ្ញាណ​នៃ​សង្គម​បារាំង​ ហើយ​ដែល​ប្រជាជន​មាន​ដើម​កំណើត​មក​ពី​កន្លែង​ផ្សេង ​ត្រូវតែ​គោរព ​ដើម្បី​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត។

ការដែល​ស្ត្រី​អ៊ីស្លាម​ស្លៀក​ឈុត​រុំខ្លួន​ជិត​ឈឹង ​ចុះ​មុជទឹក ​គឺ​វា​មិន​ខុស​ពី​ការ​ដែល​ស្ត្រី​អ៊ីស្លាម​ទាំងនោះ​ ធ្វើ​ការ​ផ្តាច់ខ្លួន​ ចេញ​ពី​មនុស្ស​ឯទៀត ​ដែល​នៅ​មុជទឹក​ក្បែរ​គ្នា ​ថា​ខ្លួន​ជា​ស្ត្រី​អ៊ីស្លាម ​ ខុស​ពី​អ្នក​ផ្សេង​ដែល​មិន​កាន់​សាសនា​អ៊ីស្លាម។ នេះ​គឺ​ជា​ការ​បែកចែក​បក្សពួក ​ដែល​ធ្វើ​ឲ្យ​សង្គម​បែកខ្ញែក​គ្នា។ ជាង​នេះ​ទៅ​ទៀត ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​អ៊ីស្លាម ​រុំខ្លួន​ជិត​ឃើញ​តែ​ភ្នែក​នេះ ​ថ្វី​បើ​ស្ត្រី​អ៊ីស្លាម​ភាគច្រើន ​តែងតែ​អះអាង​ថា​គេ​ពេញចិត្ត​នឹង​ស្លៀក​វា ​ដោយ​គ្មាន​អ្នក​ណា​បង្ខំ​ក៏ដោយ  ​តែ​វា​បាន​បង្ហាញ​នូវ​ការ​កៀប​សង្កត់ ​​ផ្នែក​ផ្នត់​គំនិត​ទៅ​លើ​ស្ត្រី​អ៊ីស្លាម​ ពី​សំណាក់​ប្រពៃណី​ចាស់​គំរិល​របស់​ជនជាតិ​អ៊ីស្លាម ​ដែល​ជា​ទូទៅ​គឺ​បុរស​ដែល​តែង​តែ​មាន​សិទ្ធិ​អំណាច​ជានិច្ច។

ក្នុង​ពេល​ដែល ​ បុរស​អ៊ីស្លាម ​ស្លៀក​ខោ​ត្រឹម​ជង្គង់​ ពាក់​អាវយឺត​សាមញ្ញ ​ដើរ​យ៉ាង​រំភើយ ​ចំណែក​ស្ត្រី​អ៊ីស្លាម​ជា​ប្រពន្ធ​វិញ ​ត្រូវ​បង្ខំចិត្ត​រុំខ្លួន​នឹង​សម្លៀកបំពាក់ ​ពី​ក្បាល​ដល់​ចុង​ជើង ​ដើរ​បែកញើស​សស្រាក់។ តើនេះរឺ ​ជា​ភាព​ស្មើគ្នា ​រវាងស្ត្រី​និង​បុរស?

ចរន្ត​អ៊ីស្លាម​ជ្រុល​និយម​ហួសហេតុ ​ កំពុង​បំពុល​បរិយាកាស​សង្គម​បារាំង​ ហើយ​បញ្ហា​នេះ​មិនមែន​ទើបតែ​កើត​ឡើង​ជា​លើក​ទីមួយ​ទេ។ បុរស​អ៊ីស្លាម​ជ្រុល​និយម​ខ្លះ ​ បាន​បដិសេធ​មិន​ឲ្យ​គ្រូពេទ្យ​បារាំង ​ភេទ​ប្រុស​ធ្វើការ​ពិនិត្យ​សុខភាព​ភរិយា​ខ្លួនទេ។ អ្នកខ្លះ​ប្រកែក​ទៀត​មិន​ឲ្យ​ពេទ្យ​ប្រុស ​បង្កើត​កូន​ឲ្យ​ភរិយា​ខ្លួនទេ។ ប្រព័ន្ធ​សុខាភិបាល​បារាំង ​ដែល​រដ្ឋាភិបាល​ផ្តល់ឲ្យ​ដោយ​ឥត​រើសមុខ ​ហើយ​សឹងតែ​មិន​យក​កំរៃ​នោះ ​បែរ​ជា​ត្រូវ​ក្រុម​ជន​ជ្រុល​និយម​អ៊ីស្លាម​មួយ​ចំនួន ​ ធ្វើការ​ចំអក​ជាន់ឈ្លី​ទៅវិញ។

ចរន្ត​ជ្រុល​និយម​អ៊ីស្លាម  ជា​ប្រភព​នៃ​អំពើ​ភេរវកម្ម​នៅ​បារាំង៖
មតិ​មហាជន ​កំពុង​តែ​ទ្រាំទ្រ​លែងបាន​ និង​សកម្មភាព​របស់​សហគម​ជនជាតិ​អ៊ីស្លាម ​ដែល​កាន់​តែ​ព្រហ៊ើន​ លែង​ខ្លាច​ច្បាប់​បារាំង ​មិន​គោរព​តម្លៃ​នឹង​គោលការ​គ្រិះ​នៃ​សង្គម​បារាំង។ អាងឡើង​ស្រែក​តវ៉ា​ថា ​បារាំង​រើសអើង ​ប្រកាន់​ពូជសាសន៍  ​​តែ​កុំភ្លេច​ថា ​គឺ​បារាំង​ដែល​បាន​ផ្តល់​ជំរក​ ផ្តល់​ការងារ ​ ផ្តល់​សាលារៀន ​និង​មន្ទីរពេទ្យ​ដល់​ពួក​ខ្លួន។ លោក​សាកូហ្ស៊ី ​អតីត​ប្រធានាធិបតី​បារាំង ​ធ្លាប់​បាន​ថ្លែង​ថា ​ចង់​នៅ​បារាំង​ ត្រូវ​គោរព​ច្បាប់​បារាំង ​បើមិន​ពេញចិត្ត​ អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​អ្នក​វិញ​ចុះ!

សហគម​ជន​ជាតិ​អ៊ីស្លាម ​មិន​ត្រូវ​ភ្លេច​ទេ​ថា​ ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ​ បារាំង​បាន​រងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​សាហាវ​ជាច្រើន​លើក។ ភេរវកម្ម​ទាំងនោះ​សុទ្ធតែ​ធ្វើ​ឡើង​ដោយ​ជន​ជ្រុលនិយម​ជីហាដ​អ៊ីស្លាម។ ដូច្នេះ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ  ​សហគម​ជនជាតិ​អ៊ីស្លាម​ ត្រូវ​យល់​ពី​អារម្មណ៍​របស់​ប្រជាជន​បារាំង​ម្ចាស់​ស្រុក ​ថាតើ​គេ​ឈឺចាប់​កម្រិត​ណា! ​ជា​ការពិត ​ ពួក​ភេរវកម្ម​អ៊ីស្លាម​គឺ​ជា​ពួក​ជ្រុល​និយម​មួយ​ក្តាប់​តូច​ មិនមែន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំងអស់​ទេ ​ តែ​កុំភ្លេច​ថា​ ជន​មួយ​ក្តាប់​តូច​ទាំង​នោះ ​គឺ​​កើត​ចេញ​ពី​ការ​ការ​សាប​ព្រួស​នៃ ​ចរន្ត​ជ្រុលនិយម​ហួសហេតុ ​របស់​សាសនា​អ៊ីស្លាម​នេះ​ឯង។

សង្គម​និង​ប្រជាជន​បារាំង  ​មិន​អាច​អត់ទ្រាំ  ​ធ្មេចភ្នែក​ឲ្យ​ប្រទេស​គេ ​ពោរពេញ​ដោយ​សកម្មភាព​ជ្រុល​និយម​បែប​នេះ​ទេ។ អ្នក​វិភាគ​ជាច្រើន ​យល់ថា ​សហគម​អ៊ីស្លាម ​គួរ​យល់​ពី​បញ្ហា​នេះ ​ហើយ​គួរ​ធ្វើ​ខ្លួន​ ឲ្យ​បាន​ស្ងាត់ស្ងៀម ​មិន​ត្រូវ​បញ្ចេញ​សញ្ញាណ​អ្វី​ដែល​ជ្រុល​ហួសហេតុ ​នៅតាម​ទី​សាធារណៈ ​ដែល​បញ្ជាក់​ពី​ចរន្ត​ងប់ងុល​របស់​សាសនា​ខ្លួន​ទេ។ មនុស្សស្រី​ដែល​កើត​នៅ​ប្រទេស​បារាំង ​ថ្វី​បើ​ស្ថិត​ក្នុង​គ្រួសារ​អ៊ីស្លាម​ តែ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋ​បារាំង​ ដែល​ត្រូវ​ការពារ​លើក​កំពស់​សិទ្ធិ​ស្រ្តី​នោះ ​មិន​ឲ្យ​ប្រពៃណី​សាសនា​អ៊ីស្លាម​មក​ជិះជាន់  ​ដោយ​បំពាន​ទៅ​លើ​ច្បាប់​របស់​បារាំង​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ