អានតួអត្ថបទ
ភេរវកម្ម

ការវាយប្រហារ​ដោយ​កាំបិត ​២ផ្ទួនគ្នា ​ក្នុង​យប់​តែមួយ ​នៅ​ព្រុចសែល​ និង ​ឡុងដ៍

កន្លែងកើតហេតុ នៅកណ្តាលក្រុងព្រុចសែល ថ្ងៃទី ២៥ សីហា ២០១៧
កន្លែងកើតហេតុ នៅកណ្តាលក្រុងព្រុចសែល ថ្ងៃទី ២៥ សីហា ២០១៧ Thomas Da Silva Rosa /via REUTERS
ដោយ៖ ម៉ម ពិសី
១៨ នាទី

មាន​ករណី​វាយ​ប្រហារ​ដោយ​កាំបិត​ ​ទៅ​លើ​ទាហាន​យាមល្បាត ​ពីរ​កន្លែង​ផ្ទួនគ្នា ​ក្នុង​យប់​តែ​មួយ ​មួយ​នៅ​កណ្តាល​ទីក្រុង​ព្រុចសែល ​ប្រទេស​ប៊ែលហ្សិក ​និង​មួយទៀត​នៅ​ទីក្រុង​ឡុងដ៍ ​ប្រទេស​អង់គ្លេស។ ករណី​ទាំងពីរ ​សុទ្ធតែ​ត្រូវ​បាន​អាជ្ញាធរ ​ចាត់​ទុក​ថា​ជា​អំពើ​ភេរវកម្ម។ នៅ​ព្រុចសែល ​ទាហាន​ល្បាត ​បាន​បាញ់​សម្លាប់​ជន​ដៃដល់ ​នៅនឹង​កន្លែង​ ឯ​ចំណែក​នៅ​ទីក្រុង​ឡុងដ៍ ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ ជន​ដៃដល់​ ដែល​មាន​គំរោង​ធ្វើ​ប្រតិបត្តិការ​ចាក់​សម្លាប់​មនុស្ស។

ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ព្រុចសែល ​វេលា​ម៉ោង​៨យប់​ ថ្ងៃទី​ ២៥​សីហា ​នៅ​ទីលាន​កណ្តាលក្រុង ​ដែលជា​តំបន់​ប្រកប​ដោយ​ការ​យាមកាម​ខ្ពស់​បំផុត​ ស្រាប់​តែ​មាន​ជន​ម្នាក់ ​បាន​ស្ទុះ​យក​កាំបិត ​មក​ចាក់​ទាហាន​យាមល្បាត​ពីរ​នាក់។​ ពេល​កំពុង​ធ្វើ​សកម្មភាព ​ជន​នោះ​បាន​ស្រែក​ជា​ភាសា​អារ៉ាប់​ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​អាឡា។ ភ្លាម​នោះ ​ទាហាន​បាន​យក​កាំភ្លើង​បាញ់​តប​វិញ ​ធ្វើឲ្យ​ជន​ដៃដល់ ​ស្លាប់​នៅ​នឹង​កន្លែង។ ទាហាន​ម្នាក់​ ក្នុង​ចំណោម​២នាក់​នោះ ​បាន​ត្រូវ​របួស​ចំ​ដៃ ​ដោយសារ​កាំបិត​របស់​ជន​ដៃដល់។

នគរបាល​ក្រុង​ព្រុចសែល ​បាន​បញ្ជាក់​ថា​អំពើនេះ​គឺ​ជា​អំពើ​ភេរវកម្ម​បែប​អ៊ីស្លាម​ជ្រុល​និយម​ ដែល​ជន​ដៃដល់ ​មាន​បំណង​វាយ​ប្រហារ ​ទៅ​លើ​សមត្ថកិច្ច​ការពារ​សន្តិសុខ។ បើយោង​តាម​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ប៊ែលហ្សិក ​ ជន​ដៃដល់ ​គឺ​ជា​ជនជាតិ​ម៉ាលី ​មាន​អាយុ​ជាង​៣០​ឆ្នាំ។

នៅយប់​ថ្ងៃ​សុក្រ ​ទី​២៥​សីហាដែរ​ នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ​ សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ បាន​ទាន់​ពេល​វេលា ​មុននឹង​ជន​នោះធ្វើ​សកម្មភាព។ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ ៨ ​និង​ ៣៥​នាទី​យប់​ ជនម្នាក់​បាន​បើក​រថយន្ត​មក​ឈប់ ​នៅ​ទីលាន​ខាង​មុខ​ព្រះរាជ​វាំង ​Buckingham ​ដែល​ជា​ទី​កន្លែង​មាន​ការ​យាម​ល្បាត​ខ្ពស់​បំផុត។​ ដោយ​មាន​ការ​សង្ស័យ ​នគរបាល​បាន​ទៅ​ពិនិត្យ​រថយន្ត ​ហើយ​បាន​រក​ឃើញ​កាំបិត​ដ៏​ធំ​មួយ​នៅ​ក្នុង​នោះ ​ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ ជន​នោះតែ​ម្តង។ ក្នុង​ពេល​ឃាត់ខ្លួន​ នគរបាល​ពីរនាក់​បាន​រង​របួស​ស្រាល ​ដោយ​សារ​មុខ​កាំបិត​របស់​ជន​ដៃដល់។

សូម​បញ្ជាក់​ថា ​ទាំង​ទីក្រុង​ព្រុចសែល ​ទាំង​ទីក្រុង​ឡុងដ៍​ ក៏​ដូច​ជា​ទីក្រុង​អឺរ៉ុប​ផ្សេងៗ​ទៀត​ សុទ្ធតែ​បាន​ឆ្លងកាត់​នូវ​អំពើ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។​ បន្ទាប់​ពី​ទីក្រុង​ប៉ារីស​ ទីក្រុង​ព្រុចសែល​ បាន​រង​អំពើ​ភេរវកម្ម​ដ៏ធ្ងន់​បំផុត​មិន​ធ្លាប់​មាន​ កាល​ពី​ថ្ងៃ​ទី​ ២២​ មីនា ​២០១៦។ ភេរវកម្ម​បំ​ផ្ទុះ​គ្រាប់បែក​ នៅ​ចំ​កណ្តាល​ក្រុង​ព្រុចសែល ​និង​នៅ​ព្រលាន​យន្តហោះ ​ក្នុង​ថ្ងៃ​តែ​មួយ ​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​៣២​នាក់ ​និង​របួស​ប្រមាណ​១៥០​នាក់។

ដូច​គ្នា​ដែរ​ ឆ្នាំ​២០១៧ ​នេះ ​អង់គ្លេស​បាន​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ជា​ច្រើន​លើក។ ករណី​បំផ្ទុះ​គ្រាប់​បែក​នៅខាង​មុខ​ទី​កន្លែង​ប្រគុំ​តន្ត្រី ​នៅ​ទីក្រុង​ម៉ាន់ឆែស្ទឺរ ​កាល​ពី​ខែ​ឧសភា ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២២នាក់។ នៅ​ទីក្រុង​ឡុងដ៍​​ មាន​ករណី​បើក​រថយន្ត​កិន​មនុស្ស ​និង​យក​កាំបិត​ចាក់​មនុស្ស​ដល់​ទៅ​២​លើក​រួច​មក​ហើយ ​​លើក​ទីមួយ​នៅ​ខែ​មីនា ​មាន​ស្លាប់​៥នាក់ ​និង​លើក​ទីពីរ​នៅខែ​មិថុនា​ មាន​ស្លាប់៨​នាក់។ ទីក្រុង​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប ​សុទ្ធតែ​បាន​ជួប​នូវ​ករណី​វាយ​ប្រហារ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​ ប្រហាក់​ប្រហែល​គ្នានេះ​​ជា​ញឹកញាប់។ ការ​យាមកាម​សន្តិសុខ ​ត្រូវ​បាន​រិត​បន្តឹង​នៅ​គ្រប់​ទី​កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ