មហាផ្លូវដែកកាត់តំបន់ស៊ីបេរី ដែលត្រូវគេហៅថា អច្ឆរិយវត្ថុរុស្ស៊ី អាយុបាន១២៥ឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
កាលពី១២៥ឆ្នាំមុន ថ្ងៃ ២៩មីនាឆ្នាំ១៨៩១ អធិរាជចក្រភពរុស្ស៊ី ព្រះបាទ Alexandre ទី IIIទ្រង់បានចេញរាជក្រិត្យ ឲ្យសង់ឡើងជា ខ្សែផ្លូវអយស្ម័យយានវែងសំបើម កាត់ តំបន់ស៊ីបេរីទាំងមូល ក្រោមឈ្មោះបំព្រួ្ថញ ថា TransSib។ តាមមតិ ពួកប្រវត្តិវិទូបច្ចុប្បន្ន មហា ផ្លូវដែក TransSibបានញ៉ាំងឲ្យប្រទេសរុស្ស៊ីមាន មោទនភាព មិនតិចជាង ការដែលរុស្ស៊ី កាលក្នុងឆ្នាំ១៩៥៧ បានបង្ហោះមុនគេបង្អស់ គឺ ផ្កាយរណបសិប្បនិម្មិត របស់ ផែនដីយើង។
ទោះបីខួប១២៥ឆ្នាំនេះ សង្គមនិងរដ្ឋរុស្ស៊ី មិនបានប្រារព្ធយ៉ាងអ៊ឹកធឹកក្តី ដោយគេទម្លាប់ ទៅហើយនឹង វត្តមាននៃខ្សែផ្លូវអយស្ម័យយានសែនវែងនេះ ក៏មតិជាច្រើនសម័យបច្ចុប្បន្ន តែងហៅវាថាជា អច្ឆរិយវត្ថុរុស្ស៊ី តែម្តង ព្រោះវាជាសមិទ្ធិផលបច្ចេកទេសមួយដ៏អស្ចារ្យរបស់មនុស្សលោក ដោយថែមទាំងប្រៀបប្រដូចវា ទៅនឹងការដាក់ឲ្យប្រើប្រាស់ ព្រែកជីក Suez ដែលទម្រាំសង់រួច គឺបានស៊ីពេលអស់១០ឆ្នាំពីឆ្នាំ១៨៥៩ដល់ឆ្នាំ១៨៦៩ ព្រមទាំងប្រៀបប្រដូចទៅនឹង ការលុកបើក រកឃើញទ្វីបថ្មី គឺ ទ្វីបអាមេរិក កាលពីជាង ៥សតវត្សមុន។
ជាការកត់សម្គាល់ នៅរុស្ស៊ី គេបាននាំគ្នាហៅ រទេះភ្លើងប៉ុន្មានដំបូងដើរដោយថាមពលធ្យូងថ្ម ថាជា កប៉ាល់រត់លើផ្លូវដែក។ ក្នុងអំឡុងពេល ៤០ឆ្នាំ រាប់ពីឆ្នាំ១៨៧៧ ដល់ឆ្នាំ១៩១៧ ជាឆ្នាំ ដែលមានផ្ទុះឡើង បដិវត្តន៍ផ្តួលរបបរាជានិយម មានសង់បានផ្លូវដែក ប្រវែង៨ម៉ឺន១ពាន់គ.ម. ហើយក្រោយពីបដិវត្តន៍នោះ គឺពីឆ្នាំ១៩២០ ដល់១៩៦០ មានសង់បានផ្លូវដែក ៤ម៉ឺន៤ពាន់ គ.ម.ទៀត។ ដូច្នេះ សរុបទៅ គឺមានប្រវែងជាង ១សែន២ម៉ឺន៥ពាន់គ.ម. ដែលពីក្នុងនោះ ជាង ពាក់កណ្តាល គ្រប់គ្រងដោយ ក្រុមហ៊ុនអយស្ម័យយានរដ្ឋរុស្ស៊ី ហៅថា RZD។
សម្រាប់ប្រទេសរុស្ស៊ីមានផ្ទៃដីសែនល្វឹងល្វើយ ការសាងសង់ផ្លូវដែក គឺជាតម្រូវការចាំបាច់ ចោទដោយជីរិតរស់នៅរបស់អ្នកស្រុក។ កាលពីកណ្តាលសតវត្សទី១៩ ដើម្បីដឹកធ្យូងថ្ម ក្នុង១តៅៗរុស្ស៊ីទម្ងន់១៦គីឡូក្រាមកន្លះ ពីប្រទេសអង់គ្លេសមក ត្រូវចំណាយតែ០,១២រូប្ល តែបើដើម្បីដឹកវាក្នុងបរិមាណប៉ុនគ្នា ពីតំបន់ដុនបាស ប៉ែកខាងត្បូងរុស្ស៊ី គឺត្រូវចំណាយ ៨ដង ច្រើនជាងដល់ទៅ១រូប្លឯណោះ។ ហើយការដែលពីមួយពេលទៅមួយពេល មានផ្ទុះឡើងជា គ្រោះខ្វះស្បៀង អត់ឃ្លាន ក៏មិនមែនមកពី ខ្វះនំប៉័ងទេ តែគឺមកពីគ្មានផ្លូវដែក សម្រាប់ដឹកស្រូវសាលី ចេញពីតំបន់សំបូរផលដំណាំ ទៅកាន់តំបន់ដែលគ្មានកសិផលនេះ។
គិតមកទល់ថ្ងៃ១៥មិថុនាឆ្នាំ១៨៦៥ បណ្តាញផ្លូវដែកនៅរុស្ស៊ី មានប្រវែងតែជាង ៣ពាន់គ.ម.។
ស្របនឹងផែនការ ផ្លូវដែកដែលដើរដោយចរន្តអគ្គិសនីមុនគេបង្អស់ គឺត្រូវលេចចេញមក ពិត ជានៅ រុស្ស៊ី។ គម្រោងនោះចែងថា ក្នុងឆ្នាំ១៩១៣ ក្បួនរថភ្លើងទីមួយ ដើរដោយអគ្គិសនី ត្រូវបើកចេញ ពីរាជធានីរុស្ស៊ី ក្រុង Saint-Petersbourg ទៅកាន់ ក្រុង Helsinki រដ្ឋធានីហ្វាំងឡង់ ប៉ុន្តែ ផែនការនេះមិនអាចសម្រេចទៅកើត ដោយមកពីសង្គ្រាមលោកលើកទី១ បានផ្ទុះឡើង។
បើនិយាយពី មហាខ្សែផ្លូវដែក កាត់តំបន់ស៊ីបេរីទាំងមូល ហៅថា TransSib នោះវាត្រូវបាន ចាប់ផ្តើមសង់ឡើង គឺនៅថ្ងៃ ៣១ឧសភាឆ្នាំ១៨៩១ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យ នៃ អនាគតអធិរាជរុស្ស៊ី ព្រះបាទ Nicolas ទី II ។
មកទល់ពេលនោះ នៅក្នុងលោក ខ្សែផ្លូវដែកវែងជាងគេ គឺស្ថិតនៅស.រ.អា. ដែលបែកចេញពី ក្រុង Omaha រដ្ឋ Nebraska ទៅក្រុង San Francisco នៃរដ្ឋ California ប្រវែង ២.៩៧៤គ.ម. ដាក់ឲ្យដំណើរការ ក្នុងឆ្នាំ១៨៧០ ក្រោមឈ្មោះថា Union Pacific។ ជាការប្រៀបធៀប ផ្លូវដែកដ៏មហិមានៅរុស្ស៊ី ក្រោមឈ្មោះថា TransSib មានប្រវែងដល់ទៅ ៧.៥២៨គ.ម. ប៉ុន្តែ ខ្សែផ្លូវ Union Pacific បានលូនឆ្លងកាត់ តំបន់ភ្នំដែលមានកំពស់ដល់ ២.១៩១ម៉ែត្រ ចំណែកខ្សែផ្លូវដែក TransSib លូនឆ្លងកាត់តំបន់ភ្នំ កំពស់តែ ១.០៤០ម៉ែត្រ។ ប៉ុន្តែ TransSib ត្រូវលូនតាមរូងឧម្មង្គ ចំនួនដល់ទៅ៣៩ ក្រោមចង្កេះភ្នំ។ បូកទាំងផ្លូវដែកបន្ទាប់បន្សំ ដែលបែកចេញពីមហាខ្សែផ្លូវនេះ TransSib មានប្រវែងសរុបទៅដល់ ១ម៉ឺន២ពាន់៣៩០គ.ម.។
មហាផ្លូវដែក TransSib បានតម្រូវឲ្យរដ្ឋចំណាយតាមតម្លៃកាលណោះ គឺអស់ ១.៤៥៥លានរូប្លឬ ស្មើនឹងប្រាក់ដុល្លារបច្ចប្បន្ន ក្នុងទំហំ ២៥.០០០លានដុល្លារ។ ល្បឿនមធ្យម នៃការសាងសង់ គឺរំកិលទៅមុខបានប្រវែង ១គ.ម.កន្លះ ក្នុង១ថ្ងៃ។ ស្ថានកម្មនោះ បានស៊ីពេលអស់ ២៥ឆ្នាំ។ សំណង់ចុងក្រោយ គឺកំណាត់ផ្លូវដែកនៃស្ពាន កាត់លើទន្លេ អាមួរ មានប្រវែង ២,៦គ.ម. ត្រូវ បានដាក់ឲ្យដំណើរការ គឺនៅថ្ងៃ ១៨តុលាឆ្នាំ១៩១៦។
ស្ថាបនកម្មនេះ បានប្រើកម្លាំងពលករ ចំនួន២០.០០០នាក់។ ដោយមកពីមូលហេតុនយោបាយ ឥតមានប្រើទេ ពលករជាតិចិន និង កូរ៉េ។ មិនតែប៉ុណ្ណោះ អាជ្ញាធររុស្ស៊ីចាត់ទុកជា អភូតកថា សុទ្ធសាធ ការឃោសនាដែលថា ក្នុងការសាងសង់នោះ មានប្រើកម្លាំង ពួកអ្នកទោសស្អីណា។
ស្ពានកាត់លើទន្លេ អាមួរ នោះ ត្រូវបានសង់ឡើងទាំងត្រដាបត្រដួស លុះទាល់តែស៊ីពេល អស់ ៣ឆ្នាំ ពីព្រោះកប៉ាល់ដែលដឹកសម្ភារៈសម្រាប់សង់ស្ពាននោះ បើកចេញពីក្រុងផែ Odessa ត្រូវ បានបាញ់ពន្លិចក្នុងមហាសមុទ្រឥណ្ឌា ដោយនាវាមុជទឹកអាល្លឺម៉ង់ សម័យសង្គ្រាមលោក លើកទី១។ ហេតុដែលបណ្តាលឲ្យការងារសាងសង់ ខាតពេល អស់១១ខែ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា រុស្ស៊ីបានលើកយកទៅតាំងបង្ហាញក្នុងពិព័រណ៏សកលឆ្នាំ១៩០០ នៅក្រុងប៉ារីស ក្បាលរទេះភ្លើង ទូររទេះភ្លើង និងរូបសំណាកនៃស្ពានកាត់លើទន្លេ យេនីស៊ៃយ ហើយបានទទួលរង្វាន់ទី១ នៃពិពរ័ណ៏នេះតែម្តង។ ពួកអ្នកកាសែតបារាំង កាលណោះ ហៅ ផ្លូវដែក TransSib ថាជា “ ឆ្អឹងខ្នងរបស់យក្សរុស្ស៊ី “ និង ជា “ ការបន្តទៅជាប្រពៃណី នៃយុគមហាលុកបើក រកឃើញផ្នែកភូមិសាស្ត្រ “។
ការដឹកជញ្ជូនទំនិញ ពីចុងបូព៏ាទៅទ្វីបអឺរ៉ុប តាម TransSib គឺស៊ីពេលតែ១០ថ្ងៃ បានន័យថា ៣ដង លឿនជាង តាមផ្លូវសមុទ្រ។ បើកាលមុន ដើម្បីធ្វើដំណើរពីក្រុង Sain Petersbourg ទៅក្រុង Vladivostok នៅចុងបូព៏ា គេត្រូវចំណាយពេលអស់១០ថ្ងៃ នោះក្រោយពីខ្សែផ្លូវ TransSib ដាក់ ឲ្យដើរដោយចរន្តអគ្គិសនីបាន១០០% តាំងពី ឆ្នាំ២០០២មក គឺស៊ីពេលតែ ៧ថ្ងៃប៉ុណ្ណោះ។ ក្នុងទូររថភ្លើងរត់តាម TransSib សម្រាប់តម្រូវការអ្នកធ្វើដំណើរ គឺមាន បណ្ណាល័យ បន្ទប់ងូត ទឹក សាលតន្ត្រី សាលហាត់កីឡា សាឡុងសម្រាកលំហែកាយ ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ