អានតួអត្ថបទ
បារាំង-រុស្ស៊ី

ភេរវកម្ម​ទីក្រុងនីស៖ ប្រធានាធិបតី​រុស្ស៊ី ថ្លែង​សារ​អំពាវនាវ​ឲ្យ​សាមគ្គី​គ្នា​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម

ប្រធានាធិបតីរុស្ស៊ី ពេល​ថ្លែង​សារ​​រំលែកទុក្ខ​ដល់​​ប្រជាជន​បារាំង តាមកញ្ចក់​ទូរទស្សន៍ ថ្ថៃទី​១៥ កក្កដា ២០១៦
ប្រធានាធិបតីរុស្ស៊ី ពេល​ថ្លែង​សារ​​រំលែកទុក្ខ​ដល់​​ប្រជាជន​បារាំង តាមកញ្ចក់​ទូរទស្សន៍ ថ្ថៃទី​១៥ កក្កដា ២០១៦ Sputnik/Kremlin/Alexei Nikolsky/via REUTERS
ដោយ៖ ម៉ម ពិសី
១២ នាទី

មួយថ្ងៃ​ក្រោយ​ភេរវកម្ម​នៅ​ទីក្រុង​នីស ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ស្លូតត្រង់​ប្រមាណ​ជា​៨៤​នាក់ ​លោក​ប្រធានាធិបតី​រុស្ស៊ី ​បាន​ថ្លែង​សារ​ជា​សារធារណៈ ​តាម​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី ​ដើម្បី​ជា​ការ​ចូលរួម​រំលែក​ទុក្ខ ​ ដល់​ប្រជាជន​បារាំង​ ដែល​បាន​រង​នូវ​អំពើ​ភេវកម្ម​ដ៏​ព្រៃផ្សៃ​ ជា​ថ្មី​ម្តងទៀត ​ កាល​ពី​យប់​ថ្ងៃ​ទី​១៤ ​ កក្កដា ​ដែល​ជា​ថ្ងៃ​បុណ្យជាតិ​បារាំង។ លោក​ប្រធានាធិបតី​ពូទីន​ បាន​ឈ្លៀត​បញ្ជាក់ ​ពី​ការ​សាមគ្គី​របស់​រុស្ស៊ី ​ក្នុង​ការ​ចាប់ដៃ​ជាមួយ​បារាំង ​ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហការ​គ្នា ​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ សារ​រំលែកទុក្ខ​របស់​​លោក​ ពូទីន ប្រធានាធិបតី​រុស្ស៊ី៖

"កាល​ពី​យប់​មិញ​នេះ ​យើង​ទាំងអស់​គ្នា ​បាន​ទទួល​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ពី​ប្រទេស​បារាំង ​ស្តីអំពី​អំពើ​ភេរវកម្ម​ដ៏​ថោកទាប​បំផុត។ ខ្ញុំយល់ ​ថា​ក្នុង​កាលៈទេសៈ​អាសន្ន​បែប​នេះ ​ លោក​ប្រធានាធិបតី​បារាំង ​ក៏ដូច​ជា​អាជ្ញាធរ​របស់​បារាំង​ទាំងអស់ ​ កំពុងតែ​រវល់​មមាញឹក​ណាស់ ​ ហើយ​ពុំ​មាន​ពេល​នឹង​អាច​និយាយ ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ខ្ញុំ​បាន​ទេ។​ ដូច្នេះ​ហើយ ​ ទើប​ខ្ញុំ​ធ្វើ​សារ​និយាយ​តាម​ទូរទស្សន៍ ​ដើម្បី​ថ្លែង​ចូលរួម​រំលែក​ទុក្ខ ​ដល់​ប្រជាជន​បារាំង។
 
ហ្វ្រង់ស័រ ​ជាទី​ស្រលាញ់​រាប់អាន ​ រុស្ស៊ី​ដឹង​និង​យល់​អំពី​ទុក្ខសោក ​ ដែល​បណ្តាល​មក​ពី​ការ​គំរាម​កំហែង​ភេរវកម្ម ​នៅក្នុង​សង្គម។ ប្រជាជន​យើង ​ បាន​ឆ្លង​កាត់ ​និង​ប្រឈមមុខ​ ជាច្រើន​លើក​ច្រើនសា ​នូវ​រឿងរ៉ាវ​អកុសល​បែប​នេះ។ ប្រជាជន​រុស្ស៊ី​យល់​យ៉ាង​ច្បាស់ពី​សេចក្តី​ទុក្ខ​ ហើយ​សូម​ចូលរួម​រំលែក​ទុក្ខ ​ និង​សូម​បង្ហាញ​ពី​ទឹកចិត្ត​សាមគ្គី​ ជាមួយ​ប្រជាជន​បារាំង​ ក្នុង​ពេល​នេះ។
 
អំពើ​ឧក្រិដ្ឋ​យង់ឃ្នង​ ដែល​បាន​កើតឡើង​នៅ​ទីក្រុង​នីស ​ បាន​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ ជាច្រើន​នាក់ ​ហើយ​ក្នុង​នោះ​ក៏​មាន​ជន​រងគ្រោះ​ជា​ជនជាតិ​រុស្ស៊ី​ផងទៀត។ នេះ​គឺ​ជា​អំពើ​មួយ​ ដ៏​សាហាវ​ព្រៃផ្សៃ ​រក​ប្រៀប​ផ្ទឹម​មិន​បាន។
 
ខ្ញុំសូម​ឆ្លៀត​ឱកាស​នេះ ​ រំលឹក​ជា​ថ្មី​ថា ​គឺ​មាន​តែ​ការ​សាមគ្គី​គ្នា ​ ចាប់ដៃ​ពួត​កម្លាំង​គ្នា​តែ​មួយ​គត់​ ដែល​​ធ្វើឲ្យ​យើង ​អាច​យក​ឈ្នះ​ក្រុម​ភេរវកម្ម​ដ៏​ថោកទាប​នេះ​បាន។
 

លោក​ប្រធានាធិបតី ​ជា​ទី​គោរព​ ខ្ញុំ​សូម​លោក​ទទួល​យក​នូវ​ការ​គោរព​ ចូលរួម​រំលែក​ទុក្ខ​ ព្រម​ជាមួយ​នឹង​ពាក្យ​ពេចន៍​ជម្រុញ​លើក​ទឹកចិត្ត ​ដល់​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ ​ហើយ​ក៏​សូមជូន​ពរ ​ដល់​អ្នក​រង​របួស​ទាំង​អស់​ ​ឆាប់បាន​ជា​សះស្បើយ​ឡើង​វិញ"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ