ទាហានអាមេរិកនិងហ្សកហ្ស៊ី ធ្វើសមយុទ្ធយោធារួមគ្នា ដ៏ធំមិនធ្លាប់មាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្របពេលដែលលោក ម៉ាយឃ៍ ភែនស៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិក បំពេញទស្សនកិច្ច នៅតំបន់អឺរ៉ុបខាងកើត កងទ័ពអាមេរិក និងកងទ័ពហ្សកហ្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ដ៏ធំមួយ ដោយមានការចូលរួមពីកងទ័ព នៃប្រទេសសមាជិកអូតង់ មួយចំនួនផងដែរ។ សមយុទ្ធយោធានេះ ធ្វើឡើងក្នុងបរិបទមួយ ដែលហ្សកហ្ស៊ី កំពុងជាប់ជំលោះជាមួយរុស្ស៊ី ហើយថែមទាំងបានបង្ហាញបំណងចង់ ក្លាយជាសមាជិកអង្គការអូតង់ទៀតផង។
លោក ម៉ាយឃ៍ ភែនស៍ អនុប្រធានាធិបតីអាមេរិក បានមកបំពេញទស្សនកិច្ច នៅប្រទេសអេស្តូនី ដែលស្ថិតនៅជាប់រុស្ស៊ីក្នុងតំបន់បាល់ទិក។ ទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិក បានចេញប្រតិបត្តិការដើរលួងចិត្ត ប្រទេសតូចៗក្នុងតំបន់អឺរ៉ុប នៃតំបន់បាល់ទិក និងតំបន់បាល់កង់ ដែលជាសមាជិកនៃអង្គការអូតង់ ថាកុំឲ្យបារម្ភ ព្រោះអាមេរិក នៅតែមានកំលាំង ហើយបើមានការអី អាមេរិក នឹងមកជួយភ្លាម។
បន្ទាប់ពីអេស្តូនី លោក អនុប្រធានធិបតីអាមេរិក បានទៅដល់ប្រទេសហ្សកហ្ស៊ី ជាទីដែលកងទ័ពអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាមួយកងទ័ពហ្សកហ្ស៊ី។ អាមេរិកបានបញ្ជូនរថក្រោះទំនើបរបស់ខ្លួន ប្រភេទ M1A2 Abrams និងប្រភេទ M2 Bradley.មកបង្អួតទៀតផង។ សមយុទ្ធយោធា ដែលត្រូវបន្តធ្វើ រហូតដល់ថ្ងៃទី ១២ សីហានេះ មានការចូលរួមពីទាហានហ្សកហ្ស៊ីចំនួន៨០០នាក់ ទាហានអាមេរិក១៦០០នាក់។ ក្រៅពីនេះ នៅមានទាហានប្រទេសសមាជិកអូតង់ប្រមាណ ៤០០នាក់ទៀត មានដូចជា ទាហានអាល្លឺម៉ង់ អង់គ្លេស អ៊ុយក្រែន អាកម៉េនី តួកគី និងស្លូវ៉េនី។
លោក Levan Izoria រដ្ឋមន្ត្រីក្រសួងការពារជាតិហ្សកហ្ស៊ី បានចាត់ទុកថា នេះគឺជាសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានទេ នៅលើទឹកដីហ្សកហ្ស៊ី។ តាមរយៈសមយុទ្ធយោធានេះ ហ្សកហ្ស៊ី បានបង្ហាញគោលជំហរយ៉ាងច្បាស់ ថាខ្លួនគាំទ្រអាមេរិក ហើយមានបំណងក្លាយជាសមាជិកថ្មី នៃអង្គការអូតង់។
គួររំលឹកថា ហ្សកហ្ស៊ី បានផ្តើមមានជំលោះពេញមុខជាមួយរុស្ស៊ី នៅឆ្នាំ២០០៨។ គ្រានោះ ហ្សកហ្ស៊ីចង់ចរចា ចូលជាសមាជិកអូតង់ ក៏ប៉ុន្តែ អ្វីៗត្រូវអាក់ខានទៅវិញ ដោយសាររុស្ស៊ីបានបញ្ជូនទ័ព គំរាមហ្សកហ្ស៊ី ហើយសង្រ្គាមផ្ទុះអាវុធ រវាងហ្សកហ្ស៊ី និងរុស្ស៊ី បានកើតឡើង នៅតំបន់ Ossétie ខាងត្បូង និងតំបន់ Abkhazie។
ហ្សកហ្ស៊ី ដែលស្ថិតក្នុងតំបន់កូកាស ចន្លោះរវាងតំបន់បាល់កង់ អាស៊ីខាងត្បូង និងដើមបូព៌ា គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ សំរាប់អាមេរិក និងរុស្ស៊ី។ ការពង្រឹងកម្លាំងរបស់អូតង់ នៅតំបន់បាល់កង់ តំបន់បាល់ទិក និងហ្សកហ្ស៊ីនាពេលនេះ ប្រាកដជានឹងធ្វើឲ្យរុស្ស៊ី មានប្រតិកម្មតបវិញមិនខាន ព្រោះរុស្ស៊ីតែងតែចាត់ទុកថា អូតង់កំពុងពង្រាយទ័ព ព័ទ្ធជុំវិញព្រំដែនខាងលិចរបស់រុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ