អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស​ចង់ផ្តាច់​ខ្លួន​ពី​សហភាព​អឺរ៉ុប​ទាំងស្រុង តែ​នឹង​ត្រលប់​មក​ចរចា​រក​ប្រយោជន៍​វិញ​ ឲ្យ​បាន​ច្រើន​បំផុត

សំឡេង ០៧:១៧
លោកស្រីTheresa May នាយករដ្ឋ​មន្ត្រី​​អង់គ្លេស ធ្វើបទ​បង្ហាញ​​អំពី​​ផែនការ​ "Brexit" របស់​អង់គ្លេស ថ្ងៃទី​១៧ មករា ២០១៧
លោកស្រីTheresa May នាយករដ្ឋ​មន្ត្រី​​អង់គ្លេស ធ្វើបទ​បង្ហាញ​​អំពី​​ផែនការ​ "Brexit" របស់​អង់គ្លេស ថ្ងៃទី​១៧ មករា ២០១៧ REUTERS/Kirsty Wigglesworth
ដោយ៖ ម៉ម ពិសី

សំណុំរឿង​ប្រទេស​អង់គ្លេស ​ដែល​ត្រូវ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ​កំពុង​បន្ត​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ ទាំង​ស្រប​ទាំង​មិន​យល់​ស្រប ​ បន្ទាប់​ពី​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​ធ្វើ​សុន្ទរកថា ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ​មករា។ សុន្ទរកថា​ដ៏វែង​អន្លាយ​របស់​លោកស្រី ​តេរ៉េសា ម៉េ ​បាន​បង្ហាញ​ជាលើក​ទីមួយ ​ ​ពីការ​គូសវាស​គោល​ដៅ​របស់​រដ្ឋាភិបាល​អង់គ្លេស ​នៅ​ក្រោយ​ពេល​ដែល​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប។ លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​អះអាង​ជា​អាថទិ៍​ថា ​អង់គ្លេស​ត្រូវតែ​ផ្តាច់​ខ្លួន​ចេញ​ពី​អឺរ៉ុប​ទាំង​ស្រុង​ជាមុន​សិន ​ បន្ទាប់​មក​ទៀត ​ អង់គ្លេស ​នឹង​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ទ្វេរភាគី​ ដែល​មាន​វិសាលភាព​ធំ​ ជាមួយ​សហភាព​អឺរ៉ុប។ នេះ​គឺ​ជា​ការ​បង្ហាញ​គោល​ជំហរ​ច្បាស់​របស់​អង់គ្លេស ​តែ​យ៉ាងណា​គោលជំហរ​បែបនេះ ​ត្រូវ​បាន​គេ​ចាត់​ទុកថា ​ជា​គោលជំហរ​បែប​សំឡឹង​តែ​ប្រយោជន៍​ខ្លួនឯង។

ផ្សាយពាណិជ្ជកម្ម

លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​និយាយ​ថា ​“អង់គ្លេស​ត្រូវតែ​ផ្តាច់ខ្លួន​ទាំង​ស្រុង​ពី​សហភាព ​ បន្ទាប់​មក​ទៀត​ចាំ​ត្រលប់​មកវិញ ​ដើម្បី​ចរចា​ធ្វើ​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី​ជាមួយ​សហភាព​អឺរ៉ុប”។ ពោល​គឺ​មានន័យ​ថា ​រដ្ឋាភិបាល​លោកស្រី ​តេរ៉េសា ម៉េ​ បាន​កំណត់​គោលដៅ ​ដែល​មាន​ពីរ​ចំណុច ។ ទីមួយ​គឺ ​ ធ្វើការ​ផ្តាច់​ខ្លួន​ពី​សហភាព​អឺរ៉ុប​ ពី​គ្រប់​វិស័យ​ទាំងអស់​ ដែល​ពី​មុន​អង់គ្លេស​មាន​ជាមួយ​អឺរ៉ុប ​ក្នុង​នាម​ជា​ប្រទេស​សមាជិក ​ ហើយ​ដំណាក់កាល​ទីពីរ ​ ពេល​ដែល​ផ្តាច់​ខ្លួន​ដាច់​ស្រលះ​ហើយ​ អង់គ្លេស​នឹង​ត្រលប់​ មក​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ​ ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​ទ្វេរភាគី ​ក្នុង​វិស័យ​ដែល​អង់គ្លេស​ចង់បាន។

 
លែងលះ​ឲ្យដាច់​ពី​សហភាព​អឺរ៉ុប​ តែ​នឹង​ត្រលប់​មកធ្វើ​កិច្ច​ព្រមព្រៀង​ទ្វេរភាគី​វិញ៖
នេះជា​លើក​ទីមួយ​ហើយ ​ ដែល​រដ្ឋាភិបាល​អង់គ្លេស​ បាន​បង្ហាញ​គោលដៅ​ច្បាស់ ​ព្រោះ​កន្លង​មក​គេ​ចេះ​តែ​ចោទសួរ​ ថា​អង់គ្លេស​ចង់​ធ្វើ​យ៉ាងម៉េច ​ជាមួយ​សហភាព​អឺរ៉ុប​ទៅ​ថ្ងៃមុខ។ គេ​មិន​ដឹង​ថា ​ទៅ​ថ្ងៃ​មុខ​ ​អង់គ្លេស​នឹង​សហភាព​អឺរ៉ុប​ មាន​ទំនាក់ទំនង​ក្នុង​វិស័យ​អ្វី​ខ្លះ​ជាមួយ​គ្នា​នោះ​ទេ។ ឥឡូវ​ពេលនេះ ​យើង​អាច​ដឹង​ខ្លះ ​ តាម​រយៈ​ប្រសាសន៍​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ ដែល​លោកស្រី​ចង់ឲ្យ​អង់គ្លេស​មាន​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី ​ដែល​មាន​វិសាលភាព​ធំ​បំផុត​ជាមួយ​សហភាព​អឺរ៉ុប ​តែ​លោកស្រី​បញ្ជាក់​ថា ​អង់គ្លេស​មិនចង់​បន្ត​ដាក់​ជើង​មួយ​ចំហៀង​នៅ​ក្នុង​ អឺរ៉ុប ​ ជើង​មួយ​ចំហៀង​ទៀត​ នៅ​ខាងក្រៅ​អឺរ៉ុប​ទេ

កាលពីមុន​ នៅ​ពេល​ដែល​អង់គ្លេស​នៅ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ​អង់គ្លេស​ត្រូវ​គោរព​លក្ខខណ្ឌ​នៃ​សិទ្ធិសេរីភាព​ទាំង​៤​ ដែល​ជា​គោលការណ៍​គ្រិះ​របស់​ទីផ្សារ​អឺរ៉ុប ​គឺ ​ទីមួយ ​សិទ្ធិ​ធ្វើ​ដំណើរ​ចេញ​ចូល​ដោយ​សេរី​របស់​ប្រជាជន​នៃ​ប្រទេស​សមាជិក​ទាំង​២៨​ប្រទេស ​ទីពីរ​គឺ​សេរីភាព​នៃ​ចរាចរណ៍​ទំនិញ ​ទីបី​ ​ចរាចរណ៍​ផ្នែក​សេវាកម្ម​ដោយ​សេរី ​ និង​ទីបួន​គឺ​ចរារចណ៍​ហិរញ្ញវត្ថុ​និង​ឥណទាន។

ចង់​បិទ​ព្រំដែន​មិន​ឲ្យ​គេចូល ​តែចង់​យក​ទំនិញ​ទៅលក់​នៅ​គេ​ ដោយ​មិនបាច់​បង់ពន្ធ៖
ប្រសាសន៍​លោកស្រី​តេរ៉េសា ម៉េ ​ជារួម​មាន​ន័យ​ថា ​អង់គ្លេស​នឹង​ដើរ​ចេញ​ពី​ទីផ្សារ​អឺរ៉ុប ​ពោល​គឺ​អង់គ្លេស​នឹង​លែង​គោរព​គោលការណ៍គ្រិះ​ទាំង​៤​នេះ​ទៀត​ហើយ។ តាម​ពិត​គោលការណ៍​តែ​មួយ​ទេ ​ដែល​អង់គ្លេស​មិន​ចង់​គោរព​ ​គឺ​ចរាចរណ៍​ដោយ​សេរី ​នៃ​ប្រជាជន​អឺរ៉ុប។ អង់គ្លេស​ចង់​បិទ​ព្រំដែន​ មិន​ចង់​ឲ្យ​មាន​គេចូល​ទៅ​រស់នៅ ​ រឺ​ធ្វើការ​ក្នុង​ស្រុក​ខ្លួន។ តែ ​អង់គ្លេស​ចង់​បន្ត​រកស៊ី ​យក​ទំនិញ​មក​លក់ ​ដោយ​មិន​បាច់​បង់​ពន្ធ​ក្នុង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត។ ត្រង់នេះ​ហើយ ​ ដែល​លោកស្រី ​នាយករដ្ឋ​មន្ត្រី​ថា ​ អង់គ្លេស ​នឹង​ជ្រើស​យក​វិស័យ​ណា ​ដែល​អង់គ្លេស​ចង់​បាន​ ដើម្បី​ចរចា​ធ្វើ​ជា​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី​ជាមួយ​សហភាព​អឺរ៉ុប ​ ឧទាហរណ៍​ដូចជា​វិស័យ​គយ ​ ពន្ធដា​ជាដើម។

សម្តី​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ថ្វី​បើ​វា​បាន​បង្ហាញ​គោលជំហរ​របស់​អង់គ្លេស ​ឲ្យ​បាន​ច្បាស់​ជាលើក​ទីមួយ​ក្តី ​ តែ​​សម្តី​គាត់ ​មាន​លក្ខណៈ​ផ្ទុយគ្នា​ ត្រលប់​ត្រលិន​មិន​ច្បាស់​ទាល់​តែ​សោះ។ បើ​និយាយ​ឲ្យ​ខ្លី​គឺ​គាត់​ថា ​អង់គ្លេស​អត់ចង់​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ទៀតទេ ​ព្រោះ​អង់គ្លេស​អត់​ចំណេញ ​ ​តែ​អង់គ្លេស​ចង់​នាំ​ទំនិញ​មក​លក់​ក្នុង​ទីផ្សារ​នេះ ​ក្នុង​លក្ខខណ្ឌដ៏​អំណោយផល​បំផុត ​ដូច​មុន​ដដែល។ យើង​ស្តាប់ទៅ​ គឺ​មាន​ន័យ​ថា​វា​ផ្ទុយ​គ្នា​បាត់​ទៅ​ហើយ។

ប្រជាជន​អង់គ្លេស​ភាគច្រើន ​ដែល​បាន​បោះ​ឆ្នោត​ប្រជាមតិ​ផ្តាច់ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ​គឺ​ម្នាក់ៗ​ បាន​លើក​ឡើង​ថា ​ម​ក​ពី​គេ​មិន​ចង់​ឃើញ​មាន​ ជន​បរទេស​ចូល​ទៅ​នៅ​អង់គ្លេស​ច្រើនពេក។ រដ្ឋាភិបាល​លោក​ស្រី​តេរ៉េសា ម៉េ ​ក៏គិត​អញ្ចឹង​ដែរ។ គាត់ចង់​ចេញ​ពី​ទីផ្សារ​អឺរ៉ុប ​ ព្រោះ​មិន​ចង់​គោរព​គោលការណ៍​ចរាចរណ៍​ដោយ​សេរី​របស់​ប្រជាជន​អឺរ៉ុប ​ទៅក្នុង​ទឹកដី​អង់គ្លេស។ ជាងនេះ​ទៅទៀត ​ អង់គ្លេស​អត់​ចង់​គោរព​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អឺរ៉ុប​ទេ។ ក៏​ប៉ុន្តែ​គាត់ចង់​ឲ្យ​មាន​ចរារចណ៍​ទំនិញ និង​ទ្រព្យសម្បត្តិ ​រឺ​ក៏​ឥណទាន ​ ដដែល។ អញ្ចឹង​ពេល​មាន​ការ​អី​ទៅ ​ទៅ​រក​យុត្តិធម៌​នៅ​ឯណា ​បើ​សិន​ជា​ប្រទេស​ទាំងអស់​ គ្មាន​ស្ថាប័ន​យុត្តាធិកា​រួម?

ចេះ​ឡើង​ដុះ​កន្ទុយ៖
យើងត្រូវ​ដឹង​ថា ​៤៤%​នៃ​ទំនិញ​របស់​អង់គ្លេស​ ​គឺ​នាំចូល​មក​ក្នុង​ផ្សារ​អឺរ៉ុប ​ដែល​មាន​ប្រទេស​២៧ ​និង​អ្នកទិញ​ទាំងអស់ ​៥០០​លាន​នាក់។ ទីផ្សារ​នេះ​ធំ​ណាស់ ​អញ្ចឹង​ហើយ​បាន​ជា​អង់គ្លេស​ មិន​ចង់​បាត់បង។ និយាយ​ងាយស្តាប់ ​គឺ​មាន​ន័យ​ថា ​អង់គ្លេស​អត់ចង់​ឲ្យ​អ្នក​ផ្សេង​ចូល​ស្រុក​ខ្លួន​ទេ ​ ​​តែ​បើ​លុយ​នឹង​ផលប្រយោជន៍​ផ្សេងៗ ​ចូល​បាន​ទាំង​អស់។ ត្រង់នេះ​ហើយ ​ ដែល​គេ​ថា​អង់គ្លេស​ចេះ ​ឡើង​ដុះ​កន្ទុយ។

យ៉ាងណាមិញ ​ទាក់ទិន​នឹង​វិស័យ​ពន្ធគយ។ តាម​ធម្មតា ​នៅក្នុង​ទីផ្សារ​រួម​របស់​អឺរ៉ុប​ ​គឺ​ប្រទេស​សមាជិក​ទាំងអស់​មិន​ត្រូវ​មាន​ពន្ធ​នាំចូល ​លើ​ទំនិញ​របស់​ប្រទេស​សមាជិក​មួយ​ទៀត​ទេ។ នេះ​គឺ​ហៅថា​ចរារចណ៍​ទំនិញ​ដោយ​សេរី។ ហើយ​ក្នុង​ន័យ​នេះ ​ប្រទេស​សមាជិក​ទាំងអស់ ​ត្រូវតែ​អនុវត្ត​តម្លៃ​ពន្ធ​គយ​តែ​មួយ ​លើ​ទំនិញ​ដែល​នាំចូល ​ពី​ប្រទេស​ផ្សេង​មិនមែន​ជា​សមាជិក​សហភាព​អឺរ៉ុប។ ត្រង់នេះ ​លោក​ស្រី​នាយករដ្ឋ​មន្ត្រី​អង់គ្លេស ​និយាយ​បែប​គ្មាន​ហេតុផល​សោះ ​ដោយ​ថា ​អង់គ្លេស​ចង់​ធ្វើ​កិច្ច​ព្រមព្រៀងលើ​វិស័យ​គយ​នេះ​ ជាមួយ​សហភាព​អឺរ៉ុប​ ពោល​គឺ​ចង់​សុំ​កុំ​ឲ្យ​មាន​ពន្ធ​គយ​លើ​ផលិតផល​អង់គ្លេស ​ក៏​ប៉ុន្តែ​អង់គ្លេស​សុំសិទ្ធិ​ កំណត់​តម្លៃ​ពន្ធ​នាំចូល​ដោយ​ខ្លួនឯង​ ទៅ​លើ​ទំនិញ​ប្រទេស​ដ៏ទៃ ​ដែល​មិនមែន​ជា​សមាជិក​អឺរ៉ុប។ ធ្វើ​បែប​នេះ ​គឺ​អង់គ្លេស ​លេង​ខ្សែលើ​ដាក់​សហភាព​អឺរ៉ុប ​ ស្រស់ៗ​តែម្តង។ ព្រោះថា​បើ​ធ្វើ​អញ្ចឹង​ប្រទេស​ផ្សេងៗ ​នឹង​នាំ​ទំនិញ​ចូល​អង់គ្លេស​ព្រោះ​មាន​ពន្ធ​ថោក​ជាង​អឺរ៉ុប​ បន្ទាប់​មក​ទៀត​ ចាំនាំ​ចូល​ផ្សារ​អឺរ៉ុប ​ជា​ការ​ស្រេច។

ស្រលាញ់​អឺរ៉ុប រឺ​ស្រលាញ់​តែ​ផលប្រយោជន៍​ដែល​បាន​មក​ពី​អឺរ៉ុប?
ក្រៅពី​សម្តី​បែប ​ផ្ទុយគ្នា ​ចង់បាន​បែបនេះ ​ មិន​ចង់​បាន​បែប​នោះ ​របស់​លោកស្រី​តេរ៉េសាម៉េ ​គាត់​ថែម​ទាំង​បាន​និយាយ​បែប​គំរាម​សហភាព​អឺរ៉ុប​ទៀតផង។ គាត់ថា​ ​បើ​សហភាព​អឺរ៉ុប ​ចង់​ឆក់​ឱកាស​នេះ​ចង់​ធ្វើបាប​ រឺ​សងសិក​អង់គ្លេស ​គឺ​កុំ​សង្ឃឹម​ឲ្យ​សោះ ​អង់គ្លេស​នឹង​សងសឹក​វិញ។ គាត់ថា ​អង់គ្លេស​មិន​ចង់​ឲ្យ​អឺរ៉ុប​លំបាក​ រឺ​ខាតបង់​ អ្វីទេ។ អង់គ្លេស​ចង់​ឃើញ​សហភាព​អឺរ៉ុប​ថ្កុំថ្កើន។

តែយើង​សួរ​បក​ទៅ​វិញ​ថា ​ អង់គ្លេស​ចង់​ឲ្យ​អឺរ៉ុប​ថ្កុំថ្កើន​យ៉ាងម៉េច ​ ​បើ​ពេល​មាន​បញ្ហា ​បែរ​ជា​ដាក់​មេផាយ ​ យ៉ាង​ដូច្នេះ។ ចង់ឲ្យ​អឺរ៉ុប​ថ្កុំថ្កើន ​ត្រូវ​សាមគ្គី​ជាមួយ​គ្នា ​ មិនមែន​ដើរ​ចេញ ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​រង្គើរ ​ដូច​ពេល​នេះ​ទេ។

គេជឿថា​ សហភាព​អឺរ៉ុប ​ នឹង​មិន​សុខចិត្ត​ខាតបង់​ច្រើន​ទេ។ សម្រាប់​ពេល​នេះ ​ ម្នាក់ៗ​បាន​សម្តែង​ការ​អបអរ ​ ដែល​ទី​បំផុត​រដ្ឋាភិបាល​អង់គ្លេស​បាន​បង្ហាញ​គោល​ជំហរ​ច្បាស់។ តែ​យ៉ាងណា ​រដ្ឋាភិបាល​អង់គ្លេស​ នៅ​មិន​ទាន់​ចាប់​ផ្តើម​អនុវត្ត​នីតិវិធី​លែង​លះ​គ្នា​ តាម​រយៈ​មាត្រា50​ នៅ​ឡើយ​ទេ។ បន្ទាប់​មក​ទៀត ​គឺ​ត្រូវ​មាន​ពេល​២ឆ្នាំ ​ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន​ ឲ្យ​ដាច់​ស្រលះ​ជាមុន​សិន។ ដូច្នេះ​ពេល​វេលា​នៅ​មាន​យូរ​ទៅមុខ​ទៀត។

កិច្ច​ព្រមព្រៀង​ទ្វេរភាគី ​ដែល​មាន​វិសាលភាព​ធំ​បំផុត ​ដែល​អង់គ្លេស​ចង់បាន ​ មិន​មែន​គ្រាន់​តែ​ថា ​ក៏​ចេញ​ជា​រូប​រាង​នោះទេ​។ រហូត​មក​ទល់​ពេល​នេះ ​ សហភាព​អឺរ៉ុប ​នៅ​មិន​ដែល​ធ្លាប់​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរភាគី ​ជាមួយ​ប្រទេស​ផ្សេង ​ដែល​មាន​ខ្លឹមសារ​ធំ​ទូលាយ ​ដូច​ដែល​អង់គ្លេស​ចង់​បាន​នោះ​ទេ។

ម្យ៉ាងវិញ​ទៀត ​គេ​ជឿថា​ អ្វីៗ​នឹង​លំបាក ​ ព្រោះ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ​ តួយ៉ាង​លោកស្រី​អង់ហ្គេឡា​ មែរគែល​ ជាដើម ​ ដែល​គាត់​បាន​និយាយ​ក្នុង​ន័យ​ថា ​អឺរ៉ុប​ មិន​មែន​ជា​សាលា​ឆទាន ​ ដែល​អ្នក​ចង់​មក​ស្នាក់​ម្តងម្កាល ​តាម​ចិត្ត​នឹក​ឃើញ ​ដោយ​មិន​ចូលរួម​កសាង​ថែរ​​រក្សា​នោះ​ទេ។ បើអ្នក​ចង់​បាន​ប្រយោជន៍​ពី​អឺរ៉ុប​ ​អ្នកក៏ត្រូវ​ត្រៀមខ្លួន​ទទួល​លក្ខខណ្ឌ​ដែល​ជា​គោលការណ៍​រួម​របស់​អឺរ៉ុប ​មិនមែន​យក​តែ​គោលការណ៍​ណា ​ដែល​ចំណេញ​ដល់​ខ្លួន​នោះ​ទេ។ ដូច្នេះ ​កិច្ច​ព្រមព្រៀង​ទ្វេរភាគី ​ប្រកប​ដោយ​វិសាល​ភាពធំ​ ដែល​លោក​ស្រី​តេរ៉េសា ម៉េ ​ស្រម៉ៃ​ចង់បាន ​ មិន​ប្រាកដ ​ថា​អាច​ក្លាយ​ជា​ការពិត​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ