អាជ្ញាធរអង់គ្លេសចុះឆែកឆេរ Cambridge Analytica ក្នុងរឿងរ៉ាវទិន្ន័យរបស់Facebook
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសោរ៍ ទៅ២៤មីនា អាជ្ញាធរអង់គ្លេស បានចុះទៅឆែកឆេរ ប្រមូលយកម៉ាស៊ីនផ្ទុកទិន្ន័យរបស់ក្រុមហ៊ុន Cambridge Analytica នៅទីក្រុងឡុងដ៍។ ការចុះឆែកឆេរនេះ គឺបន្ទាប់ពីមានផ្ទុះរឿងអាស្រូវថា ក្រុមហ៊ុននេះ បានស្រូបយកទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើFacebook ប្រមាណ៥០លានគណនី ដើម្បីយកទៅវិភាគ និងលក់បន្ត។ ដោយសារតែរឿងអាស្រូវនេះ ក្រុមហ៊ុនFacebook កំពុងតែទទួលរងសំពាធនយោបាយ កាន់តែខ្លាំងឡើង ចំណែកភាគហ៊ុនក៏បានធ្លាក់ចុះប្រមាណ៨%។
សមត្ថកិច្ចអង់គ្លេសនៃការិយាល័យត្រួវពិនិត្យទិន្ន័យព័ត៌មានវិទ្យា មានគ្នាប្រមាណ១៨នាក់ បានចុះទៅឆែកឆេរ ប្រមូលយកសម្ភារៈបច្ចេកវិទ្យាស្តុកទិន្ន័យរបស់ក្រុមហ៊ុន Cambridge Analytica។ អ្នកនាំពាក្យការិយាល័យនេះ បានបញ្ជាក់ថា ការឆែកឆេរបានចប់សព្វគ្រប់ ហើយពេលនេះ ក្រុមអ្នកជំនាញ កំពុងតែធ្វើការត្រួតពិនិត្យ លើម៉ាស៊ីនស្តុកទុនទិន្ន័យរបស់ក្រុមហ៊ុននេះ។
បើតាមសម្តីអ្នកនាំពាក្យដដែល បានឲ្យដឹងថា ការឆែកឆេរនេះ ធ្វើឡើង ក្នុងក្របខណ្ឌនៃការអង្កេត ស្តីពីការលួចស្តុក និងប្រើប្រាស់ទិន្ន័យឯកជនរបស់អ្នកប្រើប្រាស់ Facebook ដែលគេសង្ស័យថា ក្រុមហ៊ុនCambridge Analytica បានធ្វើសកម្មភាពជាច្រើនឆ្នាំមកហើយ។ ការិយាល័យត្រួតពិនិត្យទិន្ន័យព័ត៌មានវិទ្យា របស់អង់គ្លេស (ICO) បានធ្វើការស្នើសុំ ទៅចៅក្រុមតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ ដើម្បីអាចចុះទៅឆែកឆេរ រកភស្តុតាង។
សូមបញ្ជាក់ថា ក្រុមហ៊ុនCambridge Analytica កំពុងតែជាប់ចោទក្នុងរឿងអាស្រូវដ៏ធំ ថាបានបូមប្រមូលយកទិន្ន័យឯកជនរបស់អ្នកប្រើប្រាស់Facebook ប្រមាណជា៥០លានគណនី យកទៅវិភាគដើម្បីផលិតជាកម្មវិធីផ្សេង ដោយយោងលើកត្តាចិត្តសាស្ត្រ ចំណង់ចំណូលចិត្ត និងទំនោរនយោបាយរបស់អ្នកប្រើប្រាស់ម្នាក់។ ទិន្ន័យទាំងនេះ ត្រូវបានគេសង្ស័យថា ក្រុមហ៊ុននេះ យកទៅលក់បន្ត ឲ្យក្រុមការងារឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ។ សម្រាប់អង់គ្លេស គេកំពុងតែសង្ស័យថា ក្រុមហ៊ុននេះ ក៏អាចប្រមូលទិន្ន័យ ដើម្បីលក់បន្ត ឲ្យគេយកទៅប្រើប្រាស់ ក្នុងការអូសទាញសម្លេងឆ្នោត កាលពីក្នុងអំឡុងពេលបោះឆ្នោតប្រជាមតិ Brexit។
យ៉ាងណាមិញ Facebook កំពុងតែរងសំពាធយ៉ាងខ្លាំង ថាមិនបានធ្វើអ្វីសោះ ក្នុងការការពារទិន្ន័យឯកជននៃអ្នកប្រើប្រាស់ របស់ខ្លួន។ ថ្វីបើនាយក Facebook បានចេញមកសុំទោសជាសាធារណៈ តែចរន្តរិះគន់Facebook នៅមិនទាន់ថមថយឡើយ។ សភាអង់គ្លេស សភាអឺរ៉ុប និងសភាអាមេរិក មានគំរោងហៅតំនាងFacebook ទៅឆ្លើយបំភ្លឺទៀតផង។
ដោយឡែក កាលពីថ្ងៃសៅរ៍ទី២៤មីនា នេះដែរ មានដំណឹងមួយទៀត បានលេចឮតាមរយៈអ្នកប្រើប្រាស់ជនជាតិណូវែលហ្សេឡង់ម្នាក់ ថា Facebook បានប្រមូលដោយស្វ័យប្រវត្តិ នូវទិន្ន័យនៃការហៅទូរស័ព្ទចេញ ចូល របស់អ្នកប្រើប្រាស់ប្រព័ន្ធ Androïd បើទោះជាមិនបានប្រើកម្មវិធីគ្រប់គ្រងដោយFacebook ក៏ដោយ។ មកទល់ពេលនេះ គេមិនទាន់ទទួលបានការបំភ្លឺណាមួយ ពីFacebook ទាក់ទិននឹងដំណឹងនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ