អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ជោគជ័យ​គួរឲ្យ​ព្រួយ​បារម្ភ​ របស់​បក្ស​ស្តាំនិយម​ជ្រុល​អាល្លឺម៉ង់ ​ដែល​ឈាន​ទៅមាន​អាសនៈ​​ក្នុង​​សភា

សំឡេង ០៧:២៥
មេដឹកនាំ​បក្ស​ស្អប់​ជន​បរទេស ​​AfD ​ទាំងពីរ​នាក់ ​Alexander Gauland ​(ឆ្វេង) និង​ Alice Weidel (ស្តាំ)
មេដឹកនាំ​បក្ស​ស្អប់​ជន​បរទេស ​​AfD ​ទាំងពីរ​នាក់ ​Alexander Gauland ​(ឆ្វេង) និង​ Alice Weidel (ស្តាំ) REUTERS/Fabrizio Bensch
ដោយ៖ ម៉ម ពិសី
៥០ នាទី

លទ្ធផល​បោះឆ្នោត​សភា​ជាន់ទាប​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យទី​ ២៤​កញ្ញា ​បាន​បង្ហាញ​ពី​ជោគជ័យ​របស់​គណបក្ស​អភិរក្ស​និយម ​ដែល​ដឹកនាំ​ដោយ​លោកស្រី​អង់ហ្គេឡា មែរគែល។ លោកស្រី ​មែរគែល ​នឹង​អាច​រៀបចំ​រដ្ឋាភិបាល​ចំរុះ ​ ដែល​ត្រូវ​ជា​អាណត្តិទី​៤​សម្រាប់​លោកស្រី។ លទ្ធផល​បោះឆ្នោត​នេះ ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ​ ដោយសារ​តែ​គណបក្ស​ស្តាំ​និយម​ជ្រុល​ ដែល​គ្រប់​គ្នា​ស្គាល់ថា ​ជា​បក្ស​ដែល​សាបព្រួស​ទ្រឹស្តី​រើសអើង​ប្រកាន់​ពូជសាសន៍​ និង​ស្អប់​ជន​បរទេស​នោះ ​បាន​ឈាន​ទៅ​មាន​អាសនៈ​សភា ​ដល់​ទៅ​ជាង​៩០​កៅអី។ ការ​ឈាន​ឡើង​របស់​បក្ស​ស្តាំនិយម​ជ្រុល​អាល្លឺម៉ង់​នេះ ​បាន​ធ្វើ​ឲ្យ​គេ​នឹក​គិត ​ទៅដល់​អតីត​កាល ​នៃ​អាល្លឺម៉ង់ ​ណាហ្ស៊ីស ​កាល​ពី​ជំនាន់​សង្រ្គាម​លោក​លើក​ទី២។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ទៅ ​មិនមែន​មាន​តែ​នៅ​ក្នុង​មេទ្ទិញ​បក្ស​ទេ​ ដែល​លោកស្រី ​អង់ហ្គេឡា មែរគែល ​នឹង​ត្រូវ​សកម្មជន​បក្ស​ស្តាំ​និយមជ្រុល ​មក​ស្រែក​ជេរ​រំខាន។ ក្រុម​បក្ស​ស្តាំនិយម​ជ្រុល​អាល្លឺម៉ង់ ​ឈ្មោះថា​ AfD​ នឹង​អាច​ចូល​ទៅ​ក្នុង​សភា ​Bundestag ​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​រដ្ឋាភិបាល​របស់​លោកស្រី ​មែរគែល ​ដោយ​ផ្ទាល់​តែ​ម្តង។

AfD និង​តាម​យាយី ​លោកស្រី​មែរគែល!

លោក​ Alexander Gauland ​ប្រធាន​បក្ស​នេះ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្នុង​ពិធី​អបអរ​ជ័យ​ជំនះ​របស់​បក្ស​ខ្លួន​ថា ​អំណេះ​តទៅ ​អង់ហ្គេឡា ​“មែរគែល ​ត្រៀម​ខ្លួន​ទៅ​ បក្ស​AfD​យើង ​នឹង​តាម​យាយី​រំខាន ​ដើម្បី​ដណ្តើម​យក​ប្រទេស​យើង ​និង​ប្រជាជន​យើង​មក​វិញ”។ ចំណែក​ លោកស្រី ​Alice Weidel​ ថ្នាក់​ដឹកនាំ​មួយ​រូប​ទៀត​របស់​បក្ស​នេះ ​បាន​ថ្លែង​ថា ​អ្វី​ដែល​បក្ស​AfD ​នឹង​ធ្វើ​ដំបូង​បំផុត​ បន្ទាប់​ពី​បាន​ចូល​ទៅ​កាន់​កាប់​អាសនៈ​សភា ​គឺ​ត្រូវ​បង្កើត​គណកម្មការ​ពិសេស​មួយ ​ដើម្បី​ពិនិត្យ​ឡើងវិញ​ ពី​ចំនាត់ការ​របស់​លោកស្រី​មែរគែល ​ទាក់ទិន​ទៅ​នឹង​នយោបាយ​ ទទួល​យក​ជន​ភៀស​ខ្លួន។ សម្រាប់​លោកស្រី​ម្នាក់​នេះ ​ការ​ដែល​លោកស្រី​មែរគែល​សម្រេច​បើក​ព្រំដែន​ ទទួល​យក​ជន​ភៀសខ្លួន ​ គឺ​ជា​រឿង​ខុស​ច្បាប់។

យោង​តាម​លទ្ធផល​បោះឆ្នោត​សភា​Bundestag ​កាល​ពី​ថ្ងៃ​អាទិត្យ​បង្ហាញ​ថា ​ ​គណបក្ស​ស្តាំ​និយម​ជ្រុល ​AfD​ បាន​សម្លេង​ឆ្នោត​សរុប​ ប្រមាណ​ជា​ ១២,៦%។ លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ប្រជាធិប​តេយ្យ​អាល្លឺម៉ង់ ​បើក​ភ្នែក​ធំៗ។ វា​ជា​លើក​ទីមួយ​ហើយ ​បើគិត​ចាប់​ពី​ក្រោយ​សង្រ្គាម​លោក​លើក​ទី២​មក ​ដែល​បក្ស​ស្តាំ​និយម​ជ្រុល ​អាច​ឈាន​ទៅ​​ដាក់​គូទ​អង្គុយ​នៅក្នុង​សភា​Bundestag ​បាន។ ជា​គោលការណ៍ ​បក្ស​មួយ​អាច​ឈាន​ទៅមាន​អាសនៈ​ក្នុង​សភា ​លុះណា ​តែបាន​សម្លេង​ឆ្នោត​ចាប់​ពី​៥%​ឡើង​ទៅ។ វាកាន់​តែ​ភ្ញាក់​ផ្អើល​ទៅទៀត​ គឺ​បក្ស​AfD ​ដែល​ទើបតែ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៣​នេះ ​ បាន​សម្លេង​ឆ្នោត ​លើស​ពី​ការ​ប៉ាន់ស្មាន​របស់​ការ​ស្ទាបស្ទង់​មតិ​ទៅ​ទៀត។

AfD បក្ស​ជ្រុល​និយម​ប្រកាន់​ពូជ​សាសន៍ ​ក្លាយ​ជា​បក្សធំ​ទីបី​ក្នុង ​Bundestag

បក្ស ​AfD​ (Alternative for Deutchland) ដែល​គ្រប់គ្នា​ដឹង​ថា​មាន​ទំនោរ​ប្រកាន់​ពូជ​សាសន៍​បែប​ណាហ្ស៊ីស​ជំនាន់​ថ្មី ​យ៉ាង​ចំហរ​នេះ ​​ បាន​ក្លាយ​ខ្លួន​ជា​បក្ស​ដ៏​ធំ​ទីបី ​នៅ​ក្នុង​សភា​ជាន់​ទាប​អាល្លឺម៉ង់។ នេះ​ស​បង្ហាញ​ថា ​សូម្បី​តែ​អាល្លឺម៉ង់​ ដែល​មាន​សេដ្ឋកិច្ច​ល្អ​ដាច់​គេ​នៅ​អឺរ៉ុប​ ក៏​កំពុង​តែ​ជួប​វិបត្តិ​ នៃ​ការ​កើនឡើង​កម្លាំង​ របស់​ពួក​រើសអើង​ប្រកាន់​ពូជ​សាសន៍​នេះ​ដែរ។ ទ្រឹស្តី​ស្អប់​ជន​បរទេស ​ច្រាន​ចោល​ជាតិ​សាសន៍​ផ្សេង​ ដែល​មិនមែន​ជា​ជាតិ​អាល្លឺម៉ង់​សុទ្ធ​នេះ​ បាន​ធ្វើ​ឲ្យ​គេ​នឹក​ភ្នក​ ទៅដល់​របប​ផ្តាច់ការ​ហ៊ីទ្លែ​ ដែល​បាន​ដឹកនាំ​អាល្លឺម៉ង់ ​ឲ្យក្លាយ​ខ្លួន​ជា​ឃាតករ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ជ្វីហ្វ។

ជានិច្ច​ជាកាល ​ដែនដី​ឃោសនា​របស់​បក្ស​ស្តាំ​និយមជ្រុល ​គឺ​ស្ថិត​នៅ​តំបន់ ​អតីត​អាល្លឺម៉ង់​ខាងកើត ​ដែល​ធ្លាប់​ស្ថិត​ក្រោម​របប​កុម្មុយនីស្ត។ តំបន់​ទាំងនេះ​ ភាគច្រើន​ជា​តំបន់​កសិកម្ម ​ដាច់​ស្រយ៉ាល ​ពុំសូវ​ជា​មាន​សន្ទុះ​សេដ្ឋកិច្ច​ល្អ​ដូច​នៅ​តំបន់​ខាង​លិច​ទេ។ បញ្ហា​សេដ្ឋកិច្ច​នៅ​តំបន់​ទាំង​នោះ ​បាន​ធ្វើ​ឲ្យ​ប្រជាជន ​ងាយ​ធ្លាក់​ទៅក្នុង​ការ​ឃោសនា​បែប​ប្រកាន់​ពូជសាសន៍​របស់​បក្ស ​AfD។ ឧទាហរណ៍​ដូចជា​តំបន់​ Saxe​ ដែល​ស្ថិតនៅ​ខាង​កើត​បង្អស់​ ជាប់​ព្រំទល់​សាធារណៈ​រដ្ឋ​ឆេក ​ដែល បក្ស​ស្តាំ​និយម​ជ្រុល ​AfD​ នេះ​បាន​សម្លេង​ឆ្នោត​ខ្ពស់​បំផុត ​ដល់ទៅ​២៧% ​លើស​គណបក្ស​របស់​លោកស្រី​មែរគែល​បន្តិច​ទៀត​ផង។

ប៉ុន្តែ​លទ្ធផល​បោះឆ្នោត​លើក​នេះ ​បង្ហាញ​តួលេខ​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយទៀត ​គឺ​អ្នក​គាំទ្រ​បក្ស​ស្តាំ​និយម​ជ្រុល​AfD​ មិនមែន​មានតែ​ក្នុង​តំបន់​ភាគ​ខាងកើត​ទេ ​សូម្បី​តែ​នៅ​តំបន់​ភាគ​ខាង​លិច​ ក៏​កាន់តែ​សំបូរ​ដែរ។ ជាក់ស្តែង ​តំបន់​ Bavière ​ដែល​ជា​តំបន់​មាន​សន្ទុះ​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ មាន​អត្រា​អត់​ការងារ​ធ្វើ​ ត្រឹមតែ​៣%​ប៉ុណ្ណោះ ​ក៏​បក្ស​AfD ​នេះ​អាច​ប្រមូល​សម្លេង​ឆ្នោត ​បាន​ដល់​ទៅ​១២,៤%។ នេះស​បង្ហាញ​ថា ​ទ្រឹស្តី​ស្អប់​ជាតិ​សាសន៍​ផ្សេង​នេះ ​កំពុងតែ​មាន​សន្ទុះ​ជាថ្មី ​ក្នុង​សង្គម​អាល្លឺម៉ង់ ​ហើយ​ចូល​ជ្រាប​គ្រប់​តំបន់​ មិនថា​មាន​ឬ​ក្រ។

AfD ​ទាយាទ​នៃ​ទ្រឹស្តី​ហ៊ីទ្លែ​ណាហ្ស៊ីស

ជាមួយ​នឹង​ការ​មក​ដល់​យ៉ាង​គំហុក​នៃ​ជនភៀសខ្លួន ​មិន​ថា​ដោយសារ​សង្រ្គាម ​ឬ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច ​ សង្គម​អាល្លឺម៉ង់ ​កំពុងតែ​ប្រឈម​មុខ​នឹង​ការ​រើ​ឡើង​នូវ​ជំងឺ​ចាស់​ គឺ​ជំងឺ​ស្អប់​ជន​ជាតិ​​ផ្សេង ​ដែល​ខ្លួន​គិត​ថា ​មក​ចង់​តោង​ក្រេប​ជញ្ជក់​ភាព​មានបាន​ របស់​ប្រជាជន​អាល្លឺម៉ង់​ម្ចាស់​ស្រុក។ សម្រាប់​ពួក​ស្តាំ​និយម​ជ្រុល​ទាំង​នោះ ​ជន​អន្តោប្រវេសន៍ ​គឺមាន​ន័យ​ស្មើនឹង ​អំពើ​អាណាធិបតេយ្យ ​អំពើ​ហិង្សា​ឆក់​ប្លន់។ ពួក​អ្នក​រើសអើង​ប្រកាន់​ពូជ​សាសន៍​ទាំង​នេះ ​ជឿថា ​ជន​អន្តោប្រវេសន៍​ មក​ដណ្តើម​ការងារ​ខ្លួន ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ពួក​គេ​ជឿថា​ អាល្លឺម៉ង់ ​នឹង​ជួប​គ្រោះថា្នក់ ​បាត់បង់​អត្តសញ្ញាណ ​ដោយសារ​តែ​ពួក​អន្តោ​ប្រវេសន៍ ​ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។

ទាំងអស់​នេះ​ គឺជា​ពាក្យ​ឃោសនា ​បំភ័យ​របស់​បក្ស​AfD ​ដើម្បី​ពន្យុះ​ឲ្យ​មនុស្ស​សម្លឹង​ឃើញ​ ជន​ភៀសខ្លួន​ ដែល​រត់​គេច​ពី​សង្រ្គាម​នៅ​ស៊ីរី​ ថា​ប្រៀប​បាន​ជា​ចោរ ​ឬ​ជា​ជន​ភេរវកម្ម​អ៊ីស្លាម​ជាដើម។ នេះ​គឺ​ជា​ទ្រឹស្តី​លាប​ពណ៌ ​ទៅ​លើ​ជន​បរទេស​ដែល​បក្សនេះ​តែងតែ​ឃោសនា។ ក្រុម​មនុស្ស​ដៃជើង​របស់​បក្ស​នេះ ​ក៏​ធ្លាប់​បាន​ទៅ​ដុត​បំផ្លាញ ​មណ្ឌល​ស្នាក់នៅ​របស់​ជន​ភៀសខ្លួន ​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​រៀបចំ​កសាង។

លោក​ Gauland ​មេបក្ស​AfD ​ធ្លាប់​និយាយ​ថា ​“មាន​មោទនភាព​ណាស់ ​ចំពោះ​វីរភាព​របស់​កងទ័ព​អាល្លឺម៉ង់​ ក្នុង​ជំនាន់​សង្រ្គាម​លោក​លើក​ទី២”។ ចំនែក​អ្នកស្រី ​Weidel​ ក៏​ធ្លាប់​និយាយ​រិះគន់​លោកស្រី ​មែរគែល​ថា ​ជា​អាយ៉ង ​របស់​ពួក​សម្ព័ន្ធមិត្ត​ ដែល​ធ្លាប់​បាន​ឈ្លានពាន​អាល្លឺម៉ង់​ ក្នុង​ជំនាន់​សង្រ្គាម​លោក​លើក​ទី​ពីរ។ សម្តី​ថ្នាក់ដឹក​នាំ​បក្ស​ AfD ​ទាំង​ពីរ​រូបនេះ​ ស្តែងឲ្យ​ឃើញ​ថា​ ​វា​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ ​ថា​គណបក្ស​AfD នេះ​ ​គឺ​ជា​ទាយាទ​ នៃ​ទ្រឹស្តី​ហ៊ីទ្លែ ​ណាហ្ស៊ីស។

ឧបសគ្គ ​និង​ការ​ប្តេជ្ញាចិត្ត ​របស់​លោកស្រី មែរគែល ​និង​លោក​ម៉ាក្រុង

គេ​មិន​គួរ​ឆាប់​ភ្លេច​ទេ​ថា ​របប​ហ៊ីទ្លែ​ណាហ្ស៊ីស ​គឺ​ជា​របប​ដ៏​កាច​សាហាវ​ជួរជាតិ​បំផុត​លើ​លោក ​ដែល​បាន​កាប់​សម្លាប់​ប្រល័យ​ពូជសាសន៍​ជនជាតិ​ជ្វីហ្វ​ ហើយ​និង​បាន​ទន្ទ្រាន​ឈ្លានពាន​ដែនដី​អឺរ៉ុប​ទាំង​មូល។ តែ​ឥឡូវ​នេះ ​បក្ស​AfD​ ដែល​ជា​បក្ស​គាំទ្រ​ទ្រឹស្តី​ផ្តាច់ការ​ណាហ្ស៊ីស​នេះ ​មាន​សមាជិក​ចំនួន​៩៤​នាក់ ​ដែល​នឹង​​ត្រូវ​ក្លាយ​ខ្លួន​ជា​សមាជិក​សភា​Bundestag ​សម្រាប់​អាណត្តិ​ថ្មី​នេះ។

នេះ​គឺជា​ទំងន់​ទុក្ខ​មួយ​ដ៏​ធំ ​សម្រាប់​លោកស្រី ​អង់ហ្គេឡា មែរគែល ​ក៏ដូច​ជា​បក្ស​អភិរក្ស​និយម​របស់​លោកស្រី។ រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី ​ត្រូវតែ​ជីក​កកាយ​ឬស​គល់​ នៃ​ចរន្ត​ស្អប់ខ្ពើម​ជន​បរទេស​នេះ ​ឲ្យ​អស់​ពី​សង្គម​អាល្លឺម៉ង់។ លោកស្រី ​ក៏​ត្រូវ​ប្រឈម​មុខ​ និង​ការ​តវ៉ា​រិះគន់ ​របស់​សមាជិក​សភា ​របស់​បក្ស​AfD​ដែរ។ ជាមួយ​នឹង​សមាជិក​សាភា ​៩៤​នាក់ ​បក្ស​នេះ ​អាច​នឹង​រារាំង​ លោក​ស្រី​មែរគែល ​មិនឲ្យ​សម្រេច​ទិសដៅ​បាន។

តែយ៉ាង​ណា​ គេ​ជឿថា​ លោកស្រី ​មែរគែល ​ត្រូវតែ​បន្សល់​ទុក​ស្នាដៃ​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប។ គឺ​ស្នាដៃ ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប ​ឲ្យ​រឹងមាំ​ ​ដោយ​ឈរ​លើ​គោលការណ៍​​សាមគ្គី ​សហការ​គ្នា។ អាណត្តិ​ថ្មីនេះ​ គឺ​ជា​អាណត្តិ​ទី៤ ​ហើយ​អាច​ជា​អាណត្តិ​ចុងក្រោយ​របស់​លោកស្រី​ផង។​ គេ​ជឿថា​ លោកស្រី ​នឹង​មិន​រាថយ​ ចំពោះ​ឧបសគ្គ​ ដែល​បក្ស ​AfD​ នឹង​បង្ក​ឡើង​នោះ​ឡើយ។ បន្ថែម​ពីនេះ ​លោកស្រី ​មែរគែល ​មាន​បង្អែក​មួយ​ដ៏​រឹងមាំ​ គឺ​លោក​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល ​ម៉ាក្រុង។

អាល្លឺម៉ង់ ​និង​បារាំង ​គឺជា​ចលករ​ដ៏​សំខាន់​បំផុត​របស់​សហភាព​អឺរ៉ុប។ គឺ​សហភាព​អឺរ៉ុប​ ដែល​កើត​ចេញ​ពី​ការ​សាមគ្គី​គ្នា ​នេះ​ហើយ ​ដែល​បាន​ជួយ​ឲ្យ​អឺរ៉ុប​ ផ្សះផ្សារ​គ្នា ​ចាប់ដៃ​គ្នា​ឡើងវិញ​ នៅ​ក្រោយ​សង្រ្គាម​លោក​លើក​ទី២។ លោក​ម៉ាក្រុង ​បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត ​នៅ​ក្នុង​សន្ទរកថា​នៅ​ឯ​សកលវិទ្យាល័យ ​Sorbonne ​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៦​កញ្ញាថា​ បារាំង​ រឹងមាំ​ លុះ​ណា​តែ​អឺរ៉ុប​រឹងមាំ។ លោក​មាន​ចេតនា​ធ្វើ​កំណែ​ទម្រង់​សហភាព​អឺរ៉ុប​ជា​ច្រើន​ចំណុច ​ដើម្បី​ស្តា​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ​ហើយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ថ្មី​ឲ្យ​អឺរ៉ុប។

ពិតណាស់ ​ដែលថា ​លោកស្រី​មែរគែល ​និង​លោក ម៉ាក្រុង ​តែ​ពីរ​នាក់​ ពុំអាច​ធ្វើ​អ្វី​កើត​ទេ។ ក៏​ប៉ុន្តែ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ ​គេ​គួរ​ណាស់តែ​មាន​សុទិដ្ឋិនិយម។ អ្វីៗ ​ត្រូវ​ចាប់​ផ្តើម​ពី​សូន្យ​ទៅ។ សន្ទុះ​ស្វាហាប់ ​របស់​មេដឹកនាំ​ទាំង​ពីរ​ បារាំង​ អាល្លឺម៉ង់ ​នឹង​អាច​ជួយ​ជ្រោង​មតិ​សាធារណៈ ​និង​​មេដឹកនាំ​ផ្សេងទៀត​ ​ឲ្យ​ចូលរួម​ កសាង​អឺរ៉ុប​សន្តិភាព​ សាមគ្គី​គ្នា ​ស្រលាញ់​គ្នា ​គោរព​គ្នា។ អឺរ៉ុប​ត្រូវតែ​ចាប់​ដៃ​គ្នា ​ដើម្បី​ប្រឆាំង​នឹង​ចរន្ត​គំនិត​ប្រកាន់​ពូជសាសន៍ ​និង​ការ​ស្អប់ខ្ពើម​មនុស្ស​ដូចគ្នា ​ដែល​ជា​ប្រភព​នៃ​សង្រ្គាម​វិនាសកម្ម។ ដរាប​ណា ​ប្រជាជន​អឺរ៉ុប​ នៅតែ​ស្អប់​គ្នា ​រើសអើង​គ្នា ​នោះ​សហភាព​អឺរ៉ុប ​ប្រាកដ​ជា​ជួប​គ្រោះថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ