ក្រុមចលនាស្អប់សាសនាអ៊ីស្លាម អំពាវនាវឲ្យធ្វើបាតុកម្មប្រឆាំងជនភៀសខ្លួន និងសាសនាអ៊ីស្លាម ទូទាំងអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមចលនាប្រកាន់ពូជសាសន៍របស់អាល្លឺម៉ង់ ដែលស្អប់ខ្ពើមជនបរទេសជាពិសេស ប្រជាជនកាន់សាសនាអ៊ីស្លាម បានអំពាវនាវឲ្យមានបាតុកម្ម ទូទាំងអឺរ៉ុប នៅថ្ងៃសៅរ៍ទី ៦ កុម្ភៈនេះ ដើម្បីប្រឆាំងនឹងជនភៀសខ្លួន ព្រមទាំងសាសនាអ៊ីស្លាម ដែលពួកជ្រុលនិយមនេះយល់ថា កំពុងតែរុករានទន្រ្ទានទ្វីបអឺរ៉ុប។ អាជ្ញាធរប្រទេសជាច្រើននៅអឺរ៉ុប កំពុងតែមានការព្រួយបារម្ភ ពីការប៉ះទង្គិចគ្នា រវាងក្រុមអ្នកធ្វើបាតុកម្ម ប្រឆាំង និងក្រុមអ្នកធ្វើបាតុកម្មគាំទ្រ ដែលនឹងអាចកើតមានឡើងដោយចៀសមិនរួច។
តើក្រុម Pegida ជាអ្វី?
ក្រុមស្តាំនិយមជ្រុល ប្រកាន់ពូជសាសន៍នេះ ដែលមានឈ្មោះហៅកាត់ថា Pegida គឺមានដើមកំណើតនៅទីក្រុងដ្រេសដ៍ ភាគខាងកើតអាល្លឺម៉ង់។ ចលនាក្រុមនេះ មានលេចចេញជារូបរាង្គ នៅរវាងចុងឆ្នាំ២០១៤ ក្នុងខណៈពេលដែលអាល្លឺម៉ង់ កំពុងតែជួបវិបត្តិក្នុងបញ្ហាលំហូរជនភៀសខ្លួន មកពីតំបន់ដើមបូព៌ា។ ចលនានេះ គឺជាបណ្តុំមនុស្ស ដែលមានគំនិត និងការយល់ឃើញថា ទ្វីបអឺរ៉ុបដែលមានប្រពៃណីកាតូលិកពីអតីតកាល កំពុងតែវិនាសបន្តិចម្តងៗ ដោយសារតែពួកជនអន្តោប្រវេសន៍ ដែលកាន់សាសនាអ៊ីស្លាម។ ពោលគឺពួកគេយល់ថា សាសនាអ៊ីស្លាម កំពុងតែបំផ្លាចទ្វីបអឺរ៉ុប។
នេះជាគំនិតរើសអើង ជ្រុលនិយមដែលយើងមិនអាចទទួលយកបានទេ បើយើងក្រលេកទៅមើលអតីតកាលរបស់អាល្លឺម៉ង់ កាលពីជំនាន់សង្រ្គាមលោកលើកទីពីរ ដែលពួកណាហ្សីសអាល្លឺម៉ង់ បានសម្លាប់ប្រជាជនជ្វីហ្វរាប់លានអ្នក ដោយសារតែគំនិតប្រកាន់ពូជសាសន៍ ជ្រុលនិយមរបៀបនេះ។
ចាប់តាំងពីបានបង្កើតមក ក្រុមនេះបានប្រកូកប្រកាសឲ្យមានក្បួនបាតុកម្មជារៀងរាល់ល្ងាចថ្ងៃចន្ទ។ បាតុកម្មថ្ងៃចន្ទនេះ បានក្លាយទៅជាអាវុធ របស់ពួកអ្នកនយោបាយស្តាំនិយមជ្រុល និងពួកឱកាសនិយម នៅអាល្លឺម៉ង់។ ក្រុមPegida នេះកំពុងតែបានទទួលការគាំទ្រច្រើន គួរឲ្យព្រួយបារម្ភ ដោយពួកវាឆ្លៀតឱកាស ដែលអឺរ៉ុបកំពុងវិកវររឿងជនអន្តោប្រវេសន៍ច្រើនដោះស្រាយមិនចេញ ហើយបូកបន្ថែមជាមួយអំពើភេរវកម្មផ្ទួនៗ ដែលបង្កឡើងដោយក្រុមជីហាដអ៊ីស្លាម ទៀត។ ក្រុមនេះ បានលាបពណ៌ទាំងស្រុងថា ទាំងអស់នេះសុទ្ធជាទង្វើររបស់ប្រជាជនអ៊ីស្លាម។
បាតុកម្ម "មហាកំផែងការពារអឺរ៉ុប ប្រឆាំងនិងសាសនាអ៊ីស្លាម"៖
នៅថ្ងៃសៅរ៍នេះ ក្រុមPegida មានគម្រោងធ្វើបាតុកម្មដ៏ធំមួយនៅ ទីក្រុងដ្រេសដ៍។ បើតាមការស្មានអាចមានមនុស្សចូលរួមប្រហែលជា ១៥០០០នាក់។ ពួកនេះកន្លងមកធ្លាប់ធ្វើសកម្មភាពហឹង្សាសាហាវណាស់ ដោយនាំគ្នាព្រួតវាយជនអន្តោប្រវេសន៍តាមផ្លូវ។ ករណីដុតមណ្ឌលស្នាក់នៅរបស់ជនភៀសខ្លួន នៅអាល្លឺម៉ង់ ក៏ជាស្នាដៃរបស់ក្រុមនេះដែរ។ អ្វីដែលអាជ្ញាធរព្រួយបារម្ភទៀតគឺ ការប៉ះទង្គិចគ្នានឹងអាចកើតមានឡើង ព្រោះថានៅថ្ងៃនេះ ក្រុមចលនាឆ្វេងនិយម ដែលអំពាវនាវឲ្យរួមរួមគ្នា កុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍គ្នា ក៏នឹងធ្វើបាតុកម្មទល់ជាមួយនឹងក្រុមPegida នេះដែរ។
ក្រុមនេះបានអំពាវនាវ ឲ្យមានបាតុកម្មទូទាំងអឺរ៉ុប នៅបារាំង ប៊ែលហ្សិក ស្វីស ឆែក និងប៉ូឡូញជាដើម។ ឃ្លាឃោសនារបស់ក្រុមនេះ គឺគេសរសេរថា មហាកំផែងការពារអឺរ៉ុប ប្រឆាំងនិងសាសនាអ៊ីស្លាម។ នៅបារាំង ក្បួនបាតុកម្ម គឺមានគម្រោងធ្វើនៅទីក្រុងកាឡេ ភាគខាងជើង។ ទីក្រុងកាឡេនេះជាចំណុចស្នូលសំខាន់ណាស់ ព្រោះកន្លែងនេះហើយ ដែលមានជំរុំជនភៀសខ្លួន ជាង៤ពាន់នាក់ ដែលកំពុងតែស្នាក់នៅយ៉ាងអនោចអធម្ម តាមគំពតព្រៃ។
បារាំងហាមឃាត់មិនឲ្យមានបាតុកម្ម ខ្លាចក្រែងការប៉ះទង្គិចគ្នា៖
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានសម្រេចហាមឃាត់ មិនឲ្យមានបាតុកម្មអ្វីទាំងអស់ ដោយសំអាងលើការប៉ះទង្គិចគ្នាដោយហឹង្សា ដែលនឹងអាចកើតមានឡើង ព្រោះថាបើអនុញ្ញាត ឲ្យក្រុមនេះធ្វើបាតុកម្ម គេត្រូវអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រជួយជនអន្តោប្រវេសន៍ធ្វើបាតុកម្មដែរ។ ដូច្នេះក្រុមទាំងពីរនេះ ពិតជាអាចប៉ះទង្គិចគ្នា ហើយអំពើហឹង្សាវាយគ្នា ពិតជាអាចកើតមាន ដោយចៀសមិនរួច។ យ៉ាងណាក៏ដោយ មេចលនាជ្រុលនិយមជ្រុលនេះ បានបញ្ជាក់ថា ទោះអាជ្ញាធរហាមឃាត់ ក៏គេនៅធ្វើដែរ ព្រោះសិទ្ធិធ្វើបាតុកម្មជាសិទ្ធិមូលដ្ឋានរបស់គេ។
ក្រៅពីគម្រោងបាតុកម្មនៅក្រុងកាឡេ នៅបារាំងនៅមានគម្រោងបាតុកម្មជាច្រើនកន្លែងផ្សេងទៀត ដូចជានៅ Bordeaux Montpelier ជាដើម។ អាជ្ញាធរ មិនថានៅបារាំង ស្វីស ប៊ែលហ្សិក រឺអាល្លឺម៉ង់ កំពុងតែត្រៀមកំលាំង ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហឹង្សា តែទោះជាយ៉ាងណា គេនៅតែបារម្ភថា អាជ្ញាធរមិនអាចទប់ឈ្នះទេ។
Pegida មានមហិច្ឆិតាពង្រីកបណ្តាញពាសពេញទ្វីបអឺរ៉ុប៖
ជាការពិត មែកធាងរបស់ចលនាជ្រុលនិយមអាល្លឺម៉ង់ កំពុងតែរីកដុះដាលតាមបណ្តាប្រទេសផ្សេងៗ ដូចជានៅបារាំង អេស្ប៉ាញ ឆេក ហុងគ្រី ប៊ែលហ្សិក ស្វីស អូទ្រីស និងប៉ូឡូញជាដើម។ តាមការសន្និដ្ឋានក្រុមនេះ មានមហិច្ឆិតា បង្កើតបណ្តាញប្រទាក់ក្រឡាគ្នាទូទាំងអឺរ៉ុបតែម្តង។ គ្រាន់តែថាកម្លាំងគាំទ្រ នៅតាមបណ្តាប្រទេសនិមួយ មានមិនស្មើគ្នាទេ។ វិធីសាស្ត្រអូសទាញរបស់ក្រុមនេះ គឺលាបពណ៌ ដាក់កំហុសទៅលើជនភៀសខ្លួន ទៅលើអ្នកកាន់សាសនាអ៊ីស្លាមទូទៅ ដែលជាប្រជាជនស្លូតត្រង់មិនដឹងអីសោះ។ ការឃោសនា គឺអាចធ្វើបានដោយងាយស្រួល តាមរយៈបណ្តាញសង្គម ដូចជា Facebook Twitter ជាដើម។
យ៉ាងណាក៏ដោយ មានការយល់ឃើញផ្សេងគ្នា អំពីឥទ្ធិពលរបស់ក្រុមជ្រុលនិយមនេះ នៅទូទាំងអឺរ៉ុប។ មតិមួយចំនួនយល់ថា ក្រុមនេះជាក្រុមឆក់ឱកាសនិយម ដើម្បីសាបព្រួសគំនិតប្រកាន់ពូជសាសន៍ទូទាំងអឺរ៉ុប ហើយវាមិនមែនមានតែនៅអាល្លឺម៉ង់ទេ តែក្រុមនេះកំពុងតែអូសទាញបានមនុស្សតាមប្រទេសផ្សេងទៀតនៅអឺរ៉ុបដែរ។
គំនិតមួយផ្នែកទៀតយល់ថា ទោះបីជាក្រុមនេះមានអ្នកគាំទ្រ តាមប្រទេសច្រើនក្តី ក៏កំលាំងនៃចលនាគាំទ្រ មានមិនស្មើគ្នាទេ។ ថ្ងៃនេះពួក Pegida នេះប្រកាសថាមានមនុស្សប្រហែល១៥០០០នាក់ចូលរួមបាតុកម្ម នៅទីក្រុងដ្រេសដ៍។ ក៏ប៉ុន្តែគេមិនជឿថា នៅទីក្រុងផ្សេងទៀត នៅអឺរ៉ុប មានមនុស្សច្រើនដល់ថ្នាក់នេះទេ។
ការប្រកាន់ពូជសាសន៍ស្អប់ខ្ពើមគ្នា នឹងនាំឲ្យវិនាស៖
យ៉ាងណាក៏ដោយ ទោះចំនួនគាំទ្រចលនានេះ មានតិចច្រើនក្តី គេមិនអាចធ្វេសប្រហែសបានទេ។ គំនិតប្រកាន់ពូជសាសន៍ ស្អប់ខ្ពើមមនុស្សដូចគ្នានេះ វាគឺជារឿង ដែលមិនអាចទទួលយកបានទេ ក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ សម័យនេះជាសម័យសកលភាវូបនីយកម្ម មិនមែនជាសម័យបូរាណ ដែលត្រូវធ្វើកំពែងការពារនគររៀងៗខ្លួន ឬធ្វើសង្រ្គាមកាប់ចាក់ ដណ្តើមដីគ្នាទៀតទេ។ ប្រវត្តិសាស្រ្តបានបង្រៀនយើងគ្រប់គ្រាន់ហើយ ដូច្នេះសូមកុំដើរជាន់ដាននេះតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ