អេស្ប៉ាញ-បាល់ទាត់

តារា​បាល់ទាត់​​ គ្រីសយ៉ាណូ រ៉ូណាល់ដូ ​​ត្រូវ​​​តុលាការ​​អេស្ប៉ាញ​​កោះហៅ ​​រឿង​​បន្លំ​​ពន្ធ​​ជាង​​១០​លាន​អឺរ៉ូ

Cristiano Ronaldo
Cristiano Ronaldo REUTERS/Rafael Marchante

កំពូល​តារា​បាល់ទាល់​ពិភពលោក ​ គ្រីសយ៉ាណូ រ៉ូណាល់ដូ ​ត្រូវ​បាន​តុលាការ​ប្រទេស​អេស្ប៉ាញ ​ កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ ​កាល​ពី​ថ្ងៃ​ទី ​៣១​កក្កដា​ ម្សិលមិញ។ អាជ្ញាធរ​អេស្ប៉ាញ ​បាន​សង្ស័យ​ថា ​កីឡាករ​ដែលរក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​រូបនេះ ​ បាន​កិបកេង​បន្លំ ​មិន​ព្រម​បង់​ពន្ធ​ជូន​រដ្ឋ​អេស្ប៉ាញ ​ដល់ទៅ​ជាង​១០​លាន​អឺរ៉ូ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​តារាង​បាល់ទាត់ ​មាន​អាជ្ញា​កណ្តាល​ជា​អ្នក​ចាំ​ដាក់​ពិន័យ ​ឯនៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក្នុង​សង្គម​ គឺមាន​ចៅក្រម​នឹង​តុលាការ។ កំពូល​ជើងឯក​ទាត់​បាល់ ​ គ្រីសយ៉ាណូ រ៉ូណាល់ដូ ​បើ​ទោះជា​បាន​ពាន​រង្វាន់​បាល់មាស ​ដល់​ទៅ​៤ដង ​ ក៏​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បានដែរ។

ព្រឹកម៉ោង​១១​ព្រឹក ​ គ្រីសយ៉ាណូ រ៉ូណាល់ដូ ​បាន​មក​ដល់​តុលាការ​តំបន់​ Pozuelo de Alarcon ​នៅ​ជាយ​ក្រុង ​ម៉ាឌ្រីត​ ​ដោយ ​ចូល​តាម​ផ្លូវ​ក្រោយ ​ដើម្បី​គេច​ចេញ​ពី​កាមេរ៉ា ​របស់​អ្នក​កាសែត​រាប់​រយ​អ្នក។ រដ្ឋអាជ្ញា​អេស្ប៉ាញ ​បាន​ចោទ​ប្រកាន់ ​កំពូល​ជើងឯង​ទាត់​បាល់​រូប​នេះ ​ថាបាន​កេង​បន្លំ​ មិន​ប្រកាស​ពន្ធ ​និង​មិន​បង់​ពន្ធ​ជូន​រដ្ឋ​អេស្ប៉ាញ ​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ ប្រមាណ​ជា​១៤,៧​លាន​អឺរ៉ូ។

យោង​តាម​ការ​ចោទ​ប្រកាន់ ​គ្រីសយ៉ាណូ រ៉ូណាល់ដូ ​បាន​ប្រកាស​ពន្ធ​នៅ​អេស្ប៉ាញ​តែ​ចន្លោះពី​ឆ្នាំ​​២០១១​ ដល់​២០១៤។ តែ​តាម​ការពិត​ តារា​បាល់ទាត់​រូប​នេះ ​បាន​មក​តាំងទី​លំនៅ​ ក្នុង​ទឹក​ដី​អេស្ប៉ាញ ​តាំងតែ​ពីឆ្នាំ​២០០៩​ម្លេះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​អាជ្ញាធរ​អេស្ប៉ាញ ​បាន​រក​ឃើញ​ថា ​គ្រីសយ៉ាណូ រ៉ូណាល់ដូ ​បាន​ប្រើប្រាស់​វិធី​កិបកេង​គេច​ពន្ធ​ តាម​រយៈ​ការ​ចុះ​បញ្ជី​បង្កើត​ក្រុមហ៊ុន​ខ្មោច​ នៅ​តាម​ដែនដី​មួយ​ចំនួន​ ដែល​យក​ពន្ធ​ទាប​បំផុត។ ទឹក​ប្រាក់​នោះ​ បើ​គិត​ពី​ឆ្នាំ​២០១៥​មក​ គឺ​ស្មើ​នឹង​ ២៨,៤លាន​អឺរ៉ូ​ ហើយ​ជា​ប្រាក់​បាន​មក​ពី​កិច្ច​សន្យា​ផ្សាយ​ពាណិជ្ជកម្ម​នានា។

តាម​ការ​ស្មាន ​ គ្រីសយ៉ាណូ​ រ៉ូណាល់ដូ ​អាច​នឹង​ត្រូវ​តុលាការ​ពិន័យ​ឲ្យ​បង់ប្រាក់​ ទៅ​រដ្ឋ​អេស្ប៉ាញ ​ប្រមាណ​២៨​លាន​អឺរ៉ូ​​ បន្ថែម​ជាមួយ​ទោស​ជាប់​ពន្ធនាគារ​ ៣ឆ្នាំ ​ផង​ដែរ។ រឿង​អាស្រូវ ​គេចពន្ធ ​ចំពោះ​មុខ​តុលាការ​អេស្ប៉ាញ​នេះ ​ បាន​ធ្វើ​ឲ្យ​គ្រីសយ៉ាណូ ​រ៉ូណាល់ដូ ​រករឿង​មួរម៉ៅ ​ចង់​ឈប់​នៅ​ក្នុង​ក្លឹប​ Real Madrid​ ទៀត​ផង។ យ៉ាង​ណាមិញ ​អគ្គនាយក​ក្លឹប​នេះ ​ បាន​ចេញ​មុខ​មក​និយាយ​បញ្ជោរ ​គ្រីសយ៉ាណូ ​រ៉ូណាល់ដូ ​ព្រោះ​មិន​ចង់​បាត់​បង់​កីឡាករ​ដ៏​ឆ្នើម​របស់​ខ្លួន។

សូមបញ្ជាក់​ថា​ ករណី​បង្វែរ​ប្រាក់​ទៅ​លាក់​ដើម្បី​គេច​មិន​បង់​ពន្ធ​នេះ ​ ​វា​ជា​រឿង​សឹងតែ​សាមញ្ញ​ទៅ​ហើយ ​ជាមួយ​នឹង​កីឡាករ​បាល់ទាត់​ល្បីៗ ​ដែល​រក​ចំណូល​បាន​ច្រើន​កប់​ពពក។ យ៉ាង​ណាមិញ ​ កាលពី​ឆ្នាំ​ទៅ ​គូ​ប្រជែង​របស់​រ៉ូណាល់ដូ ​នៅ​ក្លឹប ​FC Barcelona Lionel Messi ​ក៏​ត្រូវ​បាន​តុលាការ​អេស្ប៉ាញ ​ពិន័យ​ឲ្យ​បង់​ប្រាក់​សង​រដ្ឋ​អេស្ប៉ាញ​ ចំនួន​ជាង​២លាន​អឺរ៉ូ ​រួម​ជាមួយ​នឹង​ប្រាក់​ធានា​ ឲ្យ​នៅ​ក្រៅឃុំ​ចំនួន​២សែន​៥ម៉ឺន​អឺរ៉ូ​​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI