ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​កាតាឡូញ៉ា​ មិនព្រម​រៀបចំ​ការ​បោះឆ្នោត​ ខណៈព្រឹទ្ធសភា​អេស្ប៉ាញ​អាច​សម្រេច​ដក​ស្វយ័តភាព​

សំឡេង ០៦:១៨
មេដឹកនាំរដ្ឋបាលកាតាឡូញ៉ា លោក​Carles Puidgemont  នៅថ្ងៃទី ២៦ តុលា ២០១៧
មេដឹកនាំរដ្ឋបាលកាតាឡូញ៉ា លោក​Carles Puidgemont នៅថ្ងៃទី ២៦ តុលា ២០១៧ REUTERS/Yves Herman

វិបត្តិតំបន់កាតាឡូញ៉ានៅអេស្ប៉ាញ កាន់តែលង់ជ្រៅទៅៗ  ដោយសារតែពុំមានសញ្ញាវិជ្ជមានណាមួយ ស្តីពីរចរចាគ្នាទាល់តែសោះ។ រដ្ឋាភិបាលអេស្ប៉ាញ បានគំរាមប្រើមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញ ដើម្បីច្បាមយកមកគ្រប់គ្រងជាបណ្តោះអាសន្ន នូវតំបន់ស្វយ័តកាតាឡូញ៉ា  លើកលែងតែរដ្ឋបាលតំបន់នេះ សុខចិត្តប្រកាសរៀបចំការបោះឆ្នោតមុនអាណត្តិ។ ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍​ ប្រមុខដឹកនាំតំបន់កាតាឡូញ៉ា​ បានបដិសេធ មិនព្រមរៀបចំការបោះឆ្នោតទេ។ នៅថ្ងៃសុក្រនេះ ព្រឹទ្ធិសភាអេស្ប៉ាញ នឹងត្រូវបើកការប្រជុំ ដើម្បីផ្តល់សិទ្ធិ ឲ្យរដ្ឋាភិបាលអេស្ប៉ាញ អនុវត្តមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញ។

ផ្សាយពាណិជ្ជកម្ម

ពន្លឺដំណោះស្រាយដោយការចរចានោះគ្មានទេ  គឺមានតែការគំរាមគ្នាទៅវិញទៅមក។ អាវុធ ដ៏ធំបំផុតរបស់រដ្ឋាភិបាលអេស្ប៉ាញ គឺមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញ។ ដែលមាត្រានេះ នឹងអនុញ្ញាត ឲ្យរដ្ឋាភិបាល  អាចព្យួរស្វយ័តភាពរបស់តំបន់កាតាឡូញ៉ា។ ក៏ប៉ុន្តែ  រដ្ឋាភិបាលអេស្ប៉ាញ បានទុកផ្លូវឲ្យតំបន់កាតាឡូញ៉ា ដើរបន្តិចដែរ  ដោយបានបង្អង់ថា មិនអនុវត្តមាត្រា១៥៥ទេ  តែត្រូវរដ្ឋបាលស្វយ័តកាតាឡូញ៉ា ត្រូវប្រកាស រៀបចំការបោះឆ្នោត

រៀបចំការបោះឆ្នោតតំបន់មុនអាណត្តិ  គឺមានន័យថា ត្រូវរំលាយសភា និងរដ្ឋបាលស្វយ័តកាតាឡូញ៉ា ចោល។ តាមច្បាប់កំណត់  គឺមានតែប្រមុខរដ្ឋាបាលស្វយ័តកាតាឡូញ៉ាទេ  ដែលមានសិទ្ធិប្រកាសរៀបចំបោះឆ្នោតមុនកាលកំណត់នេះ។

មេដឹកនាំកាតាឡូញ៉ា មិនព្រមប្រកាសរៀបចំការបោះឆ្នោត

កាលពីថ្ងៃព្រហស្បតិ៍លោក Carles Puigdemont បានបង្ហាញពីភាពស្ទាក់ស្ទើរជាខ្លាំង។ មេដឹកនាំតំបន់កាតាឡូញ៉ារូបនេះ  មានគំរោងថ្លែងសន្ទរកថា ជាសាធារណៈ ចំពោះមុខប្រជាជនកាតាឡូញ៉ា នៅម៉ោង ៣រសៀល  ក៏ស្រាប់តែរុញទៅម៉ោង៥ ហើយបន្ទាប់ក៏ស្រាប់តែលប់ចោលតែម្តង។ តែយ៉ាងណា ប្រមុខរដ្ឋបាលកាតាឡូញ៉ា  បានសម្រេចបដិសេធ មិនព្រមរៀបចំការបោះឆ្នោតទេ  ដោយលើកឡើងថា  គេមិនបានទទួលការធានាអះអាងឲ្យបានច្បាស់ ពីសំណាក់រដ្ឋាភិបាលអេស្ប៉ាញ  ថាពិតជាមិនអនុវត្តមាត្រា ១៥៥មែន។

តាមពិតទៅ លោក Carles Puigdemont បានទទួលរងសម្ពាធខ្លាំងណាស់។ ជម្រើស មិនព្រមប្រកាសរៀបចំបោះឆ្នោតនេះ  គឺជាជម្រើសមួយ  ដែលមិនចង់បាក់មុខ ព្រោះថាបើរៀបចំការបោះឆ្នោត គឺមានន័យថា ដូចជាឆាចោល នូវលទ្ធផលបោះឆ្នោតប្រជាមតិ ដែលខ្លួនខំរៀបចំធ្វើកាលពីថ្ងៃទី ១ តុលា។ សម្រាប់ក្រុមអ្នកទាមទារឯករាជ្យ  ទាំងអ្នកនយោបាយ​ ទាំងប្រជាជនកាតាឡូញ៉ា ដែលចង់បានឯករាជ្យ គឺពិតជាមិនអាចទទួលយកបានទេ។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍  ក្នុងពេលរងចាំសន្ទរកថារបស់មេដឹកនាំកាតាឡូញ៉ា មានពាក្យចចាមអារ៉ាមថា គាត់សុខចិត្តរៀបចំការបោះឆ្នោត ទៅតាមការទាមទាររបស់រដ្ឋាភិបាលអេស្ប៉ាញ។  ស្រាប់តែបាតុករ ប្រមាណជាជិត១ម៉ឺននាក់ ដែលបានមកជួបជុំគ្នា  នាំគ្នាស្រែកជេរ ថាគាត់ជាជនក្បត់ ​លក់ក្បាលឲ្យអេស្ប៉ាញ។

ក្រុមទាមទារឯករាជ្យនៅ​តែ​ប្តេជ្ញា

ក្រុមទាមទារឯករាជ្យ  នៅតែបន្តធ្វើការតវ៉ា។ ឥឡូវពេលនេះ  លោក Carles Puigdemont បានទំលាក់ការទទួលខុសត្រូវនេះ ទៅឲ្យសភា កាតាឡូញ៉ា ជាអ្នកពិចារណា  ពីផលវិបាក បើសិនជាអេស្ប៉ាញប្រើមាត្រា ១៥៥។ សមាជិកសភា កាតាឡូញ៉ានេះ គឺសំបូរទៅដោយអ្នកដែលចង់បានឯករាជ្យពេញទី។ តែយ៉ាងណា ក្នុងចំណោមថ្នាក់ដឹកនាំនៅកាតាឡូញ  ក៏មានការបែកបាក់ច្រើនដែរ។ ឧទាហរណ៍ លោក  Santi Vila សមាជិកក្រុមប្រឹក្សាប្រតិបត្តិទទួលបន្ទុកសហគ្រាស  បានលាឈប់ពីដំណែងហើយ  កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ក្រុមអ្នកនយោបាយដែលរឹងរូសចង់បំបែកខ្លួន មានសមាគមមួយដ៏ធំ ជាបង្អែក​ ឈ្មោះថា សមាគមសភាជាតិកាតាឡូញ។ គឺសមាគមនេះហើយ​ ដែលជាអ្នកទទួលបន្ទុក រៀបចំកៀងគរមនុស្សម្នាឲ្យចូលរួមធ្វើបាតុកម្មតវ៉ា ដើម្បីផ្តាច់ខ្លួន។ តែយ៉ាងណា  មិនមែនមានន័យថា ប្រជាជនកាតាឡូញ៉ាទាំងអស់ សុទ្ធតែចង់បានឯករាជ្យនោះទេ។ជាក់ស្តែង យើងមើលទៅលើលទ្ធផលប្រជាមតិក៏អាចដឹង។ អ្នកបោះឆ្នោតគាំទ្រការផ្តាច់ខ្លួន មាន៩០%មែនពិត  តែអ្នកទៅបោះឆ្នោត មានតែជាង៤០%ប៉ុណ្ណោះ  មិនបានពាក់កណ្តាលនៃប្រជាជនកាតាឡូញ៉ាផង។ ដូច្នេះ ការប្រកូកប្រកាសរបស់ក្រុមអ្នកចង់បានឯករាជ្យដែលថា ទុកឲ្យប្រជាជនកាតាឡូញសម្រេចវាសនាដោយខ្លួនឯងនោះ  គឺមិនត្រូវទាំងស្រុងទេ ព្រោះមានប្រជាជនជាងពាក់កណ្តាល ដែលអាចមិនគាំទ្រការផ្តាច់ខ្លួននេះ។

រដ្ឋាភិបាល​អេស្ប៉ាញ​រងចាំ​ភ្លើងខៀវ​ពីព្រឹទ្ធសភា ដើម្បីប្រើមាត្រា១៥៥

នៅថ្ងៃសុក្រទី២៧ តុលានេះ  ព្រឹទ្ធសភា អេស្ប៉ាញ ត្រូវបើកអង្គប្រជុំ ដើម្បីសម្រេច ផ្តល់សិទ្ធិទៅឲ្យរដ្ឋាភិបាលអេស្ប៉ាញ ក្នុងការព្យួរស្វយ័តភាព របស់តំបន់កាតាឡូញ៉ា។ បើសិន​ជារដ្ឋាភិបាលអេស្ប៉ាញ អនុវត្តមាត្រា១៥៥នេះមែន  គឺមានន័យថា តំបន់កាតាឡូញ៉ា នឹងត្រូវស្ថិតក្រោមការកាន់កាប់ដោយផ្ទាល់ របស់រដ្ឋាភិបាលអេស្ប៉ាញ ក្នុងរយៈពេលយ៉ាងហោចណាស់ ៦ខែ ជា​បណ្តោះ​អាសន្នសិន។

អ្វីដែលរដ្ឋាភិបាលរបស់លោក Mariano Rajoy បានស្នើសុំទៅព្រឹទ្ធសភា នាពេលនេះ មានច្រើនចំណុច។  ទីមួយ គឺសុំឲ្យព្រឹទ្ធសភាអនុញ្ញាត ឲ្យគាត់ អាចរំលាយ រដ្ឋបាលស្វយ័ត  របស់កាតាឡូញ៉ាចោល។ រដ្ឋបាលតំបន់កាតាឡូញ៉ានេះ  មានសមាជិក១៤នាក់ ដែលមានលោក Carles Puigdemont ជាប្រធាន នឹងត្រូវរំលាយចោល  បើសិន ជាព្រឹទ្ធសភាបើកភ្លើងខៀវ។

ទីពីរ គឺរដ្ឋាភិបាលអេស្ប៉ាញ នឹងអាចមានសិទ្ធិគ្រប់គ្រង​កិច្ចការទូទៅ ក្នុងដំណើរការរបស់តំបន់កាតាឡូញ៉ា ដោយផ្ទាល់តែម្តង។ ពោលគឺរាប់ចាប់តាំងពីវិស័យការពារសន្តិសុខ នគរបាល រហូតដល់​វិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ  និងបណ្តាញព័ត៌មានវិទ្យុទូរទស្សន៍។ កិច្ចការគ្រប់គ្រង ទាំងអស់ នឹងត្រូវប្រគល់ទៅឲ្យក្រសួងជាតិអេស្ប៉ាញ ទៅតាមជំនាញ និងវិស័យនីមួយ។ នគរបាលកាតាឡូញ៉ា ដែលមានសមាសភាពប្រមាណ១៦០០០នាក់នោះ  នឹងត្រូវស្ថិតក្រោមការបញ្ជាដោយផ្ទាល់  ពីក្រសួងមហាផ្ទៃអេស្ប៉ាញ។ ហើយបើចាំបាច់ រដ្ឋាភិបាលអេស្ប៉ាញ និងបញ្ជូននគរបាលជាតិ ព្រមទាំងកងអាវុធហត្ថពីម៉ាឌ្រីតទៅតែម្តង។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ  ក៏បានសុំឲ្យព្រឹទ្ធសភា អនុញ្ញាតឲ្យគាត់ អាចព្យួរដំណើរការរបស់សភាកាតាឡូញ៉ា ជាបណ្តោះអាសន្នដែរ។ បន្ទាប់មកទៀត រដ្ឋាភិបាលអេស្ប៉ាញ នឹងរៀបចំឲ្យមានការបោះឆ្នោតតំបន់កាតាឡូញ៉ានេះ នៅដើមឆ្នាំ២០១៨។

លោកស្រី Soraya Saenz de Santamaria នាយករដ្ឋមន្ត្រីស្តីទីអេស្ប៉ាញ ​បានលើកឡើងថា ដល់ពេលហើយ ដែលតំបន់កាតាឡូញ៉ា ត្រូវងាកមកគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់រដ្ឋឡើងវិញ។​ ចលនាទាមទារចង់បានឯករាជ្យទាំងងងឹតងងុលនេះ  វានឹងមិនបានប្រយោជន៍អ្វីទេ ក្រៅតែពីបង្ករអស្ថិរភាព ចលាចល បាតុកម្ម  ក្រុមហ៊ុនផ្សេងៗរត់ចោលលែងមករកស៊ី  ហើយទេសចរណ៍  ក៏លែងហ៊ានមកលេងកាតាឡូញ៉ាទៀត។ អ្នកទទួលផលវិបាកទាំងនេះ  គឺប្រជាជនសាមញ្ញនៅកាតាឡូញឯណោះទេ។

តែយ៉ាងណា គេជឿថាក្រុមអ្នកចង់បានឯករាជ្យកាតាឡូញ៉ា មិនងាយចុះចាញ់ទេ ហើយអ្វីដែលគេព្រួយបារម្ភនោះ គឺបាតុកម្ម តទល់និងការបង្រ្កាបដោយហិង្សា ពីសំណាក់អាជ្ញាធរអេស្ប៉ាញ ទៅថ្ងៃខាងមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI