អ៊ុយក្រែនចុះហត្ថលេខាទិញរ៉ែអ៊ុយរ៉ានីញ៉ូមពីអូស្ត្រាលី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសអូស្ត្រលី ជាប្រទេសធំជាងគេទីបីដែលនាំចេញរ៉ែអ៊ុយរ៉ានីញ៉ូមច្រើនជាគេបំផុត។ អូស្ត្រាលីទើបតែបានចុះហត្ថលេខាជាមួយប្រទេសអ៊ុយក្រែន ដើម្បីនាំចេញធាតុអ៊ុយរ៉ានីញ៉ូមទៅឲ្យប្រទេសេនេះ។ អ៊ុយក្រែន ប្រទេសធំមួយដែលផលិតថាមពលនុយក្លេអ៊ែរ កំពុងរិះរកអ្នកផ្គត់ផ្គង់ថ្មីផ្សេងពីរុស្ស៊ី ក្រោយពីខ្លួនមានជម្លោះជាមួយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន។
ជំនួបកំពូលស្តីពីសន្តិសុខនៃថាមពលនុយក្លេអ៊ែរ មិនមែនគ្រាន់តែជាវេទិការជជែកគ្នាទេ តែក៏ជាកន្លែងចុះហត្ថលេខាទិញលក់ រវាងមហាអំណាចនុយក្លេអ៊ែរដែរ។ ជាក់ស្តែងនៅថ្ងៃទី១ មេសានេះ អ៊ុយក្រែន ប្រទេសផលិតថាមពលនុយក្លេអ៊ែរដ៏ធំ ក្នុងចំណោម១០ប្រទេស បានចុះហត្ថលេខាទិញរ៉ែអ៊ុយរ៉ានីញ៉ូមពីអីស្រ្តាលី។ យ៉ាងណាក៏ដោយ នៅក្នុងកិច្ចសន្យាគោលនេះ មិនមានបញ្ជាក់លំអិតពីបរិមាណនៃរ៉ែអ៊ុយរ៉ានីញ៉ូមទេ។
អូស្រ្តាលី គឺជាប្រទេសផលិតរ៉ែអ៊ុយរ៉ានីញ៉ូមធំទីបីលើលោក បន្ទាប់ពីកាហ្សាក់ស្ថាន និងកាណាដា។ អូស្ត្រាលី បញ្ជូនរ៉ែដ៏កម្រ និងដ៏គ្រោះថ្នាក់នេះ ទៅលក់នៅតាមប្រទេសចំនួន៤៣ រួមទាំងកោះតៃវ៉ាន់ផងដែរ។ អ្វីដែលជាការធានាដល់សហគមន៍អន្តរជាតិ គឺរ៉ែអ៊ុយរ៉ានីញ៉ូមរបស់អូស្រ្តាលី គឺស្ថិតក្នុងការគ្រប់គ្រងតាមដានមើលយ៉ាងតឹងរឹងពីអូស្ត្រាលី។ អូស្រា្តលីបានហាមឃាត់ដាច់ខាត ថាអ្នកដែលទិញរ៉ែអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ត្រូវតែសន្យាយកវាទៅប្រើប្រាស់តែក្នុងវិស័យស៊ីវីលតែប៉ុណ្ណោះ មិនមែនយកទៅប្រើដើម្បីធ្វើអាវុធនុយក្លេអ៊ែរទេ។
ចំពោះអ៊ុយក្រែន ការស្វែងរកដៃគូផ្គត់ផ្គង់ថ្មីនេះ គឺដោយសារតែអ៊ុយក្រែនមិនចង់ស្ថិតនៅក្រោមសំពាធរបស់រុស្ស៊ី ដែលកន្លងមកជាអ្នកផ្គត់ផ្គង់រ៉ែអ៊ុយរ៉ានីញ៉ូមផ្តាច់មុខទៅឲ្យអ៊ុយក្រែន។ ជម្លោះនៅភាគខាងកើត អ៊ុយក្រែនក្រោមការលូកដៃរបស់រុស្ស៊ី រឹតតែជម្រុញឲ្យអ៊ុយក្រែន ប្តេជ្ញាថាត្រូវតែរើខ្លួនចេញពីក្រញ៉ាំរបស់រុស្ស៊ី។
ស្ថិតក្នុងចំណោមប្រទេស១០ ដែលផលិតថាមពលនុយក្លេអ៊ែរច្រើនជាងគេលើលោក អ៊ុយក្រែនមានស្ថានីយ៍នុយក្លេអ៊ែរចំនួន១៥ ហើយដែលផ្គត់ផ្គង់ថាមពលអគ្គីសនីប្រមាណជា៤៥% នៃតម្រូវការ។ គេនៅចាំមិនភ្លេចទេ ពីគ្រោះថ្នាក់ផ្ទុះស្ថានីយនុយក្លេអ៊ែរ នៅឈែណូប៊ីល ភាគខាងកើតអ៊ុយក្រែន កាលពីឆ្នាំ១៩៨៦។ នេះគឺជាគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឲ្យគេចាប់ផ្តើមចោទសួរពីសន្តិសុខ ព្រមទាំងផលប៉ះពាល់នៃថាមពលនុយក្លេអ៊ែរ។ តែយ៉ាងណាក៏ដោយ បទពិសោធន៍អតីតកាល នៅឈែណូប៊ីល ហើយក្រោយមកនៅហ៊្វូគូឈីម៉ា ក្នុងឆ្នាំ២០១១ នៅតែមិនទាន់គ្រាប់គ្រាន់ ដើម្បីជំរុញប្រទេសទាំងនោះ ឲ្យបោះបង់ការផលិតថាមពលអគ្គីសនី ដោយប្រើសារធាតុនុយក្លេអ៊ែរទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ