អានតួអត្ថបទ
តួកគី-អឺរ៉ុប

វិបត្តិ​អន្តោប្រវេសន៍​ធ្វើ​ឲ្យ​អឺរ៉ុបសុខ​ចិត្ត​ត្រលប់​ទៅចរចា​យក​តួកគី​ចូល​ជា​សមាជិក

ប្រធាន​គណៈកម្មការ​អឺរ៉ុប (ស្តាំ) និង​លោក​នាយក​រដ្ឋមន្រ្តី​តួកគី  Ahmet Davutoglu នៅ​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប​តួកគី កាលពី​ចុង​ខែ​វិច្ឆិកា
ប្រធាន​គណៈកម្មការ​អឺរ៉ុប (ស្តាំ) និង​លោក​នាយក​រដ្ឋមន្រ្តី​តួកគី Ahmet Davutoglu នៅ​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប​តួកគី កាលពី​ចុង​ខែ​វិច្ឆិកា ©REUTERS/Yves Herman
ដោយ៖ ឈាង បុប្ផា
២២ នាទី

សហភាព​អឺរ៉ុប កាលពី​យប់​ថ្ងៃ​ចន្ទ ទី ១៤​ធ្នូ បាន​បើក​ការចរចា​ជាថ្មី ដើម្បី​អនុញ្ញាត​ឲ្យ​​តួកគី​អាច​ក្លាយ​ជា​សមាជិក​មួយទៀត​របស់​សហភាព​អឺរ៉ុប។ តួកគី​បាន​ដាក់​បេក្ខភាព​ ចង់​សុំ​ចូល​ជា​សមាជិក​អឺរ៉ុប តាំង​ពី​ឆ្នាំ ១៩៩៩។ ប៉ុន្តែ ការចរចា​ តាំង​ពី​ឆ្នាំ ២០០៥ បានជាប់​​គាំង​ ដោយសារ​មាន​ការប្រឆាំង​ពី​​​អាល្លឺម៉ង់ និង​បារាំង​ ដែល​មិន​​ឲ្យ​ចង់​ឲ្យ​តួកគី​ចូល​ក្នុង​រង្វង់​សហភាព​អឺរ៉ុប។ ៨​​ឆ្នាំ​ក្រោយ វិបត្តិ​ជនអន្តោប្រវេសន៍ និង​ការគំរាមកំហែង​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម (ដែល​នៅ​ត្រើយម្ខាង​ទឹកដី​អឺរ៉ុប បាំង​ដោយ​តួកគី) បានជំរុញ ឲ្យ​សហភាព​អឺរ៉ុប​ត្រូវ​បង្ខំ​ចិត្ត​មក​ត្រលប់​ចរចា​ទទួល​យក​តួកគី ជាសមាជិក​របស់ខ្លួន។ 

ផ្សាយពាណិជ្ជកម្ម

នៅ​មុន​កិច្ច​ចរចា​សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ជាមួយ​ភាគី​តួកគី រដ្ឋមន្រ្តី​ការបរទេស​អូទ្រីស​បាន​និយាយ​ដោយ​ស្មោះត្រង់​ថា ការណ៍​ដែល​សមាជិក​អឺរ៉ុប​ទាំង​២៨​ប្រទេស​យល់ព្រម​ត្រលប់​មក​បន្ត​ ជាមួយ​តួកគី​លើកនេះ ក៏ព្រោះតែ​សហភាព​អឺរ៉ុប​ចង់​ឲ្យ​តួកគី​ជួយ​អន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​ក្រុម​ជន​អន្តោប្រវេសន៍​ធ្វើ​ដំណើរ​​មក​​ទឹកដី​អឺរ៉ុប។ សព្វថ្ងៃ​នេះ ប្រទេស​នៅ​អឺរ៉ុប​​កំពុង​ជួប​វិបត្តិ​ជនភៀសខ្លួន ដែល​បាន​រត់​គេច​​ចេញ​ពី​សង្រ្គាម​នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ និង​បាន​ប្រើប្រាស់​​ទឹកដី​តួកគី ដើម្បី​ឆ្លង​ចូល​ក្នុង​ទឹកដី​អឺរ៉ុប។

 
វិបត្តិ​ជនភៀសខ្លួន បាន​ជំរុញ​ឲ្យ​​សហភាព​អឺរ៉ុប​បើក​ជំនួប​កំពូល​ជាមួយ តួកគី ដែល​នៅ​ក្នុង​​នោះ សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​ជំនួយ ៣​ពាន់លាន​អឺរ៉ូ ដល់​តួកគី ដើម្បី​ឲ្យ​រដ្ឋាភិបាល​តួកគី​អាច​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ការទទួល​ជនភៀសខ្លួន ស៊ីរី និង​អ៊ីរ៉ាក់ ក្នុង​ទឹកដី​តួកគី។ ជាមួយ​ទឹកប្រាក់​ជំនួយ ៣ពាន់​លាន​អឺរ៉ូ សហភាព​អឺរ៉ុប​ចង់​បាន​ផងដែរ​ឲ្យ​តួកគី​បង្កើន​ការល្បាត ទៅលើ​ទូក​ដឹក​ជនអន្តោប្រវេសន៍ ក្នុង​សមុទ្រEgée ក្នុង​តំបន់​មេឌីទែរ៉ាណេ និង​ចុងក្រោយ គឺ​ចង់​ឲ្យ​តួកគី​យល់ព្រម​ទទួល​វិញ ជនអន្តោប្រវេសន៍សេដ្ឋកិច្ច តួកគី ដែល​អឺរ៉ុប​បញ្ជូន​ចេញ​ពី​ទឹកដី​អឺរ៉ុប។

ការហូរចូល​​ជនភៀសខ្លួន ដូច​ទឹក​បាក់​ទំនប់​ក៏​ជា​ហេតុផល​មួយដែរ​ដែល​ធ្វើ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ផ្លាស់​ប្តូរ​ជំហរ ១៨០​ដឺក្រ​ជាមួយ​តួកគី។ កាលពី​ឆ្នាំ ២០០៧ ការ​ចរចា​ស្តីពីការសុំ​ចូលរបស់​តួកគី ​ជា​សមាជិក​អឺរ៉ុបត្រូវ​ជាប់​គាំង ក៏ដោយសារ​ជំហរ​ប្រឆាំង​ដាច់ខាត​របស់​បារាំង និង​អាល្លឺម៉ង់​របស់់​លោកស្រី​អង់ហ្គែឡា ម៉ែរគែល។ នៅក្នុង​ការបកស្រាយ​ផ្លូវការ​របស់​​បារាំង និង​អាល្លឺម៉ង់​ គេ​មិនអាច​ចរចា ទទួល​យក​តួកគី​ឲ្យ​ធ្វើ​ជា​សមាជិក​អឺរ៉ុបបាន ដោយសារ​ហេតុផល​បញ្ហា​រ​សិទ្ធិមនុស្ស និង​សង្រ្គាម​ប្រល័យ​ពូជសាសន៍​ទៅលើ​​ជនជាតិ​អាមេនី ដែល​តួកគី​នៅ​តែ​បដិសេធ មិន​ទទួល​ខុសត្រូវ។ ប៉ុន្តែ នៅ​ខាង​ក្រោយ​វាំង​នន​វិញ ប្រទេស​អឺរ៉ុប​ជាច្រើនមាន​អរិភាព មិន​ចង់​បាន​តួកគី​ឲ្យ​មកធ្វើ​ជា​មិត្ត​ចាយប្រាក់​រួម​អឺរ៉ូ ​ព្រោះ​តែ​អឺរ៉ុប​ខ្លាចថា ប្រជាជន​តួកគី ប្រមាណ ៧៨​លាន​នាក់ ដែល​ភាគច្រើន​ជាអ្នកកាន់​សាសនា​អ៊ីស្លាម ហូរ​ចូល​ក្នុង​ទឹកដី​អឺរ៉ុប ដែល​មានប្រជាជន​រស់នៅ​​ ភាគច្រើន ជា​គ្រិស្តសាសនិក។

តួកគី​វិញ ដែល​ខ្នះខ្នែង​ចង់​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប ក៏ដោយសារ​តែ​ចង់​បញ្ជាក់ថា ខ្លួន​ជា​ប្រទេស​អ៊ីស្លាម​គំរូ ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ និង​ដែល​សមត្ថភាព​សេដ្ឋកិច្ចគ្រប់គ្រាន់ អាច​ប្រកួតប្រជែង​នឹង​ប្រទេស​អឺរ៉ុប​ដទៃទៀត។ ការចរចា​ ចាប់បើក​ធ្វើ នៅ​យប់​ថ្ងៃ​ចន្ទ នឹង​ផ្តោត​ទៅ​ជំពូក​ទី ១៧ (ក្នុង​ចំណោម​ជំពូក​សរុប ចំនួន ៣៥) ដែល​​និយាយ​ពី​នយោបាយ​សេដ្ឋកិច្ច និង​រូបិយប័ណ្ណ។ តាម​អធិការ​អឺរ៉ុប​ទទួល​បន្ទុក​​ការពង្រីក​វិសាលភាព​អឺរ៉ុប លោក​Johann Hahn នៅ​ឆ្នាំ​ក្រោយ ការចរចា​ជាមួយ​តួកគី​នឹង​​ឈាន​ទៅ​ដល់​បញ្ហា​នីតិរដ្ឋ ថាមពល អប់រំ និង​កិច្ចការ​បរទេស។ តាម​លោក​Johann Hahn ដោយ​មើល​ទៅ​ដំណើរ​ចរចា​វែងឆ្ងាយ តួកគី​មិនអាច​ចូល​ជា​សមាជិក​អឺរ៉ុប​ បាននៅ​​មុន​ឆ្នាំ ២០២០នោះទេ។

មួយវិញទៀត នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​តួកគី សមភាគី​អឺរ៉ុប​ចង់​សុំ​ផងដែរ​ឲ្យ​តួកគី រឹតបន្តឹង​ តាម​ព្រំដែន​តួកគី ស៊ីរី ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​​ទាហាន​បរទេស​ចូលទៅ​​ប្រយុទ្ធ​ក្នុង​​ក្រុមជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ លើសពីនោះ តួកគី​ត្រូវចូលរួម​​ទប់ស្កាត់ កុំ​ឲ្យ​មាន​ជំនួញ​ រត់ពន្ធ​ប្រេង ដែល​ជា​ប្រភព​ផ្តល់​លុយ​ដ៏​សំខាន់​របស់​ក្រុមជីហាត​នៅ​ស៊ីរី។ នៅក្រោយ​តួកគី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បាន​ចោទ​ចំៗ​ថា ក្រុមគ្រួសារ កូនប្រុស​របស់​លោកប្រធានាធិបតី​តួកគី ជាអ្នក​ធ្វើ​ជំនួញ ទិញប្រេងពី​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ