: អ៊ុយក្រែន-រុស្ស៊ី

ក្រុងគៀវ​ សុំ​បេសកកម្ម​ អ.ស.ប​. ទៅ​ថែ​រក្សា​សន្តិភាព​ នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន​

លោកប្រធានាធិបតីអ៊ុយក្រែន Petro Porochenko
លោកប្រធានាធិបតីអ៊ុយក្រែន Petro Porochenko REUTERS/Vasily Fedosenko

 គឺ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​ការពារ​ប្រទេស នា​ថ្ងៃ ១៨​កុម្ភៈ ដែល​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​សម្រេច​ថា​នឹង​សុំ ក្រុម​ប៉ូលិស​របស់​សហភាព​អឺរ៉ុប ​ដែល​នៅ​ក្រោម​អាណត្តិ អ.ស.ប. ទៅ​បំពេញ បេសកកម្ម​ខាង​ទ្រទ្រង់​សន្តិភាព​នៅ​តំបន់​ខាង​កើត​ប្រទេស បន្ទាប់ពី​កង​ទ័ព​អ៊ុយក្រែន បាន​ចាក​ចេញ​ពី​ក្រុង Debaltsevo ក្នុង​តំបន់​នេះ​ក្រោមការ​វាយ​បក​យ៉ាង​ខ្លាំង​ពី​ខាង​ពួក​ផ្តាច់​ទឹកដី ដែល​គាំទ្រ​ដោយ​រុស្ស៊ី។ 

ផ្សាយពាណិជ្ជកម្ម

 

ជាការកត់សម្គាល់ គោលការណ៍​សុំឲ្យ​មានបេសកកម្ម​របស់​ក្រុម​អ្នក​រក្សាសន្តិភាព​អន្តរជាតិ​នេះ ដើម្បី​ត្រួត​ពិនិត្យ​លើ​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន​ដែល​ធូរ​រលុង នៅ​ត្រង់ព្រំ​ដែន​រុស្ស៊ី ជាប់​ជាមួយ​និង​ដែនដី​ក្រោម​ការ​កាន់កាប់​ពួក​ផ្តាច់​ទឹកដី​នោះ​ដែល​ម្សិលមិញ បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុមប្រឹក្សា សន្តិសុខជាតិ និង​ការពារ​ប្រទេស គឺ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​អនុម័ត ក្នុង​រដ្ឋសភា​ប្រទេស។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ លោក​ប៉ូរ៉ូឆេនកូ សំដែង​នូវ​ជំនឿ​ជឿជាក់​ថា បេសកកម្ម​បែប​នេះ នឹង​ធានា បាន​យ៉ាង​ប្រសើរ​និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​បំផុត ដល់​សន្តិសុខ​ជាតិ ក្នុង​ស្ថានការណ៍ កាលដែល​បទ​ឈប់បាញ់ ឥត​គោរព​ឡើយ​ទាំង​ដោយ​ប្រទេស​រុស្ស៊ី ទាំង​ដោយ​ពួក​ឧទ្ទាមផ្តាច់​ទឹកដី​ដែល​មាន​រុស្ស៊ី​គាំទ្រ។

ប៉ុន្តែ សំណើ​នោះ​របស់​អ៊ុយក្រែន បង្ក​ឲ្យ​មាន​ប្រតិកម្ម ពី​ខាង​ម៉ូស្គូ​ទៅហើយ។ តំណាង​អចិន្ត្រែយ៍ របស់​រុស្ស៊ី​ប្រចាំ​នៅ​អ.ស.ប. លោក អគ្គរដ្ឋទូត Vitaly Churkin ថ្លែង​ថា ផែនការ​ក្រុង​គៀវ​ចង់ឲ្យ ក្រុម​ប៉ូលិស​សហភាព​អឺរ៉ុប ពង្រាយ​នៅ​តំបន់​ជម្លោះ Donbass ប៉ែក​ខាង​កើត​អ៊ុយក្រែន ញ៉ាំង​ឲ្យ​កើត​ឡើង​ជា​ក្តី​មន្ទិល​សង្ស័យ​ថា ភាគី​អ៊ុយក្រែន​ឥឡូវ​ប៉ុនប៉ង “បំផ្លាញ​ចោល​កិច្ច​ព្រមព្រៀង ចុះ នៅ​ក្រុង​មិនស្ក៏ ខាង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី “ឲ្យ​វិបត្តិ​ក្នុង​ប្រទេស​នោះ។ លោក Churkin រំលឹកថា ស្រប​នឹង​កិច្ច​ព្រមព្រៀង​នោះ នៅ​សាធារណរដ្ឋ​ស្វ័យប្រកាស ដូណេត និង លូហ្កាន់ អាច​បង្កើត​ឡើង​ជា នគរបាល​របស់​ខ្លួន ហើយការ​ត្រួត​ពិនិត្យ លើ​ដំណើរញែក​កងកម្លាំង​ម្ខាងៗ ចេញពី​ខ្សែ​ឈប់បាញ់ គឺស្ថិត​នៅក្នុង​បន្ទុក របស់ អង្គការ​ដើម្បីសន្តិសុខនិងសហប្រតិបត្តិការ នៅ ទ្វីបអឺរ៉ុប OSCE។

អ្នកការទូត​រុស្ស៊ី​ទូន្មាន​ថា ត្រូវតែដក​សព្វាវុធ​ចេញ ដូចដែល​មាន​ចែង​ដោយ​កិច្ចព្រមព្រៀង ក្រុង​មិនស្ក៏ មិនមែន ត្រូវជាប់ដៃ​រវល់​នឹង​ការបំផុស​មក ជា សំនើថ្មីៗ​ឡើយ។
 

ចំណែក​លើក្រុង Debaltsevo មាន​ន័យយុទ្ធសាស្ត្រ ដែលត្រូវ​បាន​លោក​ប្រធានាធិបតី ប៉ូរ៉ូឆេនកូ បញ្ជា​ឲ្យ​ដកកងទ័ព​ខ្លួន​ចេញ ហើយ​តាម​សម្តី​គាត់ ដកចេញ​នេះ គឺ “ស្របនឹង​ផែនការ​គ្រោងទុក” និង “មាន​របៀប​របប” ឥឡូវឆ្លងទៅ​នៅ​ក្រោមការ​ត្រួតត្រា​ទាំង​ស្រុង នៃ​ពួក​ឧទ្ទាម ដែល តាំងពីម្សិលមិញ​មក បា​នបង្ហូត​ឲ្យ​បក់​រវិចៗទៅហើយ ទង់ជ័យ របស់ Novorossia ប្រែ​មក​​ថា ដែនដី​រុស្ស៊ី​ថ្មី ផ្សំឡើង​ពី សាធារណរដ្ឋ​ស្វ័យប្រកាស​ដូណេត និង លូហ្កាន់ DNR និង LNR ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI