បារាំង

បារាំង៖ខួប ១ឆ្នាំនៃការវាយប្រហារលើ Charlie Hebdo និង Hyper Cacher

បារាំង៖ខួប ១ឆ្នាំនៃការវាយប្រហារលើ Charlie Hebdo និង Hyper Cacher
បារាំង៖ខួប ១ឆ្នាំនៃការវាយប្រហារលើ Charlie Hebdo និង Hyper Cacher REUTERS/Vincent Kessler

៧ មករា ២០១៥-៧ មករា ២០១៦ ថ្ងៃ​នេះ​ជា​ខួប​គម្រប់ ១ឆ្នាំ​គត់​នៃ​ព្រឹត្តិការណ៍​វាយប្រហារ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី​ត្លុកកំប្លែង Charlie Hebdo និង​ហាងលក់​ទំនិញ​ជនជាតិ​ជ្វីហ្វ Hyper Cacher ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ព្រឹត្តិការណ៍​វាយប្រហារ​នៅ​កន្លែង​ទាំង​ពីរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប​ចំនួន ១៦នាក់ គឺ ១២នាក់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ Charlie Hebdo និង ៤នាក់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ Hyper Cacher។ ១ឆ្នាំ​ក្រោយ​មក នៅ​មាន​ចំណុច​អាដ៍កំបាំង​ជា​ច្រើន​ដែល​គេ​មិន​ទាន់​អាច​បំភ្លឺ​បាន​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី​ត្លុកកំប្លែង Charlie Hebdo និង​ហាងលក់​ទំនិញ​ជនជាតិ​ជ្វីហ្វ Hyper Cacher ក្នុង​ថ្ងៃទី៧ និង​ថ្ងៃទី៩ មករា ឆ្នាំ ២០១៥ រដ្ឋអំណាច​ក៏​បាន​វែក​មុខ​ភ្លាមៗ​នូវ​អត្តសញ្ញាណ​របស់​ភេរវជន ក្នុង​នោះ គឺ​បងប្អូន​ប្រុស​ពីរ​នាក់ Kouachi ជា​អ្នក​វាយប្រហារ​នៅ Charlie Hebdoនិង Amedy Coulibaly ជា​អ្នក​វាយប្រហារ​នៅ Hyper Cacher។ តែ ១ឆ្នាំ​ក្រោយ​មក និង​អ្វី​ដែល​នៅ​បន្ត​ជា​អាដ៍កំបាំង​មក​ដល់​សព្វថ្ងៃ និង​ដែល​ក្រុម​អ្នកស៊ើបអង្កេត​នៅ​មិន​ទាន់​រក​ឃើញ​នោះ គឺ​អត្តសញ្ញាណ​របស់​អ្នក​ដែល​នៅ​ពី​ក្រោយ​ភេរវនិយម និយាយ​ឲ្យ​ស្រួល​យល់ អ្នក​ដែល​បាន​រៀបចំ និង​ឃុបឃិត។

បន្ទាប់​ពី​បាន​ឆែកឆេរ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ Amedy Coulibaly មក ក្រុម​អ្នកស៊ើបអង្កេត​បាន​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ជួយ​រៀបចំ​ផែនការ​របស់ Amedy Coulibaly  ពី​ចម្ងាយ និង​ថែម​ទាំង​បាន​ដឹង​ពី​ផែនការ​វាយប្រហារ​របស់​បងប្អូន​ប្រុស​បង្កើត​ពីរ​នាក់ Kouachi ទៀត​ផង។ តែ ១ឆ្នាំ​ក្រោយ​មក ក្រុម​អ្នកស៊ើបអង្កេត​នៅ​តែ​មិន​ទាន់​អាច​រក​ឃើញ​អត្តសញ្ញាណ​របស់​បុរស​នោះ​នៅ​ឡើយ​ទេ។ តែ​ទន្ទឹម​គ្នា​នេះ មាន​មនុស្ស​សង្ស័យ​ចំនួន​ពីរ​នាក់​បាន​ចាប់​ខ្លួន ម្នាក់​ឈ្មោះ Peter Cherif និង​ម្នាក់​ទៀត​ឈ្មោះ Salim Benghalem។

មាន​អាយុ ៣៣ឆ្នាំ ជន Peter Cherif ក៏​ជា​សកម្មជន​ម្នាក់​នៅ​ក្នុង​សាខា​ក្រោម​ឈ្មោះ​ថា « Buttes Chaumont » ជាមួយ​ជន Chérif Kouachi នា​ដើម​ទសវត្ស​ឆ្នាំ ២០០០។ បន្ទាប់​ពី​មាន​វត្តមាន​ក្នុង​ទឹកដី​យេម៉ែន​ក្នុង​ឆ្នាំ ២០១១ មក Perter Cherif បាន​ក្លាយ​ជា​មន្រ្តី​សំខាន់​ម្នាក់​របស់​អង្គការ​អាល់កៃដា​ក្នុង​តំបន់​អារ៉ាប៊ី និង​អាច​ស្ថិត​នៅ​ក្នុង​ទឹកដី​ស៊ីរី​នា​ពេល​នេះ។ ចំណែក​ជន Salim Benghalem បាន​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​កាល​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៣ ក្នុង​ទឹកដី​ស៊ីរី និង​ធ្លាប់​បាន​ធ្វើ​ដំណើរ​ជាមួយ​ជន Saïd Kouachi ទៅ​យេម៉ែន​កាល​ពី​ឆ្នាំ ២០១១។

ក្រៅ​ពី​ការ​បន្ត​ស៊ើបអង្កេត​ស្វែង​រក​អ្នក​បញ្ជា​ពី​ក្រោយ ក្រុម​អ្នកស៊ើបអង្កេត​ក៏​កំពុង​ចង់​ដឹង​ថា តើ​​បងប្អូន​ប្រុស​ពីរ​នាក់ Kouachi និង Amedy Coulibaly បាន​អាវុធ​ពី​ណា​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI