FMI៖« ជំនួយជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសក្រិកត្រូវតែមានលក្ខខណ្ឌ »
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងកិច្ចប្រជុំរបស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ (FMI) និងធនាគារពិភពលោកនាចុងសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ប្រទេសក្រិកទទួលបានព័ត៌មានលំអិតបន្ថែមជុំវិញជំនួយ ហិរញ្ញវត្ថុ ដែលខ្លួនបានសុំពី FMI និងសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនឹងត្រូវសម្រេចនៅថ្ងៃខាងមុខ តែជាជំនួយមួយ ដែលមានលក្ខខណ្ឌត្រឹមត្រូវ។
សេចក្តីរាយការណ៍របស់ គួច គន្ធារ៉ា
លោក Georges Papaconstantinou រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសក្រិកបានបញ្ជាក់ថា អ្វីដែលលោកបានទទួលពីកិច្ចប្រជុំរវាងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា FMI និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក គឺជាការធានាមួយគ្រប់គ្រាន់ ទំាងពី អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងពីប្រទេសជាដៃគូនៅក្នុងសហភាពអឺរ៉ុប។ លោក Papaconstantinou បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះតទៅ អ្នកដែលបានភ្នាល់គ្នានៅលើទីផ្សារហិរញ្ញវត្ថុស្តីពីភាពក្ស័យធនរបស់ប្រទេសក្រិកនោះ នឹងត្រូវទទួលបរាជ័យ។
សូមជម្រាបជូនថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រទេសក្រិកបានសម្រេចចិត្តប្រកាសរកជំនួយ ដោយបានសុំខ្ចីប្រាក់ចំនួន ៤ម៉ឺន ៥ពាន់លានដុល្លារ ក្នុងនោះ ១ម៉ឺន ៥ពាន់លានដុល្លារពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និង ៣ម៉ឺនលានដុល្លារពីប្រទេសជាដៃគូនៅក្នុងសហភាពអឺរ៉ុប។ លោក Dominique Strauss-Kahn អគ្គនាយក FMI បានថ្លែងឲ្យដឹងថា នឹងមានកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗខាងមុខរវាងក្រិក និង FMI ជុំវិញលក្ខខណ្ឌមួយចំនួនដែលប្រទេសក្រិកត្រូវគោរពក្នុងការស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ។
មិនមែនជាគំនាបទេ តែជាសារមួយដែលគេចង់ប្រាប់ទៅប្រទេសក្រិកថា ជាជំនួយមួយដែលមានលក្ខខណ្ឌ។ លោកស្រី Christine Lagarde រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារំាងបានគូសបញ្ជាក់ថា ការដែលប្រទេសអឺរ៉ុបបានរួមសាមគ្គីគ្នាជួយប្រទេសក្រិកពេលនេះ មិនមែនដើម្បីផ្គាប់ចិត្តប្រទេសក្រិកទេ។ ចំណែកប្រទេសអាឡឺម៉ង់វិញ ទីក្រុង Berlin បានគំរាមនឹងរារំាងមិនឲ្យអឺរ៉ុបជួយក្រិកទេ ប្រសិនណាបើគម្រោងផែនការលើឡើងដោយប្រទេសក្រិក ពុំមានលក្ខណៈប្រាកដប្រជានោះទេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ