រុស្ស៊ី

ខាង​សេរីភាព​សារពត៌មាន រុស្ស៊ី​ជាប់​លេខ​សឹង​ចុង​បញ្ជី

លោក​វ៉្លាឌីមៀរ ពូទីន (Vladimir Poutine) នាយករដ្ឋមន្រ្តី​រុស្ស៊ី
លោក​វ៉្លាឌីមៀរ ពូទីន (Vladimir Poutine) នាយករដ្ឋមន្រ្តី​រុស្ស៊ី ©Reuters

នេះ​ជា​សេចក្តី​សន្និដ្ឋាន​ចេញ​ដោយ “អង្កការ​អន្តរជាតិ​នាំ​មុខ​គេ​ខាង​ការពារ​សេរីភាព​សារពត៌មាន “Freedom House ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ចេញ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ក្នុង​របាយការណ៍​នេះ ខាង​សេរីភាព​សារពត៌មាន​ឆ្នាំ​២០០៩ រុស្ស៊ី​ជាប់​លេខ​ត្រឹម​តែ​១៧៦ ពី​ក្នុង​ចំណោម ១៩៦ ប្រទេស។ បាន​ន័យ​ថា​ស្រដៀង​នឹង​ឆ្នាំ ២០០៨ ដែល​រុស្ស៊ី​ជាប់ លេខ ១៧៥។ ប្រទេស​ខ្លះ​ទៀត នៃ​អតីត​សហភាព​សូវៀត បែប​យ៉ាង Bielorussie Ouzbekistan និងTurkmenistan រឹត​តែ​យ៉ាប់​ជាង​រុស្ស៊ី​ទៅ​ទៀត ខាង​សេរីភាព​សារពត៌មាន។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា

របាយការណ៍​នេះ​កត់​សម្គាល់​ថា រុស្ស៊ី​ដែល​ដើរ​តួ​ជា​គំរូ​សំរាប់​ប្រទេស​ជិត​ខាង​មួយ​ចំនួន​នៃ​អតីត​សហភាព​សូវៀត បន្ត​ស្ថិត​នៅ​ជា​រដ្ឋ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ក្រៃ សំរាប់​ពួក​អ្នក​កាសែត​បំពេញ​ការងារ​ខ្លួន។ ការ​ត្រួតត្រា ពី​ខាង​រដ្ឋ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពត៌មាន ញ៉ាំង​ឲ្យ​កើត​ឡើង ជា​ក្តី​ព្រួយ​បារម្ភ​មែនទែន កាល​ណា​សាច់​រឿង​ស្តី​អំពី​ឥទ្ធិពល​របស់​រដ្ឋ ទៅ​លើ​ពណ៌​នយោបាយ​ក្នុង​ប្រទេស និង​ទៅ​លើ​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី សំរាប់​ធ្វើ​ជម្រើស​ខ្លួន​ ដើម្បី​ទទួល​ពត៌មាន​ដែល​គេ​ត្រូវការ​ជា​ចាំបាច់។

 
Freedom House ​ក៏​ប្រៀបធៀប​រុស្ស៊ី ទៅ​នឹង​ប្រទេស​ចិន និង Venezuela ដែល​រមែង​បៀត​បៀន ជារឿយៗ​ទៅ​លើ​ប្រព័ន្ធ Internet ដែល​នៅ​មាន​សេរីភាព​ខ្លះៗ​នៅ​ឡើយ។​ ក្នុង​ចំណោម ១០​ប្រទេស​ដែល​ជាប់​លេខ​ចុង​ប៉ូច​គេ មាន​៣​ប្រទេស នៃ​អតីត​សហភាព​សូវៀត បែប​យ៉ាង​Bielorussie Ouzbekistan និងTurkmenistan ដែល​រឹត​តែ​យ៉ាប់​ជាង​រុស្ស៊ី​ទៅ​ទៀត ខាង​សេរីភាព​សារពត៌មាន។ ហើយ​នាំ​ឲ្យ​ថប់​កង្វល់​ពិសេស គឺ​ស្ថានកាណ៍​ខាង​វិស័យ​នេះ​នៅ Azerbaidjan និង Kazakhstan។ប៉ុន្តែក្នុងលំហនៃ​អតីត​សហភាព​សូវៀត​ ក៏​មាន​ការវិវឌ្ឍន៍​បាន​ប្រសើរ​ជាង​ឆ្នាំ ២០០៨ គឺ​ស្ថានការណ៍​ខាង​សេរីភាព​សារពត៌មាន នៅ Ukraine Armenie និង Moldavie។

របាយការណ៍​នៃ​អង្គការ Freedom House ចាត់​ទុក​រុស្ស៊ី​ថា​ជា​ប្រទេស​ដែល​អាជ្ញាធរ បណ្តោយ​ឲ្យ​មាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ស្រេច​តែ​ទំនើង​ក្បាល​ចិត្ត ទល់​នឹង​ពួក​អ្នក​កាសែត​ដោយ​គ្មាន​នរណា​ថ្កោលទោស​ឡើយ។

យ៉ាងណាមិញ តាម​តួលេខ​ចេញ​ពីរ​ខែ​មុន ដោយ “វិជ្ជា​ឋាន​សារពត៌មាន​អន្តរជាតិ”​ IPI ក្នុង​ឆ្នាំ ២០០៩​កន្លង​ទៅ រុស្ស៊ី​ជាប់​លេខ ៥​នៅ​ក្នុង​លោក​ខាង ចំនួន​អ្នក​កាសែត​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​មក​ពី​ការងារ​អាជីព​ខ្លួន។ គឺ​ថា​ក្នុង​ចំណោម ១១០​នាក់ ដែល​បាន​ត្រូវ​ធ្វើ​ឃាត​ក្នុង​លោក​ឆ្នាំ​មុន ធ្លាក់​មក​លើ​ប្រទេស​រុស្សី មាន ៥​នាក់ ដែល​អត្ថបទ​គេ​ច្រើន​តែ ទិតៀន​នយោបាយ​ម៉ូស្គូ​ ​ខាង​បង្ក្រាប​គ្មាន​ត្រា​ប្រណី​ទល់​នឹង​ពួក​ឧទ្ទាម​នៅ Tchetchenie។

ហើយ​បើ​គិត​ក្នុង​១០​ឆ្នាំ ចុង​ក្រោយ ខាង​ចំនួន​អ្នក​កាសែត​ស្លាប់​ដោយ​វិធី​ហិង្សា មក​ពី​អាជីព​ខ្លួន រុស្ស៊ី​ជាប់​លេខ​២ បន្ទាប់​ពី​អៀរ៉ាក់ គឺ​ថា​ពី​ក្នុង ៧១៤ នាក់​ស្លាប់​បែប​នេះ​នៅ​ក្នុង​លោក មាន​៨៨​នាក់​ធ្លាក់​មក​លើ​រុស្ស៊ី ចំណែក នៅ​អៀរ៉ាក់ គឺ​ស្លាប់​ដល់ ១៣៨​នាក់​ឯណោះ។ នៅ​រុស្ស៊ី ជន​ដែល​ប្រព្រឹត្ត​ឃាតកម្ម លើ​អ្នក​កាសែត​កម្រ​ត្រូវ​អាជ្ញាធរ​វែក​មុខ​រក​ឃើញ​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI