សហភាព​អឺរ៉ុប

ផលវិបាក​នៃប្រាក់អឺរ៉ូ​ធ្លាក់ស្រុតចុះថ្លៃ​

ក្រដាស​ប្រាក់​អឺរ៉ូ​ ១០០€ ​និង​ ២០០€​
ក្រដាស​ប្រាក់​អឺរ៉ូ​ ១០០€ ​និង​ ២០០€​ ©AFP/ Pedro ARMESTRE

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​មក​នៅ​១ដុលា្លរ​២៧​សេន​សម្រាប់​១អឺរ៉ូ​ ក្រោយ​ពី​ប្តូរ​បាន​១ដុល្លារ​២៥​សេន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែល​ជា ​កម្រិត​មួយ​ដ៏​សែន​ទាប​ពុំ​ដែល​កើត​មាន​តាំងពី​ខែ​មីនា​ឆ្នាំ២០០៩​មក។​ ដូច្នេះ​ តើ​ប្រាក់​អឺរ៉ូ​អាច​ធ្លាក់​ដល់​កម្រិត​ណា​ហើយ​តើ​អាច​ជះ​ឲ្យ​មាន​ផល​វិបាក​អ្វី​ខ្លះ?

ផ្សាយពាណិជ្ជកម្ម

ECO N°16-07-05-2010-EURO BAISSE

កាលពី​៦ខែ​មុន​ អ្នក​ដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​ច្បាស់​ជា​មាន​ការ​ពេញ​ចិត្ត​​ពុំ​តិច​ទេ​ នៅ​ខណៈដែល​ឃើញ​ប្រាក់​អឺរ៉ូ​ធ្លាក់​មក​នៅ​ក្រោម​កម្រិត​១ដុលា្លរ​២៨​សេន​បែប​នេះ។​ ក៏​ប៉ុន្តែ​ការ​ធ្លាក់​ស្រុត​ចុះ​ខ្លាំង​នៃ​ប្រាក់​អឺរ៉ូ​នៅ​ពេល​នេះ​បែរ​ប្រែ​ក្លាយ​ជា​រោគ​សញ្ញា​ដែល​ធ្វើឲ្យ​គេ​បារម្ភ​ភ័យខ្លាច​ទៅ​វិញ។​ បារម្ភ​ភ័យខ្លាច​ក៏​ពី​ព្រោះតែ​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​កំពុង​តែ​រីក​រាល​ដាល​ទូ​ទាំង​តំបន់​នៃ​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ។​ នៅ​ថ្ងៃសុក្រ​នេះ​ ប្រាក់​​អឺរ៉ូ​បាន​ធ្លាក់​មក​នៅ​១ដុល្លារ​២៧​សេន​ ដែល​ជា​កម្រិត​មួយ​ដ៏​សែន​ទាប​ពុំ​ដែល​កើត​មាន​តាំងពី​ខែ​មីនា​ឆ្នាំ២០០៩​មក។​ គួរកត់​សម្គាល់ថា​ កាលនៅ​ដើម​ឆ្នាំ២០១០​នេះ​ ប្រាក់​១€​អាច​ប្តូរបាន​ដល់ទៅ​១$៤៥សេន​ឯណោះ។

 
អស់រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ដែល​ប្រាក់​អឺរ៉ូ​ចេះ​តែ​ធ្លាក់​ស្រុត​ចុះ​ពុំ​ចេះ​ឈប់ឈរ​ ទន្ទឹម​គ្នា​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ដែល​ចេះ​តែ​ធ្លាក់ចុះ​កាន់តែ​ដុន​ដាបទៅៗ។​ ក៏​ប៉ុន្តែ​ប្រាក់​អឺរ៉ូ​បាន​ស្គាល់​ការ​ធ្លាក់ស្រុត​ចុះ​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​ជា​បរមតិ​មួយ​ចម្លែក​នៅ​ខណៈ​ដែល​អឺរ៉ុប​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI បាន​សន្យា​ថា​នឹង​ជួយ​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ប្រទេស​ក្រិក​ប្រមាណ​១១០​ពាន់លាន​អឺរ៉ូ។

តាមពិត​សេចក្តី​ប្រកាស​អះអាង​របស់​អឺរ៉ុប​ពុំ​បាន​ធ្វើ​ឲ្យ​ទី​ផ្សារ​ហិរញ្ញវត្ថុ​​មាន​ការ​កក់ក្តៅ​ឡើយ។​ ផ្ទុយ​ទៅ​វិញ​ ទី​ផ្សារ​ហិរញ្ញវត្ថុ​នៅ​តែ​មាន​ជំនឿ​ជឿ​ទៅលើ​សេណារីយ៉ូ​នៃ​ដំណើរ​ឈាន​ទៅ​រក​ភាព​ធនក្ស័យ​​នៃ​ប្រទេស​ក្រិក​ ហើយ​និង​អាច​រីក​រាល​ដាល​ដល់​ប្រទេស​ព័រទុយហ្កាល​និង​ប្រទេស​អេស្ប៉ាញ។​ ដូច្នេះ​វិបត្តិ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​នេះ​ពុំ​គ្រាន់​តែ​ជា​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ក្រិក​ប៉ុណ្ណោះ​ទេ​ វា​បាន​ប្រែ​ក្លាយ​ទៅជា​វិបត្តិ​ដែល​ធ្វើ​ឲ្យ​គេ​បាត់​បង់​ទំនុក​ចិត្ត​ទៅលើ​ប្រទេស​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ទាំងមូល។

វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​បំណុល​ដ៏​ច្រើម​មហិមា​របស់​ប្រទេស​ក្រិក​កំពុង​តែ​ក្លាយ​ទៅជា​វិបត្តិ​នៃ​ប្រាក់​អឺរ៉ូ។​ គួរ​កត់​សម្គាល់​ថា​ នៅ​ពេល​ដែល​គេ​បង្ក​បង្កើត​ប្រាក់​អឺរ៉ូ​នៅ​ឆ្នាំ១៩៩៩​ ប្រាក់​១€​ប្តូរ​បាន​១$១៨សេន។​ ដូច្នេះ​ការ​ធ្លាក់​ស្រុត​ចុះ​នៃ​ប្រាក់​អឺរ៉ូ​នៅ​ពេល​នេះ​ សម្រាប់​អ្នក​សេដ្ឋសាស្ត្រ​ខ្លះ​គឺ​ពិតជា​ឱកាស​មួយ​ដ៏​ប្រពៃ​សម្រាប់​ជំរុញ​ឲ្យ​មាន​សន្ទុះ​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​សម្រាប់​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ​មួយ​ចំនួន​ដែល​កំពុង​តែ​មាន​បញ្ហា​ឧនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ដ៏​ធ្ងន់ធ្ងរ។​ ការនាំ​ទំនិញ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​នេះ​ហើយ​ ដែល​ជា​ប្រភព​នៃ​ការ​បង្កើត​ការងារ​ជូន​ប្រជាជន​ឥត​ការងារ​ធ្វើ។

នៅ​ឯ​ត្រើយ​ម្ខាង​ទៀត​នៃ​មហា​សមុទ្រ​Atlantique ឯណោះ​ គេ​បាន​តាម​ដាន​ឃ្លាំមើល​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​និង​នៅ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​យ៉ាង​ប្រយ័ត្ន​ប្រយែង។​ ពួកគេ​កំពុង​តាម​ដាន​សកម្មភាព​របស់​ធនាគារ​កណ្តាល​អឺរ៉ុប។​ ដោយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ខ្យល់​ព្យុះ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​តែ​បន្ត​បោកបក់​ទៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​ អឺរ៉ុប​និង​នៅ​អាមេរិក​ ដោយ​គេ​បារម្ភ​ភ័យខ្លាច​ វិបត្តិ​ហិរញ្ញវត្ថុ ​ក្រិក​រីក​រាល​ដាល​ដល់​ប្រទេស​ដទៃ​ទៀត​ ក្នុង​ខណៈ​ដែល​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ​ត្រូវ​មាន​ជំនួប​កំពូល​វិសាមញ្ញ​នៅ​ថ្ងៃ​សុក្រនេះ​នៅ​ទីក្រុង​Bruxelles ដើម្បី​រិះ​រក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​​បច្ចុប្បន្ននេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI