បារាំង

នយោបាយ​ត្បិតត្បៀត ដើម្បី​បំពេញ​ចិត្ត​សហភាព​អឺរ៉ុប

លោក François Fillon នាយក​រដ្ឋមន្ត្រី​បារាំង
លោក François Fillon នាយក​រដ្ឋមន្ត្រី​បារាំង ©Vincent Kessler / Reuters

វិបត្តិហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​ ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ​ដែល​នាំ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ចាប់​ផ្តើម​គិត​គូរ​ និង​ចាត់​វិធានការ​ទប់​ស្កាត់​ឱនភាព​ថវិកា​ជាតិរបស់ខ្លួន​។ ​ម្សិលមិញ នាយក​រដ្ឋមន្ត្រី​បារាំង លោក ហ្វ្រង់ស័រ ហ្វីយ៉ុង (François Fillon) បានកោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី របស់លោក ​ហើយ​បាន​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱនភាព​ជាតិ ដោយ​ប្រើ​នយោបាយ​ត្បិត​ត្បៀត​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

“នយោបាយ​ត្បិតត្បៀត” នេះ​ជា​ពាក្យ​ដែលបណ្តា​ជន​បារាំង​គ្រប់​រូប​ខ្លាច​រអា​បំផុត ! ក្រោយ​​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ ដែល​ផ្តោត​ទៅ​លើ​​ថវិកា​ជាតិ​ ​លោក​នាយក​រដ្ឋមន្ត្រី​​បាន​ធ្វើ​សេចក្តី​ប្រកាស​ ពី​នយោបាយ​រឹត​ត្បិត​នេះ ដូច​ផ្ទុះ​កំហឹង​ដូច្នោះ ៖ គេ​ត្រូវ​ប្រឹង​រិះ​ថាំ ដល់​ទៅ​បី​ឆ្នាំ ដើម្បី​កាត់​បន្ថយ​ឱនភាព​ជាតិ ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ២០១៣។

 
ចំណាយ​សាធារណៈ និង​​ចំណាយ​សម្រាប់​សង្គម ជា​ទិស​ដៅ​ដំបូងដែល​ត្រូវ​កាត់​បន្ថយ។ ប្រជាជន​បារាំង​គ្រប់​ស្រទាប់​វណ្ណៈ​ត្រូវ​តែ​យល់​ព្រម​ធ្វើ​ពលិការ​ដើម្បី​ជាតិ ក្នុង​នាម​ជា​ជន​គំរូ។ ឯកសិទ្ធ​​រួច​ពន្ធ​មួយ​ចំនួន​ត្រូវ​លុប​ចោល ហើយ​ចំណាយ​របស់​ក្បាល​ម៉ាស៊ីនរដ្ឋ ក៏​ត្រូវ​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។

ពី​ព្រោះ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក ជា​អ្នក​តម្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ។ ម្យ៉ាង​វិញ​ទៀត នេះ​ជា​ការ​កំណត់​របស់​សហភាព​អឺរ៉ុប។

ឱនភាព​ជាតិ​បារាំង​ បាន​ឡើង​ដល់​ទៅ ៨% ដូច្នេះ​ដើម្បី​ចៀស​ផុត​ពី​ការ​ផាក​ពិន័យ ពី​សំណាក់​សហភាព​អឺរ៉ុប និង​ដើម្បី​ធ្វើ​ជា​សិស្ស​គំរូ រដ្ឋាភិបាល​លោក​ហ្វីយ៉ុង ត្រូវ​កាត់​បន្ថយ​ឱនភាព​នេះ​ឲ្យ​បាន​៥​ពិន្ទុ ក្នុង​រយៈ​ពេល​បី​ឆ្នាំ។

ការ​កាត់​បន្ថយ​ចំណាយ​រដ្ឋ​ឲ្យ​ស្រប​ទៅ​នឹង​ឱនភាព​ជាតិ ជា​​ដំណាក់​កាល​ទី​មួយ​នៃ​នយោបាយ​រឹត​ត្បិត​នេះ។ ជំនួយ​សង្គម និង​ការងារ នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប៉ុន្តែ​រដ្ឋាភិបាល​ ដែល​គិត​ថា​បារាំង​មាន​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់​សម្គាល់​វិញ​ហើយ​នោះ បាន​ធានា​ថា​នឹង​គ្មាន​​ការដំឡើង​ពន្ធ​ ជា​លក្ខណៈ​ធំ​សម្បើម​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI