អង់គ្លេស-នយោបាយ

នាយករដ្ឋមន្ត្រី​​អង់គ្លេសថ្មី​លោកDavid Cameron​

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោកDavid Cameronនិង​ភរិយា Samantha នៅលេខ១០Downing Street នៅទីក្រុងLondres
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោកDavid Cameronនិង​ភរិយា Samantha នៅលេខ១០Downing Street នៅទីក្រុងLondres ©Photo:Toby Melville/Reuters

ប្រមុខ​ដឹក​នាំ​នៃ​បក្ស​អភិរក្សនិយម​អង់គ្លេស​ លោក​David Cameron​ នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​បាន​ក្លាយ​ជា​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ក្មេង​ជាងគេ​នារយៈ​២០០​ឆ្នាំ​ចុង​ក្រោយ​នេះ។​ លោក​David Cameron​ទទួល​តំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក​Gordon Brown ក្រោយ​ពី​សម្រេច​​​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​បក្ស​សេរី-ប្រជាធិបតេយ្យ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក​ សារិន

នាឱកាស​ថ្លែងការណ៍​ជា​លើក​ទីមួយ​នៅ​មុខ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នៅ​លេខ១០​Downing Street នៅ​ទីក្រុង​Londres លោក​David Cameron​បាន​បញ្ជាក់​កាលពី​ម្សិល​មិញ​ថា​ “​លោក​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ពិត​ប្រាកដ​មួយ​រវាង​បក្ស​អភិរក្ស​និយម​​និង​ បក្ស​សេរី-ប្រជាធិបតេយ្យ​”។

 
មុខ​តំណែង​រដ្ឋ​មន្ត្រី​៥​ក្រសួង​នឹង​រក្សា​ទុក​ជូន​បក្ស​សេរី-​ប្រជា​ធិប​តេយ្យ​​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ ហើយនិង​មុខ​តំណែង​ឧបនាយក​រដ្ឋមន្ត្រី​ត្រូវ​ជូន​ទៅ​លោក​Nick Clegg ​ប្រមុខ​ដឹកនាំ​នៃ​បក្ស​សេរី-​ប្រជា​ធិបតេយ្យ​ដែល​ជា​បក្ស​កណ្តាលនិយម​លំអៀង​ឆ្វេង។

ចំណែក​ឯ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ក៏​បាន​ទូរស័ព្ទ​មក​សរសើរ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​លោក​David Cameron។​ហើយ​​បាន​អញ្ជើញ​លោក​David Cameron​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​កក្កដា​ខាងមុខនេះ។​ រដ្ឋបុរស​ទាំងពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពី​បញ្ហា​អាហ្វហ្កានិស្តង់​ ពី​អភិក្រម​សន្តិភាព​នៅ​ដើមបូព៌ា​ និង​ពី​បញ្ហា​អៀរ៉ង់។

លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ឯណេះ​ ក៏​បាន​ឆ្លៀត​ធ្វើការ​សរសើរ​លោក​David Cameron​ ហើយ​សង្ឃឹម​ថា​នឹង​មាន​សហប្រតិបត្តិការ​យ៉ាង​ស្អិត​ល្មួត​រវាង​ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស។

សូមគូស​បញ្ជាក់ថា​ លោក​William Hague អ្នក​អភិរក្សនិយម​ អាយុ​៤៩ឆ្នាំ​នឹង​ឡើង​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។​ លោក​George Osborne អាយុ​៣៨​ឆ្នាំ​នឹង​ឡើង​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ។

រដ្ឋាភិបាល​អង់គ្លេស​ចម្រុះ​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​បក្ស​អភិរក្ស​និយម​របស់​លោក​David Cameron​និង​បក្ស​បក្ស​សេរី-​ប្រជា​ធិប​តេយ្យ​ដែល​ជា​បក្ស​កណ្តាលនិយម​លំអៀង​ឆ្វេង​របស់​លោក​Nick Clegg​ បាន​មក​បិទ​បញ្ចប់​ការ​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​របស់​បក្ស​ពលករ​​អង់​គ្លេស​ដែល​មាន​រយៈកាល​១៣ឆ្នាំ។​ ហើយ​រដ្ឋាភិបាល​ចម្រុះ​ថ្មី​នេះ គឺ​ជា​រដ្ឋាភិបាល​ចម្រុះ​អង់គ្លេស​ទីមួយ​ហើយ​សម្រាប់​រយៈពេល​៧០ឆ្នាំ​ចុង​ក្រោយ​នេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI