អាមេរិក​-រុស្ស៊ី​

អាមេរិក​លុបទៅវិញ​ទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី​

អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេសអាមេរិក​ លោក​ Philipp​ Crowlee
អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេសអាមេរិក​ លោក​ Philipp​ Crowlee ©AFP

ការសំរេចចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទើបបាន​ត្រូវ​ប្រកាស​ដោយ​ក្រសួង​ការបរទេស​អាមេរិក។​ មូលហេតុ​នៃការ​លុបនេះ ​តាម​ដែល​តំណាង​ផ្លូវការ​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​​​ លោក ​Philip ​Crowley ​បង្ហើប ​ឲ្យដឹង​ ​គឺ​មក​​ពី​​នា​​ពេល​​ចុង​​ក្រោយ​​រុស្ស៊ី​​ចេះ​​សម្រប​​ឥរិយាបថ​​ខ្លួន​​ទៅ​​ នឹង​គោលជំហរ​ដែល​សហគមន៍​អន្តរ​ជាតិ​ប្រកាន់​ចំពោះ​អៀរ៉ង់​ ព្រ​ម​​ទាំង​​ចេះ​​ទប់​​ខ្លួន​​មិន​​លក់​​ឲ្យ​​ទៅ​​ប្រទេសនេះ​ នូ​​វ​​អាវុធ​​ណា​​ដែល​​មាន​​ចែង​​ក្នុង​​បំរាម​​ហាម​​ប្រាម​​ដោយ​​សេច​ក្តី​​សំរេច​​របស់​​ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។​

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ កែវ ឆាយា

គួររំលឹកថា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នោះ បាន​ត្រូវ​ដាក់​ដោយ​ភាគី​អាមេរិក​ពេល​ខុសៗគ្នា ៖

ទី១​-ទល់នឹង​សាកល​វិទ្យាល័យ​គីមី-​បច្ចេកវិជ្ជា​នាម​ Mendeleev ក្រុងម៉ូស្គូ​ និង​ វិជ្ជាស្ថាន ​អាកាសចរណ៍​ក្រុងម៉ូស្គូ​ MAI ​កាលពី​ថ្ងៃ​៨មករា​ឆ្នាំ១៩៩៩​ដែល​ត្រូវ​ស.រ.អា​ចោទថា​ គាំទ្រ​ត្រង់ៗ​ដល់​អៀរ៉ង់​​ក្នុង​ការ​ស្រាវ​ជ្រាវ​ផលិត​អាវុធ​នុយក្លេអ៊ែរ។
ទី២-​ទល់នឹង​សហគ្រាស​រុស្ស៊ី​នៅ​ក្រុង​Toula​ ចម្ងាយ​ជាង​២០០គ.ម​​ខាង​ត្បូង​ម៉ូស្គូ​ មាន​ឯកទេសកម្ម​ផលិត​ឧបករណ៍​បរិធាន​ប្លែកៗ​ដែល​តាំង​ពី​ថ្ងៃ២៩​មេសា​ឆ្នាំ១៩៩៩​មក​ត្រូវ​អាមេរិក​​​ចោទ​ថា​ បាន​ប្រគល់​ទៅ​ឲ្យ​អៀរ៉ង់​នូវ​កាំជ្រួច​សំរាប់​បាញ់​រថក្រោះ​តាម​ការ​បញ្ជា​ពីចម្ងាយ។
ទី៣-​ទល់នឹង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាង​លក់​អាវុធ​ទៅ​ក្រៅ ហៅជា​ភាសា​រុស្ស៊ី​ថា​ RosOboronExport​កាលពីថ្ងៃទី២៣តុលាឆ្នាំ២០០៨​ ក្រោយពី​ក្នុង​ឆ្នាំ​២០០៧​ ក្រុម​ហ៊ុន​​នេះ​ បាន​ចុះ​កុងត្រា​លក់​ទៅ​អៀរ៉ង់​គឺ​ប្រព័ន្ធ​នៃ​កាំជ្រួច​មីស៊ីល​ការពារ​ដែន​អាកាស​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​ធុន​S-300​ចំនួន​៥ប្រព័ន្ធ​និមួយៗ​មាន​ទីតាំង​សំរាប់​បាញ់​វា​ចំនួន​៤​ គិត​ជា​សរុប​​ទៅ​គឺ​ទីតាំង​បាញ់​បែប​នេះ​ចំនួន​ដល់​ទៅ​២០​ ក្នុង​តម្លែ​ដល់​៨០០លាន​ដុល្លារ​អាមេរិក។ ​ប៉ុន្តែ​រហូត​មក​ទល់​ឥឡូវ​ ដោយ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ខាង​អាមេរិក​និង​ពីខាង​សម្ពន្ធមិត្ត​អាមេរិក​នៅ​ដើមបូព៌ា​ គឺ​អ៊ីស្រាអែល​ភាគី​រុស្ស៊ី​នៅ​តែ​មិន​ទាន់​ដាច់​ចិត្ត​បញ្ជូន​មធ្យោបាយ​ការពារ​ដែន​អាកាស​នោះ​​ទៅ​ឲ្យ​អៀរ៉ង់​នៅ​ឡើយ​​លុះ​ទាល់​តែ​ត្រូវ​ទីក្រុង​ Teheran ​ចោទ​Moscou​ទៅ​ហើយ​ថា​មិន​គោរព​តាម​កិច្ចសន្យា។​ ការ​សំរេច​ចិត្ត​អាមេរិកាំង​លុប​ទណ្ឌកម្ម​​នោះ​បាន​ញ៉ាំង​ឲ្យ​មាន​ក្តី​សោមនស្សន៍​ពី​សំណាក់​លោក​ប្រធាន​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ​RosOboronExport Vyacheslav Davidenko ដែល​ថា​តាម​ពិត​ទៅ​ទណ្ឌកម្ម​នោះ ទោះបី​បាន​ត្រូវ​អាមរិក​ដាក់​ដោយ​គ្មាន​អ្វី​ជា​សំអាង​ក្តី​ ក៏​វា​ឥត​បាន​ជះ​ឥទ្ធិពល​អ្វី​ជា​ដុំ​កំភួន​ឡើយ ​មក​លើ​ទំ​ហំ​នៃ​សព្វាវុធ​ដែល​រុស្ស៊ី​លក់​ចេញ​ទៅ​ក្រៅ​  វា​គ្រាន់​តែ​ស ឲ្យ​ឃើញ​ពី​ភាព​មិន​សុចរិត​របស់​អាមេរិក​ប៉ុណ្ណោះ ​ក្នុង​បុព្វហេតុ​ប្រជែង​គ្នា លក់​អាវុធ​ទៅក្រៅ។​ រុស្ស៊ី​ផ្ទាល់​ក្នុង​កិច្ចការ​នេះ ​តែង​បាន​និង​បន្ត​គោរព​ជានិច្ច​តាម​បទដ្ឋាន​អន្តរជាតិ​ ហើយ​លក់​សោត​គឺតែ​អាវុធ​ណា​ដែល​មាន​លក្ខណៈ​សំរាប់​តែ​កាពារ​ប៉ុណ្ណោះ។​ ចំណែក​ក្រុមហ៊ុន​និង​អង្គការ​ចំនួន​១២​ដែល​នៅ​ជាប់​ក្នុង​ទណ្ឌកម្ម​អាមេរិក​នៅ​ឡើយ​គឺ​នៅ​ប្រទេស​Venezuela Syrie Iran ចិន កូរ៉េខាងជើង កូរ៉េខាងត្បូង Soudan អេមៀរ៉ា​អារ៉ាប់រួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI