រុស្ស៊ី-​អ៊ុយក្រែន

បញ្ហា​ចែក​កេរមរតក​របស់​អតីត​សហភាព​សូវៀត

ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev (ឆ្វេង)និង​ប្រធានាធិបតី​អ៊ុយក្រែន Viktor Ianoukovich
ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev (ឆ្វេង)និង​ប្រធានាធិបតី​អ៊ុយក្រែន Viktor Ianoukovich Photo : Andrei Mosienko/ Reuters

រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ទើប​បន្ត​ឡើង​វិញ​កិច្ចចរចា​ស្តី​អំពី​សិទ្ធិ​ម្ខាងៗ លើ​ទ្រព្យ​សម្បត្តិ​របស់​អតីត​​សហភាព​​សូវៀត ដែល​​ស្ថិត​​នៅ​​បរទេស ស្រាប់​​​តែ​​ធ្លាក់​ក្នុង​ភាព​ទ័ល​ច្រក​តែ​ម្តង។ រុស្ស៊ី​អះអាង​​ថា​គឺ​ខ្លួន​ក្នុង​ឋានៈ​ជា​អ្នក​ស្នង​តំណែង​ពី​សហភាព​សូវៀត​ដែល​បំពាក់​ទៅ​ដោយ​សិទ្ធិ​ជា​​ម្ចាស់​​លើ​កេរ្តិ៍​ទាំង​អម្បាលម៉ាន​របស់​សូវៀត​ ចំណែក​អ៊ុយក្រែន​វិញ​ទាមទារ ​ចង់​បាន​ចំណែក​​របស់​ខ្លួន​នៃ​កេរ្តិ៍​នោះ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា

សាច់រឿងដែលមានគឺថាក្រោយពីសហភាព​សូវៀត​រលាយ​ទៅ​ក្នុង​ឆ្នាំ​១៩៩១ ទ្រព្យសម្បត្តិ​របស់​មហា​ប្រទេស​នេះ​ដែល​នៅ​សល់​នៅ​តាម​ប្រទេស​ប្លែកៗ បែប​យ៉ាង​អគារ​នៃ​ស្ថាន​តំណាង​នានា​ព្រម​ទាំង​ដី​ជា​ទី​ដែល​អគារ​ទាំងនោះ​ស្ថិត​នៅ​ត្រូវ​គេ​វាយ​តម្លៃ​ក្នុង​ទឹក​ប្រាក់​ពី​៣០០​ដល់​៤០០ពាន់​លាន​ដុល្លារ​អាមេរិក។ ទន្ទឹម​គ្នា​នេះ​បំណុល​ដែល​សហភាព​​សូវៀត​បាន​​ជំពាក់​​បរទេស កាលណោះ គឺ ១៦០​​ពាន់​​លាន​​ដុល្លារ បំណុល​​ដែល​​ទល់​​ឥឡូវ​​បាន​ត្រូវ​រុស្ស៊ី​សង​រួច​រាល់​ទៅ​ហើយ។

 
តាមពិត ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​បំណុល​នោះ​គឺ​ជា​របស់​អតីត​សាធារណរដ្ឋ​សូវៀត​ទាំង​១៥​ដែល​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​​សូវៀត។ ប៉ុន្តែ​​ដោយ​ហេតុ​ថា សហព័ន្ធ​រុស្ស៊ី​ដែល​ធ្លាប់ ជា​សសរ​ទ្រូង​នៃ​រដ្ឋ​សូវៀត​នោះ បាន​ត្រូវ អ.ស.ប.​ទទួល​ស្គាល់​ជា​អ្នក​ស្នង​តំណែង​ពី​សហភាព​សូវៀត ហើយ​ចូល​ទៅ​អង្គុយ​កន្លែង​របស់​សហភាព​សូវៀត ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. បំពាក់​ដោយ​សិទ្ធិ​Veto​ទៅ​ផង បាន​ជា​ពិត​ជា​ត្រូវ​ធ្លាក់​មក​លើ​រុស្ស៊ី​តែ​ម្តង គឺ​ទាំង​ទ្រព្យសម្បត្តិទាំងបំណុលរបស់សហភាព​សូវៀត។ អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ឆ្នាំ ១៩៩៤ គ្រប់​តែ​អតីត​សាធារណរដ្ឋ​សូវៀត​១៤​ទៀត​បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្នើ​ដោយ​ម៉ូស្គូ​ដែល​រំដោះ​គេ​ឲ្យ​ផុត​ពី​បំណុល​ ក៏​ដូច​ជា​ពី​ទ្រព្យសម្បត្តិ​ក្រោម​ឈ្មោះ​ថា “Variante Zero”។

ប៉ុន្តែ​មក​ទល់​ឥឡូវ មាន​តែ​រដ្ឋ​សភា​អ៊ុយក្រែន​មួយ​គត់​ដែល​ពុំ​ព្រម​ផ្តល់​សច្ចាប័ន​ទៅ​លើ​កិច្ច​ព្រមព្រៀង​នោះ។ មូលហេតុ​គឺ​មក​​ពី​ស្រប​នឹង​ឯកសារ​ឆ្នាំ​១៩៩១ អ៊ុយក្រែន​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ទៅ​ហើយ​ត្រៀម​សង​បំណុល​ក្នុង​ទំហំ​១៤​ពាន់​លាន​ដុល្លារ ដែល​ជា​ចំណែក​ត្រូវ​ធ្លាក់​មក​លើ​ខ្លួន​ ក៏​​ដូច​ជា​​ត្រៀម​ទទួល​យក​ចំណែក ១៦,៣៧% នៃ​ទ្រព្យសម្បត្តិ​សល់​ពី​សហភាព​សូវៀត​ក្នុង​តម្លៃ​សរុប​ពី​៣០០​ដល់​៤០០​ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​មតិ​ភាគី​អ៊ុយក្រែន​បើ​ទូទាត់​ទៅ​ឃើញ​ថា​ទ្រព្យ​សម្បត្តិ​នោះ​អាច​ប្រើ​មិន​គ្រាន់​តែ​សំរាប់​សង​បំណុល​បាន​យ៉ាង​ងាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​សំរាប់​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​ផង។ ជាង​នេះ​ទៅ​ទៀត​អ៊ុយក្រែន​ក៏​ត្រូវ​ទទួល​សំណង​ដែល​អតីត​ធនាគារ​សហភាព​សូវៀត​ជំពាក់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​បើ​គិត​តាម​អត្រា​បច្ចុប្បន្ន​គឺ​ក្នុង​ទឹក​ប្រាក់​ស្មើ​នឹង​១០០​ពាន់​លាន​ដុល្លារ​ឯណោះ។

មជ្ឈដ្ឋាន​នយោបាយ​វិទូ​អ៊ុយក្រែន​នាំ​គ្នា​បញ្ចេញ​យោបល់​ទៅ​ហើយ ថា​បញ្ហា​ដែល​ចោទ​បើ​ដោះស្រាយ​មិន​រួច​ទេ​គឺ​អាច​នាំ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់ទំនង​ថ្មី​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​កំពុង​វិវឌ្ឍន៍​បាន​ល្អ​ ហើយ​ក៏​អាច​នាំ​ឲ្យ​រុស្ស៊ី​បាត់បង់​អ៊ុយក្រែន​ក្នុង​ឋានៈ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ទៅ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI