ប្រាក់​អឺរ៉ូ

ប្រទេសចិនជួយស្ដារប្រាក់អឺរ៉ូ

ប្រទេសចិនជួយស្ដារប្រាក់អឺរ៉ូ
ប្រទេសចិនជួយស្ដារប្រាក់អឺរ៉ូ ©AFP/ Pedro ARMESTRE

ប្រាក់អឺរ៉ូ​បាន​ស្គាល់​ការ​ស្ទុះ​កើនឡើង​ខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយសារ​តែ​មាន​ការ​បដិសេធ​ជា​ផ្លូវការ​ពី​សំណាក់​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​ ទីក្រុង​ប៉េកាំង​ចង់​សើរើ​មើល​ឡើងវិញ​”​នយោបាយ​បោះទុន​ធ្វើ​វិនិយោគ​””​នៅ​តំបន់​អឺរ៉ូ។ នៅថ្ងៃសុក្រ​នេះ​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​ស្រុត​ចុះបន្តិច​វិញ​ក្រោយ​ពីមាន​ការលក់​ចេញ​យ៉ាង​ច្រើន​ដើម្បី​ទាញយក​ផល​ចំណេញ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

ធនាគារ​កណ្តាល​ចិន​បាន​ប្រកាស​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ គេ​នៅ​តែ​មាន​គោល​ជំហរ​បន្ត​រក្សា​រូបិយប័ណ្ណ​បម្រុង​ទុក​របស់​គេ​ឲ្យ​ឋិត​នៅ​ក្នុង​សភាព​សម្បូណ៌​បែប​ដដែល។​ រូបិយប័ណ្ណ​បម្រុង​ទុក​របស់​ប្រទេស​ចិន​ដែល​មាន​ដល់ទៅ​២៤០ម៉ឺន​លាន​ដុល្លារ​ឬ​១៩៥ម៉ឺន​៨ពាន់​លាន​អឺរ៉ូ។

 
មុននេះ​ប្រទេស​ចិន​ធ្លាប់​បាន​បដិសេធ​ម្តង​រួច​ទៅ​ហើយ​ទាក់ទិន​នឹង​អត្ថបទ​មួយ​របស់​សារពត៌មាន​Financial Times ដែល​បាន​សរ​សេរ​ថា​​ ទីក្រុង​ប៉េកាំង​បារម្ភ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​និង​ពី​ប្រាក់​បំណុល​ដ៏​ច្រើន​មហិមា​របស់​ប្រទេស​នៅ​ក្នុង​​តំបន់​អឺរ៉ូ​ ហើយ​គ្រោង​រៀបចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជាមួយ​ធនាគារ​បរទេស​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទាំងនេះ។​ អត្ថបទ​របស់​សារពត៌មាន​Financial Times​នេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​​​Wall Street ធ្លាក់​ស្រុត​ចុះ​មួយ​រំពេច។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ធនាគារ​កណ្តាល​ចិន​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ “​អឺរ៉ុប​នៅ​តែ​ជា​ទី​កន្លែង​មួយ​ដ៏​សំខាន់​ក្នុង​ការ​បោះ​ទុន​ធ្វើ​វិនិយោគ​សម្រាប់​រូបិយប័ណ្ណ​បម្រុង​ទុក​របស់​ប្រទេស​ចិន​”​ ហើយ​ទីក្រុង​ប៉េកាំង​មាន​ទំនុក​ចិត្ត​ទៅលើ​សមត្ថភាព​របស់​តំបន់​អឺរ៉ូ​ក្នុង​ការ​ប្រយុទ្ធ​ជំនះ​ទៅលើ​ឧបសគ្គ​ និង​ទុកចិត្ត​ទៅលើ​វិធានការ​គាំទ្រ​ដែល​អនុម័ត​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ព្រមទាំង​សហភាព​អឺរ៉ុប​ក្នុង​ការ​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព។

ភ្លាម​ភ្លែត​ប្រាក់​អឺរ៉ូ​ដែល​បាន​បាត់​បង់​អស់​ជាង​៨%​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​នេះ​មក​ ស្រាប់​តែ​ស្ទុះ​កើន​ឡើង​វិញ​យ៉ាង​ខ្លាំង​ដូច​ព្រួញ​ហក់​ឡើង​ពី​១,២១ដុល្លារ​សម្រាប់​១អឺរ៉ូ​មក​ជិត​១,២៤ដុល្លារ។​ នៅ​ថ្ងៃ​សុក្រ​នេះ​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​ស្រុត​ចុះ​បន្តិច​វិញ​ក្រោយ​ពី​មាន​ការ​លក់​ចេញ​យ៉ាង​ច្រើន​ដើម្បី​ទាញ​យក​ផល​ចំណេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI