អឺរ៉ុប​-​រុស្ស៊ី

ជំនួប​កំពូល រុស្ស៊ី​-​សហភាព​អឺរ៉ុប លើក​ទី​២៥

ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Medvedev
ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Medvedev AFP / Vladimir Rodionov

ជំនួប​កំពូល​នេះ ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​នៅ​ទីក្រុង Rostov មាត់ទន្លេDon ដែល​ជា​ក្រុង​ឧស្សាហកម្ម​​ដ៏​ធំ មាន​បណ្តាជន​ជាង​១​លាន​នាក់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៩០០គ.ម. ខាង​ត្បូង ពី​រដ្ឋធានី​ម៉ូស្គូ។ ចូល​រួម​ក្នុង​ជំនួប​នេះ ពី​ខាង​រុស្ស៊ី​គឺ​លោក​ប្រធានាធិបតី Medvedev រួច​ពី​ខាង ២៧ ប្រទេស​សហភាព​អឺរ៉ុប គឺលោកHerman Van Rompuy ដែល​កាន់​តំណែង​ថ្មី​ជា​ប្រធាន​សហភាពអឺរ៉ុបហើយ​ដែល​នឹង​ជួប​លោក Medvedev ដោយ​ផ្ទាល់​ជាលើកទី១។ ក្នុង​របៀប​វារៈ​ប្រចាំ​ថ្ងៃ គឺ​មាន​បញ្ហា​ធំៗ​ទ្វេ​ភាគីរុស្ស៊ី​-​សហភាព​អឺរ៉ុប និង​បញ្ហា​អន្តរជាតិ​មួយ​ចំនួន។ 

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា

ជាបឋម គូ​ភាគី​ផ្តោត​ទៅ​លើ​ការ​តាក់​តែង​វិធានការ សំរាប់​រុស្ស៊ី និងសហភាព​អឺរ៉ុប​ឆ្លង​ទៅ​កាន់​របប​លុប​ទិដ្ឋាការ​ទៅ​វិញ​ទៅ​មក។រីឯ​ប្រទេស​ណានៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​ជំទាស់​នឹង​ការ​លុប​ទិដ្ឋាការ​នេះគេ​ទាមទារ​ឲ្យ​ដោះស្រាយ​ជា​មុន​សិនបញ្ហា​ធ្វើ​បត្យាប័ន​ជាតិ​រុស្ស៊ីក៏​ដូច​ជា​ជាតិ​បរទេស​ណាដែល​បាន​លួច​ជ្រៀត​ចូល​ទៅ​ក្នុង​ប្រទេស​សហភាព​អឺរ៉ុប ដោយ​ខុស​ច្បាប់ដោយ​ចេញ​ពី​ប្រទេស​រុស្ស៊ី​ទៅ។

បញ្ហា​ធំ​ជា​គោល​មួយ​ទៀត ដែល​សង្កត់​ធ្ងន់​ដោយ​ភាគី​រុស្ស៊ី គឺ​រឿង​តាំង “ភាព​ជា​ដៃ​គូ​គ្នា​ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី”។ គំនិត​នេះ​បាន​ទទួល​ការ​ពិភាក្សា​រួច​ទៅ​ហើយ ក្នុង​ជំនួប​កំពូល​លើក​មុន​កាល​ពី​ថ្ងៃ ១៨​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ នៅ​ឯ​ក្រុង​Stockholm។ គំរោង​នៃ​កម្មវិធី​ធ្វើ​ទំនើប​កម្ម​នេះ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ខាង​សហភាព​អឺរ៉ុប បាន​ត្រូវ​នាំ​មក​ប្រគល់​ជូន​ភាគី​រុស្ស៊ី​ទៅ​ហើយ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ ដោយ​ឧត្តម​តំណាង​សហភាព​អឺរ៉ុប ខាង​កិច្ចការ​អន្តរជាតិ​និង​សន្តិសុខ លោកស្រី Catherine Ashton។

ចំណុច​ធំៗ​នៃ​កម្មវិធី​នេះ​ស្នើ​ដោយ​សហភាព​អឺរ៉ុប​ចែង​ថា ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី​ទៅ​កើត ៖ ទី១ - ត្រូវ​កសាង​នៅ​រុស្ស៊ី​ជា​នីតិរដ្ឋ​សិន ដោយ​លើក​ច្បាប់​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់។ ទី២- ត្រូវ​ជំនះ​ឲ្យ​បាន​លើ​អំពើ​ពុក​រលួយ រួច​កែ​ឲ្យ​ល្អ​ឡើង​បរិយាកាស នៅ​រុស្ស៊ី​សំរាប់​ធ្វើ​វិនិយោគ។ ទី៣- សហភាព​អឺរ៉ុប ក៏​ត្រៀម​ចូល​រួម ក្នុង​អភិក្រម​ខាង​កែ​ឲ្យ​ប្រសើរ​ឡើង អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​រុស្ស៊ី ហើយ​ទី​៤ -ចម្លង​ប្រទេស​រុស្ស៊ី​ទៅ​កាន់​ស្តង់ដារ​អឺរ៉ុប តែ​ម្តង។

ក្រុង​ម៉ូស្គូ ពី​ចំណែក​ខ្លួន​វិញ ចាត់​ទុក​ឯកសារ​នោះ​ថា​ជា “វិភាគ​ទាន​បញ្ញា” រួម​មក​ក្នុង ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បញ្ចេញ​យោបល់​ថា រុស្ស៊ី​ប្រាថ្នា​ចង់​ឲ្យ​សហភាព​អឺរ៉ុប ភ្ជង់​ស្មារតី​មក​លើ “ទិដ្ឋភាព​សេដ្ឋកិច្ច​និង​បច្ចេកវិជ្ជា​ជាង” សំរាប់​ការ​ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី​ក្នុង​អនាគត។ ភាគី​រុស្ស៊ី​កត់​សំគាល់​ថា កម្មវិធី​នោះ​ឯង មិន​ត្រូវ​ផ្តិត​ជាប់​ដោយ​លក្ខណៈ ម្ខាង​ជា​គ្រូ ម្ខាង​ជា​សិស្ស​ឡើយ។

បញ្ហា​ផ្សេង​ទៀត ដែល​ជា​កម្មវត្ថុ​នៃ​កិច្ចចរចា គឺ​បញ្ហា​ធានា​ឲ្យ​មាន​សន្តិសុខ​ថាមពល​នៅ​អឺរ៉ុប​បញ្ហា​ចុះ​ឲ្យ​បាន ជា​កិច្ច​ព្រមព្រៀង​មូលដ្ឋាន​ថ្មី​រវាង​រុស្ស៊ី​និង សហភាព​អឺរ៉ុប ដ្បិត​កិច្ច​ព្រមព្រៀង​លើក​មុន បាន​អស់​សុពលភាព តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៧​ម៉្លេះ។

ទាំង​រុស្ស៊ី ទាំង​សហភាព​អឺរ៉ុប តែង​យក​ចិត្ត​ទុកដាក់​កាត់​បន្ថយ​លំហ​ណា​ដែល​នៅ​មាន​វិបត្តិ​នៅ​ឡើយ​នៅ​ក្នុង​លោក​ បែប​យ៉ាង​ស្ថានការណ៍​នៅ​ដើម​បូព៌ា Afghanistan Pakistan កម្មវិធី​នុយក្លេអ៊ែរ​អៀរ៉ង់ ជម្លោះ​ដែល​កំពុង​តាន​តឹង​ខ្លាំង​មែន​ទែន​នៅ​ឧប​ទ្វីប​កូរ៉េ។

គួរ​និយាយ​ថា​រុស្ស៊ី​ជា​ដៃ​គូ​សេដ្ឋកិច្ច​ទី​៣ របស់​សហភាព​អឺរ៉ុប ចំណែក​សហភាព​អឺរ៉ុប ជា​ដៃ​គូ សេដ្ឋកិច្ច​ទី​១ របស់​រុស្ស៊ី។ ក្នុង​ឆ្នាំ​មុន ៦០% នៃ​វិនិយោគ​របស់​រុស្ស៊ី​នៅ​បរទេស គឺ​ធ្លាក់​ទៅ​លើ​សហភាព​អឺរ៉ុប ហើយ​៨០%​នៃ​វិនិយោគ​បរទេស​នៅ​រុស្ស៊ី គឺ​ផ្តល់​ដោយ​សហភាព​អឺរ៉ុប​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI