រុស្ស៊ី

ខួប​​គំរប់​៥៥​ឆ្នាំ​នៃ​ព្រលាន​អវកាស Baikonour

ព្រលានBaikonourក្នុង​ប្រទេស ​Kazakhstan​ជា​ព្រលាន​បង្ហោះ​យាន​អវកាស​ធំ​ជាង​គេ​ក្នុង​ពិភពលោក
ព្រលានBaikonourក្នុង​ប្រទេស ​Kazakhstan​ជា​ព្រលាន​បង្ហោះ​យាន​អវកាស​ធំ​ជាង​គេ​ក្នុង​ពិភពលោក ©រក្សារសិទ្ធិ

កាល​ពី ៥៥​ឆ្នាំ​មុន គឺ​នា​ថ្ងៃ ២​មិថុនា ឆ្នាំ ១៩៥៥ ដែល​សហភាព​សូវៀត​បាន​សំរេច​ថា បង្កើត​ឡើង​ជា​វាលវង់​ពិសោធន៍​ថ្មី​របស់​ក្រសួង​ការពារ​ជាតិ។ វាលវង់​ពិសោធន៍​នេះឯង គឺ​ព្រលាន​ឈ្មោះBaikonour សំរាប់​បង្ហោះ​កាំជ្រួច​មីស្ស៊ីល​ដែល​ពាំផ្ទុក​ទៅ​ជាមួយ​នូវ​យាន​អវកាស​ប្លែកៗ​ទៅកាន់​លំហ​អវកាស។ ចាត់ទុក​ជា​លំហអវកាស គឺ​បរិយាកាស​ជុំវិញ​ផែនដី​ដែល​ស្ថិតនៅ​កំពស់​ចាប់​ពី ១០៣គ.ម.ឡើង​ទៅ​ជាទី​ដែល​លែង​មាន​ទំនាញ​របស់​ផែនដី។តើ​អ្វី​ទៅ​ជា​​ព្រលាន​អវកាស Baikonour?

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

វា​ជា​ព្រលាន​អវកាស​ធំ​ជាងគេ​ក្នុង​លោក។ វា​មាន​ផ្ទៃ​ក្រឡា​ដល់​ទៅ ៦.៧១៧ គ.ម.។ វា​ស្ថិតនៅ​លើ​ដែនដី​នៃ អតីត​សាធារណរដ្ឋ​សូវៀតKazakhstan។ ព្រលាន​នោះ​មាន​ឈ្មោះ​ថា Baikonour ដែល​ប្រែពី ភាសា Kazakh មក​មាន​ន័យថា “ ដី​ដែល​មាន​ជីជាតិ​ល្អ “។

ព្រលាន Baikonour មាន​ទីតាំង​ដល់​ទៅ​ចំនួន ១៥ ឯណោះ សំរាប់​ធ្វើ​ប្រតិបត្តិការ​បង្ហោះ។ ពិតជា​ចេញ​ពី​ព្រលាន​នេះ​ឯង ដែល​ក្នុង​ឆ្នាំ ១៩៥៧ សហភាព​សូវៀត​បាន​បង្ហោះ​មុនគេ​បង្អស់​ក្នុង​​លោក គឺ​ផ្កាយរណប​សិប្បនិម្មិត​របស់ផែនដីហៅថាSatellite រួច​បន្ទាប់មក ក្នុង​ឆ្នាំ ១៩៦១ បាន​បង្ហោះ​មុនគេ​បង្អស់​ដែរ គឺ​យាន​អវកាស​បើកបរ​ដោយ​មនុស្ស​ទី១ របស់​ផែនដី ជា​ជាតិ​រុស្ស៊ី ឈ្មោះ Youri Gagarine។

យាន​អវកាស​មុន​គេ​នោះ​មាន​ឈ្មោះ​ថា Vostok។បន្ទាប់មកគឺយានអវកាសធុន Voskhod និង​Soyouz ដែល​មក​ទល់​ឥឡូវ គិត​ជា​សរុប​បាន​ផ្ទុក​អវកាស​យានិក​ចំនួន​ជាង ២០០​នាក់​ទៅហើយ ទៅ​កាន់​អវកាស ដែល​ក្នុង​នោះ ជាតិ​រុស្ស៊ី​ប្រមាណ​ពាក់​កណ្តាល ហើយ​ពាក់​កណ្តាល​​ទៀត ជា បរទេស​ច្រើន​សញ្ជាតិ ដើម្បី​ទៅ​ស្នាក់នៅ ធ្វើការ ស្រាវជ្រាវ ក្នុង​ស្ថានីយ៍​ជា​មន្ទីរ​ពិសោធន៍​របស់​រុស្ស៊ី ដែល​បាន​ហោះ​ជុំវិញ​ផែនដី ក្រោម​ឈ្មោះ​ថា Saliout និង Mir នឹង​ដែល​សុទ្ធ​តែ​បាន​ត្រូវ​បង្ហោះ​ចេញ​ពី​ព្រលាន Baikonour ដែរ។

ចេញ​ពី​ព្រលាន​នេះ ក៏​មាន​បង្ហោះ​ផង​ដែរ​សំណង់​ស្នូល​នៃ​ស្ថានីយ៍​អវកាស​អន្តរជាតិ ហៅកាត់​ថា SSI ដែល​បន្ត​សង់​ឡើង នៅ​កំពស់ ៣៤០គ.ម. ពី​ផែនដី តាំង​ពីឆ្នាំ ២០០០មក ដោយ​មាន​ការចូលរួម​ដល់​ទៅ ១៤​ប្រទេស។

ព្រលាន Baikonour រែក​លើ​ស្មាខ្លួន នូវ​ការបង្ហោះ​ចំនួន​ច្រើន​ជាងគេ។ បើ​ក្នុង​ឆ្នាំ ២០០៩ កន្លង​ទៅ Baikonour បាន​ធ្វើការ​បង្ហោះ​បែបនេះ​ដល់ ២៤​លើក គឺ​ច្រើន​ជាង​ចំនួន​បង្ហោះ​ដែល​ធ្វើ​ចេញ​ពី​គ្រប់​ព្រលាន​អវកាស នៅ​ស.រអា។ ក្នុង​ឆ្នាំ ២០០៧ រុស្ស៊ី បាន​បង្ហោះ​ដល់​ទៅ ២៦ លើក ស.រ.អា. ១៩​លើក ចិន ១០លើក ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ៦​លើក ឥណ្ឌា ៣លើក ជប៉ុន​២​លើក។

ក្រោយ​ពី​សហភាព​សូវៀត​រលាយ​ទៅ ក្នុង​ឆ្នាំ​១៩៩១ ព្រលាន​អវកាស Baikonour បាន​ឆ្លង​ទៅ​ជា​​កម្មសិទ្ធិ​របស់​រដ្ឋ​ឯករាជ្យ Kazakhstan។ ស្រប​នឹង​កិច្ច​ព្រមព្រៀង​ចុះ​ឆ្នាំ ១៩៩៤ រុស្ស៊ី​បែរ​ទៅជា​​ជួល​ព្រលាន​នេះ​ប្រើប្រាស់​ទៅវិញ​ដោយ​បង់ថ្លៃ​ក្នុង ១ឆ្នាំៗ ឲ្យ​ទៅ Kazakhstan ១១៥​លាន​ដុល្លារ សំរាប់​រយៈពេល​មួយ​រហូត​ដល់​​ឆ្នាំ ២០៥០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI