អ៊ុយក្រែន

១០០ថ្ងៃ​នៃ​អំណាច​ប្រធានាធិបតី​ថ្មី​លោកViktor Yanoukovitch​

លោក​Vikto Yanoukovitch​​ប្រធានា​ធិបតី​ថ្មី​​នៅ​រដ្ឋ​អ៊ុយក្រែន​​
លោក​Vikto Yanoukovitch​​ប្រធានា​ធិបតី​ថ្មី​​នៅ​រដ្ឋ​អ៊ុយក្រែន​​ ©Reuters

ថ្ងៃនេះ​គម្រប់​បាន​១០០ថ្ងៃ​គត់​តាំងពី​លោក​Vikto Yanoukovitch បាន​ទទួល​សច្ចា​ប្រណិធាន​ឡើង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ថ្មី​នៅ​រដ្ឋ​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី​២៥កុម្ភៈ​មក។​ឧទ្ទិស​ដល់​កាល​បរិច្ឆេត​ខួបនេះ​​ លោក​​បាន​​ថ្លែង​​សារ​​ទៅ​កាន់​​ប្រជា​ជាតិ​​រៀប​រាប់​​អំពី​​លទ្ធផល​​ខ្លះៗ​​ដែល​​រដ្ឋ​​អំណាច​​ថ្មី​​របស់​​គាត់​​ចេះ​​សំរេច​​បាន​​ក្នុង​​រយៈ​ពេល​​នេះ​​ ខាង​​នយោបាយ​​ក្នុង​​និង​​ក្រៅ​​ប្រ​ទេស​​ ក៏​​ដូច​ជា​​ចំណោទ​​ចោទ​​ទៅ​​អនាគត។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ កែវ​ ឆាយា

ខាង​នយោបាយ​ក្នុង​ប្រទេស​លោក​ Viktor ​Yanoukovitch បាន​ថ្លែង​ប្រកប​ដោយ​មោទនភាព​ថា​ទើប​ឥឡូវ​ទេ​តើ​ដែល​បរិយាកាស​នៅ​អ៊ុយក្រែនសណ្ឋិត​ទៅ​ដោយ​ស្ថិរភាព​សំរាប់​ធ្វើ​ការ​កសាង​និង​អភិវឌ្ឍន៍​​ក្រោយ​ពី​គាំងស្ទះ​អស់​៥ឆ្នាំ​មក​ជំនាន់​អំណាច​នៃ​“ បដិវត្តន៍​ពណ៌​លឿងទុំ​“​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រខាំ​គ្នា​គ្មាន​ឈប់​រវាង​ពួក​មេធ្វើ​បដិវត្តន៍​នោះ។​ រយៈ​ពេល​៥ឆ្នាំ​នោះ​បាន​ត្រូវ​លោក​ Yanoukovitch​ដាក់​ឈ្មោះ​ថា​ជា​កាល​សម័យ​“​ហិនហោច“​ សំរាប់​ប្រ​ទេស​ជាតិ។​ រួច​ឥឡូវ​តាម​ប្រសាសន៍​គាត់​គឺជា​លើក​ទី១​ក្នុង​ប្រវត្តិ​ថ្មី​របស់​​ខ្លួន​ដែល​អ៊ុយក្រែន​ទទួល​ភ័ព្វ​សំណាង​ធ្វើ​ការ​កសាង​ដោយ​ស្ងប់​សុខ​ស្រួល​ដោយ​គ្មាន​ជម្លោះ​សំរាប់​បំរើ​ប្រជាជន​មិន​មែន​សំរាប់​បំរើ​ពួក​កាន់អំណាច​ទេ។​​ ខាង​​នយោបាយ​ក្រៅ​ប្រទេស​លោក ​Yanoukovitch​ កត់​សំគាល់​ថា តែ​ក្នុង​រយៈ​ពេល​១០០ថ្ងៃ​កន្លង​ទៅ​សោះ​រដ្ឋ​អំណាច​ថ្មី​របស់​គាត់​ចេះ​រៀប​រយ​ឲ្យ​មាន​លំនឹង​និង​មាន​ស្ថិរភាព​បាន​ដូច​ចិត្ត​នូវ​ទំនាក់​ទំនង​ជា​មួយ​ដៃគូ​គន្លឹះៗ​របស់​អ៊ុយ​ក្រែន​​ពោល​គឺ​ជា​មួយ​សហភាព​អឺរ៉ុប​សហរដ្ឋ​អាមេរិក​សហព័ន្ធ​រុស្ស៊ី​ដោយ​លើក​វា​បាន​ដល់​គុណភាព​ថ្មី​ហេតុ​ដែល​បា​ន​បង្វែរ​មក​វិញ​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ពួ​ក​វិនិយោគិន​និង​ពួក​ប្រទេស​ឥណទាយក​នៅ​ក្នុង​លោក។​ រីឯ​ចំណោទ​ចោទ​ទៅអនាគត​ខាង​នយោបាយ​ក្នុង​ប្រទេស​គឺ​ធ្វើ​ទំនើបកម្ម​ដោយ​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​នៃ​ជីវភាព​លុះ​ទាល់​តែ​ក្នុង​១០ឆ្នាំ​ទៅ​មុខ​ប្រែ​អ៊ុយ​ក្រែន​ទៅ​ជា​រដ្ឋ​មាន​អានុភាព​ខ្លាំងក្លា​អាច​ចូល​ទៅ​ស្ថិត​នៅ​ក្នុង​ចំណោម​២០​ប្រទេស​ដែល​លូត​លាស់​ជាងគេ​ក្នុងលោក។​ ខាង​នយោបាយ​ក្រៅ​ប្រ​ទេស​​​គឺ​ជា​លើក​ទី១​បើគិត​ក្នុង​ប្រវត្តិ​ទាំង​១៩ឆ្នាំ​នៃ​ឯករាជ្យ​ខ្លួន​ដែល​អ៊ុយក្រែន​ថ្លែង​យ៉ាង​ច្បាស់លាស់​ថាខ្លួន​មិន​ចូល​ក្នុង​បក្ស​សម្ពន្ធ​យោធា​​-នយោបាយ​ណា​ឡើយ​បែប​យ៉ាង​បក្ស​​ OTAN​​ជា​ដើម។​ សេចក្តី​សំរេច​នេះ​បាន​ត្រូវ​រដ្ឋ​សភា​អ៊ុយក្រែន​អនុម័ត​ម្សិលមិញ​ដោយ​សម្លេង​ភាគ​ច្រើន​ដល់​ទៅ​២៥៣​សម្លេង​គឺ​លើសឆ្ងាយ​ពី​ចំនួន​២២៦​សម្លេង​ដែល​ទាមទារ​ដោយ​ច្បា​ប់​​។​​ ប៉ុន្តែ​រដ្ឋ​អ៊ុយក្រែន​បន្ត​ដាក់​ទិស​សំដៅ​ចូល​ឲ្យ​បាន​ជា​សមាជិក​សហភាព​អឺរ៉ុប​ដោយ​ពង្រីក​ជា​បណ្តើរៗ​លំហ​សេដ្ឋកិច្ច​រួម​ជាមួយ​សហភាព​នេះ។​ ប្រមុខរដ្ឋ​អ៊ុយក្រែន​ចាត់​ទុក​សហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ស.រ.អា​ថា​ជា​តម្រូវ​ការ​ដ៏​សំខាន់​នៃ​កាល​សម័យ​ដោយ​ស្រដី​អំពី​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​រវាង​អ៊ុយក្រែន​និង​រុស្ស៊ីលោក​ Yanoukovitch​​បាន​​ហៅ​​ភាព​​ជា​​ដៃគូ​​នេះ​​ថា​​ជា​​“​កត្តា​ជួយ​ពង្រឹង​​សន្តិសុខ​​នៅ​​ទូទាំង​​ទ្វីប​​អឺរ៉ុប​“៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI