រុស្ស៊ី​-ប៉ូឡូញ

ប៉ូឡូញចោទ​ រុស្ស៊ីបដិសេធ

នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Vladimir Poutine ក្នុង​ពិធី​បុណ្យ​សព​ប្រធានាធិបតី​ប៉ូឡូញ​នៅ​ព្រៃ Katyn
នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Vladimir Poutine ក្នុង​ពិធី​បុណ្យ​សព​ប្រធានាធិបតី​ប៉ូឡូញ​នៅ​ព្រៃ Katyn Reuters/Kacper Pempel

ទំនាក់ទំនង​ទ្វេ​ភាគី​ប៉ូឡូញ​-​រុស្ស៊ី​ទើប​រំលេច​ឲ្យ​ឃើញ​ជា​ថ្មី ពី​កង្វះ​ជំនឿ​ទុក​ចិត្ត​គ្នា។ តប​នឹង ការ​អះអាង​របស់​​អ្នកនាំ​ពាក្យ​​ផ្លូវការ​​របស់​រដ្ឋាភិបាល​ប៉ូឡូញ ដែល​ថា នគរបាល​រុស្ស៊ី​៣ ​នាក់​បាន​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​ឃាត់​ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង ចំពោះ​ការ​លួច Carte de credit​ស្អី​ណា​ពី​សមាជិក​ម្នាក់​នៃ​គណៈប្រតិភូ​ប៉ូឡូញ ដែល​បាន​ស្លាប់​គ្មាន​សល់​ម្នាក់​ក្នុង​គ្រោះ ថ្នាក់​យន្ត​ហោះ​នៅ​ជាយ​ក្រុង Smolensk ប៉ែក​ខាង​លិច​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ ១០​មេសា​កន្លង ទៅ និង​ថែម​ទាំង​បាន​ដក​លុយ​ពី Carte នេះ​ចាយ​ទៅ​ផង ក្រសួង​មហា​ផ្ទៃ​រុស្ស៊ី​ ទើប​ចេញ សេចក្តី​ថ្លែងការណ៍​ច្រាន​ចោល​ដាច់​អហង្កា។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ​ ឆាយា

សេចក្តី​ថ្លែង​ការណ៍​នោះ​បដិសេធ​ទាំង​ការ​អះអាង​របស់​ភាគី​ប៉ូឡូញ​ដែល​ថា​អាជ្ញាធរ​រុស្ស៊ី​បាន​ចាប់​ខ្លួន​នគរបាល​រុស្ស៊ី​៣​នាក់​ស្អី​ណា​ទាំង​ការ​ចោទ​ពួក​គេ​ថា​ បាន​លួច​ពី​ហោបៅ​សព​អ្នក​មុខ​អ្នក​ការ​ប៉ូឡូញ​ម្នាក់​នូវ Carte de credit រួច​ថែម​ទាំង​បាន​ដក​លុយ​ពី Carte​នោះ​អស់​ប្រាក់​៦.០០០Zloty ប៉ូឡូញ​ ឬ​ស្មើ​នឹង ១​៧៥០ ដុល្លារ​អាមេរិក​ទៅ​ផង។​

 
ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ចាត់​ទុក​ការ​ចោទ​ប្រកាន់​បន្លឺ​ឡើង​ដោយ​រដ្ឋាភិបាល​ប៉ូឡូញ​ថា​ជា​ការ​ប្រមាថ​ដោយ​មិន​ចេះ​ខ្មាស​អៀន​ ជាពិសេស​ក្នុង​ផ្ទៃ​នៃ​ការ​សំដែង​អំណរ​គុណ​​ទេ​តើ​ពី​ខាង​ថ្នាក់​ដឹកនាំ​កំពូល​ប៉ូឡូញ។ នា​ថ្ងៃ​៨​ឧសភា​កន្លង​ទៅ​ក្នុង​ស្ថានទូត​ប៉ូឡូញ នៅ​ម៉ូស្គូ ប្រធានាធិបតី​ស្តី​ទី​ប៉ូឡូញ​លោក Bronislav Komarovski ថែម​ទាំង​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​នគរបាល​រុស្ស៊ី​ដ៏​ឆ្នើមៗ​៤​រូប​ទៅ​ផង ចំពោះ​គុណូបការៈ​របស់​គេ នៅ​ពី​មុខ​ប្រទេស​ប៉ូឡូញ។ ​គិត​ជា​សរុប មាន​នគរបាល​រុស្ស៊ី​ដល់ ១០០០ នាក់​ឯណោះ បាន​​ធ្វើ​អន្តរាគមន៍ ​នៅ​នឹង​កន្លែង​សោកនាដកម្ម  ដែល​មាន​យន្តហោះ​ប៉ូឡូញ​ធ្លាក់​កាលពី​ថ្ងៃ​១០​មេសា​ផ្តាច់​ជីវិត​ឥស្សរជន​កំពូលៗ​ប៉ូឡូញ​គ្មាន​សល់​ម្នាក់​ទេ​ពី​ក្នុង​ចំណោម​ទាំង​៩៦​នាក់​ដែល​បាន​ជិះ​ក្នុង​យន្តហោះ​នោះ។

គួរ​កត់​សំគាល់​ថា ដើម្បី​យក​ចិត្ត​ភាគី​ប៉ូឡូញ ក្នុង​បំណង​ស្តារ​ឲ្យ​ល្អ​វិញ​ទំនាក់ទំនង​ដ៏​ស្រអាប់​អស់​៧​ទសវត្សរ៍​មក​ហើយ បណ្តាល​មក​ពី​សោកនាដកម្ម​នៅ​ព្រៃ Katyn ជា​ទី​ដែល​របប​សូវៀត​ជំនាន់ Staline ក្នុង​ឆ្នាំ​១៩៤០ បាន​ប្រហារ​ជីវិត​នាយ​ទាហាន​ប៉ូឡូញ​អស់​ជាង​២​ម៉ឺន​នាក់​ឯណោះ លោក​ប្រធានាធិបតី​រុស្ស៊ី​Medvedev កាលពី​ថ្ងៃ​អាទិត្យ​១៨​មេសា ថែម​ទាំង​បាន​អញ្ជើញ​ទៅ​វត្តមាន មាន​មុខ​ដោយ​ផ្ទាល់​តែម្តង ក្នុង​ពិធី​បញ្ចុះ​សព​លោក​ប្រធានាធិបតី Kaczynski និង​ភរិយា ដែល​​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​យន្តហោះ​នោះ។

ប៉ូឡូញ ដែល​កាល​មុន​ជា​រណប​សូវៀត​សោះ ក្រោយ​ពី​បាន​ចូល​ជា​សមាជិក​OTAN កាល​ក្នុង​ ឆ្នាំ​១៩៩៩ តែង​ចេញ​មុខ​ឃោសនា​ឲ្យ​Georgie ដែល​ជា​សត្រូវ​របស់​រុស្ស៊ី​បាន​ចូល​ផង​ដែរ​ក្នុង​បក្ស​សម្ព័ន្ធ​នេះ។ ប៉ូឡូញ​ក្រោយ​ពី​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​២០០៤​មក តែង​ប្រឆាំង​នឹង​ការ​លើក​លែង​ទិដ្ឋាការ រវាង​សហភាព​នេះ​និង​រុស្ស៊ី ក្រោម​លេស​ថា​ បើ​លើក​លែង​ទិដ្ឋាការ​​ជាមួយ​រុស្ស៊ី គឺ​ត្រូវ​លើក​លែង​ទិដ្ឋាការ​នេះ​ជាមួយ Ukraine Georgie និង Moldavie​ ជា​មុន​សិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI