រុស្ស៊ី

ហ៊ានបង់លុយ​ជាង៣ម៉ឺន​ដុល្លារ​មិនបាច់​ចូលធ្វើ​ទាហានទេ​

សភាឌូម៉ា​នៅប្រទេសរុស្ស៊ី
សភាឌូម៉ា​នៅប្រទេសរុស្ស៊ី © AFP

នៅរុស្ស៊ី​ទើប​មាន​ដាក់ជូន​សភាឌូម៉ា​ពិនិត្យ​គឺ​គំរោង​ច្បាប់ថ្មី​ស្នើដោយ​ក្រុមពួក​អ្នកតំណាង​រាស្ត្រ​ខាង​​បក្សជាតិនិយម​ហៅកាត់ថា​​ បក្ស​​ LDPR​​ ដែល​​មាន​​៤០​អាសនៈ​​ក្នុង​​ចំណោម​​៤៥០​អាសនៈ​​នៃ​​សភា​​នេះ។​​ គំរោង​​ច្បាប់​​នេះ​​ចែង​ថា​​ បើ​​សាមីជន​​មាន​​លទ្ធភាព​​ផ្ទេរ​​ប្រាក់​​១លាន​​រូប្ល​ ឬ​ស្មើនឹង​​ជិត​​៣ម៉ឺន​​២ពាន់​​ដុល្លារ​​អាមេរិក​​ទៅ​ក្នុង​​គណនី​​របស់​​ក្រសួង​​ ការពារ​​ជាតិ​​គឺ​គេ​​ទទួល​​សិទ្ធិ​​ជា​​ផ្លូវ​ការ​​ត្រូវ​​រំដោះ​​ឲ្យផុត​​ពី​​ កាត្វកិច្ច​​ចូល​​បំរើ​​ក្នុង​​កង​ទ័ព​​ដូច​​ដែល​​តម្រូវ​​ដោយ​​រដ្ឋ​​ធម្មនុញ្ញ។​

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ កែវ ឆាយា

ជាបឋម​រដ្ឋធម្មនុញ្ញ​ចែង​ថា ​នៅ​រុស្ស៊ី​យុវជន​ក្នុង​វ័យ​ពី១៨​ដល់​២៧ឆ្នាំ​ មាន​កាតព្វកិច្ច​ត្រូវ​តែ​ចូល​ធ្វើ​ទាហាន​ដើម្បី​បរិច្ចាគ​កិច្ច​យោធា​ក្នុង​ឋានៈ​ជា​ពលរដ្ឋ។​ បច្ចុប្បន្ន​រយៈ​ពេល​បរិច្ចាគ​កិច្ច​នេះ​ពន្យារ​ទៅ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ខុស​ពី​ជំនាន់​សូវៀត​ដែល​បាន​ពន្យារ​ទៅដល់​៣ឆ្នាំ​ឯណោះ។​ ក្នុង​១ឆ្នាំៗ​កង​ទ័ព​ធ្វើ​ការ​កោះហៅ​យុវជន​ក្នុង​វ័យ​ខាង​លើ​ចំនួន​ដល់​ទៅ​២លើក​ឲ្យ​ចូល​ធ្វើ​ទាហាន​៖​ លើក​ទី១​គឺ​នៅ​និទាឃរដូវ​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១​មេសា​រហូត​ដល់​ថ្ងៃ​ទី១៥​កក្កដា។​ លើក​ទី២​គឺ​នៅ​សរទរដូវ​ពី​ថ្ងៃទី​១តុលា​ដល់​ថ្ងៃទី​៣១​ធ្នូ។​ ភារ​កិច្ច​ដែល​ចោទ​សំរាប់​និទាឃរដូវ​ឆ្នាំ​នេះ​​គឺ​ត្រូវ​កោះហៅ​ឲ្យ​ចូល​បរិច្ចាគ​កិច្ច​យោធា​យុវជន​២៨០.០០០នាក់។

 
កាលពី​សរទរដូវ​ឆ្នាំមុន​មាន​កោះហៅ​បាន​២៧០.០០០នាក់​ដោយ​មក​ពី​មាន​យុវជន​ចំនួន​ដល់ទៅ​១៧.០០០នាក់​ឯណោះ​បាន​គេច​ខ្លួន​ពុំព្រម​ចូល​​ធ្វើ​ទាហាន។​ គេច​ខ្លួន​នេះ​ខ្លះ​តាម​វិធី​សូក​គ្រូពេទ្យ​ឲ្យ​ចេញ​សំបុត្រ​បញ្ជាក់​ពី​អាការៈ​សុខភាព​គេ​ដែល​មិន​អាច​ចូល​បំរើ​កងទ័ព​ឡើយ។​ សំ​បុត្រ​​ពេទ្យ​បែប​នេះ​ជួន​កាល​ថ្លៃ​ដល់​១ម៉ឺន$​ឯណោះ។​ ខ្លះ​សូក​នាយ​ទាហាន​មាន​សមត្ថកិច្ច​ឲ្យ​ចេញ​បណ្ណ​ដែល​បញ្ជាក់​ថា​ ហាក់​បី​សាមីជន​បាន​បំរើ​ក្នុង​កងទ័ព​ទៅ​ហើយ​ បណ្ណ​បែបនេះ​ជា​មធ្យម​ថ្លៃ​៥ពាន់$។​ ពិត​ជា​ដើម្បី​ជំនះ​លើ​អំពើ​ពុក​រលួយ​ប្រភេទ​ខាង​លើ​ដែល​គំរោង​ច្បាប់​ថ្មី​បាន​​ត្រូវ​បំផុស​មក។​ តាម​មតិ​ម្ចាស់​ឯកសារ​នោះ បើ​វា​ទទួល​ការ​អនុម័ត​ដោយ​សភា​ឌូម៉ា​មែន​ នោះ​លុយ​ដែល​បាន​មក​នឹង​អាច​យក​ទៅ​ចំ​ណាយ​​​​សំរាប់​ដំឡើង​ប្រាក់​ខែ​ពួក​យោធា​អាជីព​ដែល​សព្វថ្ងៃ​ទទួល​បាន​ពី​១ពាន់​ដល់​១.២០០$​ក្នុង​១ខែ។​

ចំណែក​ពួក​អ្នក​ដែល​ប្រឆាំង​យល់​ថា​ គំរោង​ច្បាប់​នោះ​នឹង​ប្រែ​កងទ័ព​រុស្ស៊ី​ទៅជា​កងទ័ព​មាន​គុណភាព​មិន​ខ្ពស់​ទេ ​ដ្បិត​បំរើ​តែ​ដោយ​កូន​អ្នក​ក្រីក្រ​ប៉ុណ្ណោះ។​ សព្វថ្ងៃ​មាន​ប្រទេស​មួយ​ចំនួន​ទៅ​ហើយ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​បង់​លុយ​ទៅ​រដ្ឋ​ជា​ថ្នូរ​នឹង​ការ​ចូល​បំរើ​កងទ័ព​ពោល​គឺ​ប្រទេស​នៃ​អតីត​សហភាព​សូវៀត​បែបយ៉ាង​ Georgie​ Kirghizistan ​Ouzbekistan​ ព្រម​ទាំង​ប្រ​ទេស Turquie​ Grecque​ Albanie ​Mongolie​ ជាដើម។​ ឧទាហរណ៍​ នៅ​Georgie​ សិទ្ធិ​ដើម្បី​គេច​ឲ្យ​ផុត​ជា​ផ្លូវ​ការ​ពី​ការ​បរិច្ចាក​កិច្ច​យោធា​ឥឡូវ​ថ្លៃ​១.១០០$។​ នៅ​Kirghizistan ​គឺ​ថ្លៃ​តែ​៣០០ដុល្លារ​អាមេរិក​ប៉ុន្តែ​បន្ទាប់​មក​ត្រូវ​ទទួល​ការ​ហ្វឹក​ហាត់​វិជ្ជា​យោធា​១ខែ​ផងដែរ​ទម្រាំ​​អាច​គេច​ផុត​ជា​រៀង​រហូត​ពី​ការ​បរិច្ចាក​កិច្ច​យោធា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI