បារាំង

ខួប​គម្រប់​៧០​ឆ្នាំ​នៃ​ការ​អំពាវនាវ​​របស់​លោក​ឩត្តម​សេនីយ​ដឺហ្គោល

ប្រធានាធិបតីបារាំង លោក Nicolas Sarkozy ព្រះ​អង្គ​ម្ចាស់​ Charles និង​លោកស្រី​ជំទាវ​ទី​មួយ​បារាំង Carla Bruni Sarkozy
ប្រធានាធិបតីបារាំង លោក Nicolas Sarkozy ព្រះ​អង្គ​ម្ចាស់​ Charles និង​លោកស្រី​ជំទាវ​ទី​មួយ​បារាំង Carla Bruni Sarkozy ©​ Reuters

លោក​ប្រធានាធិបតី​NicolasSarkozy​អញ្ជើញ​ទៅ​កាន់​ទី​ក្រុង​Londres​ នៅ​ថ្ងៃ​សុក្រ​១៨មិថុនា​ឆ្នាំ​២០១០​នេះ​ ដើម្បី​ប្រារព្ធ​ខួប​៧០ឆ្នាំ​នៃ​ការអំពាវ​នាវ​នៅ​ថ្ងៃ​១៨មិថុនា១៩៤០។គឺ​ជា​ ការអំពាវ​នាវ​ដ៏​ល្បីល្បាញ​ឱ្យ​ប្រយុទ្ធ​តស៊ូ​ចេញ​ពី​រាជ​ធានី​អង់គ្លេស​ របស់​លោក​ឩត្តមសេនីយ​ដឺ​ហ្គោល​ ​ នៅ​ពេល​ដែល​ប្រទេស​បារាំង​របស់​លោក​សេនាប្រមុខ​ប៉េតាំង​បាន​សុខ​ចិត្ត​ចុះ​​ចាញ់​នៅ​ចំពោះ​មុខ​ប្រទេស​អាល្លឺម៉ង់​ណាហ្ស៊ី។លោក​ប្រមុខ​រដ្ឋ​បារាំង​អម​ កំដរ​ដោយ​លោក​ជំទាវ​ទីមួយ​ នៅ​ក្បែរ​ព្រះ​អង្គ​ម្ចាស់​Charles​និង​លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​DavidCameron​ប្រារព្ធ​ពិធី​ផ្សេងៗ​ដ៏​ច្រើន​ជា ​គារវកិច្ច​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​បិតា​ប្រទេស​បារាំង​សេរី​រំដោះ​ខ្លួន​ ផុត​ពី​ក្រញាំ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

ទោះ​បី​ជា​លោក​ប្រធានាធិបតី​បារាំង​Nicolas​ Sarkozy​ ស្ថិត​នៅ​តែ​ប៉ុន្មាន​ម៉ោង​ នៅ​ទីក្រុង​Londres​ក្តី​ ​ ​ ក៏​ដំណើរ​ទស្សនកិច្ច​នេះ​ពោរ​ពេញ​ទៅ​ដោយ​និមិត្តរូប​ដ៏​ខ្លាំង​គឺ​លោក​Nicolas​ Sarkozy​ជា​ប្រធានាធិបតី​បារាំង​ទី១​ដែល​អញ្ជើញ​ទៅ​កាន់​ទី​ក្រុង​Londres​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ការអំពាវ​នាវ​ នៅ​ថ្ងៃ​១៨មិថុនាឆ្នាំ១៩៤០។ដោយ​របៀប​នេះ​ ​ ​ លោក​ប្រធានាធិបតី​បារាំង​ដើរ​តាម​ជំហាន​របស់​លោក​ឩត្តមសេនីយ​ដឺ​ ហ្គោល​ ​ ​ ដោយ​អញ្ជើញ​ទៅ​កាន់​ទីស្នាក់ការ​ជា​ប្រវត្តិសាស្ត្រ​នៃ​វិទ្យុទូរទស្សន៍​អង់គ្លេស​BBC​ជាទី​ដែល​បាន​ផ្សាយ​ចេញ​ការអំពាវ​នាវ​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​ប្រជាជន​បារាំង​ ​ ​ បន្ទាប់​មក​ អញ្ជើញ​ទៅ​កាន់​អតីត​ទីបញ្ជាការ​របស់​លោក​ឩត្តមសេនីយ​ដឺ​ ហ្គោល​ ​ នៅ​Carlton​ Gardens។

ដោយ​ស្ថិត​នៅ​ក្បែរ​ព្រះអង្គម្ចាស់​Charles​និង​លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​David​ Cameron​ ​ ​ ​ លោក​Nicolas​ Sarkozy​ត្រូវ​សំដែង​គារវកិច្ច​ដ៏​រំភើប​ញាប់​ញ័រ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​បិតា​ប្រទេស​បារាំង​សេរី​រំដោះ​រួច​ផុត​ពី​ក្រញាំ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ ​ ​ ប៉ុន្តែ​ក៏​សំដែង​គារវកិច្ច​ផង​ដែរ​ចំពោះ​ប្រទេស​អង់គ្លេស​ដែល​ចាប់​ពី​ឆ្នាំ​១៩៤០​បាន​ក្លាយ​ទៅ​ជា​ដែនដី​ទទួល​ស្វាគមន៍​ជន​ជាតិ​បារាំង​ក៏​ដោយ​សារ​នាយក​រដ្ឋ​មន្ត្រី​ជំនាន់​នោះ​គឺ​លោក​Winston​ Churchill​។គឺ​មិត្តភាព​បារាំង​-អង់គ្លេស​ដែល​ក៏​ត្រូវ​ប្រារព្ធ​ដែរ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​ ​ ហេតុ​នេះ​ហើយ​បាន​ជា​លោក​Nicolas​ Sarkozy​ត្រូវ​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​ នៅ​ទីក្រុង​Londres​ ដោយ​ការពិសា​ភត្តាហារ​ការ​ងារ​ថ្ងៃ​ត្រង់​ជាមួយ​លោក​David​ Cameron​។

លោក​Nicolas​ Sarkozy​ពុំ​បាន​រង់​ចាំ​កាលបរិច្ឆេទ​គម្រប់​ខួប​៧០​ឆ្នាំ​នេះ​ ដើម្បី​ប្រកាស​ខ្លួន​ជា​អ្នក​ដឺ​ ហ្គោលនិយម​នោះ​ទេ។តាំង​ពី​នៅ​ជា​យុវ​សកម្មជន​ស្តាំនិយម​នៃ​គណបក្ស​UDR​ម៉្លេះ​ ​ ​ គាត់​បាន​អះអាង​ថា​ ជា​អ្នក​ដឺ​ ហ្គោលនិយម​គឺ​មាន​ន័យ​ថា​ ជា​អ្នក​បដិវត្ត​ ហើយ​តាំង​ពី​ពេល​នោះ​មក​ ​ ​ គាត់​បាន​ប្រកាស​ឥត​ឈប់​ឈរ​ថា​ ជា​អ្នក​ទទួល​កេរ​មរតក​ដឺ​ ហ្គោលនិយម​និង​កេរ​មរតក​នៃ​ការប្រយុទ្ធ​តស៊ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI