អានតួអត្ថបទ
អូទ្រីស

អវសាន​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី​១៨​ស្តី​ពី​រោគ​អេដស៍​ឬ​ស៊ីដា នៅទីក្រុងVienne

បាតុកម្ម​នៅ​មុខ​សាល​​សន្និសីទ​អន្តរជាតិ​លើក​ទី​១៨ ស្តី​ពី​ជំងឺ​ស៊ីដា ឬ អេដស៍ នៅ​ប្រទេស​អូទ្រីស
បាតុកម្ម​នៅ​មុខ​សាល​​សន្និសីទ​អន្តរជាតិ​លើក​ទី​១៨ ស្តី​ពី​ជំងឺ​ស៊ីដា ឬ អេដស៍ នៅ​ប្រទេស​អូទ្រីស AFP / Samuel Kubani
ដោយ៖ វីនស្តុន រតនា
២០ នាទី

សន្និសីទ​អន្តរជាតិ​លើក​ទី១៨​ស្តីពី​រោគ​អេដស៍​ឬ​ស៊ីដា​បាន​បិទ​បញ្ចប់​ហើយ​ នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​២៣កក្កដា​ នៅ​ទីក្រុង​Vienne​នៃ​ប្រទេស​អូទ្រីស​ ប្រកប​ដោយ​សារ​មួយ​របស់​លោក​បារ៉ាក​ អូបាម៉ា​ដែល​អះអាង​ថា​ ជំនួយ​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឱ្យ​ការ​ប្រយុទ្ធ​ទល់​នឹង​រោគ​អេដស៍​ឬ​ស៊ី​ដា​ ចេះ​តែ​បន្ត​កើន​ឡើង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ វីន​ស្តុន រតនា

ឥណទាន​នៃ​មូលនិធិ​ជំនួយ​ប្រធានាធិបតី​បាន​កើន​ឡើង​ ហើយ​ថវិកា​ឆ្នាំ​២០១១​មាន​សារៈសំខាន់​បំផុត​គិត​មក​ទល់​ថ្ងៃ​នេះ។ យើង​នឹង​ខិត​ខំ​រារាំង​​កុំ​ឲ្យ​មាន​ការ​ចម្លង​រោគ​អេដស៍​ឬ​ស៊ីដា ទៅ​ឲ្យ​មនុស្ស​ថ្មី​ជាង​១២​លាន​នាក់។ យើង​នឹងផ្តល់​ជំនួយ​ដោយ​ចំពោះ​ទៅ​ឲ្យ​ជន​ជាង​៤​លាន​នាក់​កំពុង​ទទួល​ការ​ព្យាបាល​និង​ជួយ​ជន​ជាង​១២​លាន​នាក់​រួម​មាន​កុមារ និង​ក្មេង​កំព្រា​៥​លាន​នាក់​ផង ក្នុង​ការទទួល​ការ​ព្យាបាល​ដែល​គេ​ត្រូវ​ការ- នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​អាមេរិកាំង​ បារ៉ាក​អូបាម៉ា ថ្លែង​ក្នុង​សារ​វីដេអូ ដោយ​ចង់​ឲ្យ​មាន​ការ​ស្រុត​ចុះ​យ៉ាង​ច្រើន​ចំនួន​ទារក​ដែល​ចម្លង​ដោយ​មេរោគ​អេដស៍​ឬ​ស៊ីដា។

 
អ្នក​ចូល​រួម​ក្នុង​សន្និសីទ​ ៦​ថ្ងៃ​នៅ​ទីក្រុង​វីយែន​ ដែល​បាន​ប្រមូល​ផ្តុំ​ជន​ជាង​ពីរ​ម៉ឺន​នាក់​ ក៏​បាន​ស្តាប់​ឮ​ដែរ​ សារ​របស់​​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិកាំង ហ៊ីឡារី គ្លីនតុន ដែល​ក៏​ដូច​ជា​អ្នក​ចូល​រួម​ភាគ​ច្រើន​ដែរ​បាន​អះអាង​ថា​សុខភាព​គឺ​ជា​សិទ្ធិ​មួយ​របស់​មនុស្ស។

 មន្ត្រី​សង្ឃ​កាតូលិក​évêqueនៅ​សាធារណរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង Desmond​ Tutu​ជា​ជ័យលាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ឆ្នាំ ១៩៨៤ បាន​សុំ​ឲ្យ​លោក​ប្រធានាធិបតី​អូបាម៉ា កុំ​កាត់​បន្ថយ​ហិរញ្ញប្បទាន​សំរាប់​ការ​ប្រយុទ្ធ​ទល់​នឹង​រោគ​អេដស៍ឬ​ស៊ីដា​ នៅ​ក្នុង​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​សប្តាហ៍​នេះ ​ដោយ​កាសែត​ញីវយ៉ក​ថែមស៍។

ក្នុង​អំឡុង​ពេល​៦​ថ្ងៃ​ អ្នក​ស្រាវជ្រាវ អ្នក​ជំនាញការ​ អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​មក​ពី​១៩៧​ប្រទេស​បាន​ពិភាក្សា​អំពី​ការ​រើស​អើង​ចំពោះ​ពួក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ឬ​ស៊ីដា​នៅ​ក្នុង​ខ្លួន​ អំពី​ការ​ព្យាបាល​សំរាប់​ទាំង​អស់​គ្នា អំពី​ឧបករណ៍​ថ្មីៗសំរាប់​បង្ការ​រោគ ដូចយ៉ាង​​ឱសថ​សម្លាប់​រោគ និង​បញ្ហា​ហិរញ្ញវត្ថុ ដែល​ការ​ប្រយុទ្ធ​ទល់​នឹង​រោគ​អេដស៍​ ឬ​ស៊ីដា​កំពុង​ជួប​ប្រទះ។

លោក Julio​ Montaner​សញ្ជាតិ​កាណាដា ជា​ប្រធាន​សមាគម​អន្តរជាតិ​នៃ​ រោគ​អេដស៍​ ឬ​ស៊ីដា​ជា​អ្នក​ចាត់​តាំង​​សន្និសីទ​បាន​និយាយ​ថា ពេល​មាន​វិបត្តិ​នៅ​Wall​ Street ប្រាក់​ជាច្រើន​ពាន់​​លាន​ដុល្លារ​ត្រូវ​បាន​កេណ្ឌ​យ៉ាង​ឆាប់​រហ័ស ។សុខភាព​របស់​បណ្តា​ជន​សក្តិសម​នឹង​ទទួល​ចម្លើយ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​តម្លៃ​ស្មើ​គ្នា​នេះ​ដែរ និង​អាទិភាព​មួយ​ខ្ពស់​ជាង​នេះ។

 លោក​ Montaner បាន​សុំ​ឲ្យ​ភរិយា​លោក​ប្រធានាធិបតី​បារាំង គឺ​លោក​ជំទាវ​ទី​មួយ កាឡា ប្រ៊ុយនី សាកូហ្ស៊ី ដែល​ការពារ​យ៉ាង​ខ្លាំង ជា​អាទិ៍​ ភាព​ចាំ​បាច់​ត្រូវ​តែ​ឲ្យ​ទាំង​អស់​គ្នា​អាច​ទទួល​​ការ​ព្យាបាល ធានា​រ៉ាប់​រង​​ថា​ស្វាមី​របស់​ខ្លួន​ក្លាយ​ជា​មេធាវី​ប្រកប​ដោយ​គោល​ជំហរ​នេះ នៅ​ពេល​ដែល​ប្រទេស​បារាំង​នឹង​ទទួល​ជំនួប​កំពូល​G8 នៅ​ឆ្នាំ​ក្រោយ។

សន្និសីទ​អន្តរជាតិ​លើក​ទី ១៩​ស្តី​ពី​ រោគ​អេដស៍​ ឬ​ស៊ីដា​ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ២២​ ដល់​២៧​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុងវ៉ាស៊ីនតោន៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ