ស៊ុយអែដ

ការបោះឆ្នោត​សភា​ដែល​ពួកស្តាំ​និយម​មាន​ភ័ព្វ​ច្រើន​នឹង​ឈ្នះ

មេខ្លោង សង្គម​ប្រជាធិបតេយ្យ លោកស្រី Mona Sahlin (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្រ្តី​ស៊ុយអែដ (ស្តាំ) មុន​ការតស៊ូ​មតិ​តាម​ទូរទស្សន៍ អវសាន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃ ១៧​កញ្ញា ឆ្នាំ ២០១០
មេខ្លោង សង្គម​ប្រជាធិបតេយ្យ លោកស្រី Mona Sahlin (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្រ្តី​ស៊ុយអែដ (ស្តាំ) មុន​ការតស៊ូ​មតិ​តាម​ទូរទស្សន៍ អវសាន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃ ១៧​កញ្ញា ឆ្នាំ ២០១០ ©reuters
ដោយ៖ វីនស្តុន រតនា
២១ នាទី

ប្រជាជន​ស៊ុយអែដ​ នៅ​ថ្ងៃ​អាទិត្យ​១៩​កញ្ញា​នេះ​ ត្រូវ​ជ្រើស​រើស​សភា​ថ្មី​។ ស្រប​តាម​ការស្ទង់​មតិ​ ជ័យ​ជំនះ​របស់​ពួក​កណ្តាល​និយម​លំអៀង​ទៅ​ខាង​ស្តាំ​ដែល​ផុត​អាណត្តិ​ អាច​ត្រូវ​គំរាម​និង​ស្មុគ​ស្មាញ​ដោយ​ការមក​ដល់​សភា​នៃ​ពួក​ស្តាំនិយម​ជ្រុល​កំពុង​រីក​ចម្រើន​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី រាយការណ៍​របស់​វីនស្តុន រតនា

លោក​នាយក​រដ្ឋ​មន្ត្រី​Fredrik​ Reinfeldt​ អាយុ​៤៥​ឆ្នាំ​ប្រាថ្នា​ខ្លាំង​ណាស់​ចង់​ណែនាំ​បក្សសម្ព័ន្ធ​គាត់​ផ្សំ​ឡើង​ដោយ​៤​គណបក្ស​ នៅ​ក្នុង​អាណត្តិ​ទីពីរ​រយៈពេល​៤ឆ្នាំ​ដែល​ជា​ករណី​មាន​ជា​លើក​ទី១​ សំរាប់​រដ្ឋាភិបាល​ស្តាំនិយម​ជិត​មួយ​សតវត្ស​មក​ហើយ។

ជ័យជំនះ​របស់​គាត់​ សំរាប់​ពួក​អ្នក​សង្គម​-ប្រជាធិបតេយ្យ​គឺ​ជា​ការផ្តាច់​ នៅ​ក្នុង​ការកាន់​អំណាច​ នៅ​ស៊ុយអែដ​ជា​ទី​ដែល​គេ​បាន​លេច​ត្រដែត​ជាង​គេ​ នៅ​លើ​ឆាក​នយោបាយ​ ក្នុង​អំឡុង​ពេល​៨០​ឆ្នាំ​ចុង​ក្រោយ​នេះ​និង​ត្រូវ​ចាត់​ជា​អ្នក​រក្សា​ការពារ​រដ្ឋ​ស៊ុយអែដ​ឩបត្ថម្ភ​ដ៏​ល្បី​ល្បាញ។

ការស្ទង់​មតិ​បួន​ចុះ​ផ្សាយ​ នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ ឱ្យ​បក្សសម្ព័ន្ធ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រៀប​ពី​៣​ទៅ​៩​ពិន្ទុ​ឈ្នះ​លើ​បក្សសម្ព័ន្ធ​ឆ្វេងនិយម។

មេខ្លោង​នៃ​ពួក​អ្នក​សង្គម-ប្រជាធិបតេយ្យ​និង​ជា​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​គឺ​លោក​ស្រី​Mona​ Sahlin​ អាយុ​៥៣​ឆ្នាំ​ បាន​អះ​អាង​ជា​ថ្មី​ នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​អំពី​ក្តី​សង្ឃឹម​របស់​ខ្លួន​ចង់​ក្លាយ​ទៅ​ជា​ស្ត្រី​ទី​១​ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​នៅ​ស៊ុយអែដ។​ “​ សូម​កុំ​បោះ​ឆ្នោត​ ដើម្បី​ធ្វើ​ឱ្យ​បាត់​បង់​ទៅ​ រដ្ឋ​ស៊ុយអែដ​ឩបត្ថម្ភ។អ្វី​ដែល​យើង​លក់​និង​លុប​បំបាត់​ចោល​ ​ យើង​នឹង​ពុំ​រក​វា​ឃើញ​ឡើង​វិញ​ជា​ដាច់​ខាត​ “​ ​ នេះ​ជា​សំដី​គាត់​ថ្លែង​តាម​ទូរទស្សន៍​។

ជន​ជាតិ​ស៊ុយអែដ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​៧លាន​១សែន​នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​បោះ​ឆ្នោត​ជា​លើក​ទី​មួយ​ ត្រូវ​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​៣៤៩​នាក់​នៃ​រដ្ឋ​សភា​Riksdag​។

មាន​អ្នក​ទៅ​បោះ​ឆ្នោត​ចំនួន​៨២​%​លើក​មុន​ នៅ​ឆ្នាំ​២០០៦។នៅ​លើក​នេះ​ ​ មាន​ជន​ចំនួន​ជិត​២លាន​២សែន​នាក់​បាន​បោះ​ឆ្នោត​ជាមុន​ នៅ​ល្ងាច​មិញ​ទល់​នឹង​ចំនួន​១លាន​៨សែន​នាក់​ នៅ​ខណៈ​ដដែល​ នៅ​ឆ្នាំ​២០០៦។

ប្រធាន​បទ​ធំ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​គឺ​សេដ្ឋកិច្ច​និង​អនាគត​នៃ​រដ្ឋ​ជា​អ្នក​ឩបត្ថម្ភ។

ប៉ុន្តែ​លោក​Fredrik​ Reinfeldt​ និង​លោក​ស្រី​Mona​ Sahlin​ បាន​សង្កត់​ធ្ងន់​ ជាពិសេស​ ទៅ​លើ​សារៈសំខាន់​នៃ​ការទទួល​បាន​អាសនៈ​ភាគ​ច្រើន​ សំរាប់​រដ្ឋាភិបាល​ ដើម្បី​ទប់​ទល់​ដំណើរ​រុល​ទៅ​មុខ​នៃ​ពួក​ស្តាំនិយម​ជ្រុល​គឺ​ពួក​អ្នក​ប្រជាធិបតេយ្យ​ស៊ុយអែដ​ដែល​ការស្ទង់​មតិ​ទស្សន៍​ទាយ​ថា​នឹង​បាន​ទទួល​សំឡេង​ឆ្នោត​លើស​ពី​៤%​ទល់​នឹង​២,៦%​នៅ​ឆ្នាំ​២០០៦​ ដើម្បី​ចូល​ទៅ​ក្នុង​រដ្ឋសភា។

“​ សូម​កុំ​ធ្វើ​ឱ្យ​ស៊ុយអែដ​ទទួល​រង​បទ​ពិសោធន៍​នេះ​។សូម​ធ្វើ​យ៉ាង​ណា​ ដើម្បី​កុំ​ឱ្យ​ពួក​គេ​មាន​អំណាច​អ្វី​សោះ​ “​ ​ -នេះ​ជា​សំណូម​ពរ​របស់​លោក​Reinfeldt​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ នៅ​ឱកាស​ប្រជុំ​meeting​ចុង​ក្រោយ​ នៅ​រដ្ឋ​ធានី​Stockholm​។

ពី​ព្រោះ​ សូម្បី​តែ​បាន​ប៉ុន្មាន​អាសនៈ​ក៏​ដោយ​ ក៏​គណបក្ស​ស្តាំនិយម​ជ្រុល​អាច​ធ្វើ​ឱ្យ​រាំង​ស្ទះ​ នៅ​ក្នុង​រដ្ឋ​សភា​ដែល​ផ្សំ​ឡើង​ដោយ​គណបក្ស​តូច​តាច​ភាគ​តិច។ទាំង​លោក​Reinfeldt​ ក៏​ដូច​ជា​លោក​ស្រី​Sahlin​ បាន​បដិសេធ​ទាត់​ចោល​រាល់​ទស្សនវិស័យ​ព្រម​ព្រៀង​គ្នា​ជាមួយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ស៊ុយអែដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI